ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន

20
Cambodia Website Design

១-សេចក្តីផ្តើម

ភ្នំគូលេន ជាតំបន់ភ្នំ ដែលមានឈ្មោះ ទៅតាមការហៅរបស់អ្នក​ស្រុក ដោយ​យក​តាម​ឈ្មោះ​នៃ រុក្ខ​ជាតិ​មួយ​ប្រភេទ ហៅ​ថា គូលេន (Letchis ឈ្មោះ​ជា​ភាសា​បារាំង​) មាន​ដុះ​លូត​លាស់​នៅ​ទី​នោះ ។ ភ្នំ​នេះ​មា​នទី​តាំង​ស្ថិត​នៅ​ចំ​ទិស​ឦសាន​ និង​មាន​ចំងាយ​ប្រមាណ​៤០​គ.ម ពី​ទីរួមខេត្ត​សៀមរាប ។ អ្នក​ធម្មជាតិ​វិទ្យា​បារាំង​បាន​ចាត់​ទុក ភ្នំ​គូ​លេន ថា​ជា​ខ្ពង់​រាប ដែល​មាន​កំពស់​ប្រែប្រួល​ពី​៣០០ ទៅ ៤០០ម និង​មាន​បណ្តោយ​ជាង​៤០គ.ម​ ដោយ​សណ្តូក​លើ​អ័ក្ស ដែល​មាន​ទិស​ដៅ​ពី​ទិស​ពាយ័ព្យ ទៅ ទិស​អគ្នេយ៍​។ ចំណែកខ្នងភ្នំវិញ​មាន​សណ្ឋាន​ជា​វាល​រាប​ លាត​សន្ធឹង​តាម​បណ្តោយ​ជួរ​ភ្នំ​ និង​មាន​ខ្យល់ ​អាកាស​ល្អ សម្រួល​ដល់​ការ​តាំង​ទីលំ​នៅ​របស់​សហគមន៍​មនុស្ស ។

ដោយសារទីតាំងភូមិសាស្រ្ត និងលក្ខខណ្ឌល្អប្រសើរពីធម្មជាតិ តំបន់ភ្នំគូលេន បានក្លាយ​ទៅ​ជា ប្រភព​ធនធាន ដ៏​មាន​សារៈ​សំខាន់ និង​ពោរពេញ​ទៅ​ដោយ​សក្តានុពល​ខ្ពស់ ទាំង​ខាង​ផ្នែក​វប្បធម៌ និង ធម្មជាតិ ។ ជា​ពិសេស អ្នក​សិក្សា​ស្រាវជ្រាវ​ស្ទើរ​គ្រប់​សម័យ​កាល​តែង​បាន​ពោល​អះអាង​ថា “ភ្នំ​គូលេនបាន ផ្តល់​កំណើត​ដល់​អារ្យធម៌​អង្គរ ដែល​មាន​ភាព​ល្បីល្បាញ​ និង​មាន​ឥទ្ធិពល​រាប់​សតវត្សនៅ​អាស៊ី​អគ្នេយ៍” ។

Cambodia Website Design

ផែនទីបង្ហាញស្ថានភាពកម្ពស់ដីភ្នំគូលេន

២-ប្រភពរឿងនិទាន

នៅព្រះរាជាណាចក្រកម្ពុជា ភ្នំភាគច្រើន ដែលស្ថិតនៅតាមទំនាបកណ្តាល តែងមានប្រវត្តិ ឬរឿងព្រេង​ដំណាល​ពី​ដើម​កំណើត ឬ​អំពី​ព្រឹត្តិ​ការណ៍​ផ្សេង​ៗ ដែល​កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ ហើយ​ត្រូវ បាន​និទាន​តៗគ្នា ពី​មួយជំនាន់​ទៅមួយ​ជំនាន់ មាន​ដូចជា “ភ្នំនាងកងរី” ក្នុង​ខេត្ត​​កំពង់​​ឆ្នាំ “ភ្នំសំពៅ” ក្នុង​​ខេត្ត​បាត់ដំបង ឬ”ភ្នំសន្ទុក” ក្នុង​ខេត្ត​កំពង់​ធំ ជា​ដើម។

