រដ្ឋាភិបាល​កម្ពុជា​ទាម​ទារ​ឲ្យ​វៀតណាម​គោរព​ខ្សែ​បន្ទាត់​ព្រំ​ដែន

0
Cambodia Website Design

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ បាន​​ផ្ញើ​កំណត់​ទូត​ជា​លើក​ទី​ពីរ ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​នូវ​ខ្សែ​បន្ទាត់​ព្រំដែន​ ប្រទេស​ទាំង​ពីរ​ តាម​ផែន​ទី បោន 1/100.000 បន្ទាប់​ពី​ក្រុម​បច្ចេក​ទេស​ព្រំដែន​ របស់​ខ្លួន​ បាន​រក​ឃើញ​ស្រះ​ចំនួន​បី​បន្ថែម​ទៀត​ ដែល​វៀតណាម​ទើប​តែ​បាន​ជីក​ចូល​ជ្រៅ​មក​ក្នុង​ទឹក​ដី​កម្ពុជា។

ក្នុង​លិខិត​មួយ​ ដែល​បាន​ផ្ញើ​ទៅ​ស្ថាន​ទូត​វៀតណាម​ប្រចាំ​កម្ពុជា​ កាល​ពី​ម្សិលមិញ ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ប្រាប់​ស្ថាន​ទូត​វៀតណាម​ថា​ ក្រុម​បច្ចេក​ទេស​នៃ​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​និង​អាជ្ញាធរ​​កម្ពុជា ខេត្ត​រតនគិរី​ បាន​រក​ឃើញ​ស្រះ​ចំនួន​បី​បន្ថែម​ទៀត​ ដែល​​ទើប​តែ​ជីក​ដោយ​វៀតណាម រវាង​បង្គោល​ព្រំដែន​លេខ ៣០ និង ៤០ ស្ថិត​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ​ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី​ ដែល​ខ្សែ​បន្ទាត់​ព្រំ​ដែន​ពុំ​បាន​កំណត់។

លិខិត​ឲ្យ​ដឹង​ថា៖ «ដោយ​ផ្អែក​លើ​ផែន​ទី​បោន 1/100.000 ​ស្រះ​ចំនួន​បី​ ត្រូវ​បាន​គេ​ជីក​យ៉ាង​ជ្រៅ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​»។ លើស​ពី​នេះ​ក្រសួង​ការ​បរទេស​ក៏​បាន​បង្ហាញ​ពី​ទំហំ​ស្រះ​ទាំង​បី​ដែល​បាន​ជីក​ដោយ​ភាគី​វៀត​ណាម​ដោយ​អះអាង​ថា ស្រះ​ទី​មួយ (ទំហំ​១២ គុណ​១៨ ម៉ែត្រ) នៅ​និយាម E775587 N 1516394 ប្រហែល ៣១៥ ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំ​ដែន​។ ស្រះ​ទី​ពីរ (១៤,៥ គុណ ១៧ ម៉ែត្រ) នៅ​និយាម E775648 N1515857 ប្រហែល ៤២៥ ម៉ែត្រ​ពី​ព្រំដែន​ និង​ស្រះ​ទីបី (១០ គុណ​ ២៤,៥ ម៉ែត្រ​) នៅ​និយាម​ E 7757​44 N1515661 ប្រហែល ៣៩០ ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​។

Cambodia Website Design

លិខិត​បន្ត​ថា៖ «ខណៈ​ពេល​ដែល​ផ្នែក​ព្រំដែន​នេះ​ មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ រាជរដ្ឋាភិបាល​កម្ពុជា​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ គោរព​ខ្សែ​ព្រំ​ដែន​នៃ​ផែន​ទី បោន 1 / 100.000 ដែល​ជា​មូល​ដ្ឋាន​នៃ​សន្ធិ​សញ្ញា​ស្តីពី​ការ​កំណត់​ព្រំ​ដែន​ជាតិ ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​១៩៨៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ ទៅ​លើ​សន្ធិ​សញ្ញា​ឆ្នាំ​១៩៨៥ ស្តីពី​ការ​កំណត់​ព្រំដែន​ជាតិ ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០០៥ សម្រាប់​កំណត់​ព្រំដែន​ដី​គោក​រវាង​កម្ពុជា​ និង​វៀត​ណាម»។ ​ក្នុង​កំណត់​ទូត​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀត​ណាម អនុវត្ត​តាម​ចំណុច​ទី៨ នៃ​សេចក្តី​ថ្លែង​ការណ៍​រួម​ចុះ​ថ្ងៃទី ១៧ ខែ​មករា ឆ្នាំ​១៩៩៥ រវាង​កម្ពុជា​ និង​វៀត​ណាម។

