តើ​ហេតុអ្វី​បានជា​អាល្លឺម៉ង់​មាន​ចិត្តទូលាយ​ទទួល​ជនភៀសខ្លួន?

Cambodia Website Design

ប្រទេស​អាល្លឺម៉ង់​គឺ​ជា​ទិសដៅ​ដ៏ចម្បង​មួយ​របស់​ជនភៀសខ្លួន ដែល​កំពុងតែ​សម្រុក​ចូល​មក​កាន់​តំបន់​អឺរ៉ុប នៅ​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​ប្រជាជន និង​រដ្ឋាភិបាល​អាល្លឺម៉ង់​​ក៏​បាន​បង្ហាញ​ចិត្ត​ទូលាយ​បើក​ទ្វារ​ទទួល​ជនភៀសខ្លួន​ច្រើន​ជាងគេ​ដែរ នៅក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប។

គ្រាន់តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អាល្លឺម៉ង់​បាន​ទទួល​យក​ជនភៀសខ្លួន​ស៊ីរី​រហូត​ដល់​ទៅ​រាប់ម៉ឺននាក់ ហើយ​នៅ​ក្នុង​ពេល​ដែល​ប្រទេស​ធំៗ​មួយចំនួន ដូចជា បារាំង និង​អង់គ្លេស ជាដើម សុខចិត្ត​ទទួល​យក​ជនភៀសខ្លួន​ត្រឹមតែប្រមាណ ២ម៉ឺននាក់​​ក្នុង​មួយឆ្នាំ អាល្លឺម៉ង់វិញ​ប្រកាស​សន្យា​ថា​នឹង​ទទួល​យក​ជនភៀសខ្លួន​រហូតដល់​ទៅ ៨០ម៉ឺននាក់ នៅ​ឆ្នាំ​២០១៥​នេះ ដោយ​បាន​បង្កើត​កញ្ចប់​ថវិកា​ពិសេស ក្នុង​ទឹកប្រាក់​រហូតដល់​ទៅ ៦ពាន់​លាន​អឺរ៉ូ ដើម្បី​ទុក​រ៉ាប់រង​បន្ទុក​ជនភៀសខ្លួន​ទាំងនេះ។ កាល​ពីថ្ងៃ​អង្គារ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់ទើប​នឹង​បាន​ប្រកាស​ឲ្យដឹង​​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​នេះ អាល្លឺម៉ង់​នៅតែ​អាច​ទទួល​យក​ជនភៀសខ្លួន​ប្រមាណ​ជា​កន្លះលាន​នាក់​ក្នុង​មួយឆ្នាំៗ។

ចិត្ត​ទូលាយ​របស់​អាល្លឺម៉ង់​ចំពោះ​ជនភៀសខ្លួន​នេះ​គឺដោយសារ​តែ​កត្តា​មួយ​ចំនួន រាប់ចាប់តាំង​ពី​ទឹកចិត្ត​មនុស្សធម៌ លក្ខខណ្ឌ​ប្រជាសាស្រ្ត ស្ថានភាព​សេដ្ឋកិច្ច​និង​ទីផ្សារការងារ ហើយ​ជាពិសេស គឺ​ផលប្រយោជន៍​ខាង​ផ្នែក​សេដ្ឋកិច្ចដែល​អាល្លឺម៉ង់​អាច​ទាញយក​ពី​ជនភៀសខ្លួន។

Cambodia Website Design

គេ​មិនត្រូវ​ភ្លេចទេ​ថា អាល្លឺម៉ង់​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់ទី១​នៅ​អឺរ៉ុប ហើយ​នៅ​ក្នុង​ពេល​ដែល​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ជាទូទៅ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​ប្រជាជន​អត់ការងារ​ធ្វើ អាល្លឺម៉ង់​វិញ​គឺ​ជា​ប្រទេស​ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច និង​ទីផ្សារ​ការងារ​ល្អ​ប្រសើរជាងគេ ជាពិសេស បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​ធំៗ​ផ្សេងទៀត ដូចជា បារាំង អង់គ្លេស និង​អ៊ីតាលី ជាដើម។

ដូច្នេះ អាល្លឺម៉ង់​គឺ​ជា​ប្រទេស​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាងគេ​នៅ​អឺរ៉ុប ​ក្នុងការ​ទទួល​ជនភៀសខ្លួន​ ទាំង​សមត្ថភាព​ខាង​ហិរញ្ញវត្ថុ ក្នុងការ​ចំណាយ​​លើ​ជំនួយ​បន្ទាន់​ដល់​ជនភៀសខ្លួន និង​ទាំង​សមត្ថភាព​សេដ្ឋកិច្ច​ ក្នុងការ​ស្រូបយក​ជនភៀសខ្លួន​ក្នុង​ទីផ្សារ​ការងារ ដើម្បី​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​រយៈពេល​វែង។

