អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ​បិទ​ច្រក​ចូល​វិទ្យុ​ទាមទារ​ឲ្យ​ពន្លឿន​បើក​ប្រាក់​អតីត​ភាព​ការងារ

Cambodia Website Design

អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ បាន​បិទ​ច្រក​ចេញ​ចូល​របស់​វិទ្យុ​នោះ ដើម្បី​ទាមទារ​ឲ្យ លោក ម៉ម សូណង់ដូ ពន្លឿន​ការ​ដោះស្រាយ​បើក​ប្រាក់​អតីត​ភាព​ការងារ​ដល់​ពួក​គេ។ ប៉ុន្តែ​ការ​បិទ​ច្រក​ចេញ​ចូល​នោះ ប៉ះពាល់​ដល់​ការងារ​បុគ្គលិក​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​ការ បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​ខ្លះ។

អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ ១០​នាក់ បន្ត​លើក​បដា និង​ស្រែក​ដាក់​មេក្រូ​រិះគន់ លោក ម៉ម សូណង់ដូ នៅ​ពី​មុខ​ស្ថានីយ​វិទ្យុ​នោះ​ក្រោយ​ពី លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​នេះ​មិន​ព្រម​បើក​ប្រាក់​អតីត​ភាព​ការងារ​ឲ្យ​ពួក​គេ។

«សំឡេង​តវ៉ា»

ឈាន​ដល់​ថ្ងៃ​ទី​៤ នៃ​ការ​តវ៉ា​របស់​អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ ពួក​គេ​បាន​បិទ​ច្រក​ចេញ​ចូល​របស់​វិទ្យុ និង​បាន​គរ​ពោះវៀន​កង់​ជាច្រើន ត្រៀម​ដុត​ទាមទារ​ឲ្យ លោក ម៉ម សូណង់ដូ ពន្លឿន​ការ​ដោះស្រាយ​បើក​ប្រាក់​អតីត​ភាព​ការងារ។ ប៉ុន្តែ​ការ​បិទ​ច្រក​ចេញ​ចូល​មិន​ឲ្យ​បុគ្គលិក​ដទៃ​ចេញ និង​ចូល​ធ្វើ​ការ​នេះ បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​រវាង​អ្នក​ឈប់ និង​អ្នក​បន្ត​ធ្វើ​ការ។

«សំឡេង​តវ៉ា​គ្នា»

Cambodia Website Design

បុគ្គលិក​ច្រើន​នាក់​មិន​អាច​ចូល​ទៅ​កន្លែង​ធ្វើ​ការ​បាន។ លោក ភក្តី ឲ្យ​ដឹង​ថា សិទ្ធិ​តវ៉ា​របស់​អតីត​បុគ្គលិក គួរ​តែ​យោគយល់​ដល់​បុគ្គលិក​ដទៃ​ដែល​កំពុង​ធ្វើ​ការ។ បើ​បិទ​ច្រក​បែប​នេះ វា​នាំ​ឲ្យ​មាន​ទំនាស់​រវាង​បុគ្គលិក និង​អតីត​បុគ្គលិក​ទៅ​វិញ​ទេ៖ «ពីព្រោះ​អី​ពួក​គាត់​មាន​សិទ្ធិ​នឹង​ធ្វើ​បាតុកម្ម តែ​ខ្ញុំ​សំណូមពរ​ថា សូម​ឲ្យ​ខ្ញុំ​ចូល​ធ្វើ​ការ​ដូច​រាល់​ដង»

បំភ្លឺ​ចំពោះ​ការ​បិទ​ច្រក​ចេញ​ចូល​នោះ លោកស្រី យាន សុវារី អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ អះអាង​ថា ដើម្បី​ឲ្យ លោក ម៉ម សូណង់ដូ ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​លុយ​កាក់​ជាមួយ​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​រួច​រាល់​សិន៖ «ប៉ុន្តែ​ដោយសារ​តែ​គាត់​មិន​ព្រម​ចេញ​មក​រក​ដំណោះស្រាយ​ឲ្យ​ពួក​យើង ទើប​ចេះ​តែ​ជំរុញ​ឲ្យ​ពួក​យើង​ចេះ​តែ​រក​វិធី​ផ្សេងៗ ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​ពួក​យើង​ធ្វើ​ដើម្បី​ទាមទារ​ឲ្យ​គាត់​មក​ដោះស្រាយ​ជាមួយ​ពួក​យើង»

image (1)
អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ (FM 105 Mz) តវ៉ា​បិទ​ច្រក​ចូល​ការិយាល័យ​វិទ្យុ ទាមទារ​ពន្លឿន​បើក​ប្រាក់​អតីត​ភាព​ការងារ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA/Ouk Savborey