ទន្ទឹម​នឹង​នេះ​ដែរ ខណៈ​ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ ​រាប់​រយ​នាក់​​នៅ​ខេត្ត​ព្រះ​សីហនុ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ បាន​កោត​សរសើរ​ និង​អបអរ​សាទរ​ចំពោះ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ ដែល​ហ៊ាន​តប​ ដោយ​ផ្ញើ​លិខិត​ទៅ​រដ្ឋាភិបាល​វៀតណាម ដែល​ទន្ទ្រាន​ចូល​ទឹក​ដី​កម្ពុជា​ ក្នុង​ខេត្ត​រតនគិរី ។ លោក សម រង្ស៊ី ​ថ្លែង​ថា៖ «យើង​គឺជា​គណបក្ស​ប្រឆាំង​ យើង​ជំទាស់​នឹង​រដ្ឋាភិបាល​នេះ​ ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​បាន​ធ្វើ​អ្វី​ល្អ​ យើង​ត្រូវ​តែ​ទទួល​ស្គាល់​។ រដ្ឋាភិបាល​បច្ចុប្បន្ន ហ៊ាន​សរសេរ​លិខិត​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​យួន ដោយ​សារ​ខ្មែរ​ឯកភាព​គ្នា​។ ដូច្នេះ​ យើង​បាន​រួប​រួម​គ្នា​ការពារ​ទឹក​ដី​របស់​យើង​ប្រឆាំង​នឹង​យួន។ ឥឡូវ​នេះ​ចំពោះ​បូរណភាព​ទឹក​ដី​យើង​បាន​ព្រមព្រៀង​គ្នា​វាយ​បក​គ្រប់​ទី​កន្លែង ខាង​លិច និង​ខាង​កើត យើង​រួម​គ្នា ដោយ​សារ​វប្បធម៌​សន្ទនា»។​ លោក សម រង្ស៊ី ​បន្ថែម​ថា​ នេះ​ជា​លើក​ដំបូង ហើយ​ដែល​ក្រសួង​ការ​បរទេស​កម្ពុជា​ ហ៊ាន​តវ៉ា​ប្រឆាំង​នឹង​ប្រទេស​វៀត​ណាម ដែល​បាន​រំលោភ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​។​

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​និង​សកម្ម​ជន​ទៅ​មើលបង្គោល​ព្រំ​ដែន​ក្នុង​ស្រុក​រំដួល​ពីថ្ងៃ​សៅរ៍។

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​និង​សកម្ម​ជន​ទៅ​មើលបង្គោល​ព្រំ​ដែន​ក្នុង​ស្រុក​រំដួល​ពីថ្ងៃ​សៅរ៍។ ហេង ជីវ័ន

ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​កម្ពុជា ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ កាល​ពី​ម្សិល​មិញ។

លោក អ៊ុំ សំអាន និង លោក អ៊ូ ចន្ទរិទ្ធ តំណាង​រាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​មនុស្ស​ប្រហែល ១០០ នាក់ ​បាន​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំ​ដេន​នៅ​ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​សៅរ៍ ​ដោយ​អះអាង​ថា​ ភាគី​វៀត​ណាម​បាន​រំលោភ​ចូល​ជ្រៅ​មក​ក្នុង​ទឹក​ដី​កម្ពុជា ប្រហែល ២ គីឡូម៉ែត្រ ហើយ​វៀត​ណាម បាន​បោះ​បង្គោល​ព្រំ​ដែន​ចូល​ក្នុង​ចម្ការ​ស្វាយ​ចន្ទី​ប្រហែល ៣០ ហិកតា​ របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ថ្នាធ្នង់។

