ករណីបង្ក្រាប​​គ្រឿង​ញៀន​ជិត​៥៥​គីឡូក្រាម៖ ជោគជ័យ​គួរ​អបអរ តែ​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ

0
Cambodia Website Design

សភាព​ការណ៍​គ្រឿង​ញៀន​នៅ​ក្នុង​តំបន់​និង​ពិភពលោក នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​ដល់​សន្តិសុខ សណ្ដាប់​ធ្នាប់ សុខភាព​សាធារណៈ និង​ភាព​ក្រី​ក្រ​របស់​ប្រជាពលរដ្ឋ​ទូទៅ។ នៅ​កម្ពុជា​ក៏​ដូច​គ្នា​ដែរ​។ បញ្ហា​គ្រឿង​ញៀន​នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ និង​គួរ​ឲ្យ​បារម្ភ​នៅឡើយ​​។

នៅ​ដើម​ឆ្នាំ​២០១៥​នេះ ព័ត៌មាន​អំពី​ការ​បង្ក្រាប​គ្រឿង​ញៀន ហាក់​មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ របាយការណ៍​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មករា​ដល់​ខែ​មេសា​ដើម​ឆ្នាំ​២០១៥​នេះ ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​​និង​បញ្ជូន​ទៅ​កាន់​តុលាការ សរុប​ទាំង​អស់​៦០៣​ករណី ឃាត់ខ្លួន​មនុស្ស​ជាង​១​ពាន់​នាក់​។ ចំណែក​គ្រឿង​ញៀន​ដែល​រឹប​អូស​បាន​រួម​មាន មេតំហ្វេតាមីន​ ខេតាមីន ហេរ៉ូអ៊ីន កញ្ឆា និង​ម្សៅ​សង្ស័យ​គ្រឿង​ញៀន​ សរុប​ទាំង​អស់​ប្រមាណ​ ១៧​គីឡូក្រាម​។

នៅ​ពាក់​កណ្ដាល​ខែ​មិថុនា​ឆ្នាំ​២០១៥​នេះ​ទៀត​សោត សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញ​ដូច​គ្រឿង​ញៀន​​ទ្រង់​ទ្រាយ​ធំ​ ​ឃាត់​ខ្លួន​មេ​ក្លោង​ម្នាក់ ព្រម​ទាំង​​អ្នក​ពាក់ព័ន្ធ​៣​នាក់​ផ្សេង​ទៀត​។ ក្រៅ​ពី​នោះ សមត្ថកិច្ច​ក៏​បាន​រឹប​អូស​គ្រឿង​ញៀន​ជិត​៥៥​គីឡូក្រាម ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ​។ បើ​តាម​សមត្ថកិច្ច ​នេះ​គឺ​ជា​​លើក​ទីបី​ហើយ ដែល​កម្ពុជា​ចាប់​បាន​គ្រឿង​ញៀន​ក្នុង​បរិមាណ​ច្រើន​បែប​នេះ​។

Cambodia Website Design

សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បង្ហាញ​ពី​មោទនភាព បន្ទាប់​ពី​​បង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​នេះ​។ ជា​ការ​ពិត​ហើយ​ថា នេះ គឺ​ជា​ជោគជ័យ​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បង្ក្រាប​គ្រឿង​ញៀន​។ ប៉ុន្តែ​នៅ​ពី​ក្រោយ​ជោគជ័យ​គួរ​អបអរ​នេះ វា​ក៏​បាន​ស្ដែង​ចេញ​ពី​ទំហំ​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​ធំ ដែល​កំពុង​តែ​រីក​រាល​ដាល​គួរ​ឲ្យ​បារម្ភ​នៅ​កម្ពុជា​​ផង​ដែរ​។ ​ដោយ​ឡែក​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នោះ​ទៀត​សោត ភាគ​ច្រើនមាន​តែ​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ប្រទេស​។ ចំណែក​ការ​បង្ក្រាប​ករណី​​​គ្រឿង​ញៀន​ចូល​មក​ប្រទេស​កម្ពុជា ឬ​ចេញ​ទៅ​ក្រៅ​ប្រទេស ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ​។