រឿងរ៉ាវទាក់ទងនឹងភ្នំគូលេនត្រូវបានអ្នកស្រុក ដែលចេះចាំតៗគ្នា ដំណាលឲ្យដឹងថា វា​ជា​កោះ មួយ​ស្ថិត​នៅ​កណ្តាល​សមុទ្រ ដែល​សំពៅ​ទាំងឡាយ​តែង​មក​ចូល​ចត​នៅ​ទី​នោះ ជា​ពិសេស សំពៅ​មកពី ចិន។ រឿង​រ៉ាវបាន​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃមួយ ហេតុការ​អាក្រក់​បាន​កើត​ឡើង គឺ​ការ​កើត​មាន​ព្យុះយ៉ាង ខ្លាំង​បាន​បោកបក់​ ធ្វើ​ឲ្យ​សំពៅ​ចិន​លិច​នៅ​ទី​នោះ។

តាមរយៈរឿងព្រេងនិទាននេះ ​អ្នក​ស្រុក​បាន​សន្និដ្ឋាន​ត​ៗ​គ្នា​ថា រុក្ខ​ជាតិ​ទាំងឡាយ ដែល​មាន​ដុះ នៅ​លើភ្នំ​នោះ​កើត​មាន​ដោយសារ​ពូជ​នៃធញ្ញ​ជាតិ​ផ្សេងៗ ដែល​បាន​ដឹក​តាម​សំពៅ​ចិន និង​លិច​នៅ​ទី​នោះ ក្នុង​នោះ​មានពូជ “គូលេន” ជាដើម ។

៣-ទិដ្ឋភាពប្រវត្តិសាស្រ្ត

កាលណាគេនិយាយអំពីបុរាណស្ថាន “ភ្នំគូលេន” គេតែង​រំលឹក​ដល់​ស្នា​ព្រះ​ហស្ថ​របស់ ព្រះបាទ ជ័យវរ្ម័ន​ទី២ ដែល​ជា​ព្រះ​មហាក្សត្រ​ដ៏​ល្បី​ល្បាញ​មួយ​ព្រះអង្គ ក្នុង​សម័យ​កាល​នៃ​ចក្រ​ភព​ខ្មែរ។ ព្រះ​អង្គ ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ថ្មី​មួយ នៅ​ក្នុង​ប្រព័ន្ធ​គ្រប់​គ្រង​សង្គម​ខ្មែរ ក៏​ដូច​ជា​ខាង​ផ្នែក​ជំនឿ​សាសនា ផង​ដែរ។ ព្រឹត្តិ​ការណ៍ ដែល​បាន​កើត​ឡើង​នា​ពេល​នោះ បាន​ដក់​ជាប់​ក្នុង​ផ្នត់​គំនិត​នៃ​អ្នក​ដឹក​នាំ ក៏​ដូច​ជា ប្រជា​រាស្រ្ត​ខ្មែរ​ទាំងឡាយ ហើយ​កិត្តិ​នាម​របស់​ព្រះអង្គ​ក៏​មាន​ភាព​ល្បី​រន្ទឺ នៅ​សម័យ​កាល​ក្រោយ​ៗ​មក ។

