អ៊ិន សុភិន នៅ​តែ​មិន​ទទួល ប៉ែន ចំរុង ជា​កូន​ប្រសា

0
Cambodia Website Design

ផ្ទុយ​ពី​សម្ដី​របស់​បង​ប្រុស​តារា​សម្ដែង ប៉ែន ចំរុង ដែល​អះអាង​ថា ប្អូន​ប្រុស​របស់​លោក និង​កញ្ញា ភិន សុដាលីស នឹង​ចូល​រោង​ជ័យ​ក្រាប​ផ្ទឹម​ដើម​ឆ្នាំ​២០១៦ ចាងហ្វាង​ផលិតកម្ម​មហា​ហង្ស​លោក​ អ៊ិន សុភិន ​បាន​អះអាង​ប្រាប់​អ្នក​ព័ត៌មាន​ជាច្រើន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១០ ខែ​កញ្ញា​នេះ​ថា លោក​មិន​ទទួល​ស្គាល់ ប៉ែន ចំរុង ជា​កូន​ប្រសា​ឡើយ បើ​ទោះ​ជា​កូន​ស្រី​សំណព្វ​ចិត្ត​របស់​លោក​ និង​តារា​សម្ដែង​ប្រុស​រូប​នេះ​នៅ​បន្ត​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា​ក្ដី។

មុន​នេះ​ប៉ុន្មាន​ថ្ងៃ​តារា​សិល្បៈ និង​មហាជនបាន​ចំនួន​សាទរ​នឹង​ចំណង​ស្នេហ៍​ក្រៅ​ក្រសែ​ភ្នែក​ចាស់ទុំ​រវាង​​តារា​សម្ដែង​លោក ប៉ែន ចំរុង និង​​កញ្ញា ភិន សុដាលីស​ ថា​បាន​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ខាង​ស្រី​គឺ​លោក​ អ៊ិន សុភិន ​និង​ភរិយា​ត្រជាក់ចិត្ត​ព្រម​ផ្ដល់ពរជ័យ​ ក្រោយ​ពី​គូស្នេហ៍​ទាំង​ពីរ​បាន​ដឹក​ដៃ​​​គ្នា​ចូល​​បំភ្លឺ​ក្នុង​តុលាការ​ថា ​ស្នេហា​​​ពួកគេ​ទាំង​ពីរ​មិនមែន​ជា​ស្នេហា​លេងសើច​គឺ​កើតឡើង​​ដោយ​​​ចិត្ត​ និង​ចិត្ត​។

ប៉ុន្តែ​ខុស​ស្រឡះ​ពីការ​អះអាង​របស់​បង​លោក​ ប៉ែនចំរុង​ ដែលថាពេល​នេះ​អ្វីៗ​ប្រសើរ​ឡើង​បន្ទាប់​ពី​លោក អ៊ិន សុភិន បន្ធូរ​ឥរិយាបថ​នោះហើយ​​ចាស់​ទុំ​ទាំង​សង​ខាង​កំពុង​​តែ​ឈាន​ទៅ​រក​ការ​​មូល​មាត់​​គ្នា​សម្រេច​ថ្ងៃ​ចូល​រោងការ​ហ្នឹង​នៅ​ដើម​ឆ្នាំ២០១៦​នោះស្រាប់តែ​កាលពី​ព្រឹក​​ថ្ងៃ​ទី​១០ ខែ​កញ្ញាក្នុង​ពិធី​ក្រុងពាលី​ថត​​​ភាពយន្ត​ថ្មី​​របស់​ផលិតកម្ម​មហា​ហង្ស​លោក​អ៊ិន សុភិនបែរ​ជា​ច្រាន​ចោល​នូវ​ដំណឹង​នេះនិង​ថា​លោក​នៅ​តែ​មិន​អាច​ទទួល​តារា​សម្ដែង​ប៉ែន​ចំរុង​ជា​កូន​ប្រសា​ដដែល។

Cambodia Website Design

នៅ​ចំពោះ​មុខ​អ្នក​កាសែត​ជា​ច្រើន​នាក់ លោក អ៊ិន សុភិនបាន​ថ្លែ​ង​ថា៖ «ក្មេងៗ​ត្រូវ​គ្នា​យ៉ាង​ម៉េច​ក៏​ត្រូវ​ទៅវា​ជា​រឿង​របស់​ក្មេងៗ»។

ឆ្លើយ​តប​នឹង​ដំណឹង​កូន​ស្រីនិង​លោកប៉ែនចំរុង​​ ត្រូវ​បាន​ចាស់ទុំ​រៀបចំ​ផ្សំ​ផ្គុំ​នៅ​​ដើម​ឆ្នាំ​ក្រោយ​នោះលោក​បាន​បដិសេធ​ថា៖ «អារឿង​ហ្នឹង​គឺ​ខ្ញុំ​អត់​បាន​ដឹង​អី​ទាំង​អស់​។ រឿង​គាត់ (ប៉ែនចំរុង) និយាយ​ម៉េចបង​គាត់​និយាយ​ម៉េច​គឺ​ខ្ញុំ​អត់​ដឹង​ទេតាំង​ពីកូន​ចូល​ផ្ទះមក​ គឺ​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ទាំង​អស់​»។

គួរ​រំឭក​ថា​ប្រកាស​ក្នុង​សន្និសីទ​កាសែត​ប្រកាស​តាម​វាយ​លោក ប៉ែន ចំរុង​ធ្វើ​ឲ្យ​បាក់​មុខ​គ្រួសារ​​នោះ​លោក អ៊ិន សុភិន ធ្លាប់​អះអាង​ថា​លោក​មិន​អាច​លើក​កូន​ស្រី​ឲ្យ​ប៉ែន ចំរុង​ជា​ដាច់​ខាត​​​ព្រោះ ប៉ែន ចំរុង ជា​មនុស្ស​អន់​ចរិត​និង​មាន​ស្រី​ច្រើន​ហើយ​លោក​ក៏​ធ្លាប់​បាន​ដាក់​កំហិត​ថ្លៃ​បណ្ណា​ការ​រហូត​​ដល់​១​លាន​ដុល្លារ​ដែរ​។

​លោក​បាន​បក​ស្រាយ​ថា៖ «អា​រឿង​មួយ​លាន​ដុល្លារ​ហ្នឹង​ធម្មតា​បើ​គេ​មិន​ចង់​ឲ្យគេ​ចេះ​តែ​និយាយ​ចឹង​ហើយ»។

លោក អ៊ិន សុភិន ដែល​មាន​ទឹក​មុខ​ស្រស់ស្រាយ​ដោយសារ​កូន​ស្រី​ដែល​​ចាក​ចេញ​ពី​ផ្ទះ​ជា​ច្រើន​ថ្ងៃ​​ដោយ​គ្មាន​ដំណឹង​បាន​វិល​មក​រស់​ក្រោម​ដំបូល​ជាមួយវិញ​នោះ ​លោក​បាននិយាយ​​​ទៀត​ថា៖ «តាំង​​​​ពី​ថ្ងៃ​ចន្ទ​មកនិយាយ​ទៅ​​ខ្ញុំ​សប្បាយ​ចិត្ត​ច្រើន​ព្រោះ​អី​ខ្ញុំ​បាន​រួច​ខ្លួន​ពី​អ្វី​ៗ បាទ​កុំ​ឲ្យ​​គេ​បន្ទោស​រឿង​កូន»៕​

You might also like More from author

Comments are closed.