ខ្មែរ​​កំពុង​ពួត​ដៃ​គ្នាដើម្បី​​រើ​ខ្លួន​ចេញ​ពី​វៀតណាម​?

1
Cambodia Website Design

តាម​រយៈ​ការ​គាស់​កកាយ​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម បាន​ពុះ​កញ្ជ្រោល​ឡើង​សា​ជា​ថ្មី​។ នៅ​ពេល​បក្ស​ប្រឆាំង​កកូរ​កកាយ​រឿង​ព្រំដែន រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​ឯ​ណេះ​វិញ ក៏​បាន​បណ្ដេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម​ចេញ​ពី​កម្ពុជា​ជា​បន្ត​បន្ទាប់​ដែរ​​។ ផ្អែក​តាមកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​បក្ស​​ទាំង​ពីរ​នេះ តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ​ថា ខ្មែរ​កំពុង​តែ​ពួត​ដៃ​គ្នា ដើម្បី​រើ​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម​?

ការ​តវ៉ា​លើ​បញ្ហា​​ព្រំ​ដែន​កម្ពុជា​វៀតណាម ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​ជោគជ័យ​នឹក​ស្មាន​មិន​ដល់​។ តាំង​ពី​ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​រតនគិរី ខេត្ត​កណ្ដាល រហូត​ដល់​ខេត្ត​​ស្វាយ​រៀង តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​តំបន់​ព្រំដែន បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ ឆ្កែ​របស់​សមត្ថកិច្ច​វៀតណាម និង​ដំបង​របស់​ពលរដ្ឋ​វៀតណាម​ក៏​ដោយ​ចុះ​។ ក្រៅ​ពី​ដំណើរ​ទៅ​កាន់​ព្រំដែន តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ក៏​បាន​​ទាមទារ​​ដោយ​ផ្ទាល់​មាត់ និង​ជា​លាយ​លក្ខណ៍​អក្សរ​​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ពន្យល់​​បំភ្លឺ និង​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​ផង​ដែរ​។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណបក្ស​ប្រឆាំង​លើ​បញ្ហា​ព្រំដែន​នេះ នៅ​ទី​បំផុត បាន​ទទួល​ផល​ផ្លែ​ផ្កា​គួរ​ឲ្យ​កត់​សម្គាល់​។ ថ្វី​ត្បិត​តែ​មិន​ទាន់​ឈាន​ទៅ​ដល់​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​តុលាការ​អន្ដរជាតិ ស្រប​តាម​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង​ក៏​ដោយ ក៏​យ៉ាង​ហោច​ណាស់ គណៈកម្មការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា​វៀតណាម បាន​កំណត់​ពេល​​ជួប​ជជែក​គ្នា។ ជា​ជំនួប​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​ផ្ទុះ​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​ ព្រម​ទាំង​​ការ​មិន​ចុះ​សម្រុង​គ្នា​នៅ​ព្រំ​ដែន​ដែល​នៅ​សេស​សល់​។

Cambodia Website Design

ប្រសិន​បើ​មើល​មួយ​ភ្លែត គេ​អាច​វាយ​តម្លៃ​បាន​ថា លទ្ធផល​ចុង​ក្រោយ​នេះ គឺ​បាន​មក​ពី​ការ​តវ៉ា​ប្រឆាំង​ជា​បន្ត​បន្ទាប់​របស់​គណបក្ស​ប្រឆាំង​។ ប៉ុន្តែ​បើ​មើល​ឲ្យ​ជ្រៅ​ទៅ​ទៀត គេ​អាច​នឹង​ឃើញ​សេណារីយោ​ផ្សេង​។ សេណារីយោ​ផ្សេង ដែល​ថា លទ្ធផល​នេះ ​បាន​មក​ពី​ការ​ពួត​ដៃ​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។

ជា​ប្រវត្តិសាស្ត្រ​ប្រកែក​មិន​បាន បក្ស​ប្រជាជន​បាន​រីក​ធំធាត់​ឡើង​ដោយ​មាន​ការ​ផ្ចុង​ផ្ដើម​ពី​បក្ស​កុំម្មុយនីស្ត​វៀតណាម​។ ហេតុ​នេះ ក្នុង​ការ​ប្រឈម​មុខ​នឹង​វៀតណាម​នៅ​ចំពោះ​មុខ​បញ្ហា​ព្រំដែន​​ដ៏​រសើប វា​ជា​រឿង​ដ៏​សែន​ពិបាក​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​​។ បើ​ទោះ​បី​ជា​ពិបាក​យ៉ាង​ណា​ក៏​ដោយ បក្ស​កាន់​អំណាច​ចាំ​បាច់​ត្រូវ​រើ​បំរះ​ខ្លួន​ពី​វៀតណាម​ឲ្យ​ខាង​តែ​បាន ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ ប្រជាប្រិយភាព​របស់​បក្ស​នេះ អាច​នឹង​ថម​ថយ​ទៀត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​។