សិលាចារឹកស្តុកកក់ធំ ដែលចារនៅសម័យក្រោយ បានបញ្ចាក់ឲ្យដឹងថា នៅចុង​សតវត្ស​ទី​៨ ព្រះបាទ​ជ័យវរ្ម័ន​ទី២ បាន​ធ្វើ​ការ​បង្រួប​បង្រួម​នូវ​ក្រុម​មនុស្ស ដែលបាន​បំបែក​ទឹក​ដី ឲ្យទៅ​ជា​ន​គរ​តូច​ៗ ទាំង​ឡាយ ឲ្យ​មក​រួប​រួម​គ្នាវិញ និង​ឈាន​ទៅ​បង្កើត​អាណាចក្រ​មួយ ប្រ​កប​ដោយ​ឥទ្ធិពល នៅ​ក្នុង​តំបន់ ។ ក្រោយ​ពី​សម្រេច​បាន​នូវ​ការ​បង្រួប​បង្រួម​នេះ ព្រះអង្គ​បាន​សម្រេច​ព្រះ​ទ័យ ជ្រើស​រើស​យក​ភ្នំ​គូលេន ដើម្បី​រៀប​ចំ​ពិធី ទេវរាជ នៅ​ឆ្នាំ​៨០២ ក្នុង​បំណង​ប្រកាស​ពីការ​បង្រួប​បង្រួម​ជាតិ និងការ​មាន​ឯក​រាជ្យ ដោយ​បាន​បញ្ជាក់​ថា ចាប់​ពីពេល​នេះ​ទៅ​ អាណាចក្រ​ខ្មែរ​លែង​ចំណុះ​ឲ្យ​ជ្វា​ទៀត​ហើយ ។ តាម​រយៈ ពិ​ធីនេះ ព្រះ​អង្គ​បាន​ក្លាយ​ទៅជា​ព្រះ​មហាក្សត្រ ដែល​ជា​ស្តេច​ចក្រពត្តិ នៅ​ចក្រភព​ខ្មែរ ។ ព្រះ​មហាក្សត្រ ខ្មែរ​ក្រោយៗ​មក​ទៀតបាន​យក​គំរូតាម ដោយ​បាន​ធ្វើ​ការ​រៀប​ចំពិធី​គោរព “សិវលឹង្គ” ដែល​ជា​វត្ថុ​ពិសិដ្ឋ សម្រាប់​រាជ ដើម្បី​ក្លាយ​ជា​ស្តេច​គ្រប់​គ្រង​ទឹក​ដី ។ វត្ថុ​ពិសិដ្ឋ​សម្រាប់​រាជ​នេះ​មាន​ឈ្មោះ​ថា “កម្រតេង-ជកត-ត-រាជ” មាន​ន័យ​ថា “ទេព​នៃ​ព្រះ​រាជា”។

ចាប់តាំង​ពីរាជព្រះ​បាទ​ជ័យវរ្ម័នទី២នេះតទៅ ចក្រភពខ្មែរបានក្លាយ​ទៅ​ជា​អាណាចក្រ​ដ៏រឹង​មាំ និង មាន​ទំហំ​ធំ ដោយ​ស្ថិត​ក្រោម​អំណាច​នៃព្រះ​រាជាតែ​មួយអង្គ​គត់។ ប៉ុន្តែ បន្ទាប់ពី​បាន​គង់​នៅ​មួយ​រយៈ​ពេល លើ​រាជធានី​ភ្នំគូលេ ព្រះបាទ​ជ័យវរ្មន័​ទី២ ទ្រង់បាន​យាង​ចុះមក​គង់​នៅ​រាជធានី”ហរិហរាល័យ”សារជាថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​រលួស​សព្វ​ថ្ងៃ។ ព្រះអង្គ​បាន​គង់​នៅទី​ហរិហរាល័យ រហូត​ដល់​ចូល​ទីវង្គត។ ក្រោយ​ពេល​សុគត​ទៅ ព្រះ​បាទ​ជ័យវរ្ម័ន​ទី២​ទទួល​បាន​មរណនាមថា “បរមេសូរ” (បរម+ឥសូរ) មាន​ន័យ​ថា វិញ្ញាណ​ក្ខន្ធ​របស់​ព្រះអង្គ​បាន​យាងទៅសោយ​សុខ​នៅ​ស្ថាន​ព្រះឥសូរ។

៤-ប្រវត្តិនៃការស្រាវជ្រាវតំបន់ភ្នំគូលេន

នៅពាក់កណ្តាលសតវត្សទី១៩ អ្នកសិក្សាស្រាវជ្រាវរបស់​បារាំង​បាន​​ផ្តើមស្វែង​យល់​អំពី​កម្ពុជា ហើយ​ជា​ដំបូង​គេត្រូវយល់​ដឹងអំពីទីតាំង​ភូមិសាស្រ្ត ។ លោក ហង់រី មូហូត (H.Mouhot) ជា​មនុស្សដំបូង គេ ដែលបាន​ស្រាវជ្រាវ និងកត់ត្រា​ព័ត៌មានត្រួស​ៗអំពីតំបន់​ភ្នំគូលេន ។ នៅពេល​នោះ លោកបាន​រៀបរាប់ ត្រួសៗអំពី​ភូមិសាស្រ្តនៃតំបន់​ភ្នំគូលេន ដោយបាន​បញ្ជាក់ថា តំបន់នេះ​សម្បូរទៅ​ដោយថ្មភក់ និងមាន សហគមន៍​មនុស្ស​រស់នៅ​តាម​របៀបបុរាណ ។

