ខេមបូភេគ – ទំព័រព៌តមានកម្ពូជា​ – ពត៌មានសំបូរបែបសម្រាប់អ្នក

Blog

 Breaking News
  • អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅ...
  • អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដីពលរដ្ឋ​ខ្មែរ​ជាង៦​សែន​នាក់​ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖...
  • ករណីឆ្លងថ្មីនៃវីរុស HIV ចំនួន៣១៩ បានផ្ទុះឡើងក្នុងប្រទេសសិង្ហបុរី គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រភព ៖ Fresh News (សិង្ហបុរី)៖ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ ការឆ្លងថ្មីនៃរីរុស HIV ដ៏កាចសាហាវនិងគ្មានថ្នាំព្យាបាលចំនួន៣១៩ករណី បានផ្ទុះកើតមានឡើងនៅក្នុងចំណោមពលរដ្ឋសិង្ហបុរី។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល (MOH) នៃប្រទេសសិង្ហបុរីផ្ទាល់ ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា ករណីឆ្លងចំនួន២០៦ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ និងបានរកឃើញថា៩៤ភាគរយ នៃករណីថ្មីទាំងនោះគឺជាបុរស ខណៈ៤៩.៥ភាគរយមានអាយុចាប់ពី២០ដល់៣៩ឆ្នាំ ហើយប្រហែលជា៣៨ភាគរយបានឈានដល់តំណាក់កាលចុងក្រោយទៅហើយ នៅពេលដែលពួកគេបានពិនិត្យឈាមរកឃើញថា មានផ្ទុកវីរុស HIV។ ទន្ទឹមគ្នានេះដែរ...
  • ត្រឡប់​ពី​បត់ជើង​វិញ ស្រាប់តែ​ស្រែក​ទ្រហោយំ ប្រភព៖ កោះសន្តិភាព ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈដើរត្រឡប់ពីបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ ស្រាប់តែក្តៅក្រហល់ក្រហាយពេញខ្លួនស្រែកទ្រហោយំខ្លាំងៗបង្កឲ្យកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ កស្រុកស្រីសន្ធរ ។ នគរបាលស្រុកកោះសូទិនបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរទៅបត់ជើងនៅបន្ទប់ទឹកចំហៀងផ្ទះ លុះពេលដើរត្រឡប់មកផ្ទះវិញមិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែមានជនមិនស្គាល់មុខបានជះទឹកអាស៊ីតចំក្បាល និងដងខ្លួន តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែបណ្ដាលឲ្យស្ត្រីរងគ្រោះក្តៅក្រហល់ក្រហាយស្រែកទ្រហោយំយ៉ាងខ្លាំង ។ ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។...
  • ឧបករណ៍ចល័ត Android ច្រើនជាង ១លានគ្រឿងត្រូវបានហេគ ដោយមេរោគ Gooligan បើសិនជាអ្នកមានប្រើប្រាស់នូវ Android Smartphone សូមមានការប្រុងប្រយ័ត្ន! មេរោគ Android ថ្មីមួយដែលបានវាយប្រហារទទៅលើគណនី Google ច្រើនជាង ១លានគណនីហើយនោះ បាននឹងកំពុងរីករាលដាលនិងវាយប្រហារទៅលើ ១៣០០០ ឧបករណ៍ជាប្រចាំថ្ងៃ។ ប្រភព៖ secudemy.com មេរោគមួយឈ្មោះថា Gooligan បានធ្វើការជ្រៀតចូលទៅកាន់ឧបករណ៍ Android ណាដែលមានចំនុចខ្សោយដើម្បីលួចយកនូវអាស័យដ្ឋានអ៊ីម៉ែល និង authentication tokens ដែលរក្សាទុកក្នុងឧបករណ៍នោះ។ ជាមួយនឹងព័ត៌មានទាំងនោះ អ្នកវាយប្រហារអាចធ្វើការជ្រៀតចូលទៅកាន់គណនី Google ហើយធ្វើការអាក់សេសទៅលើព័ត៌មានសំខាន់ៗរបស់អ្នក មានដូចជា Gmail, Google...

មត៌កវប្បធម៌លើភ្នំគូលេន

មត៌កវប្បធម៌លើភ្នំគូលេន
September 10
13:15 2015

១-ភ្នំគូលេន ឬ មហេន្ទ្របព៌ត

ភ្នំគូលេន ជាទីតាំងប្រវត្តិសាស្ត្រ ដ៏មានវ័យចំណាស់មួយ ដែលបានបន្សល់ទុកនូវស្លាកស្នាម និង ទីតាំងបុរាណជាច្រើន ស្ថិតនៅច្រើនកន្លែងលើខ្នងភ្នំ រួមជាមួយសហគមន៍មនុស្សផងដែរ។ ម៉្យាងទៀត ភ្នំគូលេនបានក្លាយជាប្រធានបទដ៏សំខាន់ សម្រាប់អ្នកសិក្សាស្រាវជ្រាវទាំងឡាយ ចាប់តាំងពីចុងសតវត្ស ទី១៩ រហូតមកដល់បច្ចុប្បន្ន ហើយការសិក្សាស្រាវជ្រាវក៏នៅតែបន្តកើតមាន នៅលើទឹកដីនៃរាជធានី បុរាណមួយនេះ។

