តម្លៃ​ផាក​ពិន័យ​ថ្មី​ នៃ​​ច្បាប់​ចរាចរណ៍​ដែល​អ្នក​គួរ​ដឹង

5
Cambodia Website Design

police-sabay01 (2)ច្បាប់ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​ព្រះមហាក្សត្រ​ ទើប​ឡាយ​ព្រះហស្ដលេខា​ កាលពីពេល​ថ្មីៗ ដោយ​ច្បាប់​នេះ មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​លើ​ការ​ផាក​ពិន័យ​ពី​ច្បាប់​ចាស់​ ២០០៧។​

តោះ​ ! អាន​សាក​ល​មើល ក្រែង​ថ្ងៃ​ណា​ភ្លាត់​ស្នៀត​បាន​ដឹង​ខ្លះ​ថា ខុស​បែប​ហ្នឹង​ត្រូវ​ប៉ូលិស​ផាក​អស់​ប៉ុន្មាន៖

​​​មាត្រា​៧៥

Cambodia Website Design

ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៦ ថ្ងៃ​ទៅ ​១​ ខែ និង​ ពិន័យ​ជា​ប្រាក់​ពី ១០០​០០០រៀល (មួយ​សែន​រៀល) ទៅ​ ៨០០ ០០០រៀល (ប្រាំ​បី​សែន​រៀល) ចំពោះ​ជន​ណា​បើកបរ​យានយន្ត​ដោយ​គ្មាន​ប័ណ្ណ​បើក​បរ ឬ​ក្នុង​រយៈពេល​ដែល​ប័ណ្ណ​បើកបរ​ត្រូវ​បាន​ដក​ហូត​ព្យួរ​ទុក ឬ​ទុក​ជា​មោឃៈ លើក​លែង​តែ​ជន​បើកបរ​ទោចក្រយានយន្ត​ ឬ​ត្រីចក្រយានយន្ត។

មាត្រា​៧៦

ជន​ណា​បើកបរ​យានយន្ត មិន​ព្រម​បញ្ឈប់​យានយន្ត​តាម​ការ​បញ្ឈប់​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដើម្បី​ធ្វើ​​​តេស្ត​ពិនិត្យ​ជាតិ​អាល់កុល​ ឬ​ សារធាតុ​ញៀន​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​៦​ថ្ងៃ​ទៅ​ ១ ​ខែ និង ​ពិន័យ​ជា​ប្រាក់​ពី​ ១០០ ០០០រៀល (មួយ​សែន​រៀល) ទៅ ៨០០ ០០០ រៀល (ប្រាំ​បី​សែន​រៀល)។

មាត្រា​៧៧

ជន​ណា​បើក​បរ​យានយន្ត​នៅ​ពេល​ដែល​ខ្លួន​ស្ថិត​ក្នុង​ភាព​ស្រវឹង ដោយ​មាន​ជាតិ​អាល់កុល​ចាប់​ពី ០,40  (សូន្យ​ក្បៀស​សែ​សិប) ​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឬ​ចាប់​ពី ​0,80 (សូន្យ​ក្បៀស​ប៉ែត​សិប) ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើង​ទៅ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ ខែ ទៅ ៦ ខែ និង​ ពិន័យ​ជា​ប្រាក់​ ៨០០ ០០០ រៀល (ប្រាំ​បី​សែន​រៀល​) ទៅ ​៤០០០ ០០០ រៀល (បួន​លាន​រៀល)។

មាត្រា​៨១

ជន​ណា​បើក​បរ​មិន​គោរព​សញ្ញា​បញ្ជា​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ការពារ​ក្បួន​ដំណើរ​គណៈប្រតិភូ​ឬ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​បង្ក​ការ​ខូច​ខាត​ដល់​យានយន្ត​របស់​ក្បួន​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​៦​ខែ និង ​ពិន័យ​ជា​ប្រាក់​ពី ៨០០ ០០០​រៀល (ប្រាំ​បី​សែន​រៀល) ទៅ៤​០០០ ០០០រៀល (​បួន​លាន​រៀល)។

មាត្រា​៨២

ជន​ណា​ប្រើ​ប្រាស់​រថយន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់​រថយន្ត​ឬ​គ្មាន​ផ្លាក​លេខ​សម្គាល់​រថយន្ត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី៦ថ្ងៃទៅ​១ខែ និង ​ពិន័យ​ជា​ប្រាក់​១​សែន​រៀល​ទៅ ៨​ សែន​រៀល។