តាមរយៈ​ព័ត៌មាន​នេះ អ្នកស្រាវជ្រាវ​បារាំង​ដទៃទៀតមាន​ការចាប់​អារម្មណ៍ និងបាន​ធ្វើការស្រាវ ជ្រាវ រុករក​នៅតំបន់​ភ្នំគូលេនេះ ជាបន្តបន្ទាប់ ។ រហូត​មកដល់​ដើមសតវត្សទី២០ ការស្រាវ​ជ្រាវបាន បង្ហាញ​ឲ្យឃើញថា តំបន់​ភ្នំគូលេន ជាទីតាំង​ប្រវត្តិសាស្រ្ត​មួយ ដែលមានឈ្មោះថា “មហិន្ទ្របព៌ត” ។ ក្នុងនោះ​មាន​លោក អៃម៉ូនីញេ (E. Aymonier) និងលោក លុយណេ ដឺឡាហ្សុងគ្យែរ (Lunet Delajonquier) បាន​កត់ត្រា​អំពី ប្រាសាទ និង​ស្ថានីយ៍បុរាណ ដែល​គាត់បានជួប​ប្រទះនៅទី​នោះ ប៉ុន្តែ ក្នុង​ចំនួនតិចតួច​ប៉ុណ្ណោះ ។

រហូតមកដល់ឆ្នាំ ១៩២៧ លោក ហង់រី ប៉ាម៉ង់ត្យេ (H. Parmantier) បានធ្វើការ​កត់ត្រា និងសិក្សា​ប្រាសាទមួយ​ចំនួនបន្ថែមទៀត ក្នុងនោះ​មានប្រាសាទ​ដំរីក្រាប ប្រាសាទ​អូរផ្អុង ប្រាសាទ​អ្នកតា និងប្រាសាទ​ក្រហម ជាដើម។ ចាប់ពីពេល​នេះទៅ អ្នកស្រាវជ្រាវ​បារាំងបានបង្កើន​ការស្វែងយល់​អំពី ប្រវត្តិសាស្រ្ត​ខ្មែរ ដោយបាន​សិក្សាលំអិត​ទៅលើ សំណង់ស្ថាបត្យកម្ម​បុរាណ​ទាំងឡាយ សិលា​ចារឹក និងរូបបដិមា ជាដើម ។ ដូចជា គេបានធ្វើការ​ជជែកដេញ​ដោលគ្នាអំពីសម័យកាល​នៃប្រាសាទ​បាយ័ន ដែលដំបូង​ឡើយ គេសន្និដ្ឋានថា ត្រូវបានកសាង​ឡើង​នៅសតវត្សទី៩ ។ តាមរយៈ​ការសិក្សា​ឡើងវិញ អ្នកជំនាញ​បារាំងអាច​ឈានទៅរៀបចំ​ជាថ្មីបាន នូវការដាក់​បញ្ចូល ឬកំណត់​ប្រាសាទ​បុរាណ​ទាំងឡាយ ទៅតាម​លំដាប់​លំដោយ​នៃសម័យកាល​ជាក់លាក់ ។

