ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដក​តំណែង​នៅ​ថ្ងៃ​នេះ

0
Cambodia Website Design

ប្រធាន​មន្ទីរ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ធ្វើ​ពិធី​ផ្ទេរ​មុខ​តំណែង​ជា​ផ្លូវ​ការ​ហើយ នៅ​ព្រឹក​មិញ​នេះ។ ការ​ផ្ទេរ​មុខ​តំណែង ប្រធាន​ពន្ធនាគារ​នេះ គឺ​ដើម្បី​ធ្វើ​អោយ​អង្គភាព​ពន្ធនាគារ​ទាំង​អស់​មាន​ភាព​រីក​ចម្រើន។ តែ​មន្ត្រី​សង្គម​ស៊ីវិល​ថា​ការ​ផ្ទេរ​មុខ​តំណែង​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​អង្គភាព​ពន្ធនាគារ​នោះ​ទេ។

Cambodia Website Design

យោង​តាម​សេចក្តី​ប្រកាស​ស្តីពីការ​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​មន្ត្រី​រាជការ របស់​ក្រសួង​មហាផ្ទៃ ដែល​ចុះ​ហត្ថលេខា​ដោយ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី ២ធ្នូ លោក ហ៊ូ ពុធវិសាល ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​អោយ​ទៅ​កាន់​តំណែង​ជា អនុប្រធាន​នាយកដ្ឋាន​អប់រំ​កែប្រែ។ ចំណែក​លោក ពេជ្រ យ៉ុន ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​មធ្យោបាយ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ ជំនួស​លោក​ហ៊ូ ពុធ-​វិសាល។

ថ្លែង​នៅ​ក្នុង​ពិធី​ផ្ទេរ​មុខ​តំណែង​នេះ លោក នុត សាអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​និយាយ​ថា ក្រសួង​មហាផ្ទៃ​អនុវត្ត​អោយ​មាន​ការ​ផ្លាស់​មុខ​តំណែង​របស់​ប្រធាន​អង្គភាព​ពន្ធនា​គារ ដើម្បី​បង្កើត​អោយ​មាន​ការ​ចែក​រំលែក វិធី​សាស្ត្រ​ដឹកនាំ​គ្រប់គ្រង និង​គំនិត​អភិវឌ្ឍ​ល្អ​ៗ និង​ដើម្បី​អោយ​អង្គភាព​ពន្ធនាគារ​ទាំង​អស់​មាន​ភាព​រីក​ចម្រើន​ប្រហាក់​ប្រហែល​គ្នា។ លោក​ នុត​ សាអាន បន្ត​ថា ការ​ផ្លាស់​ប្តូរ​ប្រធាន​ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយ​ទៀត គឺ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង លុប​បំបាត់​ភាព​យឺត​យ៉ាវ​អសកម្ម និង​ជំរុញ​អោយ​មាន​ការ​អភិវឌ្ឍ។

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​មហា​ផ្ទៃ​នេះ​ដែរ លោក ភិន យ៉ាន ប្រធាន​ពន្ធនាគារ​ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​តំណែង​ជា ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ វិញ។ ចំណែក​លោក គៀ សុវណ្ណា​ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​តំណែង​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​ប្រតិបត្តិ​វិញ។

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក យល់​ថា ការ​ផ្លាស់ប្តូរ​ប្រធាន​អង្គភាព​តែ​មួយ​មុខ មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ ដើម្បី​កែ​ទម្រង់​អង្គភាព​ពន្ធនាគារ។ លោក​ថា ក្រសួង​មហាផ្ទៃ គួរ​បើក​ទូលាយ​អោយ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់​ព័ន្ធ ​ពិសេស​សង្គម​ស៊ីវិល ដើម្បី​អោយ​ពួកគេ​អាច​ចូលរួម​ជា​គំនិត​យោបល់​ ឬ​ជួយ​ជា​សម្ភារៈ​​ផ្សេង​ៗ​ ដល់​ពន្ធនាគារ​ទាំង​នោះ​ផង៕

You might also like More from author

Comments are closed.