ក្រសួង​ការងារ​ ស្នើ​៤​ចំណុច​ទៅ​ភាគី​ជប៉ុន

Cambodia Website Design

Pisey-2015-11-28-full-B90-700x400ភ្នំពេញ ៖ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ការងារ​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ធ្វើការ​សំណូមពរ​៤​ចំណុច​ទៅដល់​ភាគី​ជប៉ុន ដើម្បី​ជំរុញ​ឲ្យ​សិក្ខាកាម​ទទួល​ការ​បណ្ដុះបណ្ដាល ​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ឲ្យមាន​ចំនួន​កើន​ឡើង​ជាង​ពេល​បច្ចុប្បន្ន។

គួរ​បញ្ជាក់​ថា ​រយៈពេល​៨​ឆ្នាំ​កន្លងមកនេះ​ ការ​បញ្ជូន​សិក្ខាកាម​ទៅ​បណ្ដុះបណ្ដាល ​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នៅ​មាន​កម្រិត​តិចតួច​នៅឡើយ ​បើ​ធៀប​ទៅ​នឹង​ប្រទេស​ចំនួន​៥​ គឺ​ប្រទេស​ចិន វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ថៃ។

ការ​ស្នើ​សុំ​របស់​លោក សេង សក្តា អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ការងារ​ នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​សម្រាប់​ទីភ្នាក់ងារ​បញ្ជូន​សិក្ខាកាម​ទៅ​ប្រទេស​ជប៉ុន​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៧ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ នៅ​ទីស្ដីការ​ក្រសួង។

Cambodia Website Design

ចំណុច​ទាំង​៤​ដែល​បាន​ស្នើ​ទៅ​ភាគី​ជប៉ុន​នោះ​រួមមាន​ ទី​១​-ជួយ​សម្រួល​ការ​បន្ថយ​លក្ខខណ្ឌ ឬ​នីតិវិធី​ក្នុង​ការ​បញ្ជូន​កម្ម​សិក្ខា​ការី​ទៅធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ជប៉ុន ជាពិសេស​សិស្ស​ដែល​ចេញពី​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​ក្រសួង។ ទី​២​-ជួយ​ជំរុញ​ការ​បញ្ជូន​កម្ម​សិក្ខា​ការី​ទៅ​ធ្វើការ​កម្មសិក្សា ​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ឲ្យ​បាន​ច្រើន ពិសេស​សិក្ខាកាម​ដែល​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ជំនាញ​រួចហើយ។ ទី​៣-​សំណើ​សុំ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​ នៃ​ប្រទេស​ជប៉ុន​សម្រាប់​ប្រតិភូ​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​កម្ពុជា​នៅ​ប្រទេស​ជប៉ុន និង​ទី​៤​គឺ​សំណើ​សុំ​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​ទីភ្នាក់ងារ​បញ្ជូន​កម្ពុជា និង​ទីភ្នាក់ងារ​ទទួល​ជប៉ុន ដើម្បី​ពិភាក្សា ចែករំលែក និង​ផ្លាស់ប្ដូរ​បទពិសោធន៍ ក៏ដូចជា​ព័ត៌មាន​ទៅវិញទៅមក។​