ជាងដប់ឆ្នាំក្រោយមកទៀត រមណីយដ្ឋានភ្នំគូលេនត្រូវបានសិក្សាយ៉ាងហ្មត់ចត់ ពីសំណាក់​អ្នក ស្រាវជ្រាវ​បារាំង។ លោក ហ្វីលីព ស្ទែន (Ph. Stern) ជាអភិរក្សករ​នៅសារមន្ទីរហ្គីម៉េ​នៃទីក្រុងប៉ារីស បាន​លើកយក“បញ្ហាភ្នំគូលេន”មកសិក្សា​លំអិត ដោយមាន​ការធ្វើកំណាយ​ស្រាវជ្រាវច្បាស់លាស់។ ការ ធ្វើកំណាយ​តាមបែប​បុរាណវិទ្យា ដើម្បីសិក្សា​ស្រាវជ្រាវនេះ បានចាប់​ផ្តើមឡើង នៅអំឡុង​ខែមេសា ក្នុងឆ្នាំ​១៩៣៦ និងបាន​ជួលកម្មករខ្មែរបួន​ប្រាំ​នាក់ចូលរួម សម្រាប់​បេសកកម្មនេះ ។ ជា​លទ្ធផល ប្រាសាទ​បុរាណថ្មី​ចំនួន​១៧​ត្រូវបាន​រកឃើញ រួមទាំង​វត្ថុបុរាណ និងស្ថានីយ៍​បុរាណជាច្រើន​ទៀត នៅលើ ផ្ទៃដី​ទំហំ៥គីឡូម៉ែត្រការ៉េ ។ តាមរយៈ​ការស្រាវជ្រាវ​នេះ គេមានភាព​ជាក់លាក់​ក្នុងការចាត់​បញ្ចូល​សំណង់ ប្រាសាទបុរាណ រូបចម្លាក់ រួមទាំងស្ថានីយ៍​បុរាណ នៅលើ​ភ្នំគូលេន ឲ្យស្ថិតនៅ​ក្នុងសម័យ​កាលនៃ ព្រះបាទ​ជ័យវរ្ម័នទី២ នាដើម​សតវត្ស​ទី៩ ដោយដាក់ឈ្មោះថា “រចនាបទគូលេន” ។

៥-សក្តានុពលវប្បធម៌

ដូចបានបញ្ជាក់​ជូនខាងលើ ភ្នំគូលេន ជា​ទីតាំងសក្ការៈ​មួយ ដែលមានភាព​ល្បីល្បាញ​ក្នុង ប្រវត្តិសាស្រ្ត និងជា​រាជធានី​ដំបូងគេ នៅក្នុង​យុគសម័យ​អង្គរ ដែល​តំណាង​ឲ្យសុខ​សន្តិភាព និងការ​បង្រួប បង្រួមជាតិ បន្ទាប់​ពីអាណាចក្រ​ខ្មែរបាន​ចាកផុតពី​ការគ្រប់​គ្រងរបស់ពួកជ្វា ។

តាមរយៈការស្រាវជ្រាវកន្លងមក គេបានរកឃើញជាបន្ត​បន្ទាប់​នូវសំណង់​ប្រាសាទ​បុរាណជា​ច្រើន នៅលើ​ភ្នំគូលេន មានដូចជា ប្រាសាទដំរីក្រាប ប្រាសាទអូរផ្អុង ប្រាសាទអ្នកតា ប្រាសាទក្រហម ប្រាសាទ បួសនាគ ប្រាសាទខ្ទីងស្លាប់ ប្រាសាទរូបអារក្ស ប្រាសាទរោងចិន ប្រាសាទខ្លាឃ្មុំ ប្រាសាទគគី ប្រាសាទអន្លង់ធំ ប្រសាទភ្នំស្រួច ប្រាសាទពាមគ្រែ ប្រសាទដូនមាស និងប្រាសាទជ្រៃ ជាដើម ។ ប្រាសាទ ទាំងនេះ​កំពុង​ស្ថិតនៅ​ក្នុងសភាព​ទ្រុឌទ្រម ទាមទារ​នូវការ​អភិរក្សឲ្យ​បានដិតដល់ និងជា​បន្ទាន់ ផងដែរ។ ក្រៅពីនេះ​មាន ប្រាសាទ​មួយចំនួន​ទៀតបាន​ទទួលរង​នូវការខូចខាត​ស្ទើរ​ទាំងស្រុង នៅសល់​តែស្លាក​ស្នាម គ្រឹះ ឬ​សំណល់​គ្រឿង​លំអរ​ស្ថាបត្យកម្ម​តែប៉ុណ្ណោះ ។

