លោក កឹម សុខា ត្រូវ​បាន​ទម្លាក់​ពីអនុប្រធាន​ទី​១នៃ​រដ្ឋសភា​ដោយសំឡេង​៦៨លើ៦៨​

Cambodia Website Design

លោក កឹម សុខា ត្រូវបានរដ្ឋសភា​នៅព្រឹកថ្ងៃសុក្រនេះ​សម្រេចបោះឆ្នោតទម្លាក់​ចេញពីតំណែង​ជាអនុប្រធានទីនៃ​រដ្ឋសភា ដោយសំឡេង​៦៨លើ៦៨ សុទ្ធតែ​ជា​តំណាងរាស្រ្តមក​ពី​​គណបក្សប្រជាជនកម្ពុជា។​

នៅព្រឹកថ្ងៃសុក្រនេះ ពុំមានតំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​ណាមួយ​ចូលរួមប្រជុំសភាពេញអង្គនោះទេ។​ លោក ហេង សំរិន បានប្រកាស​ថាការដកតំណែង​របស់អនុប្រធានទី​១នៃ​រដ្ឋសភាត្រូវធ្វើឡើង​ក្នុងសំឡេង​៥០ភាគរយបូក១តែប៉ុណ្ណោះ បើ​តាម​​បទបញ្ជាផ្ទៃក្នុងនៃ​រដ្ឋសភា។​

វីអូឌី(VOD)មិនទាន់អាចសុំការឆ្លើយតបភ្លាមៗពីលោក កឹម សុខា ដែលកំពុងស្នាក់នៅប្រទេស​ថៃ​បាននៅឡើយទេ។ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ប្រមាណ​ពាក់កណ្តាល​កំពុងស្នាក់នៅក្រៅប្រទេស។

Cambodia Website Design

ការបោះឆ្នោតទម្លាក់នេះធ្វើឡើងតាម​ញត្តិរបស់​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជាពីររូប គឺ​លោក ប៉ែន បញ្ញា ជាប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងលោក ជាម យៀប ជាប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិង​សវនកម្ម​នៃ​រដ្ឋសភា​និង​ធ្វើឡើង​បន្ទាប់ពីមានការធ្វើបាតុកម្ម​ពីប្រជា​ពលរដ្ឋ​រាប់ពាន់នាក់​ដែល​គាំទ្រគណបក្ស​ប្រជាជនកម្ពុជា កាលពីថ្ងៃទី​២៦ខែតុលា ទាម​ទារ​ឲ្យ​រដ្ឋសភាទម្លាក់​លោក កឹម សុខា ពីតំណែង​ ដោយ​ចោទ​លោក កឹម សុខា ថា​ជា”មនុស្ស​ពិសពុល ក្រឡិចក្រឡុង”។​

បើ​តាមញត្តិចុះថ្ងៃទី​២៨ខែតុលា ​លោក កឹម សុខា “បាន​ប្រព្រឹត្ត​ផ្ទុយពី​បទប្បញ្ញត្តិ​ដែលមាន​ចែង​នៅក្នុងរដ្ឋធម្មនុញ្ញ​នៃព្រះរាជា​ណាចក្រកម្ពុជា បទបញ្ជាផ្ទៃក្នុងនៃ​រដ្ឋសភានិងច្បាប់​ស្តីពីលក្ខន្តិកៈ​តំណាងរាស្រ្ត”។​ ញត្តិ​បន្ត​ថា៖ “នៅពេលចុះមូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ​ឬ​សមាជិកខ្លួនឬ​ទៅ​បរទេស​ក្នុង​លក្ខណៈ​ឯកជន ឯកឧត្តម កឹម សុខា តែង​តែឆ្លៀតពេល​ប្រើសិទ្ធិ​ជា​អនុប្រធាន​ទី១នៃ​រដ្ឋសភា រំលោភ​លើ​រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុ​ង​នៃ​រដ្ឋសភានិង​ច្បាប់​ជាធរមាន​ផ្សេងៗទៀត”។ ញត្តិ​បន្ថែម​ថា​លោក កឹម សុខា បាន​រំលោភលើកិច្ច​ព្រមព្រៀង​ថ្ងៃទី​២២ខែកក្កដា ឆ្នាំ​២០១៥និងសេចក្តីថ្លែងការណ៍រួម​រវាងថ្នាក់ដឹកនាំតំណាងរាស្រ្ត​នៃ​គណបក្ស​​ទាំ​ងពីរ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥។