មាត្រា​៨៣

ជន​ណា​បើកបរ​ដោយ​ធ្វេស​ប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន​ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទប្បញ្ញត្តិ​ស្តី​ពី​ចរាចរណ៍​​ផ្លូវ​គោក​តម្រូវ​បណ្ដាល​ឲ្យ​មាន​របួស​ដល់​អ្នក​ដទៃ​ហើយ​បណ្ដាល​ឲ្យ​អ្នក​រង​គ្រោះ​អសមត្ថភាព​ធ្វើ​ការងារ​ក្នុងរយៈពេល​ស្មើ​ឬ​លើស​ពី​៨​ថ្ងៃ គិត​ពី​ថ្ងៃ​កើត​ហេតុ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី៦ខែទៅ២ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ២០០០ ០០០រៀល (ពីរ​លាន​រៀល)ទៅ​ ១០ ០០០ ០០០រៀល (ដប់​លាន​រៀល) ។

មាត្រា​៦៩

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដែល​មាន​សមត្ថកិច្ច​ត្រួត​ពិនិត្យ​បទ​ល្មើស​ចរាចរណ៍​ត្រូវ​ចេញ​បង្កាន់ដៃ​ផាក​ពិន័យ​ដែល​មាន​គល់​បញ្ជី​ត្រឹម​ត្រូវ។ ទម្រង់​បែប​បទ​នៃ​បង្កាន់​ដៃ​ផាក​ពិន័យ និង​ការ​គ្រប់​គ្រង​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​ផាក​ពិន័យ ត្រូវ​កំណត់​ដោយ​ប្រកាស​អន្តរក្រសួង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។

មាត្រា​៧៤

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ណា ដែល​នៅ​ក្នុង​ក្រប​ខណ្ឌ​មុខ​ងារ​ឬ​ក្នុង​ឱកាស​បំពេញ​មុខងារ​របស់​ខ្លួន​ ដែល​បាន​ដក​ហូត​យក​បណ្ណ​បើក​បរ​ ផ្លាក​លេខ​ បណ្ណ​សម្គាល់​យាន​ជំនិះ ឬ​ឃាត់​ទុក​យាន​ជំនិះ​ដោយ​បំពាន​ច្បាប់​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ថ្ងៃ​ទៅ​១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០រៀល​ (មួយ​សែន​រៀល) ទៅ​៨០០ ០០០រៀល (ប្រាំ​បី​សែន​រៀល)។​​​​​​

ក្នុង​ករណី​ដែល​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ឬ​បាត់​បង់​ផ្នែក​ណា​មួយ​នៃ​យាន​ជំនិះ​ដែល​បាន​ឃាត់​ទុក អង្គភាព​សាមី​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​សង​ការ​ខូច​ខាត​ឬ​បាត់​បង់​នោះ។

​កាល​ពីពេល​ថ្មីៗ​នេះ ព្រះមហាក្សត្រ​​ព្រះករុណា ព្រះបាទ​ សម្ដេច ព្រះបរមនាថ នរោត្តម​ សីហមុនី បាន​ឡាយ​ព្រះ​ហស្ដលេខា​លើ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​មាន​ ១២ ជំពូក និង ៩២ មាត្រា។ ផ្អែក​តាម​រដ្ឋធម្មនុញ្ញ បន្ទាប់​ពី​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្ដ​លេខា ច្បាប់​​នេះ ​នឹង​​ចូល​​ជា​​ធរមាន​​នៅ​រាជធានី​​ភ្នំពេញ​​ក្នុង​​រយៈ​​ពេល​ ១០​ ថ្ងៃ និង ​ចូល​​ជា​ធរ​មាន​​​​នៅ​ទូទាំង​​ប្រទេស​ក្នុង​​រយៈ​ពេល​ ២០ថ្ងៃ។ ច្បាប់​នេះ​​កំពុង​​​​ផ្សព្វផ្សាយ​ឲ្យ​​សាធារណៈ​ជន​​​បាន​ដឹង​​ចាប់​ពី​​ពេល​​នេះ​​តទៅ៕

You might also like More from author

Comments are closed.