នៅ​ក្នុង​បរិបទ​បែប​នេះ និង​បន្ទាប់​ពី​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​កម្ពុជា​បង្កើត​វប្បធម៌​សន្ទនា វា​គឺ​ជា​ពេល​វេលា​ដ៏​ប្រសើរ​ដែល​កម្ពុជា ត្រូវ​រួម​ដៃ​គ្នា ការពារ​ឲ្យ​បាន​នូវ​ផល​ប្រយោជន៍​ផ្សេង​ៗ​របស់​ប្រទេស​ជាតិ​។

នៅ​ក្រោម​សម្ពាធ​តវ៉ា​ប្រឆាំង​យ៉ាង​ដាច់​ណាត់​របស់​បក្ស​ប្រឆាំង​លើ​បញ្ហា​ព្រំដែន គណបក្ស​កាន់​អំណាច​មាន​លេស​ក្នុង​ការ​ជជែក​រឿង​ព្រំដែន​ជាមួយ​វៀតណាម​ ដើម្បី​ឈាន​ទៅ​រក​ការ​ដោះ​ស្រាយ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ទាំង​អស់​។ គួរ​ឲ្យ​កត់​សម្គាល់​ថា មុន​នឹង​មាន​ជំនួប​រវាង​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ រដ្ឋាភិបាល​ដឹក​នាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ការ​តវ៉ា​ផ្ទាល់​មាត់ និង​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​កាន់​ប្រទេស​វៀតណាម​ ដែល​បាន​រំលោភ​ចូល​ដែន​អធិបតេយ្យ​កម្ពុជា។

ដោយ​ឡែក នៅ​ពេល​​បញ្ហា​​ព្រំដែនត្រូវ​បាន​បក្ស​ប្រឆាំង​កកូរ​កកាយ រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​ឯ​ណេះ​វិញ ក៏​បាន​បណ្ដេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀតណាម​ចេញ​ពី​កម្ពុជា​ជា​បន្ត​បន្ទាប់​ដែរ​​។ ជន​ជាតិ​វៀតណាម​រាប់​ពាន់​នាក់ ដែល​ចូល​មក​ធ្វើ​ការ​ខុស​ច្បាប់​នៅ​កម្ពុជា ត្រូវ​បាន​ប៉ូលីស​អន្តោប្រវេសន៍​ខ្មែរ​ឃាត់​ខ្លួន និង​បញ្ជូន​ចេញ​ជា​ហូរ​ហែ​។ ក្រៅ​ពី​ប៉ូលីស​អន្តោប្រវេសន៍ អាជ្ញាធរ​បាន​សម្រេច​បណ្ដេញ​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​ខុស​ច្បាប់​នៅ​តំបន់​កំពង់​ចម្លង​អរិយក្សត្រ ឲ្យ​ចាក​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ​ផង​ដែរ​។

ផ្អែក​តាមកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​បក្ស​​ទាំង​ពីរ​នេះ តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ​ថា ខ្មែរ​កំពុង​តែ​ពួត​ដៃ​គ្នា ដើម្បី​រើ​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម​? គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​សំណួរ​នេះ​បាន​ទេ ក្រៅ​តែ​ពី​តួ​អង្គ​អ្នក​នយោបាយ​ខ្លួន​ឯង​។ ប៉ុន្តែ​ប្រសិន​បើ​វា​ជា​ការ​ពិត នោះវា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ចំណេញ​​​ផង​ដែរ​។ បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម និង​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម គឺ​ជា​បញ្ហា​រ៉ាំរ៉ៃ​ដែល​កើត​ឡើង​ជា​យូរ​មក​ហើយ​សម្រាប់​កម្ពុជា​។ ដូច្នេះ វា​គួរ​តែ​​ដល់​ពេល​ហើយ ដែល​ខ្មែរ​ត្រូវ​រួប​រួម​គ្នា​រើ​ខ្លួន​ចេញ​ពី​ការ​គាប​សង្កត់​របស់​វៀតណាម​​។ ត្រូវ​រើ​ខ្លួន​ចេញ​ពី​វៀតណាម មុន​នឹង​លែង​មាន​ឱកាស​ល្អ​របៀប​នេះ​​នា​ពេល​អនាគត៕

You might also like More from author

Comments are closed.