លោក​ហ៊ុន សែន​ធានា​បង្កើត​ខ្សែ​និង​បង្គោល​ព្រំដែន​នៅ​លើដី​ជាក់ស្តែង​ជាមួយ​វៀតណាម ដោយ​មាន​ជំនួយ​ពី​បរទេស

3
Cambodia Website Design

បន្ទាប់​ពី​កើត​មាន​បញ្ហា​ចម្រូង​ចម្រាស់​លើ​ការ​ផ្ទៀងផ្ទាត់​ផែនទី​កម្ពុជា ដែល​យក​មក​ពី​ប្រភព​ខុស​គ្នា​ៗ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី៨ កញ្ញា​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​សន្ទរកថា​រយៈពេល​ជាង​បី​ម៉ោង និយាយ​ពី​បញ្ហា​នេះ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ក្នុងស្រុក​មួយចំនួន។ ក្នុង​សន្ទរកថា​រយៈពេល​ជាង​បី​ម៉ោង​នេះ លោក​ហ៊ុនសែន បាន​សង្កត់ធ្ងន់​ពី​ការធានា​បង្កើត​ខ្សែបន្ទាត់​ព្រំដែន​ជាមួយនិង​ភាគី​វៀតណាម​ដោយមាន​ជំនួយ​ពី​អ្នកជំនាញ​បារាំង ការ​ដាក់​បញ្ជា​ជា​ដាច់ខាត​ឲ្យ​ចាប់ខ្លួន​ដល់​ជន​ណា ដែល​ហាន​និយាយ​ពី​រឿង​ផែនទី​ក្លែងក្លាយ និង​ប្តេជ្ញា​លាលែង​ចេញពី​តំណែង​នាយក​រដ្ឋមន្ត្រី ប្រសិន​បើ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ពី​បារាំង និង​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់ មិនត្រូវ​គ្នា។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែងថា លោក​ធានា​បង្កើត​ខ្សែ​បន្ទាត់​ព្រំដែន​ជាមួយនិង​ប្រទេស​វៀតណាម ហើយ​ប្រែក្លាយ​ខ្សែ​បន្ទាត់​នេះ ឲ្យ​ទៅជា​បង្គោល​ព្រំដែន​នៅ​លើដី​ជាក់ ស្តែង។ បើទោះបីជា​នៅមាន​បញ្ហា​បច្ចេកទេស​មួយចំនួន​ក៏ដោយ ក៏​លោក​នាយក​រដ្ឋមន្ត្រី​បាន​លើកឡើងថា កម្ពុជា​និង​សហការ​ជាមួយនិង​ភាគី​វៀតណាម ស្នើសុំ​អ្នកជំនាញ​ខាង​ផ្នែក​ព្រំដែន​នេះ ពី​រដ្ឋាភិបាល​បារាំង​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ្វ្រង់ស័រ ហូឡង់ ដើម្បី​ជួយ​បញ្ចប់​កិច្ចការ​នេះ​ជា​ស្ថាពរ និង​ទុកជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ការ​ដោះ​ស្រាយ​រឿង​បញ្ហា​ព្រំដែន​កម្ពុជា​ជា​មួយ​និង​វៀតណាម។

ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ពី​ឆ​ន្ទះ​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​រឿង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​នេះ លោក​ហ៊ុន សែន​ក៏បាន​ព្រមាន​ចំ​ៗ និង​ប្រកាស​ដាច់ខាត​ដាក់​ចេញ​នូវ​បទបញ្ជា​ចាប់ខ្លួន​ដល់​ជន​ណា​ដែល​ហាន​បញ្ចេញមតិ​ដោយ​ផ្ទាល់ ឬ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ស្តីពី​ការ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ទៀត​នោះ។ លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្តថា ការធ្វើ​បែបនេះ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បង្ក​និង​ញ៉ុះ​ញ៉ុ​ង​ឲ្យ​មាន​ការ​បែកបាក់​ជាតិ ហើយ​ការចាប់ខ្លួន​នេះ​នឹងមិន​លើកលែង បើទោះ​បីជា​សមាជិក​សភា ឬក៏​មន្ត្រី​មាន អំណាច​ណាមួយ​ក៏ដោយ។

Cambodia Website Design

លោក​បន្តថា​ប្រសិនបើ​ហេតុការណ៍​នេះ​កើតឡើង​ពិតមែន​នោះ វា​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​សង្គ្រាម ហើយ​សង្គ្រាម​នោះ​នឹង​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ​នៅ​ពេល​ដែល​គណបក្ស​ផ្សេង​ឡើង​កាន់​អំណាច​នោះ។ លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​កាន់​អំណាច​នោះ នោះ​កម្ពុជា​នឹង​ពុំមាន​សង្គ្រាម​ទេ។

ទន្ទឹមគ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​តំណែង​ជាង ៣០ឆ្នាំ​មកនេះ បាន​ប្រកាស​ពី​ការប្តេជ្ញា​ចិត្ត​របស់​លោក​ថា លោក​នឹង​លាលែង​ចេញពី​តំណែង ហើយ​ដើរចូល​ពន្ធនាគារ​ដោយ​ខ្លួនឯង ប្រសិន​បើ​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​ពី​បារាំង និង​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់ មិន​ដូចគ្នា​នោះ។ លោក​ហ៊ុន សែន​បានបញ្ជាក់​យ៉ាង​ច្បាស់​ថា នេះ​គឺជា​ល្បែង​ដែល​ប្រថុយ​នឹង​គ្រោះថ្នាក់ ហើយ​ថា​ល្បែង​នេះ​គឺ​លោក​ត្រូវតែ​លែង ព្រោះ​វា​ជា​ប្រយោជន៍​របស់​ជាតិ៕

You might also like More from author

Comments are closed.