ភាពយន្ដ​ដឹកនាំ​ដោយ​ ជោលី ត្រៀមថតនៅ​សៀមរាបពី​ថ្ងៃទី ១២ ខែ​វិច្ឆិកា​

Cambodia Website Design

សៀមរាប: ខ្សែភាពយន្ដ «ដំបូងខ្មែរក្រហម​សម្លាប់​ប៉ា​​ខ្ញុំ: ការចងចាំ​របស់កុមារីម្នាក់» ដែល​ផ្ដោតលើ​ជីវិត​ពិត​របស់ជន​រស់រាន​ពីរ​បប​ខ្មែរក្រហម​នៅ​​កម្ពុជា​នឹង​ចាប់ផ្តើម​ថត​នៅ​ខេត្តសៀមរាប​នា​ខែ​ក្រោយ​ រួច​​បន្ដថត​ក្នុងខេត្តបាត់ដំបង​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ ២០១៦­។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ចៀប​ សុវិជ្ជានាយក​នៃ​ក្រុមគណៈក​ម្មាធិ​ការ​ភាពយន្ដ​ខ្មែរ (Cambodia Film Commission) នៅក្នុង​ជំនួប​ជាមួយ​​អភិបាល​ខេត្ត​សៀមរាប​លោក​ ឃឹម ​ប៊ុនសុង ​ដើម្បី​ពិភាក្សា​ស្វែងរកជំនួយ​​ពី​អាជ្ញាធរខេត្ត​ដើម្បីឲ្យ​​ប្រាកដថា​ការផលិត​ខ្សែភាពយន្ដប្រព្រឹត្ដទៅ​យ៉ាង​រលូន។

លោក​ថា ៩០ ភាគរយ​នៃទីតាំង​ដែល​ត្រូវថតភាពយន្ដ​នេះ​គឺ​នៅ​ក្នុង​ខេត្ដសៀមរាបនិង​ទីតាំង​មួយ​ចំនួនទៀតនឹងត្រូវ​ថតក្នុង​ខេត្ត​បាត់ដំបង។ លោក ចៀប សុវិជ្ជា បាន​​បន្ដថា៖« ខ្សែភាពយន្ដ​នេះ​នឹង​ចាប់ផ្តើម​ថត​នៅ​ខេត្តសៀមរាប​ពីថ្ងៃ​ទី ១២ ខែវិច្ឆិកា រហូតដល់​ចុងខែ​មករា​ឆ្នាំក្រោយ»។

Cambodia Website Design

ប្រាសាទអង្គរវត្ត ប្រាសាទ​បាយ័ន ផ្លូវ​មួយចំនួន ផ្ទះចាស់ៗ វាលស្រែ នៅក្នុង​ស្រុក​ប្រាសាទ​បាគង ស្រុកបន្ទាយស្រី ស្រុក​ពួក និង​ទេសភាព​តាម​ដងស្ទឹង​សៀមរាប​នឹងត្រូវ​បង្ហាញ​ក្នុង​ខ្សែភាពយន្ដ​នេះ។

លោក​ថ្លែងថា៖ «យើង​បាន​ជ្រើសរើស​ទីតាំងថតរឿងខ្លះៗ នៅ​តាម​ផ្លូវ​មួយចំនួន​និង​តំបន់ប្រាសាទបុរាណ​យើង​បានទទួល​ការយល់ព្រមពីអាជ្ញាធរ​អប្សរា​ដើម្បី​ថត​នៅ​ជិត​តំបន់ប្រាសាទ​ផងដែរ​ ហើយ​នៅថ្ងៃ​នេះ​យើងចង់ស្វែងរក​ជំនួយ​ពី​អាជ្ញាធរខេត្ដ»។

កិច្ចប្រជុំ​កាលពី​ថ្ងៃពុធ​​គឺ​ដើម្បី​ស្វែងរក​ជំនួយ​ពីអាជ្ញាធរនៅ​ដែនដី​ក្នុងការ​ផ្ដល់ដំណឹង​ទៅដល់​ប្រជាជន​និង​ភ្ញៀវទេសចរ​អំពី​ការថត​ភាពយន្ដ ជាពិសេស​នៅពេល​ថត​ឈុត​មួយចំនួន​ដែលមានការ​ផ្ទុះ​គ្រាប់ និង​បាញ់កាំភ្លើងជាដើម។

រីឯ​គោល​បំណង​មួយទៀតគឺ​ស្នើ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ក្នុង​ការ​បិទផ្លូវ​មួយចំនួន​ដែល​ត្រូវ​ថត​ឈុត ខ្មែរក្រហមជម្លៀស​ប្រជាជន​ពី​ទីក្រុង​ភ្នំពេញ​ក្នុងអំឡុង​របបកម្ពុជា​ប្រជាធិបតេយ្យ។

Content image - Phnom Penh Post

ជំនួប​​រវាង​ផលិតករ និង​លោកអភិបាលខេត្ត​​។

លោក​ ឃឹម ​ប៊ុន​សុង បាន​គាំទ្រ​​ការថត​ខ្សែភាពយន្ដ​នៅ​ក្នុង​ខេត្តសៀមរាប ប៉ុន្តែ​លោក​ស្នើសុំ​ឲ្យមានការពិភាក្សា​បន្ថែម​ទៀត​ទៅលើ​ការបិទផ្លូវក្នុងគោលបំណង​ដើម្បី​ចៀសវាង​ការរំខាន​ណាមួយ​ដល់​ភ្ញៀវ​ទេសចរ​ឯទៀត។

