តារា​លេង​ដើម​ទ្រូង ប៊ុន ផៃលីន ប្រកាស​ដក​ខ្លួន​ពី​សិល្បៈ

2
Cambodia Website Design

ភ្នំពេញ: ដំណើរ​​​លើ​វិថី​សិល្បៈ​ក្រៅពី​ជាប់​​ឈ្មោះ​​ជា​តារា​ចូលចិត្ត​សម្ញែង​ដើម​ទ្រូង​ព្រម​ទាំង​រឿង​អាស្រូវ​ស្នេហ៍​ និង​ស្នេហា​ត្រីកោណ​តារាចម្រៀង​ និង​សម្តែង​វិវត្ដ​ខ្លួន​ចេញ​ពី​កម្មការិនី​រោងចក្រ កញ្ញា ប៊ុន ផៃលីន នៅ​មិន​បាន​បន្សល់​ទុក​ស្នាដៃ​មួយ​ទុក​ជា​ដុំ​កំភួន​សម្រាប់​បង្អួត​កូនចៅ​ទៅ​​ថ្ងៃ​អនាគត​នោះ​ឡើយ​ទេ។

ពេល​នេះ​នាង​ក៏​ប្រកាស​ដក​ខ្លួន​ថយ​ពី​សិល្បៈ​​​​ទាំង​ពាក្យ​សម្ដី​​បែប​ខែងរ៉ែង​ថា «ផៃលីន ឈប់​ចង់​​ល្បី​ឈ្មោះ​ហើយ​ក៏​ឈប់​ចង់​ឲ្យ​ចេញ​មុខ​នៅក្នុង​ទំព័រ​កាសែត​ទៀត​ដែរ​»។

រំឭក​ពី​ឈ្មោះ ប៊ុន ផៃលីន ត្រូវ​បាន​អណ្តែត​លើ​វិថី​សិល្បៈ​តែ​មួយ​ប៉ប្រិច​ភ្នែក​ខណៈ​តារា​ស្រី​មាន​ពន្លឺ​ក្នុង​សិល្បៈ​ដែល​​ចាប់ផ្តើម​​​ពី​ក្លិប​រាត្រី​ក្រោយ​វិវត្ដ​​ខ្លួន​ចេញ​​ពី​ជីវិត​កម្មការិនី​​រោងចក្រ​​ដែល​រសាត់​​ចេញ​ពី​ស្រុក​​កំណើត​​ខេត្ត​តាកែវ​រូប​នេះ​បង្ហាញ​ភាព​ក្លាហាន​បញ្ចេញ​សាច់​ដើមទ្រូង​ស្ទើរ​លេច​កេរ្តិ៍​ម៉ែ​ចែក​ហើយ​​ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​ចុះ​ផ្សាយ​ជា​ហូរហែ។

Cambodia Website Design

បន្ត​ពី​ភាព​ភ្ញាក់ផ្អើល​ចំពោះ​ការ​សម្ញែង​​សាច់​ដើមទ្រូង​នោះ​ស្រីស្រស់​ ផៃលីន កំណើត​កើត​ចេញ​ពី​ដី​ជនបទ​ខេត្ត​តាកែវ​ល្បី​ងំ​ពេញ​ថ្នាល​សិល្បៈ​​​ពី​រឿង​អាស្រូវ​ស្នេហ៍​ និង​ក៏​ធ្លាប់​ត្រូវ​បាន​ស្រ្តី​ម្នាក់​ប្រកាស​ធ្វើ​សង្គ្រាម​ស្នេហ៍​ដោយ​ចោទ​ថា​នាង​​បាន​​ដណ្តើម​​ប្តី​ខ្លួន​​។

ប៉ុន្តែ​សង្គ្រាម​ស្នេហ៍​ដែល​​​ប្រើ​​សម្ដី​​អាវុធ​មួយ​​ប្រាវ​នោះ​ក៏​រលត់​សូន្យ​ដោយ​ឯកឯង​ខណៈ​កញ្ញា ប៊ុន ផៃលីន ក៏​ប្រកាស​ដក​ខ្លួន​ហើយ​​ងាក​យក​សម្រស់​ដើមទ្រូង​នេះ​ទៅ​បង្អួត​ឲ្យ​បុរស​អាណិកជន​អូស្រ្តាលី​មើល​វិញ​ម្តង​។

