តំណាងរាស្រ្តបក្ស​ប្រឆាំង​​នឹង​ស្នើនាយករដ្ឋមន្រ្តីឲ្យ​ដក​តំណែង​លោក​ វ៉ា គឹមហុង​

1
Cambodia Website Design

តំណាងរាស្រ្ត​គណបក្សស​ង្រ្គោះជាតិជាង​​១០រូប គ្រោង​នឹង​​ស្នើ​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ឲ្យ​ដកតំណែង​​​​ប្រធាន​គណៈកម្មាធិការកិច្ចការ​​ព្រំដែន លោក វ៉ា គឹមហុង ក្រោម​ហេតុ​ផល​ថា​លោក​​បានប្រើប្រាស់ផែន​ទី​​ក្លែង​ក្លាយ និង​ពុំមាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហាព្រំដែន។

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិលោក អ៊ុំ សំអាន ដែល​រក​ឃើញ​ពី​ការ​បាត់​បង់​ទឹក​ដី​ទៅ​វៀតណាម មានប្រសាសន៍​ថាក្រោយ​ពី​ការ​ពិភាក្សា​គ្នា តំណាងរាស្រ្ត​រាស្រ្ត​ជាង​១០រូប​សម្រេច​ថា​នឹង​​សរសេរលិខិត​ទៅ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅសប្តាហ៍ក្រោយ ដោយ​ស្នើ​ឲ្យ​ដក​លោក​វ៉ា គឹមហុង ពី​តំណែង ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ផែន​ទី​ក្លែង​ក្លែង​ និង​​ធ្វើ​ឲ្យ​ខ្មែរ​បាត់​បង់​ដីពេល​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​ លោក​បញ្ជាក់​ថា​«ប្រសិន​ជា​​​ទុក​គាត់​កាន់​កិច្ច​ការ​ហ្នឹង​ទៀតជា​ប្រធាន​គណៈកម្មាធិការកិច្ច​ការព្រំដែន ដី​ខ្មែរនឹង​បន្ត​បាត់បង់​ទៅទៀត។ មូលហេតុ​ហ្នឹង​ហើយ​បាន​ជា​​យើង​ស្នើ​ឲ្យលោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ ​​ដក វ៉ា គឹមហុងចេញពីតំណែង ហើយ​ដាក់អ្នក​ណា​ដែល​មាន​សមត្ថភាព ហើយ​មាន​គំនិត​ជាតិ​និយម​ផងដែរ»។​

លោក អ៊ុំ សំអាន បញ្ជាក់​ថា​លោក​ច្បាស់​១០០​ភាគរយ​ថាផែន​ទី​ដែលលោក វ៉ា គឹមហុង​ ប្រើ​ប្រាស់​ជា​ផែន​ទី​ក្លែង​ក្លាយ​​។ លោក​មានប្រសាសន៍ថា​​«ផែន​ទី​ផ្ទៀង​ផ្ទាត់​ជាមួយ​ផែន​ទី​របស់​លោក​វ៉ា គឹមហុង គឺ​ប្រាក​ដ​ជាក្លែង​ក្លាយ​ហើយ​​១០០ភាគរយ ព្រោះ​យើ​ងរក​ឃើ​ញ​ចំណុច​ផែន​ទី​ក្លែង​ក្លាយ​ហ្នឹង​ហើយ»

Cambodia Website Design

លោក​បន្ត​ថា​​​លោក ​វ៉ា គឹមហុង​ បាន​កុហក​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ពី​​​ការ​ប្រើ​ប្រាស់ផែន​​ទី​​​ទាំងនោះ។ លោក​បញ្ជាក់​ថា​«គាត់[វ៉ា គឹមហុង]​អាច​ទៅ​កុហកសម្តេច​​នាយករដ្ឋមន្រ្តី​ថា​ផែន​ទីហ្នឹង​ ​ដែល​ព្រះករុណា​តម្កល់នៅ​អង្គការ​សហប្រជាជាតិ​​ ហើយ​​​សម្តេច​ហ៊ុន សែន គាត់​មាន​បច្ចេក​ទេស​ខាងព្រំដែន​ណា។ លោក វ៉ា គឹមហុង​ កុហកម៉េច គាត់​ជឿទៅ​តាម​ហ្នឹងហើយ»។​​​​​