អាថ៌កំបាំងនៃភ្នំគូលេនត្រូវបានបកស្រាយ ជាបន្តបន្ទាប់ដោយអ្នកស្រាវជ្រាវទាំងក្នុងស្រុក និងក្រៅ ស្រុក ចាប់តាំងពីពេលនោះតរៀងមក ដោយមានការសិក្សាទៅលើសំណង់ និងទីតាំងបុរាណនានា ដែល គេបានជួបប្រទះនៅលើភ្នំ រួមជាមួយសិលាចារឹករកឃើញពីទីកន្លែងផ្សេងៗទៀត។ តាមរយៈការសិក្សាលើ សិលាចារឹក​ ភ្នំគូលេនមានឈ្មោះដើមថា មហេន្ទ្របព៌ត។ ក្នុងនោះ សិលាចារឹកស្តុកកក់ធំ ដែលមាន លេខសំគាល់K.235 ចារឡើងនៅអំឡុងសតវត្សទី១១ បានឲ្យដឹងថា ភ្នំគូលេនជាទីតាំងនៃរាជធានី បុរាណ ដែលត្រូវបានកសាងឡើងក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សទី៩ ហើយដែលមាន ឈ្មោះថា មហេន្ទ្របព៌ត (លំនៅស្ថានរបស់ព្រះឥសូរ អាទិទេពកំពូលនៃព្រហ្មញ្ញសាសនា)។ សិលា ចារឹកខាងលើនេះ ត្រូវបានចារឡើងក្នុងរយៈកាលជាង២០០ឆ្នាំ ក្រោយការយាងចូលទីវង្គត់របស់ព្រះបាទ ជ័យវរ្ម័នទី២ ហើយអ្នកស្រាវជ្រាវស្ទើរគ្រប់ជំនាន់តែងបានពោលអះអាង ឬរៀបរាប់អំពីប្រវត្តិរបស់ព្រះបាទ ជ័យវរ្ម័នទី២ ​ដោយយោងទៅលើសិលាចារឹកខាងលើនេះ។​

ចំណែកសិលាចារឹកនៃប្រាសាទបក្សីចាំក្រុង ដែលមានលេខសំគាល់ K.286 ក៏បានបញ្ជាក់ឲ្យដឹង ផងដែរថា ព្រះបាទជ័យវរ្ម័នទី២ ទ្រង់បានយាងទៅគង់នៅលើភ្នំ ដែលមានឈ្មោះថា មហេន្ទ្របព៌ត ។ តាមរយៈការសិក្សាអំពីទីតាំងភូមិសាស្រ្ត និងសណ្ឋានដីនៅតំបន់ជុំវិញរាជធានីបុរាណ ដែលមានឈ្មោះ ថា “ហរិហរល័យ” (តំបន់រលួស) អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ភ្នំគូលេន ពិតជាមានឈ្មោះដើមថា មហេន្ទ្របព៌ត ។

ហេតុនេះ ភ្នំគូលេន ឬ មហេន្ទ្របព៌ត ជាទីតាំងបុណមួយ ដែលមានតម្លៃជា ប្រវត្តិសាស្រ្ត និង សិល្បៈ ព្រមទាំងមានបង្កប់នូវអត្ថន័យខាងជំនឿសាសនាទៀតផង។ បើយោងតាមសិលាចារឹកប្រាសាទ បាទជុំ ដែលមានលេខសំគាល់ K.266 ភ្នំគូលេនគឺជា ”ភ្នំពិសិដ្ឋ ឬភ្នំដែលមានឥទ្ធិពលខាងជំនឿ” ហេតុនេះទឹកដែលហូរធ្លាក់មកពីភ្នំគូលេនគឺ ជាទឹកមន្តបរិសុទ្ធ អាចនិយាយម៉្យាងទៀតថា ជា”ទឹកអម្រឹត” ដែលអាចជួយលាងជម្រះនូវឧបទ្រពសៅហ្មងពីមនុស្សម្នាទាំងឡាយ ។

២-ប្រាសាទបុរាណ

តាមរយៈការស្រាវជ្រាវ និងរុករកនៅលើភ្នំគូលេន ចាប់តាំងពីចុងសតវត្សទី១៩មក ប្រាសាទ បុរាណជាច្រើន ត្រូវបានកត់ត្រា និងចុះក្នុងបញ្ជីសារពើភណ្ឌប្រាសាទបុរាណ។ ប្រាសាទបុរាណទាំងនោះ ភាគច្រើនត្រូវបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សទី៩។ ពិនិត្យជារួម ប្រាសាទ បុរាណ ដែលត្រូវបានរកឃើញរហូតមកដល់សព្វថ្ងៃនេះ ភាគច្រើនត្រូវបានកសាងឡើងអំពីឥដ្ឋ ជាប្រភេទ សំណង់ទោល ដែលមានតួប៉មតែមួយ នៅលើខឿនអំពីថ្មបាយក្រៀម និងមានកំពែងអំពីឥដ្ឋ​(ប្រាសាទ អូរផ្អុង ប្រាសាទអ្នកតា ប្រាសាទខ្ទីងស្លាប់ជាដើម) និងប្រាសាទមួយចំនួនទៀតជាប្រភេទសំណង់ ដែល មានតួប៉មច្រើន ស្ថិតនៅជាជួរ ហើយព័ទ្ធជុំវិញដោយកំពែងអំពីថ្មបាយក្រៀម (ប្រាសាទដំរីក្រាប​ និង ប្រាសាទប្រាំ)។ ចំណែកប្រាសាទក្រោលរមាស ជាប្រភេទសំណង់អំពីថ្មបាយក្រៀម ទាំងតួប៉ម ថែវ និង កំពែងព័ទ្ធជុំវិញ លើកលែងគ្រឿងលំអរស្ថាបត្យកម្ម ដែលរចនានៅលើថ្មភក់។ ប្រាសាទនេះត្រូវបានកសាង ឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ សតវត្សទី១៣។

ប្រាសាទអូរផ្អុង

ប្រាសាទអ្នកតា

ប្រាសាទខ្ទីងស្លាប់

ប្រាសាទដំរីក្រាប

ប្រាសាទក្រោលរមាស

 

នៅអំឡុងដើមសតវត្សទី២០ ប្រាសាទមួយចំនួនត្រូវបានរកឃើញនៅលើភ្នំគូលេន មានដូចជា ប្រាសាទដំរីក្រាប ប្រាសាទអូរផ្អុង ប្រាសាទអ្នកតា ប្រាសាទក្រហមជាដើម។ លុះមកដល់ឆ្នាំ១៩៣៦ ប្រាសាទបុរាណ មួយចំនួនទៀតត្រូវបានរកឃើញ មានដូចជាប្រាសាទបួសនាគ ប្រាសាទរោងចិន ប្រាសាទរូបអារក្ស ប្រាសាទខ្លាឃ្មុំ ជាដើម។ តាមរយៈសំណង់ស្ថាបត្យកម្មបុរាណទាំងនោះ អ្នកសិក្សា ស្រាវជ្រាវបារាំងឈ្មោះ ហ្វីលីព ស្ទែន (Ph. Stern) បានកំណត់រចនាបទបន្ថែមមួយទៀត ក្នុងចំណោម រចនាបទនៃសិល្បៈខ្មែរ គឺ ”រចនាបទគូលេន”  ដែលស្ថិតនៅចន្លោះ សិល្បៈខ្មែរសម័យបុរាណ និង សម័យអង្គរ ។ រចនាបទនេះត្រូវបានកំណត់កាលបរិច្ឆេទនៅដើមសតវត្សទី៩ ហើយបានជះឥទ្ធិពលទៅ សម័យកាលក្រោយៗមកទៀត។

