ប៉ូលិស​ថៃ​​ថា ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​ពីរ​នាក់​​​នៅ​ក្នុង​​កម្ពុជា

ក្រុងបាងកកៈ ​នាយក​ដ្ឋាន​បង្គ្រាប​ឧក្រិដ្ឋកម្ម (CSD) របស់​ថៃ​បាន​​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​​ថា ក្រុម​ប៉ូលិស​ថៃ ជឿ​ថា ​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក​សំខាន់​ពីរ​នាក់​ ​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​នៅ​ឯ​ទីសក្ការៈ ​អេរ៉ាវ៉ាន និង​ផែ​ សាថន កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​កាសែត​បាង​កក​ ប៉ុស្តិ៍ ​ដែល​បាន​ចេញ ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១ កញ្ញា​នេះ។

ក្នុង​ពេល​ជា​មួយ​គ្នា​នេះ អ្នក​យក​ព័ត៌មាន​ម្នាក់​កាល​ពី យប់​ថ្ងៃ​ចន្ទ​ម្សិល​មិញ បាន​និយាយ​ជាមួយ​ស្ត្រី មូស្លីម​ថៃ​ដែល​គេ​កំពុង​តាម​ចាប់​ខ្លួន​បំផុត​ ​ថា នាង​បាន​និង​កំពុង​នៅ​ក្នុង​ប្រទេស ​តួកគី ​អស់​ពេល​បី ខែមក​ហើយ​ និង​មាន​ការ​ «តក់ស្លុត» ជា​ខ្លាំង​ដែល​នាង​ត្រូវ​គេ​ចោទ​ប្រកាន់​​ពី​បទ​ឧក្រិដក្ខកម្ម​​ នៅលើ​កញ្ចក់​ទូរទស្សន៍​ថៃ។

ស្ត្រី​​នោះ​ឈ្មោះ Wanna Suansan វ័យ ២៦ ​ឆ្នាំ ធ្លាប់​ស្នាក់​​នៅ​តំបន់​ផាង ដែល​មាន​ឈ្មោះ​មូស្លីម​ថា Maisaroh បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ម្នាក់​ថា នាង​បាន​និ​យាយ​ជាមួយ​ក្រុម​ប៉ូលិស​តាម​ទូរស័ព្ទ​រួច​ហើយ​។ ក្រោយ​មក​នាង​បាន​និយាយថា ក្រុម​មន្ត្រី​ប៉ូលិស​ពី​ក្រុង​បាងកក​ បាន​ទូរស័ព្ទ​ត្រឡប់​ទៅ នាង​វិញ ដើម្បី ប្រាប់​នាង​កុំ​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

ប្រភព​ប៉ូលិស​មួយ បាន​និយាយ​ថា ​ការត្រួត​ពិនិត្យ​កំណត់​ត្រា​ធ្វើ​ដំណើរ​របស់​ស្ត្រីនោះ បាន​រក​ឃើញ​ថា នាង​បាន​ចាក​ចេញ​ទៅ ក្រុង​ ឌូបៃ​ នៅ ថ្ងៃទី ១ កក្កដា។

ក្រុម​អាជ្ញាធរ ក៏​បាន​ប្រាប់​ បាងកក ប៉ុស្តិ៍ ដែរ​ថា ពួកគេ​បាន​និយាយ​ជា​មួយ​សាច់​ញាតិ​ម្នាក់​របស់​នាង Wanna ដែល​ថា នាង​គឺ​នៅក្នុង​ប្រទេស ​តួកគី ហើយ​នាង​​នឹង​មាន​បំណង​​ត្រឡប់​មក​កាន់​ប្រទេស​ថៃ​វិញ​ដើម្បី​​ជួប​ជាមួយ​ក្រុម​មន្ត្រី​ប៉ូលិស។

នៅក្នុង​ការ​វិវត្តចុងក្រោយ​ដ៏ ច្របូក​ច្របល់​ ក្រុម​ប៉ូលិស​ក៏ បាន​ប្រាប់​ បាងកក ប៉ុស្តិ៍ថា ពួក​គេ​​ក៏​មិន​ពិត​ជា​ជឿ​ថា​នាង Wanna បាន​ចាក​ចេញ​ពី​ប្រ​ទេស​ថៃ​​នោះ​ទេ។ ពួកគេ​បាន​និយាយ​ថា សាក្សី​ជាច្រើន បាន​ប្រាប់​ពួកគេថា ពួក​គេ​ធ្លាប់​បាន​ឃើញ​នាង ហើយនិង​​បុរស​ នៅ​ក្នុង​​រូប​គំនូរ​ព្រៀង​នោះ ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ផ្ទះ ល្វែង​ មីន​បុរី ​នៅ​រវាង​ថ្ងៃ​ទី ​១០ និង​ ២០ ​សីហា។

ការ​ផ្ទុះ​នៅ​ទី​សក្ការៈ​ អេរ៉ាវ៉ាន គឺ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី ១៧ សីហា។

ដោយឡែក កាល​ពី​ម្សិលមិញ នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ​ប្រាយុធ ចាន-អូចា បាន​ទទួល​ស្គាល់​ថា បណ្តាញ​ដែល​ពាក់​ព័ន្ធ នឹង​ការ​ផ្ទុះ​គ្រាប់​បែក​នោះ អាច​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ជួញ​ដូ​មនុស្ស​ ដែល​កំពុង​រត់​ពន្ធ​ក្រុម​ជន​ជាតិ ​អ៊ូហ្គ័រ។

ប៉ុន្តែ ប្រភព​ប៉ូលិស​មួយ​បាន​និយាយ​ពី​ម្សិលមិញ​​ថា ប្រមុខ CSD លោក​ Akkaradej Pimonsri បាន​ណែនាំ​ឲ្យ​អនុ​ប្រធាន​របស់​លោក គឺ​ វរៈ​សេនីយ៍​ឯក Col Itthipol Atchariyapradit ឲ្យ​ស្នើ​សុំ​ទៅ​ក្រុម​អាជ្ញាធរ​កម្ពុជា ​ឲ្យ​ជួយ​តាម​ចាប់​បុរស​ដែល​គេ​តាម​ចាប់​ខ្លួន​បំផុត​ របស់​ពិភព​លោក​ ទាំង​ពីរ​នាក់​នោះ។

វិធាន​ការ​ណ៍​នោះ បាន​កើត​មាន​ឡើង​ បន្ទាប់ពី​ការ​ត្រួត​ពិនិត្យ​របស់​ការិ​យាល័យ​អន្តោ​ប្រវេសន៍ បាន​រក​ឃើញ​ថា អ្នក​ទាំង​ពីរ​នោះ បាន​ចូល​ទី ប្រជុំជន ​ប៉ោយ​ប៉ែត ​របស់ ​កម្ពុជា ​តាម​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អារញ្ញ ក្នុង​ខេត្ត​ស្រះ​កែវ។

ប្រភព​នោះ បាន​និយាយ​ថា៖ «ក្រុម​ប៉ូលិស រំពឹងថា ​នឹង​ចាប់​ខ្លួន​ពួក​គេ​ឆាប់ៗ​នេះ»៕

You might also like More from author

Comments are closed.