សមត្ថកិច្ច​ចុះ​ឆែក​ផ្ទះ​ជួល​ ១ ​រកឃើញ​ក្មេង​ចំនួន ២២ ​នាក់

2
Cambodia Website Design

ភ្នំពេញៈ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ចុះ​ឆែកឆេរ​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ភូមិ​ដើមចាន់ សង្កាត់​ច្បារអំពៅ ២ បាន​រកឃើញ​កុមារា​កុមារី​ដែល​មាន​អាយុ​ពី ៦ ឆ្នាំ ដល់ ១៦ ឆ្នាំ​ចំនួន ២២ នាក់​ដែល​ត្រូវ​បាន​គេ​ប្រើ​ឲ្យ​​ដើរ​លក់​នំ​ចំណី​សណ្ដែក​ដី ផ្លែឈើ​ និង​គ្រឿង​ម្ជូរ​តាម​ដងផ្លូវ និង​ហាង​ផឹកស៊ី​ក្នុង​រាជធានី​ភ្នំពេញ។

លោក សុខ សាវន នាយរង​ប៉ុស្តិ៍​សង្កាត់​ច្បារអំពៅ​២​ដែល​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ក្រោយ​ការ​ឆែកឆេរ​សមត្ថកិច្ច​បាន​​​នាំ​ខ្លួន​ក្មេងៗ​ទាំងនោះ​រួម​ទាំង​បុរស-ស្ត្រី​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​ជា​អ្នក​ជួល​ផ្ទះ​ស្នាក់នៅ​ និង​​គ្រប់គ្រង​លើ​ក្មេងៗ​ទាំងនោះ​យក​ទៅ​​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរមនុស្ស និង ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម។

លោក សាវន បន្ត​ថា៖ «ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នោះ​ទំនង​ជា​ត្រូវ​ជាប់​សង្ស័យ​ពី​បទ​រំលោភ​បំពាន​ និង​កេង​ប្រវ័ញ្ច​លើ​កម្លាំង​​​ពលកម្ម​កុមារ​បើ​ទោះ​ជា​នៅ​កន្លែង​​កើតហេតុ​ពួកគេ​បាន​ឆ្លើយ​ដោះសា​ថា​ប្រាក់​មួយ​​ចំនួន​ដែល​​ចំណេញ​ពី​ការ​លក់​នំចំណី ផ្លែឈើ សណ្ដែកដី និង​គ្រឿងម្ជូរ បាន​យក​ទៅ​ចែក​ឲ្យ​កុមារ​ទាំងនោះ​ដើម្បី​សន្សំ​ទុក​ពេល​ត្រឡប់​ចូល​បវេសនកាល​វិញ»។

Cambodia Website Design

បើ​តាម​ការ​អះអាង​របស់​លោក សាវន ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ខេន វ៉ាន់ថៃ អាយុ​ ៣០ ឆ្នាំ និង​បុរស​ជា​ប្ដី​ឈ្មោះ ជា សាឌី អាយុ​ ២៨ ​ឆ្នាំ។ ពួកគេ​ទាំង​ពីរ​នាក់​រួម​ទាំង​កុមារា​កុមារី​ទាំង​ ២២ ​នាក់​នោះ​គឺជា​អ្នក​ធ្វើ​ចំណាក​ស្រុក​មកពី​ខេត្ត​ព្រៃវែង​ និង​ខេត្ត​កណ្ដាល​។

ទោះ​ជា​បែប​ណា​ក្ដី​​ នៅ​ល្ងាច​​ម្សិលមិញ​ លោកស្រី ណា នាង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ក្រោយពី​ការ​សាកសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង​សមត្ថកិច្ច​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​ពី​បទ «ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ការ​សិក្សា​​របស់​កុមារ» តាម​​មាត្រា​ ៣៣៩ ​នៃ​ក្រម​ព្រហ្មទណ្ឌ។ យោង​តាម​មាត្រា​ ៣៣៩ ​នេះ​ជន​​សង្ស័យ​ទាំង​ពីរ​អាច​នឹង​ប្រឈម​ការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​ ២ ឆ្នាំ ទៅ​ ៥ ​ឆ្នាំ។

លោកស្រី ណា នាង បន្ត​ថា​យោង​តាម​ការ​តាមដាន​ឃ្លាំ​មើល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​និង​ការ​ធ្វើ​បទសម្ភាស​ផ្ទាល់​ជាមួយ​កុមារ​រងគ្រោះ​ទាំង​នោះ​ប្ដី​ប្រពន្ធ​ទាំង​​ពីរ​នាក់​បាន​ឲ្យ​ពួកគេ​ធ្វើការ​ចាប់ពី​ម៉ោង​ ៦ ល្ងាច​រហូត​ដល់​ម៉ោង​ ៣ ទៀបភ្លឺ ឬ​ពេល​ខ្លះ​រហូត​ដល់​ម៉ោង​ ៥ ភ្លឺ​ក៏​មាន និង​ផ្ដល់​អាហារ​មួយ​ពេល​គឺ​ពេល​ល្ងាច​ចំណែក​ពេល​ព្រឹក​ និង​ពេល​ថ្ងៃ​ត្រង់​ពួកគេ​ត្រូវ​ដោះស្រាយ​ដោយ​ខ្លួនឯង​ហើយ​កន្លែង​ស្នាក់នៅ​ពួកគេ​តូច​ចង្អៀត។ «ទាំង​លក្ខខណ្ឌ​ការងារ​ និង​ទីស្នាក់​អាស្រ័យ​បង្ហាញ​ថា​កុមារ​ទាំងនេះ​ត្រូវ​បាន​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​រំលោភបំពាន​ និង​កេង​ចំណេញ​លើ​កម្លាំង​ពលកម្ម​របស់​ពួកគេ​យ៉ាង​ពិតប្រាកដ»។

នៅពេល​នេះ​ប្ដី​ប្រពន្ធ​ទាំង​​ពីរ​ត្រូវ​​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ការិយាល័យ​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក្រសួង​មហាផ្ទៃ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​រាជធានី​។ ចំណែក​​កុមារ​រងគ្រោះ​ទាំង​ ២២ នាក់​ត្រូវ​​បាន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​សង្គមកិច្ច​រាជធានី​ដើម្បី​រង់ចាំ​ការ​ធ្វើ​បទសម្ភាស​ជា​បន្ត​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ៕

You might also like More from author

Comments are closed.