ឈាង វុន​ស្នើ​ប្រធាន​សភា​ឲ្យ​ចាត់​ការ​លោក​អ៊ុំ សំអាន​ដែល​មិន​ខ្លាច​គាត់​

1
Cambodia Website Design

ភ្នំពេញៈ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋ​សភា និង​ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​លោក ឈាង វុន បាន​ស្នើ​ប្រធាន​រដ្ឋ​សភា ចាត់​វិធានការ ទៅ​លើ​ឥរិយាបទ​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន ដោយ​ចោទ​ថា រឹង​រូស​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន មិន​ស្តាប់​តាម​ការ​ណែ​នាំ​របស់​ប្រធាន​រដ្ឋ​សភា។

កាល​ពី​ថ្ងៃ​ពុធ​ ក្រោយ​ពី​កិច្ច​ប្រជុំ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ លោក ឈាង វុន បាន​ផ្តល់​បទសម្ភាស​ដល់​អ្នក​សារ​ព័ត៌​មាន ជុំវិញ​លទ្ធផល​ប្រជុំ​ ហើយ​ក្រោយ​មក​លោក អ៊ុំ សំអាន ដែល​ជា​សមាជិក​គណៈ​កម្មការ​ទី ៦​ ក៏​មាន​បំណង​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារ​ព័ត៌មាន​ដែរ ប៉ុន្តែ​ត្រូវ​បាន​លោក ឈាង វុន រារាំង​ដេញ​ចេញ​ និង​តម្រូវ​ឲ្យ​ទៅ​សុំ​ច្បាប់​អនុញ្ញាត ពី​ប្រធាន​រដ្ឋ​សភា​សិន ព្រម​ទាំង​បាន​ហៅ​សន្តិ​សុខ​ ឲ្យ​នាំ​អ្នក​សារ​ព័ត៌មាន​ចេញ​ពី​បរិវេណ​រដ្ឋ​សភា​។

នៅ​ក្នុង​លិខិត​របស់​លោក ឈាង វុន​ ផ្ញើ​ជូន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ចុះ​ថ្ងៃ​ទី ០១ ​កក្កដា បាន​លើក​ឡើង​ថា ខណៈ​ដែល​លោក​កំពុង​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន លោក អ៊ុំ សំអាន បាន​ចូល​ជ្រៀត​ជ្រែក​ ហើយ​ទាមទារ​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ដែរ បើ​ទោះ​ជា​លោក​មិន​យល់​ព្រម​ ហើយ​ស្នើ​ឲ្យ​សុំ​ការ​អនុញ្ញាត​ពី​ប្រធាន​រដ្ឋ​សភា​ជា​មុន​សិន​ក្តី​។

Cambodia Website Design

លិខិត​ដដែល​បាន​ចាត់​ទុក​ឥរិយាបថ​របស់​ លោក​ សំអាន ដែល​នៅ​តែ​ចចេស​រឹងរូស​ទាមទារ​ធ្វើ​កិច្ច​សម្ភាសន៍​ដែរ​នោះ ថា​មាន​លក្ខណៈ​ចង់​រក​រឿង ធ្វើ​ឲ្យ​មាន​បញ្ហា​លើ​ការ​អនុវត្ត​ច្បាប់​រដ្ឋ​បាល​និង​សន្តិសុខ​រដ្ឋ​សភា​។

លោក​ វុន​ បញ្ជាក់​ថា៖«ឥរិយាបថ​របស់​លោក អ៊ុំ សំអាន គួរ​ត្រូវ​យក​មក​ពិចារណា នៅ​ក្នុង​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋ​សភា ដើម្បី​ឲ្យ​រដ្ឋ​សភា​ដំណើរ​ការ​ទៅ​បាន​ល្អ​តាម​លិខិត​បទ​ដ្ឋាន​ទាំង​ឡាយ ដែល​សម្តេច​ប្រធាន​ បាន​ធ្វើ​ការ​ណែនាំ និង​ត្រូវ​បាន​យក​មក​អនុវត្ត​ពិត​ប្រាកដ»។

កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៤ ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ធ្លាប់​បាន​ចេញ​សារាចរ​ណែនាំ​ដល់​គណៈ​កម្មការ​ទាំង​១០ ឲ្យ​សុំ​អនុញ្ញាត​ពី​ប្រធាន​សភា​ជាមុន​សិន​មុន​នឹង​អញ្ជើញ​ប្រជា​ពលរដ្ឋ ឬ​សង្គម​ស៊ីវិល​ចូល​ជួប​ក្នុង​រដ្ឋ​សភា ដើម្បី​ការពារ និង​រក្សា​សណ្តាប់​ធ្នាប់​ក្នុង​បរិវេណ​រដ្ឋសភា។

