លោក ឈាង វុន ​ប្រាប់​ឲ្យ​លោក អ៊ុំ សំអាន ដក​ពាក្យ​​​​ចោទ​លើ​ប្រធាន​រដ្ឋ​សភា

Cambodia Website Design

ការ​ព្រមាន​ប្ដឹង​ប្រធាន​រដ្ឋ​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​ទប់​ចិត្ត​មិន​បាន​នោះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ប្រាប់​ជា​ថ្មី ថា​ឲ្យ​ដក​ពាក្យ​ដែល​លោក​​ចោទ​​​​ថា ប្រធាន​រដ្ឋ​សភា​មិន​គោរព​រដ្ឋធម្មនុញ្ញ​ចេញ​ បើ​ចង់​ឲ្យ​ស្ថានការណ៍​ធូរ​ស្រាល​ឡើង​វិញ។ ទោះ​បែប​នេះ​ក្តី តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​តែ​ប្រកាន់​ជំហរ​ប្ដឹង​ប្រធាន​រដ្ឋ​សភា​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដដែល ប្រសិនបើ​មិន​បញ្ជូន​លិខិត​របស់​​លោក​ទៅ​រដ្ឋាភិបាល។

ក្រៅ​ពី​ប្រាប់​ឲ្យ​ដក​ពាក្យ​ប្ដឹង អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​១៧ ខែ​កក្កដា នា​មន្ទីរ​រដ្ឋសភា​ថា នៅ​ពេល​នេះ ក្រុម​អ្នក​ច្បាប់​របស់​រដ្ឋ​សភា​កំពុង​ពិនិត្យ​មើល​ទង្វើ​របស់​លោក អ៊ុំ សំអាន ដើម្បី​ដាក់​វិធានការ​រដ្ឋបាល​ទៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​បក្ស​​ប្រជាជន​កម្ពុជា លោក ឈាង វុន ថ្លែង​ថា សមាជិក​រដ្ឋសភា​បក្ស​ប្រជាជន មិន​អាច​ទទួល​បាន​ទង្វើ​របស់​លោក អ៊ុំ សំអាន ដែល​ព្រមាន​ប្ដឹង​ប្រធាន​រដ្ឋសភា​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ព្រោះ​ប្រធាន​រដ្ឋ​សភា​ជា​កិត្តិយស​របស់​រដ្ឋសភា។

Cambodia Website Design

អ្នក​នាំ​ពាក្យ​រដ្ឋសភា​រូប​នេះ ប្រាប់​ទៅ​លោក អ៊ុំ សំអាន ថា ប្រសិនបើ​ចង់​ឲ្យ​ស្ថានការណ៍​ធូរ​ស្រាល គួរ​ដក​ពាក្យ​បណ្ដឹង​ប្ដឹង​ប្រធាន​រដ្ឋ​សភា៖ «ខ្ញុំ​គិត​ថា ស្នើ​ឲ្យ​ឯកឧត្ដម អ៊ុំ សំអាន បោះ​ដៃ​តិច​មក ដក​ពាក្យ​ដែល​គាត់​ចោទ​ប្រកាន់​ថា សម្ដេច​ប្រធាន​មិន​គោរព​រដ្ឋធម្មនុញ្ញ​ចេញ​ទៅ ប្រហែល​សភាពការណ៍​ធូរ​ស្រាល។ ឲ្យ​គាត់​រៀន​សូត្រ​ថែម​តិច​ទៀត»

​លោក ឈាង វុន រិះ​គន់​លោក អ៊ុំ សំអាន ថា មិន​សម​ជា​តំណាង​នៃ​បរិបទ​នយោបាយ​ថ្មី​នេះ​ទេ ខណៈ​ដែល​វប្បធម៌​សន្ទនា​រវាង​ប្រមុខ​បក្ស​ទាំង​ពីរ​កំពុង​ផ្អែមល្ហែម ប៉ុន្តែ​ជា​មាន​ករណី​ប្តឹង​ប្រធាន​រដ្ឋ​សភា​ដូច​នេះ។

​កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រតិកម្ម​នឹង​គម្រោង​ប្តឹង​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ​ដែរ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រួម​គ្នា​ចុះ​ហត្ថលេខា ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​តាម​រយៈ​ប្រធាន​រដ្ឋ​សភា​សុំ​ឲ្យ​​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម បណ្ដោះអាសន្ន​សិន ដោយ​រង់ចាំ​ដល់​ឆ្នាំ​២០១៨។ ប៉ុន្តែ​លិខិត​នោះ ពុំ​ត្រូវ​បាន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន អនុញ្ញាត​ឲ្យ​បញ្ជូន​ចេញ។

​ឆ្លើយ​តប​ការ​លើក​ឡើង​របស់​លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន និយាយ​ថា លោក​នៅ​តែ​ប្រកាន់​ជំហរ​ប្តឹង​លោក ហេង សំរិន ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រសិនបើ​លោក ហេង សំរិន មិន​ចុះ​ហត្ថលេខា​បញ្ជូន​លិខិត​លោក​ចេញ។

ទោះ​បែបនេះ​ក្តី លោក អ៊ុំ សំអាន អះអាង​ថា ប្រសិនបើ​មានការ​សម្រប​សម្រួល​វាង​លោក និង​លោក ហេង សំរិន លោក​អាច​ឈប់​ប្ដឹង​លោក ហេង សំរិន ប៉ុន្តែ​លោក ហេង សំរិន ត្រូវ​ចុះហត្ថលេខា​បញ្ជូន​លិខិត​របស់​លោក​ចេញ៖ «ប្រសិន​មាន​ការ​សម្របសម្រួល យើង​ស្វាគមន៍ ប៉ុន្តែ​សម្របសម្រួល​ផ្ញើ​លិខិត​ខ្ញុំ​ចេញ ហើយ​បើ​មិន​បញ្ជូន​ចេញ​ទេ យើង​នឹង​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ឲ្យ​បដិសេធ​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សម្ដេច ហេង សំរិន»

លោក អ៊ុំ សំអាន អះអាង​ថា ក្នុង​អំឡុង​ខែ​សីហា លោក​នឹង​ដាក់​លិខិត​ប្ដឹង​លោក ហេង សំរិន ទៅ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ៕

You might also like More from author

Comments are closed.