តាមការពិត អាល្លឺម៉ង់​មិនមែន​គ្រាន់តែ​មាន​សមត្ថភាព​អាច​ស្រូបយក​ជនភៀសខ្លួន​ចូល​ក្នុង​ទីផ្សារ​ការងារ​របស់​ខ្លួន​នោះទេ ប៉ុន្តែ អាល្លឺម៉ង់​ត្រូវការ​កម្លាំង​ពលកម្ម​ ដែល​អាច​ផ្តល់​ដោយ​ជនភៀសខ្លួន។

អាល្លឺម៉ង់​គឺ​ជា​ប្រទេស​ដ៏​កម្រ ដែល​មានអត្រាកំណើន​ប្រជាជន​អវិជ្ជមាន ពោលគឺ ចំនួន​ប្រជាជន​សរុប​ត្រូវ​ថយចុះ។ កាលពីឆ្នាំ​២០១៤​កន្លងទៅនេះ ចំនួន​ប្រជាជន​សរុប​របស់​អាល្លឺម៉ង់​ថយចុះ​រហូតដល់​ទៅ​ជិត ២% ហើយ​គេ​ធ្វើការ​ព្យាករ​ថា នៅ​ឆ្នាំ​២០៦០​ខាងមុខ ចំនួន​ប្រជាជន​អាល្លឺម៉ង់​នឹង​ត្រូវ​ថយចុះ​ពី ៨១លាននាក់ មក​នៅ​ត្រឹមតែ​ប្រមាណ​ជា ៧០លាននាក់​ប៉ុណ្ណោះ។ លើសពីនេះ​ទៅទៀត អត្រា​មនុស្សចាស់​ដែល​ធ្វើការ​លែងកើត ហើយ​ដែល​រដ្ឋ​ត្រូវ​ចំណាយលុយ​ផ្តល់​សោធននិវត្តន៍​នឹង​មាន​កាន់តែ​ច្រើន ចំណែក​ឯ​ប្រជាជន​ក្មេងៗ​ពេញកម្លាំងការងារ​​នឹង​មាន​កាន់តែ​តិច ដែល​អាច​នឹង​បង្ក​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អាល្លឺម៉ង់។

តាមការពិត នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាល្លឺម៉ង់​កំពុងតែ​ប្រឈមមុខ​ស្រាប់ទៅហើយ​ទៅនឹង​កង្វះកម្លាំង​ពលកម្ម​ទៅលើ​វិស័យ​មួយចំនួន ជាពិសេស កម្មករ​ដែល​គ្មាន​ឬ​មាន​ជំនាញ​ទាប និង​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​បច្ចេកទេស ដូចជា វិស្វករ និង​អ្នក​បច្ចេកទេស ជាដើម។

តួលេខ​ថ្មីៗ​នេះ​បង្ហាញ​ថា នយោជក​អាល្លឺម៉ង់​រហូតដល់​ទៅ ៤៦% កំពុង​ប្រឈមមុខ​នឹង​បញ្ហា​លំបាក​ក្នុងការ​ស្វែងរក​បុគ្គលិក​មក​បំពេញ​ការងារ ហើយ​ទីផ្សារ​ការងារ​អាល្លឺម៉ង់​កំពុង​ខ្វះខាត​វិស្វករ និង​អ្នក​បច្ចេកទេស​រហូតដល់​ទៅ​១៤ម៉ឺននាក់។

ហេតុដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​អាល្លឺម៉ង់​បច្ចុប្បន្ន​សំឡឹងឃើញ​ថា ការ​ទទួល​យក​ជនភៀសខ្លួន​​មិនមែន​គ្រាន់តែ​ជា​កាយវិការ​មនុស្សធម៌ ហើយ​អាច​លើកមុខមាត់​ប្រទេស​នៅ​លើ​ឆាក​អន្តរជាតិ​​តែប៉ុណ្ណោះទេ ក៏ប៉ុន្តែ ជនភៀសខ្លួន​ទាំងនេះ​អាច​នឹង​ក្លាយ​ទៅជា​កម្លាំងពលកម្ម​​ដ៏សំខាន់​មួយ សម្រាប់​សេដ្ឋកិច្ច​អាល្លឺម៉ង់៕

You might also like More from author

Comments are closed.