រដ្ឋាភិបាល​គ្រោង​ប្ដូរ​ទីតាំង​សាកលវិទ្យាល័យ​ ​ភូមិន្ទ​ វិចិត្រ​សិល្បៈ

0
Cambodia Website Design

ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឲ្យ​ដឹងថា​រដ្ឋាភិបាល​គ្រោង​នឹង​ប្តូរ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ទៅ​ក្បែរ​វត្ត​កៀនឃ្លាំង សង្កាត់​ជ្រោយចង្វារ​លើ​ទំហំ​ដី ៤ ហិកតា​ស្រប​ពេល​ដែល​ទីតាំង​ចាស់​នឹង​ត្រូវ​យក​ទៅ​ខាង​សារមន្ទីរ​ជាតិ​ដើម្បី​លើក​កម្ពស់​អត្តសញ្ញាណ​វប្បធម៌​ជាតិ​ខ្មែរ។

ការ​អះអាង​នេះ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​បន្ទាប់ពី​ជំនួប​រវាង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី ៧ របស់​រដ្ឋសភា​ជាមួយ​នឹង​តំណាង​ក្រសួង​វប្បធម៌​ដើម្បី​បកស្រាយ​លើ​កង្វល់​មហាជន និស្សិត និង​លោកគ្រូ អ្នកគ្រូ ដែល​បារម្ភ​ពី​ការ​ដោះដូរ​ ឬ​ប្តូរ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​លោក ថៃ នរៈសត្យា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ជុំវិញ​ការ​សម្រេច​ប្តូរ​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នេះ​គឺជា​ការ​គិត​ដ៏​ត្រឹមត្រូវ និង​ជា​ផ្លូវការ​តែ​លោក​បដិសេធ​ជុំវិញ​កាលបរិច្ឆេទ​នៃ​ការ​ផ្លាស់ប្តូរ​ពិតប្រាកដ​រហូត​ដល់​មាន​ពិធី​បញ្ចុះ​បឋម​សិលា​ទីតាំង​ថ្មី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្បែរ​វត្ត​កៀនឃ្លាំង​ក្នុង​ទំហំ​ដី ៤ ហិកតា​ក្នុង​សង្កាត់​ជ្រោយចង្វារ។

Cambodia Website Design

លោក​ថា៖ «ទីនេះ (ទីតាំង​បច្ចុប្បន្ន) នឹង​ថែរក្សា​មិន​ឲ្យ​បាត់បង់​មួយ​ចម្រៀក​ណា​ទៅ​ដៃ​ឯកជន​នោះ​ទេ​គឺ​ស្ថិត​នៅ​តែ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ​សូម​ឲ្យ​ទាំងអស់​គ្នា​ទាំង​អ្នក​សារព័ត៌មាន និង​សាធារណជន​បាន​ត្រជាក់​ចិត្ត​ចិត្ត​ចុះ»។

លោក ថៃ នរៈសត្យា បាន​ឲ្យ​ដឹង​ថា​តាម​ការ​គ្រោង​ទីតាំង​សាកលវិទ្យាល័យ​បច្ចុប្បន្ន​នឹង​ត្រូវ​បន្ត​ទុក​ជា​សម្បត្តិ​រដ្ឋ​ដើម្បី​ពង្រីក​សារមន្ទីរ​ជាតិ​បង្ហាញ​ពី​វប្បធម៌​ជាតិ​ឲ្យ​កាន់តែ​ទូលំ​ទូលាយ។

លោក​ថា៖ «យើង​ចង់​ពង្រីក​ទីតាំង​នេះ​ប្អូន​មើល​ខាង​មុខ​នោះ​គឺ​សារមន្ទីរ​ជាតិ​ដែល​ជា​ព្រះរាជាណាចក្រ​អច្ឆរិយ​មហាអំណាច​វប្បធម៌​គួរ​នៅ​ប៉ុណ្ណឹង​ទេ​គួរ​នៅ​តូច​ច្រមក់​អ៊ីចឹង​ទេ​បើសិន​យើង​អាច​ធ្វើឲ្យ​ទៅ​ជា​ធំ​បាន​ល្អ​បាន​មាន​សោភណភាព​ជាង​នេះ​បាន​វា​ស័ក្តិសម​នឹង​ទឹកដី និង​កេរ្តិ៍ឈ្មោះ​​របស់​ប្រទេស​យើង​នៅលើ​ពិភពលោក»។

ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ឲ្យ​ដឹង​ដែរ​ថា​ក្នុង​ជំនួប​បកស្រាយ​នេះ​ភាគី​ក្រសួង និង​​សាកលវិទ្យា​ធិការ​សាលា​បាន​បង្ហាញ​នូវ​ផែនការ​នៃ​ការ​ផ្លាស់ប្តូរ​ទីតាំង​រួម​ជាមួយ​នឹង​សមិទ្ធផល​ការងារ​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​ហើយ​លោក​នឹង​ប្រមូល​ផ្តុំ​នូវ​ព័ត៌មាន​ទាំង​នេះ​ដើម្បី​សិក្សា​បន្ថែម​លើ​រឿង​នេះ​មុន​នឹង​កំណត់​ថា​តើ​ការ​ផ្លាស់ប្តូរ​នេះ​បង្ក​ផលប៉ះពាល់ ឬ​ក៏​ផ្តល់​ប្រយោជន៍​ច្រើន​ជាង?

លោក​ថា៖ «យើង​នឹង​សិក្សា​បន្ថែម​ទៅលើ​អំណាច​នីតិប្រតិបត្តិ​ដែល​ជា​អ្នក​រៀបចំ​គម្រោង និង​ផែនការ​ទាំង​នេះ​មុន​នឹង​វាយតម្លៃ។ យើង​នឹង​ធ្វើ​ការងារ​នេះ​ដោយ​ឈរ​លើ​ផលប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ហើយ​នឹង​បន្ត​តាមដាន​ដូច​អ្វី​ដែល​ក្រសួង​វប្បធម៌​អះអាង​ថា​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឯកជន​នោះ»៕

You might also like More from author

Comments are closed.