ឆ្លើយ​តបនឹង​បញ្ហានេះ ​លោក​វ៉ា គឹមហុង​ មានប្រសាសន៍ថា​អ្វីៗអាស្រ័យ​លើ​ការ​សម្រេច​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។​

កាលពី​ថ្ងៃ​ចន្ទ ទី០៦ ​ខែកក្កដា ឆ្នាំ​២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​សរសេរលិខិត​មួយច្បាប់​​ទៅ​អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដោយ​ស្នើ​សុំ​ផែន​ទី​កម្ពុជាដែល​តម្កល់​នៅ​អង្គការប្រជាជាតិ មកពិនិត្យ​ផ្ទៀងផ្ទាត់ជាមួយ​ផែន​ទី​ដែល​រដ្ឋាភិបាល​បានប្រើ​ប្រាស់​ដោះស្រាយ​បញ្ហាព្រំដែន​ជាមួយ​ប្រទេស​ជិតខាង។​ លិខិត​របស់​លោក​ ហ៊ុន សែន ជាភាសាខ្មែរ និង​ភាសាអង់គ្លេស ឲ្យ​ដឹង​ថា«​ខ្ញុំ​សរសេរលិខិតនេះ​ជូន​ឯក​ឧត្តម ដើម្បី​ស្នើ​សុំ​កិច្ច​សហការពីសំណាក់​អង្គការ​សហប្រជាជាតិ​លើ​កិច្ច​ការមួយ​ដែល​មានសារៈសំខាន់​ជាទីបំផុត សម្រាប់​អធិបតេយ្យ​ និង​បូរណភាព​ទឹកដីរបស់​ព្រះរាជាណាចក្រកម្ពុជា ដែល​ជា​សមាជិក​របស់អង្គការសហប្រជាជាតិ»។​ ​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន បន្ត​ថា​មជ្ឈដ្ឋានក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួនកំពុង​ញុះញង់បង្កើត​ស្មារតីជាតិនិយមជ្រុល​ ​បំភាន់មតិ​​ជាតិ និង​អន្តរជាតិ​ ដើម្បីកេងចំណេញនយោបាយលើ​បញ្ហាកំណត់​ និង​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង។ លិខិត​បញ្ជាក់​ថា​«ខ្ញុំសូម​ស្នើ​ឯកឧត្តមអគ្គលេខាធិការមេត្តាអនុញ្ញាត​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ខ្ចីផែន​ទី​ដើម​ទាំងអស់ ដែល​កម្ពុជា​បាន​តម្កល់​ទុកនៅអង្គការ​សហប្រជាជាតិ​ មក​ប្រើ​ប្រាស់​ដើម្បី​ផ្ទៀង​ផ្ទាត់​បញ្ជាក់​អំពីភាពត្រឹមត្រូវ​ពិតប្រាកដ​ជាមួយ​ផែន​ទី​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ប្រើប្រាស់​សម្រាប់​កំណត់ព្រំដែនគោក និង​ព្រំដែន​ទឹក​រវាងព្រះរាជាណាចក្រក​ម្ពុជា​ជាមួយ​នឹង​ប្រទេស​ជិតខាង»។​

កាលពីសប្តាហ៍មុន​ លោក វ៉ា គឹមហុង បាន​រៀប​ចំ​​សន្និសីទ​សារព័ត៌មាន​មួយ​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ដើម្បី​បង្ហាញ​ផែនទី​កំណត់​បង្គោល​ព្រំដែន ដែល​បក្ស​ប្រឆាំង​ចោទថារដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ។​ ​លោក វ៉ា គឹមហុង បាន​ទទួលស្គាល់ថាដី​ខ្មែរ​នៅតាម​ព្រំដែន​ច្រើន​កន្លែងត្រូវបាន​វៀតណាម​កំពុង​ធ្វើ​ស្រែឬចម្ការ ​ប៉ុន្តែ​លោក​ថា​ដី​ទាំងនោះ​នឹង​បាន​មក​លើ​កម្ពុជា​វិញ​នៅ​ពេល​ភាគី​ទាំងពីរសម្រេច​បោះបង្គោល​ព្រំដែន​ចប់សព្វគ្រប់៕

You might also like More from author

Comments are closed.