ឃាត់ខ្លួន​បុរស​ម្នាក់ ​​ពី​បទ​ឆបោក​ប្រជាពលរដ្ឋ​៦២​នាក់

3
Cambodia Website Design

Pisey-2015-11-28-full-B51ស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ចេក​ ឃុំ​កំពង់​ចក ​ស្រុក​រំដួល ពី​បទ​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​៦២​នាក់​ក្នុង​ខេត្ត​ស្វាយរៀង។
លោក​វរសេនីយ៍​ទោ កែវ​ សុថា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បានឲ្យដឹងថា​ ជនសង្ស័យ​មានឈ្មោះ​ លី​ ប៊ុន​ជឿន ​អាយុ​៣៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រៈទ​ន្លេ​ សង្កាត់​សង្ឃ័រ ​ក្រុង​ស្វាយរៀង​ បាន​ធ្វើ​សកម្មភាព​ឆបោក​ប្រជាពលរដ្ឋ​ ដោយ​សន្យា​ថានឹង​រក​ការងារ​ឲ្យ​ធ្វើ​នៅ​តាម​បណ្ដា​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ក្រុង​បាវិត តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​ចាប់ពី​២៥​ដុល្លារ​រហូតដល់​៥០​ដុល្លារ។

ប្រភព​បន្ត​ថា ក្រោយពេល​យក​លុយ​ពី​ប្រជាពលរដ្ឋ​ហើយ​នោះ​ ជនសង្ស័យ​ខាងលើ​មិនបាន​រក​ការងារ​ឲ្យ​ធ្វើ​ដូច​បាន​សន្យា​នោះ​ទេ​ តែ​បែរជា​យកលុយ​ទៅ​ចាយ​អស់​ទៅវិញ​ ទើប​ប្រជាពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត​បាន​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់។​
លោក ​កែវ​ សុថា​ បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​ជនសង្ស័យ​ឆបោក​នោះ​មាន​ចំនួន​៦២​នាក់​ដោយមាន​៤​ស្រុក​ផ្សេងគ្នា​ គឺ​ស្រុក​ស្វាយជ្រំ​ ស្រុក​រំដួល​ ស្រុក​កំពង់រោទិ៍ ​និង​ក្រុង​ស្វាយរៀង​ សរុប​ជា​ទឹកប្រាក់​ជាង​២​ពាន់​ដុល្លារ។

Cambodia Website Design

ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​តាំងពី​ខែ​មីនា ​ឆ្នាំ​២០១៥ ​រហូតដល់​ថ្ងៃនេះ​ហើយ​ចាប់ខ្លួន​ជន​សង្ស័យ​នេះ​ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ​ស្របតាម​គោលនយោបាយ​ភូមិ/ឃុំ​មាន​សុវត្ថិភាព ​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​ឲ្យ​អាជ្ញាធរ​ ក៏ដូចជា​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​អនុវត្ត​ឲ្យ​បាន​ជោគជ័យ។​
បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កសាង​សំណុំរឿង​តាម​នីតិ​វិធី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង​នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥៕​

Comments

comments

You might also like More from author