ឧកញ៉ា​ សុខ​ ប៊ុ​ន​ ដើរ​និង​រត់​ដល់​ដំណាក់កាល​ផ្លូវ​ទ័លច្រក​ ក្នុង​រឿង​ប្រើ​អំពើ​ហិង្សា​លើ​កញ្ញា​ សា​សា

កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ប្រកាស​រួច​ហើយ​ថា​ ឲ្យ​សមត្ថកិច្ច​សាធារណៈ​តាម​ស្វែងរក​ចាប់ខ្លួន​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ នាយក​ក្រុមហ៊ុន​ TEHO-SBG​ Development​ Co.,​ Ltd.​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កញ្ញា​ ឯក​ សុជាតា​ ហៅ​ សា​សា​ អតីត​ពិធី​ការិនី​ស្ថានីយ៍ទូរទស្សន៍​ CTN​ នា​វេលា​ម៉ោង​០១​និង​១២​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ បណ្តាល​ឲ្យ​កញ្ញា​ សា​សា​ រង​របួស​ច្រើន​កន្លែង​នោះ​ ដើម្បី​ប្រគល់​ទៅ​ស្ថាប័ន​តុលាការ​ចាត់ការ​តាម​ច្បាប់​ ទោះបី​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ បាន​បង្ហាញ​ពី​ជំហរ​សុំ​ទោស​ និង​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​កំហុសឆ្គង​របស់​ខ្លួន​ក៏​ដោយ​ ។​ លើស​ពី​នេះ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​ប្រកាស​ទុកជា​មុន​ឲ្យ​ដឹង​ដែរ​ថា​ សូម​ឲ្យ​អ្នក​ធ្លាប់​កាង​ការពារ​និង​រត់ការ​ឲ្យ​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ដកខ្លួន​ថយ​ចេញ​ផង​ដែរ​ ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​ និង​គំរូ​អាក្រក់​ ។​

​ដោយឡែក​ កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ដែរ​ មាន​លេច​ចេញ​សេចក្តី​បំភ្លឺ​ជូន​សាធារណជន​មួយ​ ដែល​ប្រថាប់ត្រា​”​បានឃើញ​”​ ដោយ​លោក​មេធាវី​ យិ​ន​ សុ​ភី​ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៤៣០​ ប៉ុន្តែ​គ្មាន​ការ​ចុះហត្ថលេខា​ ឬ​ស្នាម​មេដៃ​របស់​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ នោះ​ បាន​បង្ហាញ​ថា​ លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ប្រកាស​សុំ​លាឈប់​ពី​ប្រធាន​សមាគម​វាយតម្លៃ​អចលនវត្ថុ​ លាឈប់​ពី​នាយក​ក្រុមហ៊ុន​ TEHO-SBG​ Development​ Co.,​ Ltd.​ លាឈប់​ពី​ងារ​ជា​ឧកញ៉ា​ និង​សូម​ចូលរួម​ពិ​ភាគទាន​ ដើម្បី​ព្យាបាល​សុខភាព​ និង​ដោះស្រាយ​ជីវភាព​ ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ជូន​កញ្ញា​ សា​សា​ ជា​ថ្នូរ​នឹង​ការ​សុំ​ឲ្យ​មានការ​យោគយល់​ឈប់​ចោទប្រកាន់​គ្នា​ និង​មិន​សងសឹក​គ្នា​ពី​កញ្ញា​ សា​សា​ និង​ក្រុម​គ្រួសារ​ ។​

​ទោះបី​សេចក្តី​បំភ្លឺ​ជូន​សាធារណជន​ដែល​មាន​ប្រថាប់ត្រា​ “​បានឃើញ​”​ ចុះ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ដោយ​លោក​មេធាវី​ យិ​ន​ សុ​ភី​ មិន​មាន​ព័ស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា​ ជា​សេចក្តី​បំភ្លឺ​របស់​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ដែល​កំពុង​រត់​ពួន​សំងំ​លាក់ខ្លួន​នោះ​ពិតប្រាកដ​ក៏​ដោយ​ ក៏​សំណើ​របស់​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ត្រូវ​បាន​ច្រានចោល​ភ្លាមៗ​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ ពី​សំណាក់​កញ្ញា​ សា​សា​ ។​

​ដូច្នេះ​ ដំណើររឿង​ក្តី​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​របស់​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ទៅ​លើ​កញ្ញា​ សា​សា​ ដែល​មាន​ឪពុក​មាន​ងារ​ជា​ឧកញ៉ា​ គឺ​លោក​ឧកញ៉ា​ អ៊ុត​ ធី​ ដែរ​នោះ​ ទំនងជា​រត់​ និង​ដើរ​ដល់​ដំណាក់កាល​ផ្លូវ​ទ័លច្រក​ហើយ​ វៀរលែងតែ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​ជា​ភរិយា​របស់​បុរស​ខ្លាំង​ ចេញ​មុខ​និង​លូកដៃ​ជួយ​អន្តរាគមន៍​ ទើប​អាច​មាន​ដំណោះស្រាយ​ទទួល​បាន​ឱកាស​រួមរស់​ជាមួយ​ប្រពន្ធ​ កូន​របស់​ខ្លួន​ឡើង​វិញ​ក្នុង​សេរីភាព​ ៕​

Sok-Bun-and-Wife Sok-Bun-letter

You might also like More from author

Comments are closed.