លោក​ សេង​ សក្តា​ បាន​បញ្ជាក់​ថា​ រហូត​មក​ដល់ពេលនេះ ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​មាន​ចំនួន​៦៥​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ក្នុង​នោះ​មាន ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ចំនួន​៣២​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជ្រើសរើស​សិក្ខាកាម​ទៅ​ធ្វើ​ការ​បណ្ដុះបណ្ដាល ​និង​ធ្វើការ​ងារ​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ការ​បញ្ជូន​សិក្ខាកាម​ទៅ​បណ្ដុះបណ្ដាល និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នៅតែមាន​កម្រិត​តិច​នៅឡើយ ពោល​គឺ​គិត​ចាប់ពី​ឆ្នាំ​២០០៧ រហូតមកដល់​ត្រឹម​ខែ​តុលា ឆ្នាំ​២០១៥​នេះ​មាន​ចំនួន​សរុប​១៨៧៣​នាក់​តែប៉ុណ្ណោះ ក្នុង​នោះ​ស្រី​មាន​ចំនួន​១.១៣៦​នាក់។​
ថ្លែង​នៅ​ចំពោះ​មុខ​តំណាង​ក្រុមហ៊ុន​នាំ​សិក្ខាកាម​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​លោក YUZO HAYASHI​ ជំនួយការ​នាយក​គ្រប់គ្រង​ទូទៅ​នៃ អង្គការ JITCO បាន​លើកឡើងថា ភាគី​បញ្ជូន​ ឬ សិក្ខាកាម​ដែល​ត្រូវ​ទៅ​សិក្សា​ និង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ត្រូវតែ​ដឹង​ឲ្យ​បាន​ច្បាស់​ពី​ប្រព័ន្ធ​ច្បាប់ នៅ​ក្នុង​ប្រទេស​នោះ បើទោះជា​យើង​ជា​ពលករ​ក្តី ជា​សិក្ខាកាម​ក្តី​ ត្រូវតែ​ដឹង​ពី​ស្ថានភាព​ជុំវិញ​ច្បាប់ និង​លក្ខខណ្ឌ​ការងារ​ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​កុំ​ឲ្យ​មាន​បទល្មើស​ណាមួយ​កើតឡើង​ផ្ទុយ​ពី​ច្បាប់​ប្រទេស​ជប៉ុន​បាន​កំណត់ ទោះ​បទល្មើស​នោះ​ធ្ងន់​ក្តី​ស្រាល​ក្តី ត្រូវតែ​ជៀស​ឲ្យ​បាន​ ពិសេស​គឺ​កា​រ​ចាប់​ខ្លួន​តែម្ដង។​

លោក​បាន​បន្តទៀតថា ​«នាយកដ្ឋាន​អន្តោប្រវេសន៍​ជប៉ុន​ធ្វើការ​ម៉ឺងម៉ាត់​ណាស់ បើ​គេ​រក​ឃើញ​ថា​មានការ​កែប្រែ មានការ​សូកប៉ាន់ មាន​ករណី​រំលោភ​សិទ្ធ​មនុស្ស ឬមួយ​ករណី​ល្មើសច្បាប់​ផ្សេងៗ​ទៀត​ដែល​ខុស​ពី​លក្ខណៈ​ការងារ​នោះ ​នឹង​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់ ហើយ​នឹង​ត្រូវ​ផ្អាក​ការងារ​របស់​ក្រុមហ៊ុន​នោះ​រហូតដល់​ទៅ​៥​ឆ្នាំ​»។

សូម​រម្លឹក​ថា ក្នុង​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​១៩០​ អនក្រ​.​បក ស្ដីពី​ការគ្រប់គ្រង​លើ​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស​តាមរយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​អង្គការ​ពាក់ព័ន្ធ​នានា​រៀបចំ​ប្រកាស​បាន​ចំនួន​៨​ក្នុង​នោះ​ប្រកាស​ស្តីពី​ការដាក់​ឲ្យ​ប្រើពាក្យ​គន្លឹះ ប្រកាស​ស្តីពី​ដំណើរការ​ជ្រើសរើស​ និង​ការណែនាំ​តម្រង់​ទិស​ពលករ​មុន​ពេល​ចាកចេញ​ដំណើរ ប្រកាស​ស្ដីពី​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ប្រកាស​ស្ដីពី​ការ​ដាក់​ឲ្យ​អនុវត្ត​បទដ្ឋាន​អប្បបរមា​ នៃ​កិច្ចសន្យា​សេវា​រក​ការងារ​ឲ្យ​ធ្វើ ប្រកាស​ស្ដីពី​អធិការកិច្ច​ទីភ្នាក់ងារ​ជ្រើស​ឯកជន ប្រកាស​ស្ដីពី​យន្តការ​ទទួល​ពាក្យបណ្ដឹង​ពលករ​ទេសន្តរប្រវេសក៍​ការងារ ប្រកាស​ស្ដីពី​សេវា​របស់​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​នៅ​កន្លែងធ្វើការ​ និង​ការ​ធ្វើ​មាតុភូមិនិវត្តន៍ ​និង​ប្រកាស​ស្ដីពី​ការ​លើក​សរសើរ និង​ការ​ដាក់​វិន័យ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន៕

You might also like More from author

Comments are closed.