ដើម្បីឈានទៅកំណត់រចនាបទថ្មី ដែលមានឈ្មោះថា “រចនាបទគូលេន” នេះ លោក ស្ទែន បាន សិក្សា និងវិភាគទៅលើធាតុសំខាន់ចំនួនបីគឺ សសរពេជ្រ ផ្តែទ្វារ និងរូបបដិមា។ លោកបានកត់សំគាល់ ឃើញថា សសរពេជ្រមានលក្ខណៈពិសេស ដោយឡែក ដែលបញ្ជាក់ពីរចនាបទគូលេន។ ចំណែក ផ្តែទ្វារ ក៏បង្ហាញពីលក្ខណៈប្លែក មិនដូចរចនាបទមុនៗ ហើយក៏បានផ្តល់ជាគំរូដល់រចនាបទបន្តបន្ទាប់ផងដែរ។

ប្រាសាទរោងចិន

ប្រាសាទខ្លាឃ្មុំ

ប្រាសាទក្រហម

 

ទោះជាយ៉ាងណា ក៏ការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យានៅលើភ្នំគូលេនមិនទាន់ត្រូវបានបញ្ចប់ នៅឡើយទេ។​ រហូតមកដល់ដើមសតវត្សទី២១នេះ ​ស្លាកស្នាម និងទីតាំងបុរាណមួយចំនួនទៀតត្រូវបាន រកឃើញ ជាពិសេសទីតាំងប្រាសាទបុរាណ និងស្ថានីយបុរាណមួយចំនួនទៀត។ ប៉ុន្តែ ប្រាសាទបុរាណ ដែលត្រូវបានរកឃើញ នាសម័យកាលក្រោយមកនេះ ជាទូទៅ ពុំបន្សល់ទុកនូវរូបភាពសំណង់គួរឲ្យកត់ សំគាល់នោះទេ គឺនៅសល់តែគ្រឿងលំអរស្ថាបត្យកម្ម មានដូចជា ផ្តែរទ្វារ ស៊ុំទ្វារ សសរពេជ្រ ឥដ្ឋ ថ្មបាយក្រៀម ឬជើងទម្ររូបចម្លាក់ តែប៉ុណ្ណោះ។ ម៉្យាងទៀត ទីតាំងប្រាសាទបុរាណទាំងនោះពុំ ទាន់មានឈ្មោះសម្រាប់កំណត់នៅឡើយ​ ហើយរហូតមកដល់ពេលនេះប្រាសាទបុរាណត្រូវបានរកឃើញ មានចំនួន៤៨ទីតាំង។

ប្រាសាទមាត់ស្ទឹង (សំណល់ជើងទម្ររូបបដិមា)

 

៣-ពើង

អ្នកស្រាវជ្រាវសម័យដើមមិនត្រឹមតែបានយកចិត្តទុកដាក់សិក្សា និងកត់ត្រាប្រាសាទបុរាណមួយ ចំនួនដែលខ្លួនបានជួបប្រទះប៉ុណ្ណោះទេ ប៉ុន្តែបានចាប់អារម្ភទៅលើបុរាណស្ថានផេ្សងៗទៀត មានដូចជា ពើង និងចម្លាក់បាតស្ទឹង ជាដើម។ ពើង គឺជាបុរាណស្ថានមួយ ដែលមានលក្ខណៈប្រវត្តិសាស្រ្ត និងជា វត្ថុតាងសំខាន់ផងដែរ សម្រាប់អ្នកសិក្សាស្រាវជ្រាវ។ នៅដើមសតវត្សទី២០ លោក អៃម៉ូនីញេ (E. Aymonier) ក៏ដូចជាលោក លុយណេ ដឺឡាហ្សុងគ្យែរ (E. Lunet Delajonquière) បានសិក្សា និង កត់ត្រាពើងបុរាណមួយចំនួន មានដូចជា ពើងព្រះទ្វារ ពើងព្រះពុទ្ធលើ ពើងព្រះពុទ្ធក្រោម ពើងឆ័ត្រ និង ពើងគំនូរ ជាដើម។

ពើងគឺជាផ្ទាំងថ្មធំៗ ឬល្បាក់ថ្មភ្នំ ដែលមានចម្លាក់ ឬរូបគំនូរផ្សេងៗ ហើយភាគច្រើនសុទ្ធសឹង ជាទីគោរពបូជា ជួនកាលមានសណ្ឋានជាល្អាងផងដែរ ។ នៅលើភ្នំគូលេន គេបានជួបប្រទះពើងជាច្រើន ប្រភេទ​ ក្នុងនោះពើងមួយចំនួនបានបង្ហាញពីគំនូសលើថ្មជារូបទោល ជាតួអង្គអាទិទេព ឬជារូបសត្វ ដែលជាយានជំនិះរបស់អាទិទេព រីឯពើងមួយចំនួនទៀតឆ្លាក់លំអរជាចម្លាក់លៀន បង្ហាញពីតួអង្គ អាទិទេពក្នុងរូបភាពដកស្រង់ចេញពីទេវកថា ចំណែកពើងមួយប្រភេទទៀតបង្ហាញពីរូបគំនូរ លំអរជារូប ផេ្សងៗ ដោយមានស្លាកស្នាមពណ៌ដិតនៅលើជញ្ជាំងថ្ម។ ក្នុងចំណោមពើងខាងលើនេះ ពើងមួយចំនួន មានបន្សល់ទុកនូវអក្សរចារឹកទៀតផង ដែលជាស្លាកស្នាមសំខាន់ និងជាកម្មវត្ថុនៃការសិក្សាស្វែងយល់អំពី ប្រវត្តិ ឬរឿងរ៉ាវទាក់ទងនឹងភ្នំគូលេន។​ ដូចជា សិលាចារឹកនៃពើងគំនូរ ដែលមានលេខសំគាល់ K. 230 ចារឡើងនាសតវត្សទី១១ បានបញ្ជាក់អំពីពាក្យថា មហេន្ទ្រ (មហេន្ទ្របព៌ត) ដែលជាឈ្មោះនៃ ភ្នំគូលេន។