ក្រៅពីសំណង់ប្រាសាទ តំបន់ភ្នំគូលេនបានលាក់ទុកនូវស្ថានីយ៍​បុរាណ​ល្អៗជាច្រើន​កន្លែងទៀត មានដូចជា ពើង (ផ្ទាំង​ចម្លាក់​ជារូបផ្សេងៗ​នៅលើជញ្ជាំង​ថ្មភ្នំ) ជាច្រើនកន្លែង​ទៀត ជាពិសេស ផ្ទាំង ចម្លាក់​រូបបដិមា រួមទាំងចម្លាក់​លឹង្គព្រះសីវៈ​ជាច្រើន ត្រូវបានឆ្លាក់​នៅលើផ្ទាំង​សិលា ក្រាលពាស​បាតអូរ ដែលមាន​ទឹកហូរ​ឆ្លងកាត់ ។ ចម្លាក់​របៀបនេះ​បង្ហាញពី​លក្ខណៈ​ពិសេស គ្មានពីរ នៅព្រះរា​ជាណាចក្រ កម្ពុជា ដែលដូន​តាខ្មែរ​បានបង្កើត​ឡើងដើម្បី​បំរើឲ្យ​ជំនឿ​សាសនា ហើយជាវិធី​ដើម្បី កែរប្រែ​ស្ទឹង​សៀមរាប ទាំងមូល​ឲ្យក្លាយទៅ​ជាទន្លេ​គង្គារ ដែលមាន​ទឹក​បរិសុទ្ធ ។ ទីតាងនៃ​ចម្លាក់លឹង្គ​ដ៏ច្រើនស្ថិត​នៅបាតនៃ ប្រភព​ទឹងទាំង​នោះ មាន​ឈ្មោះ​ថា “លឹង្គមួយពាន់” ។

ដូចនេះ ភ្នំគូលេន ជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយ ដែល​ជាដើមកំណើត​នៃអារ្យធម៌​អង្គរ។ សំណង់​ប្រាសាទ​ជាច្រើន ដែលមាន​ការតុបតែង​លំអរប្លែកៗ ត្រូវបាន​កសាងឡើង​នៅទីនោះ ហើយអ្នក ស្រាវជ្រាវ​ចាត់ទុកថា ជាការចាប់​ផ្តើមនៃទំរង់​ស្ថាបត្យកម្មថ្មីមួយ តភ្ជាប់​ពីសិល្បៈ​សម័យមុនអង្គរ និង សម័យ​អង្គរ។ ប្រាសាទនៃ​រចនាគូលេន​ភាគច្រើន​ត្រូវបាន​កសាង​ឡើងអំពីឥដ្ឋ និងស្ថិត​នៅដាច់ៗពីគ្នា ជាទំរង់​ប្រាសាទទោល ។ ប្រាសាទខ្លះ (ភាគតិច) មានប្រាង្គ​បីស្ថិតនៅ​លើខឿន​តែមួយ។

ចម្លាក់បាតស្ទឹង

ចម្លាក់លើជញ្ជាំងភ្នំ

ប្រាសាទបុរាណ

៦-សក្តានុពលធម្មជាតិ

សក្តានុពលចំបង ដែលតំបន់ភ្នំគូលេនបានផ្តល់ឲ្យ​រាជធានី​អង្គរ រហូតមក​ដល់សព្វថ្ងៃគឺ “ប្រភព ទឹក” ដែល​ជាប្រភព​ធនធានធម្មជាតិ​មួយ ដ៏ចាំបាច់បំផុត​ក្នុងការជួយ​បង្កើតឲ្យមាន​ជីវៈចំរុះ ធ្វើឲ្យមាន លំនឹង​ធម្មជាតិ និងផ្គត់ផ្គង់​សេចក្តីត្រូវការ​របស់​មនុស្ស ទៀតផង ។

