តួលេខ​ដ៏គួរឲ្យ​បារម្ភ​ជុំវិញ​ស្ថានភាព​សេដ្ឋកិច្ច​ចិន

0
Cambodia Website Design

នៅថ្ងៃ​អង្គារ​នេះ អាជ្ញាធរ​ចិន​បាន​ឲ្យដឹង​ថា វិស័យ​នាំចេញ​នាំចូល​របស់​ចិន​​នៅ​តែ​បន្ត​ធ្លាក់​ចុះ នៅ​ក្នុង​ខែ​សីហា​កន្លងទៅនេះ។ តួលេខ​ស្តីពី​ការ​ធ្លាក់​ចុះ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នេះ មក​បន្ថែម​ពីលើ​តួលេខ​ចេញផ្សាយ​កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ ដែល​បង្ហាញ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ចិន កាល​ពីឆ្នាំ​២០១៤​កន្លងទៅនេះ មាន​កម្រិត​ទាបជាង​អ្វី​ដែល​រដ្ឋាភិបាល​ចិន​បាន​ប្រកាស កាល​ពី​ពេល​កន្លងទៅ។

យោងតាម​តួលេខ​ចេញផ្សាយ​ដោយ​អាជ្ញាធរ​ចិន នៅថ្ងៃ​អង្គារ​នេះ វិស័យ​នាំចូល​របស់​ចិន នៅ​ក្នុង​ខែ​សីហា​កន្លងទៅ​មាន​ការ​ធ្លាក់​ចុះ​ ១៣,៨% (បើ​គិតជា​ដុល្លារ​អាមេរិក) ចំណែក​ឯ​វិស័យ​នាំចេញ​វិញ​ធ្លាក់ចុះ ៥,៥%។ ការធ្លាក់​ចុះ​នេះ​ថ្វីដ្បិត​តែ​មាន​កម្រិត​ទាបជាង​កាល​ពីខែ​កក្កដា​កន្លងទៅ ក៏ប៉ុន្តែ វា​ជា​ការ​ធ្លាក់​ចុះ​ក្នុងរយៈពេល​ជាច្រើន​ខែ​ជាប់ៗគ្នា​គួរឲ្យ​ព្រួយបារម្ភ ហើយ​អ្នក​វិភាគ​ជាច្រើន​គិត​ថា គោលដៅ​បង្កើន​វិស័យពាណិជ្ជកម្ម​ឲ្យ​បាន ៦% នៅ​ចុងឆ្នាំ​២០១៥ ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ទំនង​ជា​ពិបាក​នឹង​អាច​សម្រេច​ទៅបាន។

គួរបញ្ជាក់ថា កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ រដ្ឋាភិបាល​ចិន​ទើប​នឹង​បាន​ចេញផ្សាយ​តួលេខ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភមួយ​ទៀត ដែល​បង្ហាញ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​​កាល​ពី​ឆ្នាំ​២០១៤ មាន​ត្រឹមតែ ៧,៣%​ប៉ុណ្ណោះ ពោលគឺ​ទាបជាង​អត្រា​ដែល​រដ្ឋាភិបាល​​បាន​ប្រកាស​ឲ្យដឹង កាល​ពីខែ​មករា។

Cambodia Website Design

តួលេខ​អវិជ្ជមាន​ជាប់ៗគ្នា​នេះ​កំពុងតែ​បង្ក​ឲ្យ​មាន​ក្តីបារម្ភជាទូទៅ ខ្លាច​ការ​ធ្លាក់ចុះ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​ចិន​នេះ​ ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ចពិភពលោក​ទាំងមូល។

ជាការពិត​ថា អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ចិន​ ថ្វីដ្បិត​តែ​ធ្លាក់​ចុះ ប៉ុន្តែ នៅតែ​មាន​កម្រិតខ្ពស់​ជាង​បណ្តា​ប្រទេស​ភាគច្រើន​ផ្សេងទៀត។ ចំណែក​ឯ​ការ​ធ្លាក់ចុះ​ក្នុង​វិស័យ​នាំចេញ​នាំចូល​វិញ ក៏​មិនមែន​កើតមាន​តែ​ចំពោះ​ចិន​មួយ​នោះដែរ បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត​ក៏កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ដូចគ្នា​នេះដែរ។ ក៏ប៉ុន្តែ អ្វី​ដែល​ខុសគ្នា គឺ​នៅត្រង់​ថា ចិន​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​ ដែល​ជា​កម្លាំង​ចលករ​ដ៏​ធំជាងគេ នៅ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំងមូល។ ដូច្នេះ បញ្ហា​សេដ្ឋកិច្ច​ចិន តិច​ឬច្រើន គឺ​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល។

ហេតុដូច្នេះហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា តួលេខ​អវិជ្ជមាន​នៃ​សេដ្ឋកិច្ច​ចិន​កំពុងតែ​ធ្វើ​ឲ្យ​ទីផ្សារ​មូលបត្រ​នៅ​ស្ទើរតែ​គ្រប់កន្លែង​នៅ​ទូទាំង​ពិភពលោក​ត្រូវ​រង្គោះរង្គើ ប្រឈមមុខ​នឹង​អស្ថិរភាព៕

Comments

comments

You might also like More from author