សហជីព​អន្តរជាតិ​ថ្កោលទោស​លើ​គម្រោង​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ប្រទេស​កាតា

0
Cambodia Website Design

ភ្នំពេញៈ សហជីព​អន្តរជាតិ​ធំ​មួយ​បាន​ថ្កោលទោស​គម្រោង​ចុះ​កិច្ចព្រមព្រៀង​របស់​កម្ពុជា​ជាមួយ​ប្រទេស​កាតា​ (Qatar) ​ដើម្បី​បញ្ជូន​ពលករ​ទៅ​ទីនោះ ខណៈ​ប្រទេស​​ឈូងសមុទ្រ​​មួយ​នេះ​​ត្រៀម​ខ្លួន​សម្រាប់​ទទួល​ការ​ប្រកួត World Cup ២០២២ ​នា​ពេល​ខាង​មុខ​។

លោកស្រី Sharan Burrow អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហជីព​​អន្តរជាតិ បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ពី​ថ្ងៃ​អាទិត្យ​ថា ច្បាប់​ស្តីពី​ការងារ​របស់​​កម្ពុជា «​នៅ​មាន​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​» ហើយ​បណ្តាល​ឲ្យ​កម្មករ​ងាយ​រងគ្រោះ​ចំពោះ​ការ​កេងប្រវ័ញ្ច​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​រដ្ឋាភិបាល​ឥឡូវ​នេះ​កំពុង​រៀបចំ​អនុញ្ញាត​​ឲ្យ​មាន​ការ​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ប្រទេស​កាតា ដែល​ទី​នោះ​មាន​ការងារ​ព្រៃផ្សៃ​លើស​ពី​ការ​សន្យា​ដែល​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ជា​ញឹកញាប់​សន្យា​ជាមួយ​ពលករ​ចំណាកស្រុក​​ដែល​មិន​ដឹង​អំពី​ភាព​អាក្រក់​ដែល​នឹង​កើត​មាន​លើ​ពួកគេ​»។

Cambodia Website Design

កាលពី​ខែ​កុម្ភៈ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស លោក អ៊ុច បូររិទ្ធ និង​ជំនួយការ​រដ្ឋមន្រ្តី​ការបរទេស​​របស់​ប្រទេស​កាតា លោក Mohamed Bin Abdulla Al-Rumaihi បាន​ជួប​ពិភាក្សា​គ្នា​លើ​កិច្ចព្រមព្រៀង​នេះ​។

ប៉ុន្តែ​ លោក ហែម ប៊ុនី ប្រធាន​ផ្នែក​ការងារ​ និង​កម្លាំង​ពលកម្ម នៅ​ក្រសួង​ការងារ បាន​ថ្លែង​ថា ការ​ខិតខំ​ដើម្បី​បញ្ចប់​ការងារ​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជា​ផ្លូវការ​លើ​បញ្ហា​នេះ​​មិន​ទទួល​​បាន​ការ​ឆ្លើយតប​ទេ។

លោក​បន្ត​ថា​៖ «​​យើង​បាន​ផ្ញើ​លិខិត​ពីរ​បី​ដង​ទៅ​ប្រទេស​កាតា​​ដើម្បី​ឲ្យ​បញ្ជូន​​ក្រុម​ការងារ​បច្ចេកទេស​មក​ពិភាក្សា​​ជាមួយ​កម្ពុជា​អំពី​​លក្ខខណ្ឌ​ការងារ ប្រាក់ឈ្នួល​អប្បបរមា ការ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​សម្រាប់​​កម្មករ និង​ជំនឿ​សាសនា ជាដើម​»។

លោក​បន្ត​ថា​៖ «​​យើង​មិន​បាន​ឮ​ការ​ឆ្លើយតប​ពី​ប្រទេស​កាតា​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ហើយ​»។

ពលករ​រាប់​ពាន់​នាក់​​​បាន​ទៅ​ប្រទេស​កាតា​ពី​មុន​​ការ​ប្រកួត​ World Cup ​ហើយ​ពួកគេ​ភាគច្រើន​ជា​ពលករ​ពី​ប្រទេស​អាស៊ីអាគ្នេយ៍​។ ​ការ​រៀបចំ​ទៅ​ប្រទេស​កាតា​ត្រូវ​បាន​រារាំង​​ដោយ​របាយការណ៍​​ដែល​និយាយ​អំពី​​បរិយាកាស​ធ្វើ​ការងារ​មិន​មាន​សុវត្ថិភាព ការ​រំលោភបំពាន​លើ​ផ្លូវកាយ និង​ផ្លូវភេទ​។

