លោក សម រង្ស៊ី ៖ លោក ជា ស៊ីម ផ្តាំផ្ញើ​ឲ្យ​ចេះ​បង្រួបបង្រួម​ជាតិ​​

1
Cambodia Website Design

ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី ឲ្យដឹងថា លោក ជា ស៊ីម កាលពីមុន​ទទួលមរណភាព បាន​ផ្តាំផ្ញើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ចេះ​ស្រឡាញ់គ្នា និង​បង្រួបបង្រួម​ជាតិ ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ។ 

​លោក សម រង្ស៊ី បាន​អះអាង​ដូចនេះ បន្ទាប់ពី​លោក​បាន​ដឹកនាំ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ជាង ១០​រូប ចូល​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា ស៊ីម នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ។
​លោក សម រង្ស៊ី ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​តែងតែ​គោរព និង​គាំទ្រ​ជំហរ​របស់​លោក ជា ស៊ីម ដោយ​ចាត់ទុកថា អ្នកនយោបាយ​ជើងចាស់​រូបនេះ ថា​បាន​ជួយ​លើកតម្កើង​ការផ្សះផ្សា​យ​ជាតិ ។ លោក​បញ្ជាក់ថា «​លោក​ចង់ឲ្យ​មាន​ការរួបរួ​ម​ជាតិ​ជា​ធ្លុង​មួយ ចង់ឲ្យ​មាន​ការផ្សះផ្សារ​ជាតិ​កុំ​ឲ្យ​ខ្មែរ​ឈ្លោះ​គ្នា លោក​តែងតែ​ចង់​ប្រមូល​កម្លាំង​ខ្មែរ​ដូច​គ្នា ដើម្បី​ការពារ​ប្រទេសជាតិ​យើង​ឲ្យបាន​គង់វង្ស យើង​ធ្វើ​ម៉េច​ឲ្យបាន​សុខ​សន្តិភាព​ផង ហើយ​មាន​ភាពរុងរឿង ថ្កំ​ថ្កើង​» ។​

Cambodia Website Design

​លោក សម រង្ស៊ី បាន​ទៅ​ជួប​សួរសុខទុក្ខ​ជា​លើកទីមួយ​ដល់​ផ្ទះ​លោក ជា ស៊ីម ជា​លក្ខណៈ​ឯកជន កាលពី​ខែ​ដើមខែ​តុលា ឆ្នាំ​២០១៤ ។ ក្នុងជំនួប​នោះ លោក សម រង្ស៊ី ឲ្យដឹងថា​លោក ជា ស៊ីម បាន​ផ្តាំផ្ញើ​ឲ្យ​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ជជែក​គ្នា ឬ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី នៅពេល​ជួប​ឧបសគ្គ ដើម្បី​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ ។​
លោក សម រង្ស៊ី បានចាត់ទុក​លោក ជា ស៊ីម និង​សម្តេច​ព្រះ​នរោត្តម សីហនុ ជា​វីរៈបុរស ដែល​តែងតែ​ផ្តល់​គំរូរ​ល្អៗ​ដល់​មនុស្ស​ជំនាន់​ក្រោយ ។

​អ្នកស្រាវជ្រាវ​ឯករាជ្យ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី ធ្លាប់​លើក​ឡើង​ថា លោក ជា ស៊ីម ជា​ថ្នាក់ដឹកនាំ​មួយរូប​ដែល​មាន​មនសិការ​ជាតិ​ខ្ពស់ ដែល​មិន​បាន​យល់ព្រម​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដែល​លោក កែម ឡី ចាត់ទុក​សន្ធិសញ្ញា​នេះ​ថា ធ្វើឲ្យ​បាត់បង់​កោះ និង​ទឹកដី​របស់​កម្ពុជា​មួយចំនួន ។ លោក​ថា «​គាត់​ជា​ប្រធានព្រឹទ្ធសភា ហើយ​មិន​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម ដែល​ជា​សន្ធិសញ្ញា​បាត់បង់​ទឹកដី បាត់បង់​កោះ​ជាដើម ។ នេះ​ជា​វីរភាព​មួយ​ដ៏​ខ្លាំង​ណាស់ សម្រាប់​សម្តេច ជា ស៊ីម ឆ្នាំ​២០០៤ ខែតុលា ដែល​ខ្ញុំ​ចាំ គាត់​បាន​ធ្វើ​និរទេស​ទៅ​ប្រទេស​ថៃ ក្រោមរូបភាព ។ គាត់​មាន​មនសិកា​ជាតិ​ច្រើន គាត់​ត្រូវ​ប្រឈម​បញ្ហា​ផ្ទៃក្នុង​គណបក្ស​» ។​

លោក ជា ស៊ីម ជា​អ្នកនយោបាយ​វ័យ​ចំណាស់​លេចធ្លោ​មួយរូប​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​ក្លាយជា​ប្រធាន​រដ្ឋសភា​ចាប់តាំងពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៩៨ ហើយ​បាន​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​ចាប់​តាំងពី​ឆ្នាំ​១៩៩៩ រហូតមកដល់​ឆ្នាំ​២០១៥​នេះ ។ លោក ជា ស៊ីម បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​៨ ខែមិថុនា ក្នុង​ជន្មាយុ​៨៣​ឆ្នាំ ដោយ​រោគាពាធ ៕

Comments

comments

You might also like More from author