យ៉ាង​ណា​ពេល​នេះ​ដោយ​ហាក់​ស្ងប់​គ្រប់​រឿង​នាង​បែរ​ជា​ប្រាប់​ថា៖ «ពេល​នេះ​អ្វីៗ​ដូចជា​ស្រប​គ្នា​»។ នាង​បញ្ជាក់​ថា៖ «ស្នេហា​ជាមួយ​បុរស​​អាណិកជន​ដែល​ល្បី​មុន​នោះ​ក៏​រលត់​អស់​ហើយ​ដែរ​ពេល​នេះ​នៅ​ខ្លួន​មួយ​គ្មាន​ជាប់​ជំពាក់​អ៊ីចឹង​ទៅ​ដូចជា​ធូរ​ខ្លួន​»។

នាង​បាន​អះអាង​ថា​មិន​បាច់​ទៅ​ខំប្រឹង​ការងារ​សិល្បៈ​ថត​សម្តែង​ហាល​ខ្យល់​ហាល​ភ្លៀង​នៅ​ច្រៀង​តែ​មួយ​មុខ​ក៏​រក​ចំណូល​ច្រើន​គួរសម​មិន​ក្រោម​បី​ពាន់​ដុល្លារ​ដែរ​ក្នុង​មួយ​ខែ​នោះ។

ស្រីស្រស់ ប៊ុន ផៃលីន លើក​ឡើង​ថា​ជាង​កន្លះ​ឆ្នាំ​នេះ​នាង​មិន​ចង់​ចេញ​មុខ​ចេញ​មាត់​ទេ​ចាំ​តែ​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​បាន​ប្រាក់​ច្រើន​ទៅ​ហើយ​។ ដោយឡែក​ការងារ​សិល្បៈ​មិន​ចង់​ទទួល​ទេ​នៅ​ត្រឹម​តែ​ច្រៀង​ក្នុង​ក្លិប​មួយ​ក៏​គ្រប់​ដែរ​។

ជាមួយ​សម្ដី​បង្ហាញ​ពី​ចំណី​នៅ​ឆ្ងាយ​ពី​ដៃ​បាន​ម្តងៗ​ទើប​ស៊ី​ពេញ​មាត់​នោះ​អតីត​កម្មការិនី​វ័យ​ជាង​ ២០ ​ឆ្នាំ​រូប​នេះ​បាន​បន្ដ​​ថា៖ «ឆ្នាំ​ក្រោយ​ខ្ញុំ​មាន​គម្រោង​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​ហើយ​ក៏​សង្ឃឹម​ខ្លាំង​ថា​ទៅ​ដល់​ទី​នោះ​នឹង​រក​ប្រាក់​​បាន​ច្រើន​ស្តារ​ឱកាស​ខាតបង់​ពេលវេលា​កន្លង​​មក​នៅ​សម្ងំ​ដេក​ស៊ី​នេះ​បាន​»។

នាង​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា៖ «ពេល​នេះ​ការ​សម្ដែង​​សិល្បៈ​ក្នុង​ស្រុក​ក៏​មិន​ចង់​ដែរ​ជាពិសេស​ការងារ​សម្តែង​បើ​ឲ្យ​ទៅ​ថត​មួយ​ម៉ោង​មិន​ទាន់​ទេ​ខ្ញុំ​នឹង​ដួល​សន្លប់​ហើយ​។ ជាមួយ​គ្នា​នេះ​គិត​ថា​ដក​ថយ​ហើយ ហើយ​ក៏​​លែង​ចង់​ចេញ​មុខ​ក្នុង​កាសែត​ដែរ​មាន​តែ​រឿង​អាស្រូវ​​ឈ្មោះ​មិន​ល្អ​ថ្ងៃ​ណា​បាន​ចេញ​ទៅ​ច្រៀង​​ក្រៅ​ក៏​ថ្ងៃ​នោះ​ទៅ​»៕

You might also like More from author

Comments are closed.