សម្តេច​សខេង ណែនាំ​ដល់​អភិបាលខេត្ត​រាជធានី ត្រូវ​ចាត់វិធានការ​ពង្រឹង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​

Cambodia Website Design

ភ្នំពេញ: ​ក្នុង​លិខិត​ចុះ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ សម្តេច​សខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូវ​បទបញ្ជា ណែនាំ​ទៅកាន់​អភិបាលខេត្ត​រាជធានី​ទាំងអស់ ឲ្យ​ចាត់វិធានការ​ពង្រឹង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ឥស្សរជន​នយោបាយ​នានា​។​

​ក្នុង​លិខិត​នោះ សម្តេច​សខេង បាន​គូសបញ្ជាក់ថា “​ដើម្បី​ចូលរួម​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម សំដៅ​លើកកម្ពស់​ការលើក​ស្ទួយ​ការគោរព​សិទ្ធិមនុស្ស ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ក្រសួងមហាផ្ទៃ​សូម​ណែនាំ​ដល់​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​ជា​ប្រធាណ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី ខេត្ត ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​សមស្រប និង​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ពង្រឹង​ការការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ឥស្សរជន​នយោបាយ​គ្រប់​និន្នាការ អ្នកការទូត និង​ធុរៈជន ដែល​កំពុង​រស់នៅ ឬ​បំពេញបេសកកម្ម​ការងា​រ​នៅតាម​មូលដ្ឋាន​នានា នៅក្នុង​រាជធានី ខេត្ត​របស់ខ្លួន​។ ទន្ទឹមនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ត្រូវខិតខំ​ចាត់ចែង​អនុវត្ត​ការងារ​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាប​សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ សំដៅ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នានា​ក្នុងសង្គម ព្រមទាំង​ខិតខំ​ការពារ​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែលមាន​វត្តមាន​គ្រប់​មូលដ្ឋាន​តាម​រាជធានី​ខេត្ត​នីមួយៗ​”​។​

សេចក្តីណែនាំ​របស់​សម្តេច​សខេង ខាងលើនេះ បានធ្វើ​ឡើង បន្ទាប់ពី​មាន​ហេតុការណ៍​ជន​មួយក្រុម វាយ​លើ​តំណាងរាស្ត្រ ២ រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បន្ទាប់ពី​បាតុកម្ម នៅមុខ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​។ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​សរសេរ​លិខិត​ស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​សខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​បង្កើន​កិច្ចការពារ​សុវត្ថិភាព​របស់​អ្នកតំណាងរាស្ត្រ និង​អ្នកនយោបាយ ក្រោយពី​ព្រឹត្តិការណ៍​ហិង្សា​នោះ​៕

Cambodia Website Design

You might also like More from author

Comments are closed.