សមត្ថកិច្ច​ចាប់ផ្តើម​ប្រតិបត្តិការ​ដកហូត​វិទ្យុ​ទាក់ទង​គ្មានច្បាប់​

3
Cambodia Website Design

ភ្នំពេញៈ នគរបាល​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​នេះ បានចាប់ផ្តើម​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​ដកហូត​វិទ្យុទាក់ទង ដែល​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រុមអ្នករត់​រ៉ឺម៉ក​ម៉ូតូកង់​បី និង​ម៉ូតូឌុប ទូទាំងរាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​បាតុភាព​អនាធិបតេយ្យពិចារណា​ឡើងវិញ​ថា តើ​ក្រុម​អ្នករត់​រ៉ឺម៉ក​ទាំងនេះ គួរ​មាន​វិទ្យុទាក់ទង​នេះ ឬ​មិនគួរមាន?

ប្រតិបត្តិការ​ត្រួតពិនិត្យ និង​ដកហូត​វិទ្យុទាក់ទង​នេះ ធ្វើឡើង​តាមរយៈ​បញ្ជា​របស់លោក ជួន សុវណ្ណ ស្នងការ​នគរបាល​​រាជ​ធានី​ភ្នំពេញ និង​ជា​អគ្គស្នងការរង​នគរបាលជាតិ ក្រោម​កិច្ច​សហការ​ជាមួយ​មន្ត្រីប៉ូលិស​ខណ្ឌ​ក្នុង​រាជធានីនិង​នាយក
ដ្ឋាន​វិទ្យុ​ទាក់ទង ក្រសួងមហាផ្ទៃ។ នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក ហេង ចាន់ធា​រី ស្នង​ការរង​រាជធានី​ភ្នំពេញ។

Cambodia Website Design

ប្រធាន​នាយក​ដ្ឋាន​វិទ្យុទាក់ទង ក្រសួងមហាផ្ទៃ លោក មិន សុ​វណ្ណា បាន​ឲ្យ​ដឹងថា វិធានការ​ដកហូត​នេះ គឺ​បន្ទាប់ពី​សមត្ថ​កិច្ច បាន​ទទួល​ពាក្យ បណ្តឹង​ជាច្រើន​ពី​ប្រជាពលរដ្ឋ និង​បាន​សង្កេតឃើញថា កន្លងមក​ក្រុម​អ្នករត់​រ៉ឺម៉ក និង​ម៉ូតូ​ឌុប បាន​កំពុង​ប្រើ​ប្រាស់​វិទ្យុទាក់ទង​យ៉ាង​អនាធិបតេយ្យ ដោយ​មិនបាន​ស្នើសុំ​ច្បាប់​ត្រឹមត្រូវ ពី​ក្រសួង​ពាក់ព័ន្ធ បង្ក​ឲ្យការ​ប្រើប្រាស់​ប្រេកង់ និង​កា​ណា​ល់ ឆ្លង​ចរន្ត​ជាមួយនឹង​វិទ្យុ ទាក់ទង​របស់​សមត្ថ​កិច្ច ក្រុមហ៊ុន និង​មន្ត្រី​ស្ថានទូត​នានា​មួយ​ចំនួន​ផងដែរ។

លោក​បន្ត​ទៀត​ថា៖ «កន្លងមក ក្រុម​គាត់​ខ្លះ ប៉ះ​ឡាន និង​ម៉ូតូ​អ្នក​ដំណើរ​ផ្សេងៗ ហើយ​ទាក់ទង​ហៅ​គ្នា​មក ត​ទល់​នឹង​ប្រជា​ពល​រដ្ឋ ដល់ពេល​ប៉ូលិស​យើង​​ចុះទៅ នាំគ្នា​រត់​អស់ ហើយ​បង្ក​ការភាន់ច្រឡំ​ដល់​សាធារណជន ព្រោះ​ប៉ូលិស ក៏​មាន​កាន់​វិទ្យុទាក់ទង​ដែរ។ តាម​ការត្រួតពិនិត្យ គឺ​ក្រុម​រ៉ឺម៉ក និង​ម៉ូតូឌុប​ទាំងនេះ សុទ្ធតែ​មិនមាន​ច្បាប់​ទាំងអស់​ក្នុង​ការ​ប្រើ​វិទ្យុទាក់ទង​នេះ យើង​អនុវត្ត​ទាំង អស់ មិន​រើសអើង​ក្រុម​ណាមួយ​ទេ»។

