ថន លក្ខិណា សម្ដែង​ជា​តួអង្គ​វាយតប់ និង​បាញ់បោះ ជា​លើកដំបូង​​

​ជា​លើក​ទី​១ ដែល​តារា​សម្ដែង និង​ជា​ពិធី​ការិនី​នាង ថន លក្ខិណា ត្រូវ​គេ​ឲ្យ​សម្ដែង​ជា​តួអង្គ​វាយតប់ និង​បាញ់បោះ ក្នុង​រឿង «​កំពូល​អង្គរក្ស​ស្រី​»នៅក្នុង​ភាពយន្ត​ខ្នាត​ធំ ។ យ៉ាងណា​ក៏ដោយ​ចំពោះ ទីផ្សារ​គាំទ្រ គឺ​នៅ​មិន​ទាន់​ប្រាកដ​ទាំងស្រុង​នៅ​ឡើយ​ទេ​មក​ទល់​នឹង​ពេលនេះ ។​

​នៅក្នុង​ពិធី​បើក​សម្ពោធ​ដាក់​បញ្ចាំង​ខ្សែ​រឿង កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា នៅ​ផ្សារ​ទំនើប AEON នាង ថន លក្ខិណា បាន​ថ្លែងប្រាប់​ថា ជា​លើកដំបូង​ដែល​នាង​បាន​សម្ដែង​តួអង្គ​ឯក ដែល​ត្រូវ​ប្រើ​កម្លាំង និង​សកម្មភាព​ត្រូវ​វាយតប់​ស្ទើរតែ​គ្រប់​ឈុត​គ្រប់​ឆាក ក្នុង​តំណែង​ជា​នារី​ជា​អង្គរក្ស ។ នៅក្នុង​ខ្សែ​រឿង នាង​សម្ដែង​ជា​តួអង្គ​ចេះ​ក្បាច់គុន ពូកែ​លោត​ផ្លោះ ក្រាប​លូន និង​បាញ់បោះ​កាំភ្លើង​យ៉ាង​ស្ទាត់​ជំនាញ ដើម្បី​ការពារ​តួឯក​ប្រុស ដែល​រង​ការបាញ់ប្រហារ​ដោយ​ក្រុម​ឃាតករ ។​

​ខ្សែ​រឿងនេះ​បាន​ចំណាយ​ពេល​ថត​រយៈពេល​មួយខែ ដោយ​បាន​ប្រមូលផ្ដុំ​តារា​ចាស់​តារា​ថ្មី និង​ផ្ដិត​យក​រូបភាព​ក្នុង​រាជធានី​ភ្នំពេញ តំបន់​ជាយៗ និង​ក្នុង​ខេត្ត​សៀមរាប​ប៉ុន្មាន​ប្លង់ ។ កន្លងមក គេ​ធ្លាប់​តែ​ឃើញ ថន លក្ខិណា សម្ដែង​តែ​ជា​តួអង្គ​កាច​ឆ្នាស់ឆ្នើម ពិសពុល និង​ក្រមិចក្រមើម បែប​ចូលចិត្ត​លេងសើច​ប៉ុណ្ណោះ ទើប​ការបង្ហាញ​ស្ទីល​វ៉ៃតប់ បាញ់បោះ ក្នុងនាម​ជា​អ្នកចេះ​ក្បាច់គុន គឺជា​រសជាតិ​ថ្មី ដែល​នាង​យល់​ថា​ប្លែក​សម្រាប់​ពិភព​ភាពយន្ត ។​

សកម្មភាព​ថត​ឈុត​មួយ​នៅ​ក្នុង​រឿង «​កំពូល​អង្គរក្ស​ស្រី​» (រូបផ្ដល់ដោយ ថន លក្ខិណា)

​ខ្សែ​រឿង​តម្រូវឲ្យនាង​រំលេច​ស្ទើរ​គ្រប់​ឈុត​នូវ​ប្លង់​ទាត់​ធាក់ វាយតប់ និង​បាញ់បោះ​កាំភ្លើង ដោយសារតែ​នាង​គឺជា​នារីក្លាហាន ដែល​មាន​នាទី​ជា​អង្គរក្ស​នារី​ម្នាក់ ។ យ៉ាងណាក៏ដោយ នាង​អះអាង​ថា មិន​បាន​ទទួល​ការ​បង្វឹក លើ​ជំនាញ​វាយតប់ មុន​ពេល​ចុះ​ថត​នោះទេ ក្រៅពី​មាន​ការបង្ហាត់បង្ហាញ​ពី​អ្នកជំនាញ​តែ​បន្តិច​ក្នុង​ចុះ​ថត ហើយ​ក៏​ដំណើរ​ការសម្ដែង​តែម្ដង ។ ថន លក្ខិណា និយាយថា «​ម៉ា​រឿង​ហ្នឹង ខ្ញុំ​សម្ដែង​វ៉ៃ​តប់ និង​លោត​ហក់​តាំងពីដើម ប៉ុន្តែ​ខ្ញុំ​អត់​បាន​ទៅ​ហ្វឹកហាត់​អី​ឲ្យ​ចេះ​ក្បាច់គុន​អី​ទេ គឺ​បាន​បង អេ ភូថ​ង (​កីឡាករ និង​ជា​តួអង្គ​ឃាតករ​) គាត់​បង្ហាញ​ក្បាច់​អី​តិចតួច ក៏​ថត​យក​ម្មង​»​។​

