យន្តហោះ​រុស្ស៊ី​ដែល​បាន​ធ្លាក់​នៅអេហ្ស៊ីប​ពិត​ជាមក​ពី​អំពើ​ភេរវកម្ម

0
Cambodia Website Design

ដោយ​រាយការណ៍​ព្រឹកថ្ងៃ​អង្គារ ជូន​លោក​ប្រធានាធិបតី​ពូទីន នាយក​នៃ ស្ថាប័ន សន្តិសុខ​រុស្ស៊ី បានថ្លែង​ថា គឺមក​ពីការផ្ទុះនៃ​គ្រាប់បែក​ឆ្នៃ លួចលាក់​ទុក ក្នុង​យន្តហោះ ដែល យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី បាន​បែកខ្ចាយ​ជា​បំណែកៗ តាំងពី​ក្នុង​កំពស់ខ្ពស់​នៃ​អាកាស​ម៉្លេះ បណ្តាល​ឲ្យ​ស្លាប់​គ្មាន​សល់ម្នាក់​ទេ មនុស្ស​ទាំង ២២៤នាក់ ដែល​បានជិះ​ក្នុង​យន្តហោះ​នោះ។ លោកពូទីន សន្យា​ថា រុស្ស៊ី​នឹង​ស្វែងរក​ចាប់​ទាល់​តែ​បាន ពួក​ដែល​បាន​ប្រព្រឹត្ត​ភេរវកម្ម​នេះ ទោះ​វា ពួន នៅទីណា​ក៏ដោយ។ អាជ្ញាធរ​រុស្ស៊ី ថែម​ទាំង​បាន​ប្រកាស រង្វាន់ ៥០​លាន​ដុល្លារ សម្រាប់​នរណា ដែល​ផ្តល់ព័ត៌មាន នាំ​ទៅ​ចាប់​ពួក​ភេរវជន។

ស្របនឹង​របាយការណ៍ លោក Alexandre Bortnikov ជានាយក ស្ថាប័ន​សន្តិសុខ​រុស្ស៊ី និងជា​ប្រធាន គណៈកម្មាធិការ​ជាតិប្រឆាំង​ភេរវកម្ម ៖ មហន្តរាយ​យន្តហោះ​រុស្ស៊ី ធុន Airbus 321 ធ្លាក់ទៅលើ​ដែនដី​អេហ្ស៊ីប កាលពីថ្ងៃ៣១តុលា គឺពិតជា​បណ្តាលមក​ពី​ភេរវកម្ម។ តាមការ ប្រមាណ នៃពួក​អ្នកឯកទេស កម្លាំង​ផ្ទុះនៃ​គ្រាប់បែកឆ្នៃ លាក់ទុក ក្នុងយន្តហោះ​នោះ គឺស្មើនឹង ធាតុ TNT មួយ​គីឡូក្រាម។ មកពី​ការផ្ទុះតាំង​ពីក្នុងអាកាស​កំពស់ខ្ពស់ បានជា​បំណែក​យន្តហោះ បែកសាច រាយលើ​ដែនដី​ផ្ទៃក្រឡាធំ រាប់​គ.ម.ការ៉េ​ឯណោះ។
បន្ទាប់ពី​ឮរបាយការណ៍​នេះ លោកប្រធានាធិបតី​ពូទីន បានងើបឈរ គោរព​វិញ្ញាណក្ខន្ធ ពលរដ្ឋ​រុស្ស៊ីទាំង ២២៤ នាក ដែលបានស្លាប់ ក្នុងសោកនាដកម្មនេះ។ ងើបឈរ​ភ្លាមភ្លែត​ដែរ ក៏ទាំង មន្ត្រីកំពូលៗ ដែលចូលរួម​ក្នុង​កិច្ចប្រជុំនោះ គឺ រដ្ឋមន្ត្រី​ការបរទេស ,រដ្ឋមន្ត្រីការពារជាតិ នាយ​អគ្គសេនាធិការដ្ឋាន​កងទ័ព​រុស្ស៊ី , នាយក​ស្ថាប័ន​សន្តិសុខ​ជាតិ , នាយក​ចារកិច្ច ក្រៅ​ប្រទេស។

Cambodia Website Design

លោក​ប្រមុខរដ្ឋរុស្ស៊ី​ថ្លែងថា មិនមែន​ជាលើកទី១​ទេ ដែល​រុស្ស៊ី​ប៉ះទង្គិច​នឹង​ភេរវឧក្រិដ្ឋកម្ម សែន ព្រៃផ្សៃ។ រុស្ស៊ី នៅចងចាំ​គ្មានភ្លេចអ្វី​ទេ។ ខាងចំនួន​អ្នកស្លាប់ ឃាតកម្ម នៅលើដែនដី​ស៊ីណៃ ស្ថិត ក្នុង​ចំណោម ឃាតកម្ម​បង្ហូរ​ឈាម​ក្រៃលែង។ យើងមិន​ជូត​ទឹកភ្នែក ពី​បេះដូង​យើង​ឡើយ។ ទឹកភ្នែកនេះ នឹងស្ថិតនៅ​ជាប់ជាមួយ​យើង។ ឧក្រិដ្ឋកម្មនេះ នៅដក់ជាប់​ក្នុង​សតិយើង ដោយមិន អាស្រ័យ នឹង​ពេលវេលា​ឡើយ។ យើង​នឹង​បើកអាក្រាត​ឈ្មោះ​ពួកវា ហើយតាមរក​ចាប់ពួកវា ឲ្យទាល់តែបាន ​ទោះពួកវាពួននៅទីណា​ក៏ដោយ រួចមក​ផ្តន្ទាទោស​ពួកវា។ ក្នុង​ប្រតិបត្តិការ ស្វែងរកចាប់និង ផ្តន្ទាទោស​នេះ រុស្ស៊ី​ក៏​សង្ឃឹម​លើ ការជួយ​ជ្រោមជ្រែង​ពី​បណ្តាមិត្ត​ខ្លួន​ដែរ។

ដោយផ្ទុកផ្តាក់​ឲ្យបង្កើន​ការវាយប្រហារ​ទៅលើទីតាំង​ពួកភេរវជន លោកពូទីន សង្កត់ធ្ងន់​ថា រុស្ស៊ី​ប្រើ​សិទ្ធិស្វ័យការពារ​របស់ខ្លួន ដោយយោង​ទៅលើមាត្រា ទី៥១ នៃធម្មនុញ្ញអ.ស.ប.។

ស្ថាប័ន​សន្តិសុខ​រុស្ស៊ី បាន​ប្រកាស​រង្វាន់​ធំ មិនធ្លាប់មានទេ ក្នុង​ប្រវត្តិខ្លួន ដល់ទៅ ៥០លាន ដុល្លារ សម្រាប់នរណា ដែលផ្តល់ព័ត៌មាន នាំទៅកាន់​ការចាប់ពួក​ភេរវជន ដែលបានកំទេច យន្តហោះ​រុស្ស៊ី។

ចំណែកអាជ្ញាធរអេហ្ស៊ីប ទើបប្រកាស​ថា បានឃាត់​ខ្លួនបុរស​ពីរនាក់ ជាប់​សង្ស័យ ក្នុង​ការជួយ ពួកភេរវជន ឲ្យ​លួចដាក់​គ្រាប់បែក ក្នុង​យន្តហោះ​រុស្ស៊ីនោះ៕

You might also like More from author

Comments are closed.