លោក មិន សុ​វណ្ណា បាន​ឲ្យ​ដឹងថា ក្នុង​ជំហាន​ដំបូង​នេះ សមត្ថកិច្ច នឹង​ប្រតិបត្តិ​ការចុះ​ដកហូត​វិទ្យុទាក់ទង ដែល​ឃាត់​បាន​ទុក​សិន ដើម្បី​ក្រុម​អ្នកប្រើប្រាស់​ទាំងនោះ ស្នើសុំ​ច្បាប់ សុំ​ប្រេកង់ និង​កា​ណាល់​ជាក់លាក់​ពី​ក្រសួង​ទូរគមនាគមន៍ និង​ប្រៃសណីយ៍ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ឆ្លង​ប្រព័ន្ធ។

លោក​បន្ត​ទៀត​ថា៖ «យ៉ាងណាក៏​ដោយ ឥឡូវ​នេះ សមត្ថកិច្ច ដកហូត​សិន ហើយ​នឹង​ពិចារណា​ថា តើ​គួរ​បន្ត​ឲ្យ​ក្រុម​ពួកគាត់​ប្រើប្រាស់​វិទ្យុទាក់ទង ឬ​បញ្ឈប់​រហូត​តែម្តង»។

បើ​តាម​លោក មិន សុ​វណ្ណា កាលពី​ម្សិលមិញ​នេះ សមត្ថកិច្ច​ដកហូត​វិទ្យុ ទាក់ទង​បាន​សរុប ៣៦ គ្រឿង ពី​ក្រុម​អ្នករត់​រ៉ឺម៉ក​ម៉ូតូកង់​បី តាម​បណ្តា​ខណ្ឌ​ទាំង ១២ ក្នុង​រាជធានី​ភ្នំពេញ ដោយ សារ​ភាគច្រើន អ្នក​ទាំងនោះ បានដឹង ខ្លួន​មុន ហើយ​សមត្ថកិច្ច មិន​ទាន់​បាន​រកឃើញ​វិទ្យុ​ទាក់ទង​ក្នុងចំណោម​អ្នក រត់ម៉ូតូឌុប​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច នឹង​បន្ត​ការ​ត្រួតពិនិត្យ​បញ្ហា​នេះ​ជា​រៀង​រាល់​ថ្ងៃ។

Content image - Phnom Penh Post

អ្នករត់​ម៉ូតូកង់បីប្រើ​វិទ្យុទាក់​ទង​ដើម្បីងាយ​ស្រួល​ក្នុងការ​ជួយ​គ្នា​ និងវិទ្យុ​ទាក់ទង​ដែលត្រូវ​ប៉ូលិស​ប្រមូលបាន។​​ នគរបាលជាតិ ហុង មិនា

លោក សូត្រ សែន អនុប្រធាន​សមាគម​រ៉ឺម៉ក​ទេសចរណ៍​ទន្លេបាសាក់ (CCTA) បាន​ឲ្យដឹង​បន្ទាប់ពី​ត្រូវបាន​សម​ត្ថកិច្ច​ដក​ហូត​វិទ្យុទាក់ទង​ជាបណ្ដោះ​អាសន្ន​ថា បច្ចុប្បន្ននេះ លោក​ប្រើប្រាស់​វិទ្យុទាក់ទង​ប្រភេទ​ខ្លី ដែល មាន​រយៈ​ចម្ងាយ​ជិត ក្នុង​ការ​ទាក់ទង​ក្រុមការងារ​នៅ​បរិវេណ​ផ្សារអ៊ីអន​តែ​ប៉ុណ្ណោះ ហើយលោក គិតថា ការចុះ​បញ្ជី​សមាគម​របស់លោក​នៅ​ក្រសួង​មហា​ផ្ទៃ គឺ​មានន័យ​ស្មើនឹង​ការទទួល បាន​​សិទ្ធិ​ពេញលេញ និង​ស្របច្បាប់​ក្នុង​អាជីវ​កម្មនេះ។

លោក​ថា៖ «ខ្ញុំ​មិន​បាន​ដឹង​ថា យើង​ត្រូវ​ដាក់ពាក្យ​ទៅ​ក្រសួង​សុំ​ប្រេកង់ ឬ​កា​ណា​ល់អី​ទេ គ្រាន់តែ​វិទ្យុ ទាក់ទង​នោះ ទិញ​មក មាន ID គឺ​ប្រើ​បាន ប៉ុន្តែ​បើ​ជំនាញ​គេស្នើ​ឲ្យ​សុំ ខ្ញុំ​មាន តែ​ធ្វើតាម​គេ​ទេ ព្រោះ​មាន​វិទ្យុ​នេះ ងាយស្រួល​ក្នុងការ​ទាក់ទង»។

