លោក​សម រង្ស៊ី ​លើក​ពេល​មក​កម្ពុជា​ ដើម្បី​រង់ចាំ​ការ​ជួយ​អន្តរាគមន៍​

0
Cambodia Website Design

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេ​ស​កូរ៉េខាងត្បូង ​បាន​​សម្រេច​​លើក​ពេល​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ។​ ការ​លើកពេ​ល​​ដោយ​គ្មាន​​កាល​​កំណត់​​នេះ​ ត្រូវ​បាន​លោក​សម រង្ស៊ី ​បញ្ជាក់​ថា ​ដើម្បី​ទុក​ពេល​ឲ្យ​មជ្ឈដ្ឋាន​ការទូត ​និង ​មិត្ត​បរទេស​របស់​​លោក​ធ្វើ​អន្តរាគមន៍​ស្វែងរក​ដំណោះ​ស្រាយ​បញ្ហា​​នៅ​​កម្ពុជា​​ដោយ​​សន្តិវិធី​​។

“ខ្ញុំមិនទាន់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅរាត្រីនេះទេ តែនឹងមកដល់ប្រទេស​កម្ពុជា​វិញ​ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះ គឺជាការប្រកាសពន្យារពេលគ្មានកាលកំណត់​ក្នុងការវិល​ត្រឡប់​មកកាន់ប្រទេសកម្ពុជាវិញរបស់លោកសម រង្ស៊ី នៅលើទំព័រហ្វេសប៊ុកផ្លូវរបស់​លោកនៅ​រសៀលថ្ងៃចន្ទ ទី១៦ វិច្ឆិកា។ តាមគម្រោង លោកសម រង្ស៊ី នឹងវិលត្រឡប់មកដល់​ប្រទេសកម្ពុជា​វិញ នៅវេលាម៉ោងប្រមាណ ១០ និង ៣០នាទីយប់នេះ បន្ទាប់ពីបញ្ចប់បេសកកម្មនៅក្រៅប្រទេស​។ ​

ប្រមុខគណបក្សប្រឆាំងកម្ពុជា បានលើកហេតុផលនៃការពន្យារពេលនេះថា គឺធ្វើឡើងតាម​សំណើរបស់អង្គការអន្តរជាតិទ្រទ្រង់លទ្ធិប្រជាធិបតេយ្យមួយចំនួនដែលបានស្នើឲ្យលោកមកដល់ភ្នំពេញនៅពេលថ្ងៃ ជៀសវាងពេលយប់។ បើតាមលោកសម រង្ស៊ី អង្គការអន្តរជាតិទាំងនោះ ក៏បានស្នើឲ្យលោក​ទុក​ពេល​​​បន្តិច​ឲ្យមជ្ឈដ្ឋានការទូត និង មិត្តបរទេសមួយចំនួនរបស់លោកមានពេល​អន្តរាគមន៍ស្វែង​​រក​ដំ​ណោះស្រាយដោយសន្តិវិធីចំពោះការកើនឡើងនៃអំពើហិង្សាថ្មីៗនៅប្រទេសកម្ពុជា។ ម្យ៉ាងទៀត ការសម្រេចពន្យារ ក៏ធ្វើឡើងតាមការស្នើសុំពីក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និង ក្រុម​សមាជិក​ព្រឹទ្ធសភាខាងគណបក្សសម រង្ស៊ី ពីប្រទេសកម្ពុជាផងដែរ។ ក្រុមអ្នកតំណាងរាស្ត្រ បាន​ស្នើ​ដូច្នេះ ក៏ព្រោះមើលឃើញថាសភាពការណ៍នៅកម្ពុជានាពេលនេះមិនល្អ ដែលអាច​នឹងមានបញ្ហា​ប្រឈម ប្រសិនបើលោកសម រង្ស៊ី មាតុភូមិនិវត្តវិញនោះ។ នេះបើតាមការបញ្ជាក់បន្ថែមពី​លោក​អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ។

Cambodia Website Design

ជាការសម្គាល់ ការលើកពេលមាតុភូមិនិវត្តរបស់លោកសម រង្ស៊ី នៅពេលនេះ គឺធ្វើឡើង​បន្ទាប់ពី​លោក​ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ បានបញ្ចប់សមាជិកភាព​ជាសមាជិក​សភា​របស់លោក។ កាលពីម្សិលមិល ក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បី​តាម​ចាប់ខ្លួនលោកសម រង្ស៊ី តាមដីការបស់តុលាការក្រុងភ្នំពេញ ។
លោកសម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១៣ វិច្ឆិកា កន្លងទៅ បានចេញដីកា​បង្គាប់​ឲ្យចាប់ខ្លួន​មកអនុវត្តទោសនៅក្នុងពន្ធនាគារ​តាមការស្នើសុំអនុវត្តសាលដីកា​ស្ថាពររបស់មេធាវី​តំណាង​ឲ្យលោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ តាមសាលដីកានេះ លោកសម រង្ស៊ី នឹងត្រូវជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និង ពិន័យជាទឹកប្រាក់ចំនួន៨លានរៀល៕

You might also like More from author

Comments are closed.