លោក​អភិបាលខេត្ត​បាន​​លើក​​ឡើង​ថា​៖ «យើង​ក៏បានទ​ទួល​​ដំណឹង​ពី​ស្ថាប័ន​ជំនាញ​ជូនដំណឹង​មកខេត្ត​ដើម្បី​ឲ្យ​ផ្ដល់​នូវកិច្ច​សហ​ប្រតិបិត្ត​ការ​ជួយ​សម្រួល​ដើម្បីឲ្យ​ក្រុមហ៊ុន​នេះ​ថត​បាន​ជោគជ័យ ​និង​ទទួលបានលទ្ធផល​ល្អ»។

លោក​បន្ដ​ថា៖ «ប៉ុន្តែ​សម្រាប់​ការបិទផ្លូវ​មួយចំនួន​ក្នុងពេល​ថត យើង​ត្រូវ​ដឹង​ជា​មុន​ថា​ផ្លូវណា​ដែល​នឹងត្រូវបិទ​នោះ​​នៅ​ឯណា ពីព្រោះ​ខេត្ត​សៀមរាប​ជាខេត្ដ​មួយ​តូច​និង​ជា​ខេត្ត​ទេសចរណ៍​មាន​ភ្ញៀវទេសចរ​ច្រើន ដូច្នេះ​យើង​​មិន​ចង់ឲ្យ​ប៉ះពាល់​ទៅដល់​អារម្មណ៍​ភ្ញៀវទេសចរនោះទេ»។

លោក​បន្ថែមទៀតថា ​បើ​ទោះ​ជា​ការថត​ឈុតផ្ទុះគ្រាប់បែក​ និង​បាញ់កាំភ្លើង ជា​លក្ខណៈ​សិប្ប​និម្មិត តែ​លោក​ស្នើសុំ​ឲ្យ​ថត​នៅ​តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន ហើយ​អាជ្ញាធរ​នឹង​ផ្ដល់ដំណឹង​ជូន​ពលរដ្ឋ​នៅ​ទីនោះជាមុន។

ជាការ​ឆ្លើយតប​ទៅនឹង​ការ​លើកឡើង​របស់​អភិបាល​ខេត្ដទាក់ទង​នឹង​ទីតាំង​ថត​​ឈុត ផ្ទុះ​​គ្រាប់បែក និង​បាញ់កាំភ្លើង​លោក ​បៀល វីលសិន (Bill Wilson) អ្នក​មើលការ​ខុស​ត្រូវ​ដំណើរការ​ផលិត ​បាន​លើកឡើងថា សៀមរាប​បាន​ក្លាយ​ជាទី​តាំង​ដ៏​សំខាន់ក្នុង​ការថត​ខ្សែភាពយន្ដ​មួយ​នេះ​ដោយសារតែ​ខេត្ត​​នេះ​មាន​ទេសភាព​ច្រើន​សណ្ឋាន​ផ្សេងគ្នាសម្រាប់​ការថត​ភាពយន្ដ​ប្រភេទ​បែប​ដូច្នេះ។

លោក​លើកឡើង​ថា៖ «រឿងនេះ​និយាយ​អំពី​ក្រុម​គ្រួសារមួយ​មកពី​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​សង្គ្រាមខ្មែរក្រហម ហើយ​វា​មាន​ទិដ្ឋភាព​ខុសគ្នាជាច្រើន​ដែល​​គ្រួសារ​នេះ​បាន​ផ្លាស់ប្តូរ​ចុះឡើងក្នុងប្រទេស​​កម្ពុជា​។​សៀមរាប​ផ្ដល់នូវ​ទិដ្ឋភាពដែល​យើង​ត្រូវការ​រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏ល្អ​ផងដែរ»។​

កន្លងមក​មាន​ខ្សែភាពយន្ដ​រៀបរាប់​អំពី​សម័យ​ខ្មែរក្រហម​ច្រើន​​ផលិត​ដោយ​ហូលីវូដ ​រួមទាំងវណ្ណកម្ម​របស់​​លោក ប៉ា​ន់ រិទ្ធី​ ផងដែរ​ ដែលផលិត​រឿង​ទាក់ទង​នឹង​សម័យនោះ។លោក​ បៀល យល់​​ថា៖ «ខ្ញុំ​គិតថា រឿងនេះ​មាន​លក្ខណពិសេសដោយសា​រ​តែ​វា​ផលិត​ចេញពី​ជីវិតរបស់ក្មេង​ស្រីអាយុ ៥ ឆ្នាំ​ម្នាក់។ យើង​បានមើលឃើញ​រឿងរ៉ាវ​ទាំងឡាយ​តាម​រយៈភ្នែកទាំងគូររបស់​នាង ​អ្វី​គ្រប់យ៉ាង​ដែល​នាងឃើញ ​និង​ជួបប្រទះ​ ដូចនេះ​វាគឺជា​វិធី​ថ្មី​មួយ​ដើម្បី​ឲ្យ​យើងរៀបរាប់​ពី​រឿងនេះ»។

ប្រជាជន​កម្ពុជា​ប្រមាណ​ជា ២៥០០ នាក់​នឹងចូលរួមក្នុង​ចង្វាក់​ផលិតកម្ម​នៃ​ភាពយន្ដ «ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ាខ្ញុំ» ដែលដឹក​នាំ​សម្ដែង​ដោយតារា​ហូលីវូដ អេនជឺលីណា ជោលី។ ភាព​យន្ត​នេះ​​គ្រោង​នឹង​​សម្ពោធ​តាម​​ប្រព័ន្ធ​ចែក​ចាយ​​ឌីជីថល​នៅ​ចុងឆ្នាំ ២០១៦ ព្រមទាំង​នឹងត្រូវ​បាន​ដាក់​បញ្ចូល​ក្នុងការ​ប្រកួតដណ្ដើម​យក​ពានរង្វាន់​នៅ​មហោស្រពភាពយន្តល្បីៗ​នៅទូទាំង​ពិភពលោក​៕

You might also like More from author

Comments are closed.