ក្រោម​ប្រព័ន្ធ kafala របស់​ប្រទេស​នេះ ពលករ​ចំណាកស្រុក​ត្រូវ​បាន​ចង​ជាប់​ដោយ​និយោជក ហើយ​មិន​អាច​ចាកចេញ​ពី​ប្រទេស​នេះ​បាន​ប្រសិន​បើ​មិន​មាន​ការ​អនុញ្ញាត​​ពី​និយោជក​។

ប្រទេស​កាតា និង​កម្ពុជា​បាន​អនុម័ត​​​គម្រោង​នេះ​ដំបូង​ក្នុង​ឆ្នាំ​ ២០០៨ នៅ​ឆ្នាំ​ជាមួយ​គ្នា​​ដែល​​កម្ពុជា​បាន​ចុះកិច្ចព្រមព្រៀង​បញ្ជូន​ពលករ​ទៅ​ប្រទេស​គុយវ៉េត ដែល​នៅ​ជិត​ប្រទេស​កាតា​។

លោក ប៊ុនី បាន​ថ្លែង​ថា ក្រុមហ៊ុន​ចំនួន​ប្រាំ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​អាជ្ញាប័ណ្ណ​ដើម្បី​បញ្ជូន​ពលករ​ទៅ​ប្រទេស​ទាំង​ពីរ​នា​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ប៉ុន្តែ​លោក​បន្ថែម​ថា ក្រុមហ៊ុន​ទាំងនោះ​នឹង​​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បញ្ជូន​ពលករ​ទៅ​ទេ រហូត​លុះត្រាតែ​មាន​កិច្ចព្រមព្រៀង​ផ្លូវការ​។

ក្រុមហ៊ុន​មួយ​ឈ្មោះ ​KCTC Manpower Supply ដែល​ជា​ក្រុមហ៊ុន​កម្មសិទ្ធិ​​របស់​កូរ៉េ បាន​ចាប់ផ្តើម​ដំណើរការ​ជ្រើសរើស​រួច​ហើយ​​។ នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន KCTC ខ្លួន​បាន​និយាយ​ថាខ្លួន​ «​ដើរ​តួនាទី​យ៉ាង​សំខាន់​​ដើម្បី​កែលម្អ​​ស្តង់ដារ​រស់នៅ​របស់​ពលករ និង​ជួយ​ពលករ​កសាង​អនាគត​ត្រចេះត្រចង់​»។

ប្រធាន​ក្រុមហ៊ុន​ KCTC ​លោក Yoon Dong Soo ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ ហើយ​តំណាង​ក្រុមហ៊ុន​ម្នាក់​នៅ​ទីស្នាក់ការ​ក្នុង​ទីក្រុង​សេអ៊ូល​របស់​ក្រុមហ៊ុន​នេះ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ។

លោក ប៊ុនី បាន​ថ្លែង​ថា​៖ «​អ្វី​ក៏ដោយ​ដែល​ក្រុម​ការងារ​ធ្វើ​ក្នុង​ការ​ជ្រើសរើស​ពលករ​​​នា​ពេល​ឥឡូវ​នេះ​គឺ​មិន​ខុស​ទេ ប៉ុន្តែ​ពួកគេ​ត្រូវតែ​ប្រយ័ត្ន មិន​ត្រូវ​សន្យា​ជាមួយ​ពលករ​ថា​នឹង​ផ្តល់​ការងារ​ដល់​ពួកគេ​ក្នុង​រយៈពេល​ឆាប់ៗ​នេះ​ទេ​»។

លោក ជួប ណារ័ត្ន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ការងារ​របស់​ក្រសួង​ការងារ បាន​ថ្លែង​ថា ការ​បញ្ចប់​ការងារ​ឲ្យ​មាន​កិច្ចព្រមព្រៀង​គឺ​អាស្រ័យ​ទៅលើ​ការ​ពិភាក្សា​ជាន់ខ្ពស់​។ លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​មិន​អាច​និយាយ​អំពី​បញ្ហា​នេះ​បាន​ទេ ពីព្រោះ​អ្វីៗ​រត់​ទៅ​តាម​ច្រក​ការទូត តាមរយៈ​ស្ថានទូត និង​ក្រសួង​ការបរទេស​។ យើង​ត្រូវ​រង់ចាំ​ការ​អនុម័ត​ពី​ច្រក​ការទូត​»។

នា​កិច្ចប្រជុំ​កាលពី​ខែ​កុម្ភៈ គណៈប្រតិភូ​ទាំង​ពីរ​​បាន​​ព្រមព្រៀង​ថា​នឹង​មាន​​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដោយ​រដ្ឋមន្រ្តី​ការបរទេស លោក ហោ ណាំហុង ទៅ​ប្រទេស​នេះ​នា​ឆ្នាំ​នេះ​។

លោក បូររិទ្ធ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​​កាលពី​ខែ​កុម្ភៈ និង​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕

You might also like More from author

Comments are closed.