ពើងទឹកធ្លាក់

ពើងព្រះអង្គធំ

ពើងគំនូរ

ពើងតាខាប

ពើងត្បាល់

ទោះជាមានការកត់ត្រា និងចាប់អារម្ភពីសំណាក់អ្នកស្រាវជា្រវមួយចំនួនចំពោះ “ពើង” ដែលជា បុរាណស្ថានដ៏មានសារៈសំខាន់ សម្រាប់ការបកស្រាយអំពីប្រវត្តិសាស្រ្តយ៉ាងណាក៏ដោយ ក៏ការសិក្សាស៊ី ជម្រៅពុំទាន់លេចចេញជារូបរាងនៅឡើយ។ ដោយហេតុថា ក្នុងចំណោមពើង ដែលមាននៅលើភ្នំគូលេន ពើងមួយចំនួនទំនងជាបានបន្សល់ទុកស្លាកស្នាមតាំងពីសម័យមុនប្រវត្តិសាស្រ្តមកម៉្លេះ ដូចជាពើងតាខាប មានរូបគំនូរជារូបសត្វ ពណ៌ក្រហម នៅលើជញ្ជាំង។ ចំណែកពើងខ្លះទៀតបានរំលេចឲ្យឃើញពីក្បូរក្បាច់ រចនាជារូបអាទិទេព ឬរឿងរ៉ាវទាក់ទងនឹងអាទិទេពធំៗនៃលទ្ធិព្រហ្មញ្ញសាសនា ដែលមានឥទ្ធិពលពី ឥណ្ឌា ក្នុងនោះមានពើងត្បាល់ និងពើងគំនូរជាដើម។ ម៉្យាងទៀត យើងសន្និដ្ឋានថា ចម្លាក់លំអរ ដែល ដូនតាខែ្មរបានរចនាឡើងនៅលើពើងនានានៃរាជធានីមហេន្ទ្របព៌តនេះ ទុកដូចជាគំរូ ឬជាដើមហេតុមួយ ដែលនាំឲ្យសិល្បករខ្មែរសម័យអង្គរចម្លងយក ដើម្បីរចនាលំអរនៅលើជញ្ជាំងប្រាសាទនានា​ បានយ៉ាងល្អ ឥតខ្ចោះ។

ពើង ដែលត្រូវបានរកឃើញនៅលើភ្នំគូលេន មានចំនួនសរុប ៣៩កន្លែង។

 

៤-ចម្លាក់បាតស្ទឹង 

ទាក់ទងនឹងបញ្ហាជំនឿ ភ្នំគូលេនជាមជ្ឈមណ្ឌលកណ្តាលមួយ ដែលប្រមូលផ្តុំទៅដោយសំណង់ និងទីតាំងបុរាណច្រើនប្រភេទ ត្រូវបានកសាងឡើងដើម្បីបំរើឲ្យជំនឿសាសនា ហើយដែលមានឥទ្ធិពល ក្នុងសង្គមខ្មែរ ទាំងអតីតកាល និងបច្ចុប្បន្នកាល។

ចម្លាក់បាតស្ទឹង ជាស្នាដៃសិល្បៈមួយប្រភេទរបស់បុព្វបុរសខែ្មរ ដែលបង្កប់នូវអត្ថន័យសំខាន់ ខាងជំនឿសាសនា ។ បើទោះបីជាភ្នំគូលេន ត្រូវបានចាត់ទុកថា ជាលំនៅស្ថាននៃព្រះសិវៈ ឬជាភ្នំពិសិដ្ឋ ប្រកបដោយបារមីយ៉ាងណាក៏ដោយ ក៏ដូនតាខ្មែរបានរៀបចំបង្កើតឲ្យមានជារូបចម្លាក់ ដោយការឆ្លាក់ជា រូប សិវៈលឹង្គ និងទេវរូបផ្សេងៗ ស្ថិតនៅបាតនៃផ្លូវទឹក ដែលហូរចុះពីភ្នំគូលេនទៅរកទីប្រជុំជន ប៉ែកខាង ក្រោម មានដូចជា រាជធានីហរិហរល័យ (ក្រុងរលួស) និងរាជធានីយសោធរបុរៈ (ក្រុងអង្គរ)។​ ការធ្វើ របៀបនេះមានន័យថា បុព្វបុរសខ្មែរមានបំណងធ្វើឲ្យទឹក ដែលហូរឆ្លងកាត់ “សិវលឹង្គ” ទាំងនោះក្លាយទៅ ជាទឹកមន្តដ៏ពិសិដ្ឋ ឬ ទឹកអម្រឹត ដើម្បីទុកប្រើប្រាស់ និងបំរើឲ្យពិធីលាងជម្រះភាពឧបទ្រពសៅហ្មងពី ប្រជារាស្រ្តផងទាំងពួង ។

ប្រជារាស្រ្តរស់នៅក្រុងអង្គរពុំបានប្រើប្រាស់ទឹកស្ទឹងសៀមរាប សម្រាប់ការចុះមុជទឹកប្រចាំថ្ងៃនោះ ឡើយ ដោយសារមិនមែនជាទឹកធម្មតា ប៉ុន្តែជាទឹកពិសិដ្ឋ ។ ចំណុចនេះបានគូសបញ្ជាក់ តាមរយៈសិលា ចារឹកនៃប្រាសាទបាទជុំ (ស្ថិតនៅតំបន់អង្គរ)។ លោក ហ្សក សឺដែស (G. Coedès) ជាជនជាតិបារាំង និងជាអ្នកសិក្សាខាងអក្សរចារឹកដ៏ល្បីល្បាញមួយរូប បានបកប្រែសិលាចារឹកនេះថា ”គ្មាននរណាម្នាក់ចុះ មុជទឹកស្ទឹង ដែលមានប្រភពមកពីភ្នំមហេន្ទ្រ ជាភ្នំពិសិដ្ឋ នោះឡើយ”។