ការ​តវ៉ា​របស់​អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី លោក ម៉ម សូណង់ដូ បាន​ប្ដូរ​បទបញ្ជា​ផ្ទៃ​ក្នុង ហើយ​បុគ្គលិក​ខ្លះ​តវ៉ា ទើប​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៥ លោក ម៉ម សូណង់ដូ បាន​បញ្ឈប់​បុគ្គលិក​សរុប ១០​នាក់ នៅ​ក្នុង​មន្ទីរ​ការងារ ក្នុង​ពេល​កំពុង​រក​ដំណោះស្រាយ។ ក្រោយ​មក បុគ្គលិក​ទាំង​នោះ​បាន​ប្ដឹង​ទៅ​ក្រសួង​ការងារ ទើប​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​បង្គាប់​ឲ្យ លោក ម៉ម សូណង់ដូ ផ្តល់​ប្រាក់​អតីត​ភាព​ការងារ​ជូន​បុគ្គលិក​ទាំង ១០​នាក់ ប៉ុន្តែ លោក ម៉ម សូណង់ដូ មិន​អនុវត្ត​តាម។

បញ្ហា​នេះ លោក ម៉ម សូណង់ដូ ថ្លែង​ថា អ្នក​ទាំង ១០​នាក់​នោះ បាន​យក​ការងារ​ពី​ខាង​ក្រៅ​មក​ធ្វើ​ការ​ក្នុង​វិទ្យុ​រក​កម្រៃ​ខ្លួន​ឯង ទើប​លោក​មិន​គោរព​តាម​សេចក្តី​បង្គាប់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។ ម្យ៉ាង​ទៀត ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​មិន​មែន​ជា​តុលាការ​កាត់​ក្តី​ទេ។ លោក​សុំ​ឲ្យ​អតីត​បុគ្គលិក​ទាំង ១០​នាក់​នោះ ប្ដឹង​ទៅ​តុលាការ​តាម​ច្បាប់៖ «ហើយ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន ពីព្រោះ​កំហុស​របស់​បុគ្គលិក​ដែល​ធ្វើ​បាតុកម្ម​ស្រេច​ចិត្ត មិន​បាន​ឲ្យ​ដំណឹង​ខ្ញុំ ហើយ​មាន​បំណង​ចង់​បិទ​វិទ្យុ​សំបុក​ឃ្មុំ តែ​ម្តង ហើយ​អ្វី​ដែល​គាត់​ធ្វើ​បាតុកម្ម កូដកម្ម គាត់​ដាក់​មេក្រូ​បែរ​តម្រង់​មក​លើ​ស្ថានីយ​តែ​ម្តង ចាក់​ភ្លេង​ខ្មោច មិន​មែន​គាត់​ចង់​រក​ដំណោះស្រាយ​ទេ សកម្មភាព​អ្នក​ទាំងអស់​ហ្នឹង គឺ​មាន​អ្នក​ណា​មួយ​នៅ​ពី​ក្រោយ ដើម្បី​ធ្វើ​យ៉ាង​ដូចម្តេច​ឲ្យ​វិទ្យុ​សំបុក​ឃ្មុំ បិទ​សំឡេង​ផ្សព្វផ្សាយ​តែ​ម្តង»

ក្នុង​ការ​តវ៉ា​របស់​អតីត​បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ មិន​មាន​វត្តមាន​នៅ​ក្នុង​ស្ថានីយ​វិទ្យុ​នេះ​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា។ ការ​តវ៉ា​នោះ ក៏​មាន​សមត្ថកិច្ច​ចម្រុះ​ឃ្លាំ​មើល​ដែរ។

មន្ត្រី​ប៉ូលិស​សង្កាត់​បឹងទំពុន លោក ឯម សុផាត ឲ្យ​ដឹង​ថា អ្នក​តវ៉ា​បាន​សុំ​ច្បាប់​ធ្វើ​បាតុកម្ម​ត្រឹមត្រូវ ប៉ុន្តែ​ការ​តវ៉ា​បី​ថ្ងៃ​មុន ពួក​គេ​គ្រាន់​តែ​លើក​បដា​ឈរ​ស្ងប់ស្ងៀម។ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ មាន​ជ័រ​កៅស៊ូ​ចាក់​នៅ​ពី​មុខ​ស្ថានីយ ទើប​សមត្ថកិច្ច​មក​ឃ្លាំ​មើល​ក្រែង​មាន​អំពើ​ហិង្សា៖ «ឃាត់​គាត់​មិន​ឲ្យ​ដុត កុំ​ឲ្យ​មាន​បញ្ហា​ត​ទៅ​ទៀត គាត់​អាច​ទាមទារ​បាន ប៉ុន្តែ​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា»

នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មិថុនា ក្រុម​តវ៉ា​បាន​រំសាយ ហើយ​បន្ត​ការ​តវ៉ា​នៅ​សប្ដាហ៍​ក្រោយ។ ទោះ​ជា​យ៉ាង​ណា អ្នក​តវ៉ា​មិន​ដុត​ពោះវៀន​កង់​ទេ គ្រាន់​តែ​ស្រែក​រិះគន់ លោក ម៉ម សូណង់ដូ ថា​មិន​គោរព​ច្បាប់​ការងារ និង​មិន​អាច​ក្លាយ​ជា​អ្នក​ដឹក​នាំ​គណបក្ស​នយោបាយ ដែល​បម្រុង​បង្កើត​នោះ​បាន​ទេ ជាដើម៕