សង្គម​ស៊ីវិល​នឹង​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​សភា​ប្រជុំ​អនុម័ត​ច្បាប់​អង្គការ

3
Cambodia Website Design

ស្របគ្នា​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​រៀបចំ​ត្រៀមខ្លួន​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ ដែល​រដ្ឋសភា​គ្រោង​ពិភាក្សា​សេចក្ដី​ព្រាងច្បាប់​នោះ។

ចំណែក​អ្នកតំណាងរាស្ត្រ​បក្ស​ប្រឆាំង​នឹង​ប្រកាស​ឲ្យ​ដឹង​ពី​ជំហរ​របស់​ខ្លួន​ថា តើ​ត្រូវ​ចូលរួម​ឬ​ត្រូវ​ពហិការ​មិន​ចូលរួម​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​នេះ​នៅ​ពេល​ឆាប់ៗ​នេះ។

ទន្ទឹម​នឹង​ការសម្រេច​ជា​ផ្លូវការ​ថា​រដ្ឋសភា និង​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់ ដ៏​ចម្រូងចម្រាស​នៅ​ថ្ងៃ​ចន្ទ​ទី​១៣ កក្កដា​ខាងមុខនេះ អង្គការ​សង្គម​ក៏​មមាញឹក​ខ្លាំង​ណាស់​ដែរ ដើម្បី​រក​យុទ្ធសាស្ត្រ​ថ្មីៗ​ទៀត​ដើម្បី​ប្រឆាំង​មិន​ឲ្យ​មាន​ច្បាប់​មួយ​នេះ។

Cambodia Website Design

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ កក្កដា​ថា អង្គការ​សង្គម​ស៊ីវិល​នានា បាន​ចាប់ផ្តើម​ជួប​ប្រជុំ​គ្នា​ជា​បន្តបន្ទាប់​ទៀត​ជុំវិញ​រឿង​នេះ។

លោក​ឲ្យ​ដឹង​ទៀត​ថា ក្រុម​សង្គម​ស៊ីវិល នឹង​អាច​មាន​យុទ្ធនាការ​ធំ​ជាង​ពេល​មុនៗ​ទាំងអស់ ដើម្បី​តស៊ូ​មតិ​ដោយ​អហិង្សា​នៅ​ចំ​ថ្ងៃ​រដ្ឋសភា​ប្រជុំ​អនុមតិ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៣ កក្កដា ខាងមុខនេះ៖ «ប៉ុន្តែ​រាល់​សកម្មភាព​នៃ​ការ​តស៊ូ​មតិ យើង​មិន​រំខាន​ដល់​រដ្ឋសភា ឬ​ស្ថាប័ន​ណា​ទេ គឺ​ទាមទារ​ជា​សាធារណ​មួយ​ដើម្បី​ឲ្យ​រដ្ឋសភា​ពិចារណា​ឡើងវិញ​ក្នុង​ការ​ទម្លាក់​ចោល ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ ហើយ​បញ្ជូន​ទៅ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ»។

កាលពី​ថ្ងៃ​ទី​៩ កក្កដា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​ដីធ្លី បាន​រៀបចំ​វេទិកា​សាធារណៈ​មួយ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

វេទិកា​សាធារណៈ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​៣០០​នាក់​នោះ បាន​បង្ហាញ​ក្ដី​កង្វល់​ជាច្រើន​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ដែល​រឹតត្បិត​ពួកគេ និង​ចាត់ទុកថា មាន​ខ្លឹមសារ​រំលោភ​ទៅលើ​រដ្ឋធម្មនុញ្ញ កតិកាសញ្ញា និង​អនុសញ្ញា​ផ្សេងៗ​របស់​អង្គការសហប្រជាជាតិ។

ក្រុម​សង្គម​ស៊ីវិល ព្រមាន​ថា ទោះបីជា​រដ្ឋសភា​នៅ​តែ​មានៈ​អនុម័ត​ច្បាប់​នេះ​ជា​ផ្លូវការ​ក្ដី ក៏​ពួកគេ​មិន​គោរព​ច្បាប់​នេះ​ឡើយ ហើយ​នឹង​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​លើកដៃ​គាំទ្រ​អនុម័ត​ច្បាប់​នេះ​ទៀត​ផង។

ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា រូប​លោក និង​តំណាងរាស្ត្រ​ដទៃ​ទៀត ដែល​ជា​សមាជិក​គណៈកម្មការ​នេះ​ខាង​បក្ស​ប្រឆាំង បាន​សំដែង​មតិ​បង្ហាញ​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​សេចក្ដី​ព្រាងច្បាប់​នេះ និង​មិនបាន​គាំទ្រ​លើ​របៀបវារៈ អនុមតិ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ខាងមុខ​នេះ​ឡើយ។

ទាក់ទង​បញ្ហា​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា បក្ស​ប្រឆាំង​កំពុង​តាមដាន​រឿង​នេះ​យ៉ាង​ដិតដល់ ហើយ​នឹង​ប្រកាស​ឲ្យ​ដឹង​ពី​ជំហរ​របស់​ខ្លួន​ថា តើ​ត្រូវ​ពហិការ​មិន​ចូលរួម​អនុម័ត​លើ​សេចក្ដី​ព្រាងច្បាប់​មួយ​នេះ ឬ​យ៉ាងណា​នៅ​ពេល​ឆាប់ៗ​នេះ៖ «ប៉ុន្តែ​បើ​សិន​មិន​មាន​ការ​កែប្រែ​ទៅតាម​អនុសាសន៍ ឬ​សំណូមពរ​របស់ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ គឺ​យើ​មិន​ទៅ​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​១៣​ខាងមុខ​នោះ​ទេ»។

មុននឹង​ប្រកាស​ជា​ផ្លូវការ​នូវ​ពេលវេលា​ប្រជុំ​អនុមតិ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ កាលពី​ថ្ងៃ​ទី​៨ កក្កដា រដ្ឋសភា​ក្រោម​ការរៀបចំ​ចាត់ចែង​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សិក្ខាសាលា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង អង្គការ សមាគម នេះ​ដែរ ប៉ុន្តែ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ពី​ដំបូង​ដែរ តែ​បាន​ដើរចេញ​វិញ​ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​របស់​ខ្លួន បន្ទាប់​កិច្ចប្រជុំ​ដំណើរ​ការ​បាន​បន្តិច។

សភា​អាស៊ាន​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កាលពី​ថ្ងៃ​០៩​កក្កដា ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​សេចក្ដី​ព្រាងច្បាប់​អង្គការ និង​សមាគម​ដ៏​ចម្រូង​ចម្រាស​មួយ​នេះ។ ស្ថាប័ន​ដដែល​នេះ​​ចាត់ទុកថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រៀប​រៀង​ឡើង​ដើម្បី​គាបសង្កត់ សិទ្ធិ​បង្កើត​សមាគម និង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា ពីព្រោះ​មាត្រា​ខ្លះ​មិន​ចាំបាច់ និង​អាច​ក្លាយ​ជា​ឧបករណ៍​ដើម្បី​បំបិទមាត់​និង​បង្ក្រាប​អ្នកនយោបាយ​ប្រឆាំង និង​សមាគម​ស្របច្បាប់​ណា​ដែល​ហ៊ាន​សំដែង​មតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល៕

Comments

comments

You might also like More from author