ចម្លាក់លឹង្គមួយពាន់

ចម្លាក់បាតផ្លូវទឹក (រូបព្រះវិស្ណុ)

៥-ចម្លាក់ព្រះពុទ្ធរូប

ក្រៅពីរូបចម្លាក់ ប្រាសាទបុរាណ និងស្ថានីយបុរាណខាងព្រហ្មញ្ញសាសនា ភ្នំគូលេនបាននិងកំពុង មានភាពល្បីល្បាញ ដោយការទទួលបាននូវការចាប់អារម្ភពីសំណាក់ពុទ្ធសាសនិកជនទាំងឡាយ មកពី គ្រប់ទិសទីនៃព្រះរាជាណាចក្រ។ អ្នកមានជំនឿតែងបានមកប្រារព្ធពិធីសាសនា ឬក៏រៀបចំពិធីបន់ស្រន់ ផ្សេងៗ ដើម្បីសុំសេចក្តីសុខ និងឲ្យសម្រេចបានទៅតាមការប៉ងប្រាថ្នារបស់ខ្លួន ពីទីតាំងពុទ្ធសាសនានៅ លើភ្នំគូលេន។

បន្ទាប់ពីព្រះពុទ្ធសាសនាបានរីកចំរើន និងចូលជ្រួតជ្រាបដល់ស្រទាប់មហាជន ក្រោយពីការធ្លាក់ ចុះនៃឥទ្ធិពលព្រហ្មញ្ញសាសនាក្នុងសង្គមខ្មែរចាប់ពីសតវត្សទី១៦តរៀងមក ការកសាងវត្តអារាម ឬទី គោរពបូជាខាងព្រះពុទ្ធសាសនាក៏ចាប់ផ្តើមកើតមានគ្រប់ទីកន្លែង។ សំណង់ពុទ្ធសាសនាក្រោយមកនេះ ភាគច្រើន ត្រូវបានកសាងឡើងនៅក្បែរទីតាំងបុរាណ ដែលធ្លាប់ជាទីគោរពបូជាខាងព្រហ្មញ្ញសាសនា ជួនកាលត្រូវ បានស្ថាបនានៅពីលើទីតាំងប្រាសាទបុរាណ ដោយការរុះរើសប្រាសាទបុរាណនោះចេញ។

ចម្លាក់ព្រះពុទ្ធរូបដ៏ធំមួយអង្គ ដែលមានទីតាំងស្ថិតនៅវត្តព្រះអង្គធំ លើភ្នំគូលេន ត្រូវបានកសាង ឡើង ដោយស្ថិតនៅក្បែរស្ថានីយបុរាណ (មានពើង និងប្រាសាទបុរាណ)។ សមិទ្ធិផលនេះបានបង្ហាញ ឲ្យឃើញពីស្នាដៃដ៏អស្ចារ្យរបស់សិល្បករបុរាណ ដែលបានខិតខំកែច្នៃ និងឆ្លាក់ថ្មភ្នំដ៏ធំ បង្កើតបានជា ព្រះពុទ្ធរូបមួយអង្គស្ថិតក្នុងឥរិយាបទផ្ទុំ “ចូលបរិនិព្វាន” បានយ៉ាងល្អ។ ព្រះពុទ្ធរូបអង្គនេះមានបណ្តោយ ជិត១០ម៉ែត្រ ផ្ទុំសណ្តូកទៅទិសអាគ្នេយ៍ និងមានដងខ្លួនគ្របពាសទៅដោយពណ៌មាស។ ពុទ្ធសាសនិក ជន ដែលបានទៅដល់ទីនោះ តែងបានឡើងទៅបូជាធូបទៀន និងបន់ស្រន់ ជួនកាលមានថ្វាយសន្លឹក មាស ដើម្បីបិទពាសពីលើដងខ្លួនរបស់ព្រះអង្គទៀតផង។ ការយកសន្លឹកមាសទៅពាសពីលើព្រះពុទ្ធ បដិមាត្រូវបានអនុវត្តនៅគ្រប់កន្លែង នៅលើដែនដី ដែលប្រណិប័តន៍ព្រះពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍ មានដូចជា ខ្មែរ ឡាវ ថៃ និងមីយ៉ាន់ម៉ា(ភូមា) ជាដើម។

យោងតាមសិលាចារឹក ដែលមានលេខសំគាល់ K.715 ចារឡើងនៅឆ្នាំ១៥៨៦នៃគ្រឹស្តសករាជ ពុទ្ធសាសនិកជនខ្មែរសម័យក្រោយអង្គរបានថ្វាយព្រះនាមដល់ព្រះអង្គធំថា ព្រះខ្បុង ដែលមានន័យថា “កំពូលភ្នំដ៏ពិសិដ្ឋ” ។

ចម្លាក់ព្រះអង្គធំ

រោងព្រះអង្គធំ

សំណល់ឥដ្ឋនៃទីតាំងប្រាសាទបុរាណ ក្បែរព្រះអង្គធំ

 

៦-ទំនប់បុរាណ

ក្រៅពីសំណង់ និងទីកន្លែងសម្រាប់គោរពបូជា ឬបម្រើឲ្យជំនឿសាសនា ភ្នំគូលេនបានបន្សល់ទុក នូវសំណង់ប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់ជាច្រើនទៀត ដែលបំរើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្រ្ត និងបង្ហាញពីភាពចម្រុងចម្រើននៃអាណាចក្រខ្មែរ។ សំណង់ទាំងនោះបានគូសបញ្ជាក់ពីស្នាដៃ ដែលពោរ ពេញទៅដោយទេព្វកោសល្យដ៏ប៉ិនប្រសប់នៃវិស្វករខ្មែរបុរាណ ក្នុងការសិក្សា និងកែច្នៃធម្មជាតិ ដើម្បី បម្រើ ឬបំពេញសេចក្តីត្រូវការរបស់សហគមន៍ និងសង្គមរបស់ខ្លួន។