លោក លី សា​លីន រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ជិត ៨ ឆ្នាំ និង​ជា​សមាជិកសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បាន​ទទួល ស្គាល់​ថា មាន​ក្រុម​អ្នករត់​រ៉ឺម៉ក​មួយ ចំនួន ពិតជា​បង្ក​នូវ​ភាពអនាធិបតេយ្យ​ក្នុង​អាជីវកម្ម​នេះ​មែន ប៉ុន្តែ​រូបភាព​នេះ មិនបាន​ឆ្លុះបញ្ចាំង​ពី​អ្នករត់​ម៉ូតូ​ទាំង អស់​នោះទេ។

លោក​ថា៖ «មាន​អ្នក​រញ៉េរញ៉ៃ​ពិតមែន តែ​នោះ​តាម​បុគ្គល​ទេ មិន​ទាំងអស់គ្នា​ទេ កុំ​វាយតម្លៃ​ទាំងអស់ គ្នា ខ្ញុំ​គិតថា សមត្ថកិច្ច គួរ​កំណត់​គោល ដៅ​អ្នកបង្ក​បាតុភាព​អនាធិប​តេយ្យ​ទាំង នោះ ជាជាង​ចុះ​ដកហូត​ទាំងអស់គ្នា​បែបនេះ»។

បើតាម​លោក លី សា​លីន កន្លងមក​ការប្រើ​វិទ្យុទាក់ទង បង្ក​ភាពងាយស្រួល​ដល់​ក្រុម​អ្នករត់​ម៉ូតូ ក្នុងការ​ទាក់ទង​គ្នា​ដឹក​អ្នក​ដំណើរ ហើយ​ថែមទាំង​សម្រួល​ដល់​ការ​ឃ្លាំង​មើល​នូវ​បាតុភាព​អសន្តិសុខ​សង្គម​ទៀតផង។ លោក​ថា៖ «ពេល​សមា​ជិក​ណា​មាន​បញ្ហា យើង​ទាក់ទង​ជួយ​គ្នា ពេលខ្លះ​យើង​ដើរតួនាទី ដូច​ប៉ូលិស​ដែរ ទាក់ទង​គ្នា​ស្ទាក់​ពួកចោរ ឆក់​​កាបូប និង​ចោរ​ប្លន់​ផងដែរ»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ សមា​ជិក​សមា​គម​រប​ស់លោ​កជាង ១ ពាន់​នាក់ បាន​កំពុង​ប្រើប្រាស់​វិទ្យុទាក់ទង​នេះ។ លោក​ថា លោក បាន​ទិញ​កា​ណា​ល់ និង ID វិទ្យុ​ទាក់​ទង ពី​ទីតាំង​លក់​វិទ្យុ ទាក់ទង​នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង រាជធានី​ភ្នំពេញ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​ត្រឹម​ត្រូវ ដែល​មានន័យថា វិទ្យុទាក់ទង​ទាំងនេះ ស្របច្បាប់​ទៅហើយ មិនចាំបាច់​ត្រូវដាក់​ពាក្យ​ទៅ​ក្រសួង​ទូរ​គមនា​គមន៍ ឬ​ប្រៃ​សណីយ៍​ទៀត​នោះទេ។

លោក វន់ ពៅ បាន​ថ្លែងថា៖ «សមាគម​របស់ខ្ញុំ មាន​ក្រមសីលធម៌​ច្បាស់លាស់ គឺ​មិន​បង្ក​នូវ​ភាពអនាធិបតេយ្យ​ឡើយ ហើយ​វិទ្យុទាក់ទង អាច​ឲ្យ​សមាជិក​យើង​ជួយ​គ្នា​បាន។ បើ​អាជ្ញាធរ​ដោះ ស្រាយ​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស ម្ល៉េះះ​យើង​ទៅរក​អាជ្ញាធរ​ហើយ​ពេល​មានបញ្ហា។ ក្នុងនាម​សង្គម​ស៊ីវិល យើង​មិន​ប្រព្រឹត្ត​ខុសច្បាប់​ទេ តែ​ក្រសួង​ក៏​គួរបើកទូលាយ សម្រាប់​ការស្នើសុំ​ប្រើប្រាស់​ឲ្យ​ស្របច្បាប់​នេះដែរ»៕

You might also like More from author

Comments are closed.