ការ​នាំ​ចេញ​ផល​នេសាទ​ធ្លាក់​ចុះ​ ២១%

0
Cambodia Website Design

ភ្នំពេញៈ ការ​នាំ​ចេញ​ទិន្នផល​នេសាទ​សរុប​បាន​ធ្លាក់​ចុះ ២១​ ភាគរយ​ក្នុង​រយៈ​ពេល ៩ ខែ​ដំបូង​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​តួលេខ​ចុង​ក្រោយ​បាន​ពី​ក្រសួង​កសិកម្ម។

យោង​តាម​របាយការណ៍ ការ​នាំ​ចេញ​សរុប​នៅ​ក្នុង​រយៈពេល​ ៩ ខែ​ដំបូង​មាន​ចំនួន ៧ ១០០ តោន​បើ​ធៀប​នឹង ៩ ០០០​តោន​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។ នៅ​ក្នុង​ចំនួន​នោះ ផលិតផល​នេសាទ​កែច្នៃ​មាន​ចំនួន ៣ ៧០០ ​តោន​បាន​ធ្លាក់​ចុះ ២៦​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក មិញ ប៊ុនលី អ្នក​សម្រប​សម្រួល​កម្ម​វិធី​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធន​ជល​ផល (Fact) ថ្លែង​ថា ទំនប់​វារី​អគ្គិសនី​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​កម្រិត​ទឹក​ទាប​នៅ​ផ្នែក​ខាង​ក្រោម ហើយ​ការ​នេសាទ​ខុស​ច្បាប់​ជា​បញ្ហា​ផង​ដែរ។

Cambodia Website Design

លោក​ថ្លែង​ថា៖ «ទឹក​មិន​អាច​ចូល​ដល់​ព្រៃ​ត្រី​ពង​ដែល​ត្រី​ធ្លាប់​បង្កាត់​ពូជ វា​គឺជា​លទ្ធ​ផល​ដោយ​សារ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី»។

លោក មិញ ប៊ុនលី ថ្លែង​ថា ការ​ធ្លាក់​ចុះ​ការ​នាំ​ចេញ​ត្រី​នឹង​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​អ្នក​ប្រកប​របរ​នេះ។ លោក​បញ្ជាក់​ថា៖«វា​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​អ្នក​នេសាទ​ព្រម​ទាំង​សង្គម​ដោយ​សារ​តែ​ប្រាក់​ចំណូល​របស់​ពួក​គេ​ត្រូវ​ពឹង​លើ​ការ​នេសាទ»។

ការ​នាំ​ចេញ​ត្រី​ភាគ​ច្រើន​ទៅ​ប្រទេស​ថៃ វៀតណាម ព្រម​ទាំង​ចិន។

អ្នក​ស្រី ជៀប មឿន អាយុ​៥៨​ឆ្នាំ ជា​អាជីវករ​លក់​ត្រី​រស់នៅ​ឃុំ​កំពង់ហ្លួង ខេត្ត​ពោធិ៍សាត់​ បាន​ថ្លែង​ថា នៅ​ខែ​នេះ​អ្នក​ស្រី​អាច​ប្រមូល​ត្រី​ប្រហុក​ពី៤​ដល់​៥​តោន​ប៉ុណ្ណោះ បើ​ធៀប​នឹង​ឆ្នាំ​មុន នៅ​ក្នុង​រយៈពេល​ដូច​គ្នា អ្នក​ស្រី​អាច​ធ្វើ​ត្រី​ប្រហុក​បាន​ប្រហែល​ ៥០​ តោន។

អ្នក​ស្រី​លើក​ឡើង​ថា៖ «នៅ​ឆ្នាំ​នេះ​ខ្ញុំ​អាច​ទិញ​ត្រី​បាន​តែ ​៥០​ ភាគរយ​តិច​ជាង​កាល​ពី​ឆ្នាំ​មុន»។

អ្នក​ស្រី​បន្ត​ថា៖ «ខ្ញុំ​ពិតជា​បារម្ភ ខ្ញុំ​មិន​អាច​រក​ប្រាក់​ចំណេញ​នៅ​ពេល​ខ្វះ​ត្រី​ដោយ​សារ​តែ​ប្រាក់​ចំណូល​គ្រួសារ​ខ្ញុំ​បាន​ពឹង​លើ​ត្រី»៕

You might also like More from author

Comments are closed.