តាមរយៈការស្រាវជ្រាវដល់ទីកន្លែង លោក វាន លីអែរ (Van Liere WJ) ជាអ្នកស្រាវជ្រាវផ្នែក ការគ្រប់គ្រងទឹកសម័យបុរាណ បានបញ្ជាក់ឲ្យដឹងថា ទីក្រុងបុរាណ មហេន្ទ្របព៌ត ត្រូវបានបង្កើតឡើង ដោយមានប្រព័ន្ធធារាសាស្រ្ត ដែលមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងទឹក ទុកប្រើប្រាស់ប្រចាំថ្ងៃ។ ការរក ឃើញសំណង់ធារាសាស្រ្តនេះត្រូវបានបញ្ជាក់បន្ថែម ដោយការស្រាវជា្រវតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ទំនើប ហៅថា LiDaR (Light Detecting and Ranging) តាមរយៈការថតរូបភាពពីលើអាកាស។

“ទំនប់” ជាផ្នែកមួយនៃប្រព័ន្ធធារាសាស្រ្ត ដែលមានតួនាទីទប់ ឬបង្ខាំងទឹកទុក ដើម្បីប្រើប្រាស់ ឬបម្រើឲ្យការរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ ប្រកបដោយនិរន្តរភាព។ ថ្វីត្បិតតែ អាកាសធាតុមាន លក្ខណៈអំណោយផលច្រើនដល់ការរស់នៅយ៉ាងណាក៏ដោយ ក៏ដូនតាខ្មែរបានខិតខំបង្កើតឲ្យមានហេដ្ឋា រចនាសម្ព័ន្ធធារាសាស្រ្ត ដើម្បីបង្ការក្នុងពេលមានគ្រោះរាំងស្ងួត និងដើម្បីសម្រួលដល់ការរស់នៅផងដែរ។

ជាក់ស្តែង ទំនប់បុរាណជាច្រើនត្រូវបានរកឃើញជាបន្តបន្ទាប់នៅលើភ្នំគូលេន ក្នុងនោះមានទំនប់ សំខាន់ចំនួនបីត្រូវបានលើកយកមកបង្ហាញ មានដូចជា ទំនប់ថ្នល់ម្រេច ទំនប់ស្រែត្បូង និងទំនប់ ស្រែជើង។ បច្ចុប្បន្ន ប្រជាសហគមន៍រស់នៅលើភ្នំគូលេនបានហៅទំនប់បុរាណនេះថា “ថ្នល់” ដូចជា ថ្នល់ម្រេច និងថ្នល់ត្បូង ជាដើម។

តាមការស្រាវជា្រវ និងពិនិត្យដល់ទីកន្លែង ទំនប់ថ្នល់ម្រេច ជារបាំងទឹកមួយដែលមានទំហំធំជាង គេ ដោយមានបណ្តោយរហូតដល់មួយគីឡូម៉ែត្រ ទទឹងទំហំហុកសិបម៉ែត្រ និងកំពស់ប្រែប្រួលពីប្រាំ ទៅដប់ពីរម៉ែត្រ។ ម៉្យាងទៀត ផ្ទៃជញ្ជាំងផ្នែកខាងក្នុងនៃទំនប់ត្រូវបានក្រាលពាសដោយថ្មបាយក្រៀម។

ខ្នងទំនប់ថ្នល់ម្រេច

ជញ្ជាំងទំនប់(ថ្មបាយក្រៀម)

៧-ឡបុរាណ

អ្នកស្រាវជ្រាវកាលពីសតវត្សមុនៗតែងបានពោលអះអាងថា “កុលាលភាជន៍” ដែលត្រូវបានរក ឃើញ តាមរយៈការធ្វើកំណាយនៅតាមស្ថានីយបុរាណនានាក្នុងព្រះរាជាណាចក្រ ត្រូវបាននាំចូលពី ប្រទេសចិន ឬពីបរទេស។ ការធ្វើសេចក្តីសន្និដ្ឋានរបៀបនេះគឺដោយសារ អ្នកស្រាវជ្រាវទាំងនោះពុំមាន ភស្តុតាងគ្រប់គ្រាន់ ក្នុងការវិនិច្ឆ័យឲ្យបានប្រាកដប្រជាថា បុព្វបុរសខ្មែរអាចមានសមត្ថភាពក្នុងការផលិត ភាជន៍ ដើម្បីបំរើឲ្យសេចក្តីត្រូវការប្រចាំថ្ងៃនោះឡើយ។ ប៉ុន្តែលោក អៃម៉ូនីញេ ធ្លាប់បង្ហើបឲ្យដឹងអំពីទី តាំងផលិតកុលាលភាជន៍សម័យបុរាណនៅលើភ្នំគូលេន តាំងពីដើមសតវត្សទី២០មកម៉្លេះ។

រហូតមកដល់ចុងសតវត្សទី២០ ភាពចៃដន្យមួយបានកើតមានឡើង ដែលនាំទៅដល់ការសិក្សា ឡបុរាណ ជាទ្រង់ទ្រាយធំ។ ហេតុការណ៍នេះបានកើតឡើង ដោយការឈូសបង្កើតផ្លូវមួយខ្សែក្នុងឃុំ លលៃ នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ផ្លូវថ្មីមួយខ្សែនេះស្ថិតនៅក្បែរទីតាំងឡបុរាណ ដែលអ្នក ស្រាវជ្រាវបានដាក់ឈ្មោះថា “ឡបាកោង”។ ចាប់ពីពេលនោះ ឡបុរាណជាច្រើនត្រូវបានរកឃើញ និង សិក្សាស្រាវជ្រាវ មានដូចជា ឡបាកោង ឡតានី ឡខ្នាពោ ឡសរសី និងឡថ្នល់ម្រេច (លើភ្នំគូលេន) ជាដើម។