នាង ថន លក្ខិណា ចាត់ទុកថា​ជា​រឿង​លំបាក ដែល​ខ្លួន​ជា​ស្រី ហើយ​មិន​ដែល​មាន​ជំនាញ​ជា​កីឡា និង​ចេះ​ក្បាច់គុន​ទាល់តែសោះ បែរជា​ត្រូវ​មក​សម្ដែង​ជា​តួអង្គ​វាយតប់ ដែល​ត្រូវ​បញ្ចេញ​កម្លាំង​លោត​ហក់ និង​វាយតប់ ដូច​ជា​អ្នកជំនាញ​ខាង​ក្បាច់គុន​ម្នាក់ ។  នាង​ត្រូវ​គេ​ឲ្យ​សម្ដែង​ជា​តួអង្គ​ឈ្មោះ «​ដុំ​មាស​»និង​មាន​នាទី​ការពារ​សុ​វត្ថ​ភាព​តួឯក​ប្រុស តាំងពី​ពាក់កណ្ដាល​រឿង រហូត​ក្រុម​ឃាតក និង​មេខ្លោង ត្រូវ​ចាប់ខ្លួន​។ តារា​រូប​នេះ​និយាយថា «​ទម្រាំ​ថត​ចប់​ម៉ា​រឿង​ហ្នឹង ពេញ​ម៉ា​ដងខ្លួន និង​ដៃ​ជើង​របស់​ខ្ញុំ គឺ​ឈឺ​រាប់​អាទិត្យ ព្រោះ​ថា​យើង​មិនមែន​កីឡា ហើយ​ដល់​ពេល​ទៅ​សម្ដែង​វាយតប់ លើកដៃ​លើកជើង​អញ្ចឹង គឺជា​រឿង​ពិបាក​ច្រើន​»​។ ក្នុង​នោះ​បញ្ហា​មិន​បាន​ហ្វឹកហាត់​ពី​ចម្ងាយ ឬ​បន្សាំ​ក្បាច់គុន​ទុកជាមុន ក៏​ជា​រឿង​មួយ​ដែល​ត្រូវ​គេ​អះអាងថា ធ្វើឲ្យ​មាន​ការសម្ដែង​ច្រើនដងទ​ម្រាំ​អាច​បញ្ចប់​ឈុត​ឆាក​ប្រតាយប្រតប់​មួយ​ប្លង់ៗ​នោះ​ផង​ដែរ​។

​យោង​តាម​សាច់រឿង ថន លក្ខិណា អាច​សម្ដែង​ជា​តួអង្គ​វាយតប់ និង​បាញ់បោះ​បានល្អ បើ​ទោះ នាង​មិនមែន​ជា​អ្នកជំនាញ​ខាង​ក្បាច់គុន ដូច​អ្នកកីឡា ។ យ៉ាងណាក៏ដោយ ឆាកប្រយុទ្ធ​ក្នុង​រឿង ដែល​បាន​ស្ដែងឡើង ត្រូវ​អ្នកទស្សនា​ឃើញ​មាន​ភាព​ភាពខ្វះ​ចន្លោះ និង​មាន​កម្រិត​នៅឡើយ ។ ចំណុច​ពិសេស​នៅក្នុង​សាច់រឿង គឺ​បង្កប់​ដោយ​ឈុត​កំប្លែង​តាំងពីដើម​ដល់​ចប់ ដែល​ធ្វើឲ្យ​អ្នកទស្សនា​ផ្ទុះ​សំណើច ប៉ុន្តែ​បញ្ហា​បច្ចេកទេស ប្លង់​សម្ដែង និង​ភាព​មិន​រស់​រវើក​របស់តួ​អង្គ​ថ្មីៗ​ក្នុង​រឿង ក៏​ជា​រឿង​ដែល​ធ្វើឲ្យ​រឿង​ទាំងមូល ពិបាក​ក្នុង​ការ​ស្រូប​ទាញ​បរិមាណ​អ្នកគាំទ្រ​ឲ្យបាន​លើសល​ប់ តាម​ការចង់បាន ។​

​ថន លក្ខិណា ស្នើ​ឲ្យមាន​ការគាំទ្រ​ចំពោះ​ស្នាដៃ​នេះ ដើម្បី​បន្ត​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​នាង​ក្នុង​វិស័យ​ភាពយន្ត​សម្រាប់​ការបោះ​ជំហាន​ទៅ​សម្ដែង​បន្តបន្ទាប់​។ រឿង​«​កំពូល​អង្គរក្ស​ស្រី​» ជា​ខ្សែ​រឿង​ដែល​នាង​ហាក់​មាន​ជំនឿ​ចិត្ត​ថា ទទួលបាន​ការគាំទ្រ​មិនតិច ដោយសារ​សំអាងថា ជា​ប្រភេទ​ភាពយន្ត​វាយតប់ បាញ់បោះ និង​លាយ​ដោយ​ភាព​កំប្លុក​កំប្លែង ដែល​ប្លែក​ពី​ខ្សែ​រឿង​ខ្មែរ​ភាគច្រើន ដែល​ច្រើនតែ​សំដៅ​ទៅលើ​រឿង​ខ្មោច និង​បង្កប់​ដោយ​ភាពរន្ធត់ ។ នាង​មាន​គម្រោង​ទទួល​សម្ដែង​ជា​តួអង្គ​វាយតប់ និង​បាញ់កាំភ្លើង​បែប​នេះ​បន្ត​ទៀត ប្រសិន​បើ​រឿង​ដែល​បាន​ចរាចរ មាន​ការសរសើរ និង​គាំទ្រ​ច្រើន​ជាង​រង​ការរិះគន់ ៕

You might also like More from author

Comments are closed.