លោក ហ៊ុន សែន ថាកម្ពុជា​អាច​សើរើការបង្គោលព្រំដែនជាមួយ​វៀតណាមបាន​

0
Cambodia Website Design

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះបានថ្លែង​ថារដ្ឋាភិបាលកម្ពុជា​បាន​ខិត​ខំធ្វើ​ការងារ​បោះបង្គោលព្រំដែន​ជាមួយ​ប្រទេស​វៀតណាមជាង​៣០ឆ្នាំមកនេះ តែលោក​អះអាង​ថា​កម្ពុជាអាច​សើ​រើ​ពី​​ការ​បោះ​បង្គោល​ព្រំដែ​នបាន​​ ប្រសិនបើ​រក​ឃើញ​ថា​ការ​បោះនោះមិន​ត្រឹមត្រូវ។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​បែប​នេះ ស្រ​បពេល​ដែល​លោក​បាន​សរសេរលិខិត​​ទៅ​ថ្នាក់ដឹក​នាំ​ប្រទេ​ស​មហា​អំណាច​ចំនួន​​៣ គឺ​បារាំង អង់គ្លេស សហរដ្ឋអាមេរិក និង​​អង្គការ​សហប្រជាជាតិ ដោយ​ស្នើ​សុំ​​ខ្ចីផែនទី​ និង​សុំជំនួយ​ជា​អ្នកជំនាញខាងផែនទី​ ដើម្បីជួយ​កម្ពុជា​ក្នុង​ការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​រដ្ឋាភិបាល​​​កំ​ពុង​​តែ​​ប្រើប្រាស់។​ ការថ្លែង​របស់​លោក​ក៏​ជា​ការប្រតិកម្ម​ទៅ​នឹង​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ដែល​បាន​ចោទ​រដ្ឋាភិបាល​ថា​បានប្រើ​ប្រាស់ផែនទីកន្លែងក្លាយ​។

ក្នុង​ពិធីចែកសញ្ញាបត្រ​ដល់និស្សិត​នៅ​វិទ្យាស្ថាន​ជាតិអប់រំ លោកនាយករដ្ឋម​ន្រ្តីបានថ្លែង​ថាការ​​បោះបង្គោលព្រំដែនជាមួយ​ប្រទេស​វៀតណាម​ជាង​៣០ឆ្នាំ​ហើយ​មិន​ទាន់​ចប់ ដោយ​សារ​តែ​កម្ពុជា​មិន​​យល់ព្រម​​។ លោក​បន្ត​ថា​បើ​ទោះ​ជា​មានការចម្លង​ផែនទី​សម្រាប់ប្រើ​ប្រាស់​ក្នុង​ការ​បោះបង្គោលព្រំដែន តែ​ផែនទីនោះ​មិ​ន​អា​​ច​ខុសពី​​ផែនទី​​បោន​​ខ្នា​ត​​១/១០០០០០ ដែលតម្កល់នៅអង្គការសហប្រជាជាតិ។ លោកបាន​បញ្ជាក់​​ថា«បើ​ចរចា​មិន​ត្រូវ​គ្នា អូសបន្លាយ​ក៏អូសទៅ​ ប្រសើរ​ជាង​វា​បាត់ដី។ អញ្ចឹង​ហើយ​បាន​ជាង​​៣០ឆ្នាំហើយ បាន​ជា​បោះមិន​ចេះចប់»។​

Cambodia Website Design

លោក ហ៊ុន សែន ​បន្ត​ថា​ការ​បោះបង្គោលព្រំដែន​នេះ​ជា​​ដំណើ​រការវែងឆ្ងាយ​ ដោយ​សារ​មិន​មែន​ធ្វើ​ឡើង​តែភាគី​​​ម្ខាង។ លោក​បន្តថា​សព្វថ្ងៃ​នេះការ​បោះបង្គោលព្រំដែន​ជាមួយ​វៀតណាម​សម្រេច​បាន​​៨៣ភាគរយហើយ​នៅ​​លើខ្សែព្រំដែន​ប្រមាណ​១២៦០គីឡូម៉ែត្រ។ ប៉ុន្តែ​​លោក​ថា​កម្ពុជា​ក៏​អាច​សើរើ​បាន​ បើ​ករណី​បោះទៅ​​មាន​​ភាព​​លម្អៀង។​