នៅអំឡុងឆ្នាំ១៩៩៩ អាជ្ញាធរអប្សរា រួមសហការជាមួយស្ថាប័នស្រាវជ្រាវអន្តរជាតិ មានវិទ្យាសា្ថន ណារ៉ា និងវិទ្យាស្ថានសូហ្វីយ៉ានៃប្រទេសជប៉ុន បានរួមគ្នាចុះសិក្សាស្រាវជ្រាវ និងធ្វើកំណាយនៅឡអន្លង់ធំ ឬឡថ្នល់ម្រេច ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីសិក្សា និងស្វែងយល់ពីរចនាសម្ព័ន្ធរបស់ឡ។ នៅលើផ្ទៃដី ដែលមានបណ្តោយប្រវែង២០០ម៉ែត្រ និងទទឹង៨០ ម៉ែត្រ គេបានរកឃើញឡបុរាណជាច្រើន ស្ថិតនៅជាជួរបន្តបន្ទាប់គ្នា ហើយឡនីមួយៗមានទំហំពី១០ ម៉ែត្រ ទៅ១៥ម៉ែត្រ។

តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ ឡថ្នល់ម្រេចត្រូវបានប្រើប្រាស់សម្រាប់ដុត កុលាលភាជន៍ ផ្សំឡើងពីដីឥដ្ឋពណ៌ស ដែលមានជាតិដែកតិច ក្នុងរង្វង់ពី០,៧ ទៅ២ភាគរយ ហើយបង្កើតបានជាភាជន៍ ដែលមានស្រទាប់រលោងពណ៌ប៉ៃតង ។ សំណល់វត្ថុតាង ដែលជាសមិទ្ធិផលនៃឡបុរាណនេះ ត្រូវបានរក ឃើញ មានដូចជា កោដ្ឋ ដន្លាប់ ខួច ចានគម សន្លឹកក្បឿង សន្លឹកព្រំដំបូល និងសន្លឹករកា (លំអដំ បូលផ្ទះ) ជាដើម។ អ្នកស្រាវជ្រាវបានបន្តសន្និដ្ឋានថា ឡបុរាណនេះត្រូវបានបង្កើតឡើងនៅសតវត្សទី៩។

បំណែកកុលាលភាជន៍នៃឡថ្នល់ម្រេច

៨-ជណ្តើរបុរាណ

ភ្នំគូលេន ត្រូវបានចាត់ទុកថាជា “ខ្ពង់រាប” ដែលមានកំពស់ប្រែប្រួលពី៣០០ ទៅ៤០០ម៉ែត្រ និង មានបណ្តោយជាង៤០គីឡូម៉ែត្រ សណ្តូកលើអ័ក្ស ដែលមានទិសដៅពីទិសពាយ័ព្យ ទៅទិសអាគ្នេយ៍។​ នៅដើមសតវត្សទី៩ ព្រះបាទជ័យវរ្ម័នទី២បានជ្រើសរើសយកភ្នំគូលេន ដើម្បីប្រារព្ធពិធី “ទេវរាជ” និងធ្វើ ជារាជធានីសម្រាប់ទ្រង់គង់នៅមួយរយៈ។

នៅសម័យនោះ ដូនតាខ្មែរបានខិតខំបង្កើតហេដ្ឋារចនាសម្ព័ន្ធចំនួនពីរប្រភេទ សម្រាប់ឡើងចុះភ្នំ គឺផ្លូវដំរី និងជណ្តើរ។ សព្វថ្ងៃ ផ្លូវដំរីបានក្លាយមកជាផ្លូវទំនាក់ទំនងដ៏សំខាន់សម្រាប់ការធ្វើដំណើរឡើងចុះ ជាប្រចាំពីសំណាក់សហគមន៍រស់នៅលើភ្នំគូលេន ក៏ដូចជាភ្ញៀវទេសចរទាំងឡាយ។ ចំណែក ជណ្តើរវិញ បានទទួលរងនូវការខូចខាតស្ទើរទាំងស្រុង ។

រហូតមកដល់ពេលនេះ យើងបានជួបប្រទះជណ្តើរបុរាណតែមួយគត់ ដែលមានទីតាំងស្ថិតនៅ ភូមិតាហាន ឃុំខ្នងភ្នំ ស្រុកស្វាយលើ។ អ្នកស្រុកបានដាក់ឈ្មោះជណ្តើរបុរាណនេះថា “ជណ្តើរចែរ៉ែ” ។ ជណ្តើរចែរ៉ែនេះមានកំពស់ជិត២០០ម៉ែត្រ និងមានទទឹងប្រហែល៥ម៉ែត្រ តភា្ជប់ពីភូមិត្បែងខាងកើត (ស្ថិតនៅជើងភ្នំ) ឡើងមកភ្ជាប់ភូមិតាហាន នៅលើភ្នំ។ ជណ្តើរបុរាណនេះកសាងឡើងអំពីថ្មបាយក្រៀម ដែលមានសណ្ឋានជាដុំធំៗ តម្រៀបផ្គុំជាថ្នាក់ៗ ហើយកន្លែងខ្លះមានការចាំងថ្មភ្នំធ្វើជាកាំជណ្តើរផងដែរ។

ជណ្តើរចែរ៉ែ

៩-ស្រះដំរី

ភ្នំគូលេន ដូចបានរៀបរាប់ខាងលើ បានរក្សាទុកនូវសំណង់បុរាណច្រើនប្រភេទ ទាំងសំណង់ខាង សាសនា និងសំណង់ស៊ីវិល ដែលមានសារៈសំខាន់ដល់សង្គម។ សំណង់បុរាណទាំងឡាយនោះទទួល បាននូវការចាប់អារម្ភពីអ្នកស្រាវជ្រាវ និងត្រូវបានលើកយកមកសិក្សា ឬក៏ជាប្រធានបទសំខាន់សម្រាប់ការ ស្រាវជ្រាវ និងស្វែងយល់អំពីប្រវត្តិសាស្រ្តខ្មែរសម័យបុរាណ។