លោក អ៊ុំ សំអាន បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា​ មូល​ហេតុ​ដែល​កម្ពុជា​បាន​បាត់​បង់​ទឹក​ដី​ទៅ​វៀត​ណាម​ ដោយ​សារ​តែ​ការ​បោះ​បង្គោល​ព្រំ​ដែន ​រវាង​ប្រទេស​ទាំង​ពីរ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ផែន​ទី​ខុស ដោយ​យោង​តាម​សន្ធិ​សញ្ញា​ឆ្នាំ ១៩៨៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ​ហើយ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទាមទារ​ឲ្យ​លោក វ៉ា គឹមហុង ទេស​រដ្ឋ​មន្រ្តី​ ទទួល​បន្ទុក​កិច្ចការ​ព្រំ​ដែន ផ្តល់​នូវ​ផែន​ទី​ខុស​នេះ​ ប៉ុន្តែ​ក្នុង​លិខិត​ឆ្លើយ​តប​កាល​ពី​ថ្ងៃ​សុក្រ​លោក វ៉ា គឹមហុង បាន​បដិសេធ​មិន​ព្រម​ផ្តល់ ហើយ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្តល់​នូវ​ផែន​ទី​ត្រឹម​ត្រូវ​ទៅ​វិញ​។ ក៏​ប៉ុន្តែ​លោក សំអាន បាន​ឆ្លើយ​តប​ថា លោក​មាន​ផែន​ទី​ត្រឹមត្រូវ​តាម​មាត្រដ្ឋាន 1/100.000 ដែល​ដូច​នឹង​ផែន​ទី ដែល​បាន​តម្កល់​នៅ​អង្គ​ការ​សហប្រជាជាតិ ដោយ​អតីត​ព្រះ​មហា​ក្សត្រ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៦៤។ លោក​ សំអាន បាន​បន្ត​ថា៖ «តួនាទី​បង្ហាញ​ផែន​ទី​ គឺជា​តួនាទី​រដ្ឋាភិបាល​ វា​មិន​មែន​ជា​តួនាទី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទេ។ យើង​នឹង​ហៅ​ឯក​ឧត្តម វ៉ា គឹមហុង និង​ឯក​ឧត្តម ហោ ណាំហុង ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ក្នុង​រដ្ឋ​សភា ហើយ​ខ្ញុំ​នឹង​បង្ហាញ​[ផែន​ទី​ដល់​ពួក​គេ]»។

អ្នក​ភូមិ​ម្នាក់ ក្នុង​ឃុំ​ថ្នា​ធ្នង់ ឈ្មោះ នូ នាង អាយុ​៥២ ឆ្នាំ បាន​និយាយ​ថា​ អ្នក​ស្រី​មាន​ដី​៤ ហិកតា​ តាំង​ពី​ឆ្នាំ ១៩៧៩ ដែល​ជា​ចំណែក​ដី​មត៌ក​របស់​ជី​ដូន​ ជីតា​របស់​អ្នក​ស្រី​ ជា​ច្រើន​ជំនាន់​មក​ហើយ​ ហើយ​​អ្នក​ស្រី​បាន​ដាំ​ស្វាយ​ចន្ទី​ លើ​ដី​នោះ​តាំង​ពី​ឆ្នាំ ១៩៨២ មក​។ ប៉ុន្តែ​អ្នក​ស្រី​ចង់​ឈូស​ឆាយ​ដី​ដើម្បី​ដាំ​ដំឡូង​វិញ​ ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​អាជ្ញាធរ​វៀតណាម​។ «ពួក​គេ​បាន​ហាម​ឃាត់​យើង​មិន​ឲ្យ​ឈូស​ឆាយ​ដី​យើង​ដាំ​ដំឡូង។ ពួក​គេ​មិន​បាន​ប្រាប់​ពី​មូលហេតុ​ទេ​គ្រាន់​តែ​​ប្រាប់​ឲ្យ​យើង​ឲ្យ​រង់ចាំ​ដំណោះ​ស្រាយ​ជា​មុន​សិន»៕

You might also like More from author

Comments are closed.