តំណាងរាស្រ្ត​ពីររូបនោះ​បាន​សរសេរនៅក្នុងញត្តិថា​លោក កឹម សុខា បាន​”វាយប្រហារ​ ជេរប្រមាថ​ ជា​បន្ត​បន្ទាប់​ មកលើគណបក្ស​និងថ្នាក់ដឹកនាំ​គណបក្សប្រជាជជនកម្ពុជា​ ផ្ទុយនឹង​គោលការណ៍​នៃ​វប្បធម៌សន្ទនារ វាងគណបក្ស​ទាំងពីរ…ញុះញង់​បញ្ហាព្រំដែន​ ព្រមទាំង​បញ្ឆេះ​នូវគំនុំ​ជាតិសាសន៍ ជាមួយប្រទេស​ជាតិខាង បង្កឲ្យ​មាន​ចលាចល​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទំនៀមទម្លាប់​ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ​ និងដល់សន្តិសុខ​ជាតិ ធ្វើសកម្មភាព​ឃោសនា​ ញុះញង់​ បំបែក​បំបាក់​ បង្កអស្ថិរភាព​ក្នុងសង្គមជាតិ”។ តំណាងរាស្រ្តទាំងពីរ​យល់ថា​៖ “ទង្វើទាំងអស់នេះ មិនស័​ក្តិសម​ជាថ្នាក់ដឹកនាំរបស់ស្ថាប័នកំពូល​នៃប្រទេសឡើយ ហេតុនេះ​ហើយ​បាន​ជា​ប្រជា​ពលរដ្ឋ​រាប់ពាន់នាក់ ប្រមូលផ្តុំគ្នាធ្វើបាតុកម្ម និងដាក់ញត្តិ​ទាម​ទារ​ឲ្យ​ដកតំណែង​ជា​អនុប្រធានទី​១នៃរដ្ឋសភា ពី​ឯកឧត្តម​កឹម សុខា ដើម្បីរក្សា​នូវសន្តិសុខ សណ្តាប់ធ្នាប់​សង្គម និងរបៀបរៀបរយសាធារណៈ ដែលជាមូលដ្ឋាន​គ្រឹះសម្រាប់ការអភិវឌ្ឍ​ប្រទេស​ជាតិ”

តំណាងរាស្រ្ត​ដែល​ដាក់ញត្តិនោះ​អះអាង​ថា​ប្រជា​ពលរដ្ឋជាង​៥ពាន់នាក់នៅភ្នំពេញ ជិត​២ម៉ឺននាក់​នៅខេត្តកំពង់​ចាម​ ជាង​១ម៉ឺននាក់នៅខេត្តត្បូងឃ្មុំ ​ជាង​១ម៉ឺន៥ពាន់នាក់នៅខេត្ត​បន្ទាយមានជ័យ​ និង​ជាង១ម៉ឺន៨ពាន់នាក់​នៅខេត្តស្វាយរៀង បានគាំទ្រ​ញត្តិ​ដកលោក​ កឹម សុខា​ ពីតំណែង។​

គួរ​បញ្ជាក់​ថា​តំណែង​ជា​អនុប្រធានទី១នៃ​រដ្ឋសភា លោក កឹម សុខា បាន​ទទួល​តាមរយៈ​កិច្ច​ព្រម​ព្រៀង​នយោបាយ​​មួយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្ក្រោះ​ជាតិកាលពីថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០​១៤។ បន្ថែមពីនេះ គណបក្ស​សង្រ្គោះជាតិ​បាន​ទទួលតំណែង​ជា​​ប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន​៥​នៃ​រដ្ឋសភា។ លោក​ កឹម សុខា ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ធ្វើ​ជាអនុប្រធាន​ទី​១នៃ​រដ្ឋសភានេះ កាលពីថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៤។

គួរ​បញ្ជាក់​ថា​បាតុកម្មទាមទារ​ឲ្យ​ដកតំណែង​របស់លោក​ កឹម សុខា កើតឡើងមួយថ្ងៃ​បន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេស​បារាំង​ កាលពីល្ងាចថ្ងៃ​ទី​២៥ខែតុលា។ ពីប្រ​ទេស​បារាំង ​ក្នុពិធី​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ខ្មែរ​នៅ​ទី​នោះ​ លោក ហ៊ុន សែន បានថ្លែង​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​នៅ​បារាំងគឺ​ជាសិទ្ធិ​ប្រ​ជាពល​រដ្ឋ ហើយ​លោក​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​ កឹម សុខា ​ក៏​ជា​សិទ្ធិ​របស់​ប្រ​ជាពល​រដ្ឋ​ដូច​គ្នា។ លោក​បន្ត​ថាបាតុកម្មនេះ​អាច​នឹង​ឲ្យ​លោក កឹម សុខា ធ្លាក់ពីតំណែង។ លោក​មានប្រសាសន៍ថា​៖“បើលេងកុំ​ខឹង​ បើ​ខឹ​ងកុំ​លេង បើ​ស្អែក​គេ​លេង​នៅ​ភ្នំពេញ​វិញ កុំ​ខឹង​នឹង​គេ ហើ​យ​លេង​ហ្នឹង​ប្រ​ហែល​ជា​អស់​តំ​ណែង​អនុប្រ​ធាន​សភាទៀត”៕ ​

You might also like More from author

Comments are closed.