ជាក់ស្តែង យើងឃើញមានប្រព័ន្ធផ្លូវទឹកធម្មជាតិជាច្រើនមានប្រភពចេញ​មកពី​ភ្នំគូលេន ដោយ ហូរ​ធ្លាក់ចុះ ស្របទៅ​តាមស្ថាន​ភាពដី ដែលមាន​លក្ខណៈជា​ជម្រាល​ខ្ពស់ពីទិស​ឦសាន ហើយធ្លាក់​ទាប ទៅទិស​និរតី រហូតដល់​បឹង​ទន្លេសាប ។ នៅតំបន់​ប៉ែកខាង​ក្រោមនៃ​ជួរភ្នំ​គូលេន​នេះ ជាវាល​ទំនាប លាត សន្ធឹងល្វឹងល្វើយ ដែល​អំណោយ​ផលដល់​ការធ្វើ​កសិកម្ម និងតាំងទីលំនៅ ។ ចាប់​តាំង​ពីសម័យ​បុរាណ តរៀងមក ប្រជា​រាស្រ្តខ្មែរ​បានមក​តាំងទី​លំនៅ​យ៉ាងច្រើន​កុះករ តាម​តំបន់​វាល​ទំនាប ជិតបឹង​ទន្លេសាប ជា​ពិសេស បាន​បង្កើត​ជាភូមិ​ដ្ឋាន និង​រាជធានី​ស្ថិតនៅ​ក្បែរ​ប្រព័ន្ធ​ផ្លូវទឹក​ធម្ម​ជាតិ ទាំងនោះ ។

ស្ទឹងសៀមរាប ស្ទឹងពួក និងស្ទឹងរលួស ដែលមានប្រភពពី​តំបន់​ភ្នំគូលេន បាន​ដើរ​តួនាទី​យ៉ាង ចំបង ក្នុងការផ្តល់​សេចក្តី​សុខសាន្ត និងវិបុល​ភាពដល់​ប្រជារាស្រ្ត​ខ្មែរគ្រប់​ជំនាន់ ។ ដូនតាខ្មែរ​បាន​រៀបចំ ភូមិដ្ឋាន និងរាជធានី ស្ថិត​នៅក្បែរ​ផ្លូវទឹក​ខាងលើនេះ ដូចជា រាជធានី”ហរិហរល័យ” (តំបន់​រលួស) និង រាជធានី”យសោធរបុរៈ”(រាជ​ធានី​អង្គរ) ជា​ដើម ។

ប្រជារាស្រ្តនៅសម័យអង្គរ មានគំនិតឆ្នៃប្រឌិតខ្ពស់ ក្នុងការ​ទាញយក​ទឹកពីប្រភព​ទាំងឡាយ​ខាង លើ សម្រាប់ធ្វើ​កសិកម្ម​នា​រដូវប្រាំង ដោយមានការរៀប​ចំចាត់ចែង​ប្រព័ន្ធទឹកជា​មូលដ្ឋានរឹងមាំមួយ ។ ជាក់ស្តែង “បារាយ” គឺជា​ប្រព័ន្ធ​ធារាស្រ្តមួយ ដែលប្រជា​រាស្រ្ត​ខ្មែរបាន​រៀបចំ​បង្កើតឡើង ដើម្បី​ទប់ទឹក ប្រើប្រាស់ ពេលមាន​តម្រូវការ ។ បារាយ​ទទួល​ទឹកពីស្ទឹង​នានា ដែលមាន​ប្រភព​ចេញពីភ្នំគូលេន ។ នៅ តំបន់អង្គរ​សព្វថ្ងៃ យើង​ឃើញមាន បារាយ “ឥន្រ្ទតដាក”(បារាយលលៃ) ស្ថិត​នៅ​រាជធានី​ហរិហរល័យ ទទួល​ទឹក​ពី​ស្ទឹងរលួស ។ ចំណែក​បារាយ “យសោធរតដាក” (បារាយ​ខាងកើត) ស្ថិតនៅ​រាជធានី​អង្គរ ទទួល​ទឹកពី​ស្ទឹងសៀមរាប ។