លោក​នាយករដ្ឋមន្រ្តីឲ្យ​ដឹង​ទៀត​ថា​​ចាប់ពីថ្ងៃ​នេះ រដ្ឋាភិបាល​​នឹង​បញ្ចេញព័ត៌មានសម្ងាត់ទាំងអស់​ពាក់ព័ន្ធ​នឹង​​បញ្ហាព្រំដែន​។ ​លោក​ថា​ការដែល​រដ្ឋាភិបាល​សម្រេច​សរសេរលិខិត​ទៅ​ប្រទេស​មហាអំណាចផ្សេងទៀត​​ ដោយ​សារ​អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ថា​​អត់​មាន​ផែនទី​ទេ។ លោក​ ហ៊ុន សែន ជឿជាក់​ថា​ប្រទេស​​​បារាំង និង​សហរដ្ឋ​អាមេរិកប្រាកដ​ជា​មាន​ផែនទី​របស់កម្ពុជា។

លោក​នាយករដ្ឋមន្រ្តី​បន្ត​ថា​លោក​នឹង​​បើ​កឲ្យ​​គណ​បក្ស​ទាំងអស់និង​អ្នក​ជំនាញផ្សេងៗ ​ចូលរួម​ពិនិត្យ​មើល​ផែន​ទីដែល​ប្រទេស​មហាអំណាចនឹង​​ផ្តល់​ឲ្យ​កម្ពុជានៅពេល​ខាងមុខនេះ​។​​ លោក​បន្ត​ថា​រដ្ឋាភិបាលនិង​រូប​លោក​​មិន​អាច​ទ្រាំ​នឹង​ការចោទប្រកាន់​លើ​ការប្រើ​ប្រាស់ផែនទីក្លែង​​ក្លាយ​នេះ​បាន​ទេ។​ លោក​បញ្ជាក់​ថា​៖«ព្រោះ​វាអយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំព្រះករុណា ឬ​រាជ​រដ្ឋាភិបាល​កម្ពុជា​។ អញ្ចឹង​ទេ​ត្រូវ​ធ្វើ​រឿងនេះឲ្យ​ដល់​កោះ​ដល់ត្រើយ​»

កាលពីថ្ងៃ​អង្គារ ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ លោក វ៉ា គឹមហុង​ បាន​ថ្លែង​ថា​សន្ធិសញ្ញា​​បំពេញ​បន្ថែម​​ឆ្នាំ​២០០៥ដែល​រដ្ឋាភិបាលកម្ពុជានិង​វៀតណាម​បាន​ចុះហត្ថលេខារួមគ្នា ​អនុញ្ញាត​ឲ្យ​​ភាគី​ទាំងពីរ​គូសចម្លង​ខ្សែ​ព្រំដែន​​ពី​ផែន​ទី​បោន​១/១០០០០០មក​លើ​ផែន​ទី​UTM១/៥០០០០ ​ដើម្បី​ជា​ជំនួយ​​ដល់​ក្រុម​ប​ច្ចេក​ទេស​យ​ក​​មក​អនុវត្ត​នៅ​​លើ​ដី​ជាក់ស្តែង។​ លោក​បាន​បញ្ជាក់​ថា៖«បើយើង​មិន​​គូស​ចម្លង​១/១០០០០០ ផែន​ទី​បោន​អម​សន្ធិ​សញ្ញា​ឆ្នាំ​១៩៨៥ទេ យើង​ជា​អ្នកបច្ចេក​ទេស​មិន​អាច​ធ្វើ​ការ​បោះ​បង្គោល​ខណ្ឌ​សីមានៅលើ​ដីជាក់​ស្តែង​បាន​ទេ ព្រោះ​ថា​ផែន​ទី​១/១០០០០០​ដែល​ជា​ផែន​ទី​មូលដ្ឋានយើង​ទទួល​ស្គាល់ ព្រោះ​ថា​រដ្ឋធម្មនុញ្ញ​ទទួល​យក​ផែន​ទី​១/១០០០០០​មក​ធ្វើ​ជា​ផែន​ទី​ជាមូល​ដ្ឋាន​ ប៉ុន្តែ​ពេល​យើង​ចុះ​ទៅលើ​​ដី​ជាក់​ស្តែង​ មិន​មែន​ផែន​ទី​១/១០០០០០ យើង​ទៅ​បោះបង្គោល​​បាន​ទេ ត្រូវ​យក​ផែន​ទី​UTM​ខ្នាត​ធំ​១/៥០០០០​ដែលមានក្រឡាអុកឈើត្រង់។ វាអនុញ្ញាតឲ្យ​យើង​​ប្រើប្រាស់​​បច្ចេកវិទ្យាទំនើប ដូចជា​​ជីភីអេសជាដើម វាអាច​ចាប់កន្លែងណាកន្លែងណា​លើ​ដីជាក់ស្តែង»