រហូតមកដល់ពេលនេះ យើងពុំឃើញមានឯកសារ ដែលសរសេរ និងវិភាគអំពីសំណង់ស្ថាបត្យកម្ម បុរាណចុងក្រោយនេះ​ ដែលមានឈ្មោះថា ស្រះដំរី នោះឡើយ។ ប៉ុន្តែ កាលពីពាក់កណ្តាលសតវត្សទី២០ លោក ប៊ូលបេ (J. Boulbet) អ្នកស្រាវជ្រាវបារាំង ធ្លាប់សន្និដ្ឋានថា សំណង់ស្រះដំរីនេះ ពិតជាស្ថិតក្នុង សម័យកាលគូលេន នាដើមសតវត្សទី៩។ ក្នុងនោះ លោកបានសិក្សា និងវិភាគលើចម្លាក់រូបសត្វតោ ដោយធ្វើការប្រៀបធៀបជាមួយចម្លាក់តោនៅក្រុមប្រាសាទសម្បូរព្រៃគុក ក្នុងខេត្តកំពង់ធំ។

ទោះជាយ៉ាងណា ក៏សំណង់ស្រះដំរីនេះបានស្ថិតនៅជាអាឋ៌កំបាំង ដោយពុំមាននរណាម្នាក់ដឹង​ថាវាមានតួនាទីសំខាន់អ្វីនៅសម័យកាលនោះឡើយ។ ពិនិត្យជារួម “ស្រះដំរី” ប្រហែលត្រូវបានដាក់ឈ្មោះ ដោយសារនៅទីនោះ មានរូបចម្លាក់សត្វដំរីមួយយ៉ាងធំ ឈរបែរមុខទៅទិសខាងលិច និងស្រះទឹកធំ ល្មមមួយស្ថិតនៅចំពីមុខ។ ប៉ុន្តែ នៅខាងស្តាំចម្លាក់សត្វដំរី ក៏មានចម្លាក់សត្វតោចំនួន២ក្បាល រួមជាមួយ សត្វខ្លាមួយក្បាលផងដែរ។ ទាំងចម្លាក់សត្វដំរី និងសត្វតោ ត្រូវបានរចនាឡើងអំពីថ្មភ្នំធម្មជាតិមួយដុំ ដែលស្ថិតនៅទីនោះស្រាប់ ហើយមានគម្លាតឆ្ងាយពីគ្នាប្រហែល៦ម៉ែត្រ ហាក់ដូចជាស្ថិតនៅអមសង្ខាង ផ្លូវ។

ចម្លាក់សត្វដំរី និងសត្វតោដ៏ធំទាំងនោះពិតជាតឹកតាងដ៏សំខាន់ និងបានបង្ហាញឲ្យឃើញអំពី ស្នាដៃ និងទេពកោសល្យដ៏ប៉ិនប្រសព្វរបស់សិល្បករខ្មែរសម័យបុរាណ ដែលជាវិស្វករដ៏ចំណានបម្រើឲ្យ សង្គមជាតិ។ ចម្លាក់ទាំងនោះបានជះឥទ្ធិពល និងជាគំរូមួយសម្រាប់សម័យកាលក្រោយៗ។

ចម្លាក់ស្រះដំរី

អំពីអ្នកនិព្ធ

ខេមបូភេគ

ខេមបូភេគ

អត្ថបទទាក់ទង

អំពីយើង

ខេមបូភេគ ជាគេហទំព័រក្នុងស្រុកមួយដែលផ្ដល់នៅពត៌មានកំសាន្ដ សុខភាព ការងារ កីឡា ពត៌មានជាតិទូទៅ ផ្សារលើអ៊ីធើណេត និង សេវាកម្មផ្សេងៗទៀតជាច្រើន។


យើងខ្ញុំរីករាយ និងផ្ដល់នៅពត៌មានទាន់ហេតុការណ៍ ដែលយើងដកស្រង់ចេញពីគេហទំព័រនានា ដែលអាចផ្ដល់ជាប្រយោជន៍ដល់បងប្អូន។


សូមបងប្អូនមេត្ដាផ្ដល់កម្លាំងចិត្ដដល់ក្រុមយើងខ្ញុំផង ដោយគ្រាន់តែចូលមកគេហទំព័រយើងខ្ញុំនៅពេលទំនេរ។


យើងខ្ញុំរងចាំការរិះគន់ និងស្ថាបនាពីបងប្អូនគ្រប់ពេលវេលាទាំងអស់



សូមអរគុណ!

ពត៌មានផ្សេងៗ

loading...

អត្រាប្ដូរប្រាក់ប្រចាំថ្ងៃ

អត្រាប្តូរប្រាក់ : ២៨​ តុលា ២០១៦
៤,០៥០ រៀល / ដុល្លារអាមេរិក
រូបិយប័ណ្ណ ឯកតា ទិញ លក់
ដុល្លារអូស្រ្តាលី ៣,០៧៤ ៣,១០៤
យ៉ន់ចិន ៥៩៧ ៦០៣
អ៊ឺរ៉ូ ៤,៤១៣ ៤,៤៥៧
យេនជប៉ុន ១០០ ៣,៥៥៨ ៣,៥៩៣
បាតថៃ ១១៥ ១១៦
ដុងវៀតណាម ១,០០០ ១៨២ ១៨៣

តម្លៃប្រេងពិភពលោក

តម្លៃទំនិញថ្ងៃនេះ (​រៀល)

ម្ទេសហាវ៉ៃ: 5000.00/kgs
ខ្ទឹមស្លឹក: 13000.00/kgs
ស្ពៃថៃស៊ីម/ស្ពៃផ្កា: 6000.00/kgs
ស្ពៃតឿ: 5250.00/kgs
ស្ពៃចង្កឹះ: 3250.00/kgs
ផ្កាខាត់ណា: 7000.00/kgs
ស្ពៃក្រញ៉ាញ់: 5250.00/kgs
ស្ពៃខៀវ: 3175.00/kgs
ត្រកួនចិន/គ្រាប់: 5000.00/kgs

បណ្តាញសង្គ្រោះបន្ទាន់

ចំនួនអ្នកទស្សនា

0036069
Visit Today : 86
Visit Yesterday : 143
This Month : 647
This Year : 36069
Total Visit : 36069
Hits Today : 1348
Total Hits : 280169
Who's Online : 5
Your IP Address: 54.205.8.87