ម៉្យាងទៀត ប្រព័ន្ធផ្លូវទឹកធម្មជាតិទាំងនេះ បានផ្តល់សារប្រយោជន៍​ដល់ការ​ធ្វើទំនាក់ទំនង​ពីកន្លែង មួយទៅកន្លែ​មួយ ក្នុងនោះ ស្ទឹង​សៀមរាប មានតួនាទី​សំខាន់​សម្រាប់​ជាផ្លូវ​គមនាគមន៍ ដែល​សម្រួលដល់ ការដឹក​ជញ្ជូនទំនិញ និង​ការធ្វើ​ទំនាក់ទំនង ទាំង​ក្នុងស្រុក និងក្រៅ​ស្រុកទៀត​ផង ។ ឯកសារ​ជាច្រើន​បាន បង្ហាញអំពី​ការដឹកជញ្ជូន​ភោគផល និងសម្ភារៈ​ផ្សេងៗពី​តំបន់នានា​មករាជ​ធានីអង្គរ និងការធ្វើ​ទំនាក់ ទំនង​តាមផ្លូវទឹក​ជាមួយពិភព​ខាងក្រៅ ។

សព្វថ្ងៃ ស្ទឹងសៀមរាប ស្ទឹងរលួស និងស្ទឹងពួក ថ្វីត្បិតតែមានទំហំតូច ប៉ុន្តែជាប្រភពទឹកដ៏​សំខាន់ មួយ ក្នុងការ​ធានា​ផ្គត់ផ្គង់​ទឹក​ដល់​ជីវិត​ទាំងឡាយ មានសត្វ រុក្ខ​ជាតិ និងមនុស្ស ព្រមទាំងកំពុង​ជួយថែរក្សា​ប្រាសាទបុរាណ​នានា ក្នុងតំបន់​អង្គរទៀតផង ។

ព្រៃលើខ្ពង់រាបភ្នំ

បណ្ដាញផ្លូវទឹក

ប្រភពទឹក

៧-ផលប៉ះពាល់

យើងសង្កេត​ឃើញថា ស្រពពេលដែល​ប្រទេសជាតិកំពុង​មានការ​អភិវឌ្ឍន៍ នៅ​ប៉ុន្មាន ឆ្នាំចុង ក្រោយនេះ តំបន់​ភ្នំគូលេន​បាន និងកំពុង​ទទួលរងនូវ​ផលប៉ះពាល់​ជាអវិជ្ជមាន ដែល​បណ្តាល​មកពីលំហូរ ចូលនៃ​ជនចំណូល​ថ្មីជាច្រើន ទៅតាំង​លំនៅ​ក្នុង​តំបន់​ឧទ្យាន​ភ្នំគូលេន ហើយ​បាន​ធ្វើការ​រុករាន កាប់គាស់ ដីសម្រាប់​បង្កបង្កើនផល និង​ធ្វើអាជីវកម្ម​ផ្សេងៗ ។ ទង្វើនេះ​បាននាំទៅ​ដល់ការបាត់បង់​លំនឹង​ធម្មជាតិ ដូចជាការបាត់​បង់​គម្រប​ព្រៃឈើ ការប៉ះពាល់​ដល់ប្រភព​ទឹក រួមទាំងការ​បង្កការ​ខូចខាតធ្ងន់​ធ្ងរដល់​សម្បត្តិ វប្ប​ធម៌ ទៀតផង ។

៨-វិធានការការពារ

យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ឡាយ​ព្រះហស្ថ​លេខា​ដោយ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុវរ្ម័ន ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា តំបន់​ភ្នំគូលេន ជាផ្នែកមួយ ស្ថិតក្នុង​ឧទ្យាន​ជាតិ ដែលត្រូវ​គ្រប់គ្រង និងការពារ ដោយ​ក្រសួង​បរិស្ថាន ។ ឧទ្យាន​ជាតិ​នេះមាន​ឈ្មោះ ថា ឧទ្យាន​ជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម ដែលមាន​ផ្ទៃដី​សរុប​ប្រមាណ​៣៧៥០០​ហិកតា និងមាន ទីតាំង​ស្ថិត​ក្នុង​ខេត្តសៀមរាប ។

 

សូមចុច Link ខាងក្រោមនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីឧទ្យានជាតិព្រះជ័យវរ័្មន-នរោត្តម ភ្នំគូលែន

http://www.plosone.org/article/info%3Adoi%2F10.1371%2Fjournal.pone.0084252

http://sea-globe.com/cambodia-lost-city-phnom-kulen/

Comments

comments

You might also like More from author