គ្រឿង​ញៀន​បាន​នាំ​ចូល​មក​កម្ពុជា​តាម​បណ្ដា​ច្រក​នៃ​ខេត្ត​ក្នុង​ភូមិ​ភាគ​ឦសាន តាម​កំពង់​ផែ​ក្រុង​ព្រះសីហនុ និង​តាម​​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ហើយ​បន្ទាប់​ពី​នោះ នឹង​ត្រូវ​នាំ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​គោក​ទៅ​ប្រទេស​ថៃនិង​ប្រទេស​វៀតណាម តាម​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ និង​តាម​បញ្ញើ​ប្រៃសនីយ៍​ជា​ដើម​។

ការ​រឹត​បន្តឹង​សកម្មភាព​បង្ក្រាប​គ្រឿង​ញៀន​នៅ​តាម​ច្រក​នាំ​ចេញ​នាំ​ចូល​ទាំង​នេះ ចាត់​ទុក​ថា​ជា​រឿង​ចាំ​បាច់ និង​ទាមទារ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​។ ព្រោះ​ប្រសិន​បើ​សកម្មភាព​រត់​ពន្ធ​គ្រឿង​ញៀនឆ្លង​ប្រទេស​ជា​ពិសេស​គឺ​ការ​នាំ​ចូល ​នៅ​តែ​មាន​ច្រើន​លើស​លប់ នោះ​ការ​បង្ក្រាប​ដូច​ភ្លៀង​រលឹម ពិត​ជា​មិន​អាច​កាត់​បន្ថយ​ការ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេសនោះ​ឡើយ​។​
ជា​ការ​កត់​សម្គាល់ យុទ្ធនាការ​​បង្ក្រាប​គ្រឿង​ញៀន​នៅ​កម្ពុជា ភាគ​ច្រើន​លើស​លុប គឺ​ជា​ករណីជួញ​ដូរ​ថ្នាំ​ញៀន​តូច​តាច​​តែ​ប៉ុណ្ណោះ​។ យូរ​ៗ​ម្ដង ទើប​គេ​បាន​លឺ​ពី​ព័ត៌មាន​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ នៅ​កម្ពុជា​។ លោក​ ស ខេង ​ក៏ធ្លាប់សម្ដែង​ក្ដី​បារម្ភ​ចំពោះ​បញ្ហា​នេះ និង​បាន​អំពាវនាវ​ឲ្យ​នគរបាល​កម្ពុជា​ទូទាំង​ប្រទេស ផ្ដោត​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ធំ​ៗ​​។

ចំពោះ​មុខ​បញ្ហា​គ្រឿង​ញៀន​ដែល​រីក​ធំ​ធាត់​ឡើង​ដូច​សព្វ​ថ្ងៃ​នេះ វិធានការ​ជាក់​លាក់​ដើម្បី​ដោះ​ស្រាយ​គួរ​តែ​ត្រូវ​បាន​ដាក់​ចេញ​ជា​បន្ទាន់ និង​ជា​ដាច់​ខាត​​។ ជា​ពិសេស គឺ​ការ​រឹត​បន្តឹង​សកម្មភាព​បង្ក្រាប​គ្រឿង​ញៀន​នៅ​តាម​ច្រក​នាំ​ចេញ​នាំ​ចូល​​នៃ​ប្រទេស​កម្ពុជា​។ ការ​ស៊ើប​អង្កេត​ប្រមូល​ភស្តុតាង​ដើម្បី​ឈាន​ទៅ​ចាប់​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន ក៏​ជា​រឿង​ចាំ​បាច់ ដែល​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្តផង​ដែរ​។

ចំណែក​ការ​បង្ក្រាប​គ្រឿង​ញៀន​ជា​លក្ខណៈ​តូច​តាច ឬ​​​ធំដុំ​​ក៏​ដោយ គឺ​ជា​រឿង​ល្អ ដែល​សុទ្ធ​តែ​បង្ហាញ​ពី​ភាព​ជោគជ័យ​គួរ​ឲ្យ​អបអរ។ ក៏​ប៉ុន្តែ នៅពី​ក្រោយ​ជោគជ័យ​នេះ ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ក៏​ត្រូវ​ព្រួយ​ចិត្ត​ខ្លះ​ដែរ អំពី​ទំហំ​នៃ​ការ​រីករាល​ដាល​របស់​គ្រឿង​ញៀន​នៅ​កម្ពុជា​។ មាន​ការងារ​ច្រើន​ណាស់ ដែលកម្ពុជា​​ចាំ​បាច់​ត្រូវ​ធ្វើ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​បញ្ហា​គ្រឿង​ញៀន ក្លាយ​ទៅ​ជា​សង្គ្រាម​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា​៕