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សំអាន បាន​សម្តែង​ការ​ហួស​ចិត្ត​ ខណៈ​លោក​ជា​អ្នក​រងគ្រោះ​ដែល​ត្រូវ​ប្តឹង​ទៅ​ប្រធាន​រដ្ឋ​សភា ប៉ុន្តែ​បែរ​ជា​ត្រូវ​លោក វុន ប្តឹង​លោក​មុន​ទៅ​វិញ។

លោក​បន្ត​ថា​ សារាចរ​ណែនាំ​របស់​ប្រធាន​រដ្ឋសភា គឺ​តម្រូវ​ឲ្យ​សុំ​អនុញ្ញាត​មុន​នឹង​អញ្ជើញ​ប្រជា​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ប៉ុណ្ណោះ មិន​បាន​សំដៅ​ពី​ការ​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​របស់​អ្នក​តំណាង​រាស្ត្រ​ទេ ដូច្នេះ​លោក​នឹង​ដាក់​លិខិត​ទៅ​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋ​សភា នៅ​សប្តាហ៍​ក្រោយ ស្នើ​ឲ្យ​មាន​ការ​ស្តី​បន្ទោស​ និង​ទាមទារ​ឲ្យ​លោក វុន សុំ​ទោស​ជា​សាធារណៈ។

លោក​បញ្ជាក់​ថា៖«គាត់​ធ្វើ​ហ្នឹង​រំលោភ​ទៅ​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង និង​រដ្ឋ​ធម្មនុញ្ញ​ហើយ ​ហើយ​សភា​ហ្នឹង​ជា​របស់​អ្នក​តំណាង​រាស្ត្រ​ទាំង ១២៣ រូប មិន​មែន​ជា​របស់​លោក​ឈាង វុន ឬ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្តាច់​មុខ​នោះ​ទេ»។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា ​បាន​ថ្លែង​ថា ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ត្រ​ លោក​ ឈាង វុន មិន​គួរ​ទៅ​រារាំង​អ្នក​តំណាង​រាស្ត្រ​ផ្សេង​ទៀត​ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារ​ព័ត៌មាន និង​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​រដ្ឋ​សភា​ទេ។

លោក​ថ្លែង​ថា៖«បើ​គាត់​មិន​សប្បាយ​ចិត្ត នឹង​អ្នក​តំណាង​រាស្ត្រ​មួយ​ហ្នឹង ក្នុង​កិច្ចការ​រដ្ឋ​បាល​ គាត់​មាន​សិទ្ធិ​ធ្វើ​លិខិត​សុំ​ការ​បក​ស្រាយ និង​សុំ​ពិនិត្យ​មើល​វិន័យ​រដ្ឋ​បាល​វិញ គាត់​មិន​គួរ​ទៅ​ធ្វើ​ច្រងែង​ច្រងាង​ ស្រែក​ឡូឡា​អ៊ីចឹង​ទេ ធ្វើ​បែប​ហ្នឹង​វា​ខូច​សណ្តាប់​ធ្នាប់ និង​មាន​ភាព​ច្របូក​​ច្របល់​ទៅ​វិញ​ទេ ដូច្នេះ​អ្នក​តំណាង​រាស្ត្រ​ត្រូវ​តែ​គោរព​គ្នា»។

ជាមួយ​គ្នា​នេះ​ដែរ ក្លឹប​អ្នក​កាសែត​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិលមិញ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ទង្វើ​របស់ លោក ឈាង វុន ដែល​បាន​ប្រើ​ពាក្យ​សម្តី និង​មាន​ឥរិយាបថ​ខុស​ប្រក្រតី​បណ្តេញ​អ្នក​សារ​ព័ត៌មាន​ដែល​កំពុង​បំពេញ​បេសកកម្ម​តាម​វិជ្ជាជីវៈ​ចេញ​ពី​រដ្ឋ​សភា។

ក្លឹប​អ្នក​កាសែត បាន​ចាត់​ទុក​ទង្វើ​នេះ​​ថា​ ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​សេរី​ភាព​របស់​អ្នក​សារ​ព័ត៌មាន ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​របប​សារ​ព័ត៌​មាន​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា៕

Comments

comments

You might also like More from author