អាជ្ញាធរ​ចាប់​ខ្លួន​ស្រី្ត​ខារ៉ាអូខេ​វៀតណាម​ ៦ ​នាក់

Cambodia Website Design

ភ្នំពេញៈ ស្ត្រី​វៀតណាម​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ​ ៦ ​នាក់ និង​ភ្ញៀវ​ប្រុស​ ២ ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​មហាផ្ទៃ និង​ស្នងការ​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង កាលពី​ថ្ងៃ​ម្សិលមិញ ដោយសារ​ពួកគេ​គ្មាន​ឯកសារ​ស្នាក់​នៅ​កម្ពុជា​ស្រប​ច្បាប់​។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ នៅ​ហាង​ខារ៉ាអូខេ​គ្មាន​ឈ្មោះ​មួយ​កន្លែង ផ្ទះ​លេខ ១០៧Eo ផ្លូវ​លេខ ១១០ ​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

នាយរង​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ចាន់ សេង បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​នោះ សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ៨ ​នាក់ ក្នុង​នោះ​ស្ត្រី​ខារ៉ាអូខេ​ ៦ ​នាក់ និង​ភ្ញៀវ​ប្រុស ២ ​នាក់ ដោយសារ​ពួកគេ​​ពុំ​មាន​​ឯកសារ​បញ្ជាក់​​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ការ​ស្នាក់​នៅក្នុង​ប្រទេស​កម្ពុជា​។

Cambodia Website Design

លោក​បាន​បញ្ជាក់​ថា​៖ «​ពេល​នេះ យើង​កំពុង​ពិនិត្យ​មើល​ឯកសារ លិខិត​ស្នាម​ផ្សេងៗ ដូចជា passport ​[​លិខិត​ឆ្លងដែន] ជាដើម និង​បាន​បញ្ជូន​​​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ធ្វើ​តាម​នីតិវិធី​ច្បាប់​បន្ត​ទៅ​ទៀត»។

ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក អ៊ុក ហៃសីឡា បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ឆែកឆេរ​រក​លិខិត​ស្នាម​ទៅ​លើ​ជនជាតិ​វៀតណាម​ចំនួន ១១ ​នាក់​នៅក្នុង​ខារ៉ា​អូខេ​នោះ ដែល​ក្នុង​នោះ មាន​ជនជាតិ​វៀតណាម ៨ ​នាក់ ស្នាក់នៅ​ខុស​ច្បាប់ ហើយ​ត្រូវ​បាន​​​ឃាត់​ខ្លួន​ខណៈ​ជនជាតិ​វៀតណាម ៣ នាក់​ទៀត​ត្រូវ​បាន​ដោះលែង​ដោយសារ​មាន​ឯកសារ​​ស្នាក់​​នៅ​ត្រឹមត្រូវ។​

លោក​បន្ត​ថា​៖ «​ការ​ឃាត់​ខ្លួន​នេះ យើង​​អនុវត្ត​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍ ព្រោះ​គាត់​លួច​ស្នាក់​នៅ​ខុស​ច្បាប់ ហើយ​យើង​កំពុង​រៀបចំ​ឯកសារ​បញ្ជូន​​គាត់​ត្រឡប់​ទៅ​វិញ»។

បើ​តាម លោក អ៊ុក ហៃសីឡា គិត​ចាប់​តាំងពី​ខែ​កក្កដា ឆ្នាំ​ ២០១៤ ​មក​ដល់​បច្ចុប្បន្ន​នេះ​ជនអន្តោប្រវេសន៍​វៀតណាម​ប្រមាណ ១៦០០ ​នាក់ ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​ថា​ស្នាក់នៅ​ដោយ​ខុស​ច្បាប់​ និង​បាន​​បញ្ជូន​ត្រឡប់​​ទៅ​វិញ​អំឡុង​ពេល​ ១ ​សប្តាហ៍​​ក្រោយពី​មន្ត្រី​កុងស៊ុល​នៃ​ប្រទេស​នេះ​បាន​​រៀបចំ​ឯកសារ​រួចរាល់។ សម្រាប់​រយៈពេល​ ៥ ​ខែ​ដើម​​ឆ្នាំ​ ២០១៥ ជនបរទេស​​​ជាង ៦០០ ​នាក់ មាន​ ៤២ ​សញ្ជាតិ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ​ បន្ទាប់ពី​រកឃើញ​ថា​ស្នាក់នៅ​ខុសច្បាប់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ច្រើន​​ជាង​គេ៕

You might also like More from author

Comments are closed.