លោក វ៉ា គឹមហុង​បន្ត​ថា​៖«រដ្ឋាភិបាលក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​បាន​​ចរចា​​ជាមួយ​វៀត​ណាម​បង្កើ​ត​បាន​​អនុស្ស​រណៈ​​នៃ​ការ​​យោគ​យល់​គ្នា​ចុះថ្ងៃ​ទី​២៤ខែមេសា ឆ្នាំ​២០១១​ ស្តីពី​​ការកែសម្រួល​ខ្សែ​​ព្រំដែន​គោក​នៅ​​តំបន់​​ដែល​នៅ​សេស​សល់​មួយ​ចំនួន ​ក្នុង​គោលដៅ​ខិត​ខំធ្វើ​យ៉ាងណា​​ឲ្យ​​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោល​រវាង​ប្រទេស​ទាំងពីរ​បាន​បញ្ចប់នៅឆ្នាំ​២០​១២ និង​ដើ​ម្បីរ​ក្សា​កា​រ​កាន់​កាប់​ គ្រប់គ្រង​ដីធ្លី ស្រែច​​ម្ការ​របស់​ប្រជា​​ពលរដ្ឋ​ដែល​បាន​បង្ក​បង្កើន​ផល​ជា​យូរ​ឆ្នាំ​ម​កហើ​យ​នោះ​​ ទុក​ជូន​គាត់​ឲ្យ​នៅ​ដដែល»។​

លោក វ៉ា គឹមហុង​ ឲ្យ​ដឹង​ទៀត​ថា​រហូត​មក​ដល់​ពេលនេះ ការងារ​ខណ្ឌសីមានិង​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​​បាន​ឈាន​មក​ដល់​ដំណាក់​កាល​មួយ​ដែល​មាន​បញ្ហាស្មុគស្មាញ​ខ្លាំង​​ ជាពិសេស​នៅ​តំបន់​ដែល​ខ្សែ​ព្រំដែន​កាត់​វាល​ទំនាប ដែល​មាន​ប្រ​ជាជន​រស់​នៅ​កុះករ​ ដោយ​ហេតុ​ថា​ខ្សែ​ព្រំដែន​ដែល​បន្សល់​ទុក​ដោយ​អាណា​ព្យាបាល​បារាំង​ កន្លែង​ខ្លះគូស​ចូល​ក្នុង​ដី​កម្ពុជា ហើយ​កន្លែង​ខ្លះ​ទៀត គូស​ចូល​ដី​វៀតណាម​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​កាន់​កាប់​ជាក់​ស្តែ​ងរបស់​ប្រជា​ពលរដ្ឋ​ទាំងសង​ខាង។

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែល​រក​ឃើញ​ថា​កម្ពុជា​បាត់បង់ទឹក​ដីឲ្យ​វៀតណាម មានប្រសាសន៍ថានៅពេល​មាន​ផែន​ទី​ត្រឹមត្រូវ​ហើយ ​កម្ពុជា​ត្រូវ​ការ​ភាគីផ្សេងទៀត​ចូលរួម​ដោះស្រាយ​បញ្ហាព្រំដែន​ជាមួយ​ប្រទេសវៀតណាម ដោយ​សារ​វៀតណាម​តែង​តែ​មិ​នយ​ល់ព្រម​ចំពោះ​ការ​ទាមទារ​របស់កម្ពុជា។ លោក​បញ្ជាក់​ថា​យន្ត​ការ​អន្តរជាតិ​នឹង​អាចជួយ​ដោះស្រាយ​បញ្ហានេះ៕​

You might also like More from author

Comments are closed.