លោក សាយ ឈុំ​ និង​លោក ស ខេង​ ទទួល​គោរមងារ«សម្តេច»​

0
Cambodia Website Design

ព្រះមហាក្សត្រ ​ព្រះបាទនរោត្តមសីហមុនី បាន​ប្រោសព្រះរាជទាន​គោរមងារជា​«សមេ្តច​»​ ជូន​ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ និង​លោក សាយ ឈុំ ដែល​ទើប​តែ​ទទួល​តំណែង​​ជា​ប្រធាន​ព្រឹទ្ធ​សភា ជំនួស​លោក ជា ស៊ីម ដែល​ទទួល​មរណភាព​។

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ ដែ​ល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ​ខែមិថុនា ឆ្នាំ​២០១៥ ឲ្យ​ដឹងថា​លោក ស ខេង ជា​អ្នក​​ដឹកនាំ«​ដ៏ឆ្នើម»ជាទីគោរព​ស្រឡាញ់​របស់ប្រជា​រាស្រ្ត​ ដោយ​បាន​ចូលរួម​ដឹកនាំ​ប្រជាជាតិ​កម្ពុជា តាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ​១៩៩៣។ ព្រះរាជក្រឹត្យ​បន្ត​ថា​លោក ស ខេង បាន​កសាងបាននូវ​សន្តិភាព​ជាតិ ស្ថិរ​ភាព​ជាតិ ឯក​ភាព​ជាតិ សេដ្ឋកិច្ច​ជាតិ ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​ ការពារ​លទ្ធិ​ប្រជាធិបតេយ្យ និង​​មាន​​ស្ថិរភាព​សន្តិសុខសង្គម​«បាន​ល្អ​ប្រសើរ» ព្រម​ទាំងរក្សា និង​ការ​ពារ​បាន​នូវ​ឯករាជ្យ​ជាតិ និង​បូរណ​ភាព​​ទឹក​ដី ក្រោម​កិច្ច​ដឹកនាំ​«ដ៏ឈ្លាសវៃ​»របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ព្រះរាជក្រឹត្យ​បញ្ជាក់​ថា​ព្រះមហាក្សត្រ«ប្រោសព្រះរាជទាន​​គោរមងារ​ឯកឧត្តម​ ស ខេង ជា​សម្តេច​ក្រឡាហោម​ ស ខេង»

ចំណែក​ព្រះរាជក្រឹត្យ​របស់ព្រះមហាក្សត្រ​មួយ​ទៀត​ដែល​មានអត្ថ​ន័យ​ប្រហាក់ប្រហែលគ្នា ​ឲ្យ​ដឹង​ថា​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ​បាន​ចូលរួម​កសាង​ប្រព័ន្ធ​ច្បាប់ សម្រាប់​ប្រើប្រាស់​ជា​ឧត្តម​ប្រយោជន៍​សង្គម​ជាតិ​។ ព្រះរាជក្រឹត្យ​បន្ត​ថា​លោក ​សាយ​ ឈុំ ​ជា​ទីគោរ​ពស្រឡាញ់​របស់ប្រជា​រាស្រ្ត មានស្វាមីភក្តិ​ចំពោះរាជ​​​បល័្លង្ក​ ការពារ​ និង​​គោរព​ព្រះពុទ្ធសាសនា​ ការពារ​យុត្តិធម៌សង្គម ដើម្បីនិរន្ត​រភាព​រាជានិយមនៃ​កម្ពុជា​។

Cambodia Website Design

ព្រះរាជក្រឹត្យ​បញ្ជាក់​ថាព្រះមហាក្សត្រ​​«ប្រោសព្រះរាជទានគោរម​ងារ​ឯកឧត្តម​ សាយ​ ឈុំ ជា​សម្តេច​វិបុល​សេនាភក្តី»

បន្ទាប់ពីការព្រះរាជទានគោរមងារនេះ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ចេញ​លិខិត២ច្បាប់​ ដោយ​សម្តែង​ការ​អបអរសាទរ​ចំពោះ​លោក សាយ ឈុំ និង​លោក ស ខេង។ លិខិត​បញ្ជាក់​ថាការព្រះរាជទាន​គោរ​មងារនេះ​«ពិត​ជា​ស័ក្តិ​សម​នឹង​គុណ​បំណាច់​ដ៏ឧត្តុង្គឧត្តម​របស់សម្តេច»

គួរ​រំឭក​ថា កន្លងទៅ អ្នក​ដែល​មាន​គោរពជា«សម្តេច»នៅកម្ពុជា​​ មានដូច​ជា​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោកស្រី ​ប៊ុន​រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ ជាដើម​។ កាលពីឆ្នាំ​១៩៩៤ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានទទួល​គោរមងារ​ជា​”​សម្តេច​ ហ៊ុន​ សែន​”​ ពីព្រះមហាក្សត្រ​ និង​កាលពីឆ្នាំ​២០០៧​ លោក​បាន​ទទួល​បាន​គោរមងារ​ជា​”​សម្តេច​អគ្គមហាសេនាបតី​​តេ​ជោ​ ហ៊ុន​ សែន​”​៕

You might also like More from author

Comments are closed.