ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅ​រុស្ស៊ី ​ជម្រុញ​ឥណ្ឌា​ឲ្យ​ក្លាយ​ជា​ម៉ូយ​ដុំ​របស់​រុស្ស៊ី

0
Cambodia Website Design

លោក ណារិន្ទ្រ ម៉ូឌី ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៤​ធ្នូ។ ក្រៅ​ពី​ពិសារ​អាហារ ​មួយ​ទល់​មួយ​ជាមួយ​លោក​ពូទីន​​ ប្រធានាធិបតី​រុស្ស៊ី​ ​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​បាន​ចុះ​ហត្ថលេខា​ លើ​គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​នុយក្លេអ៊ែរ ​ ដែល​ទទួល​ធ្វើ​ដោយ​ក្រុមហ៊ុន​រុស្ស៊ី។ ប្រទេស​ទាំងពីរ​ក៏​កំពុង​តែ​ចរចា​គ្នា​ផងដែរ​ ​ពី​ការ​ទិញលក់​ប្រព័ន្ធ​បាញ់​គ្រាប់​មីស៊ីល​ទំនើប​របស់​រុស្ស៊ី។ បន្ទាប់​ពី​ចិន ​ ឥណ្ឌា ​កំពុង​ក្លាយ​ខ្លួន​ ជា​ម៉ូយ​ដុំ​ ដ៏​សំខាន់​ របស់​រុស្ស៊ី ​ស្ទើរតែ​គ្រប់​វិស័យ។

Cambodia Website Design

គ្រាន់តែ​យន្តហោះ​ចុះ​ដល់ដី​ ពន្លត់​ម៉ាស៊ីន​មិន​ទាន់​ត្រជាក់​ស្រួលបួល​ផង ​ លោក ណារិន្ទ្រ ម៉ូឌី ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​​ត្រូវ​បាន​លោក​ពូទីន​ប្រធានាធិបតី​រុស្ស៊ី​ ដឹក​យក​ទៅ​ពិសារ​បាយ​ល្ងាច ​មួយ​ទល់​នឹង​មួយ​ ភ្លាមៗ ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​ កម្មវត្ថុ​សំខាន់ៗ ​ត្រូវ​បាន​យក​មក​ពិភាក្សា​គ្នា ​រវាង​ភាគី​ទាំងពីរ។ នោះ​គឺ​ការ​ចុះ​ហត្ថលេខា​ លើ​កិច្ចសន្យា​ធំៗ ​មាន​ជា​អាទិ៍ ​កិច្ច​សន្យា​សាង​សង់​ស្ថានីយ​ផលិត​ថាមពល​នុយក្លេអ៊ែរ​ឥណ្ឌា​ចំនួន​១០​កន្លែង ​ដែល​ធានា​សាងសង់ ​ដោយ​ក្រុមហ៊ុន​រុស្ស៊ី។
ក្រៅពី​កិច្ច​សន្យា​នេះ ​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​ បាន​បញ្ជាក់​ថា ​ ភាគី​ទាំងពីរ​បាន​ពិភាក្សា​គ្នា ​អំពី​ដំណើរ​ឈ្ពោះ​ទៅ​សម្រួល​ លប់​បំបាត់​ទិដ្ឋាការ​ចេញចូល​ រវាង​ប្រទេស​ទាំងពីរ។ អ្វី​ដែល​រុស្ស៊ី​សង្ឃឹម​មួយ​ទៀត​នោះ ​ គឺ​កិច្ចសន្យា​លក់​ប្រព័ន្ធ​បាញ់​គ្រាប់​មីស៊ីល​ប្រភេទ​ថ្មី​របស់​រុស្ស៊ី ​មាន​ឈ្មោះ​ថា​ S-400 ​ដែល​រុស្ស៊ី​កំពុង​ពពាយនាយ​លក់​ទៅ​ឲ្យ​ឥណ្ឌា។

លោក​ណារិន្ទ្រ ម៉ូឌី​ បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា ​ រុស្ស៊ី​គឺ​ជា​មហាមិត្ត​ស្មោះស្ម័គ្រ​របស់​ឥណ្ឌា​ ជាច្រើន​ទសវត្ស​មក​ហើយ។ មិត្តភាព​នេះ ​មិនមែន​ មាន​តែ​នៅ​លើ​ផ្លូវ​នយោបាយ​ប៉ុណ្ណោះ​ទេ ​ តែ​បច្ចុប្បន្ន​វា​គឺ​ជា​មិត្តភាព​នៃ​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ​ដែល​លោក​ម៉ូឌី​ អះអាង​ថា ​ នឹង​ខិតខំ​បង្កើន​វា ​ឲ្យ​ដល់​ចំនួន​ ៣០​ពាន់​លាន​ដុល្លារ ​ពី​នេះ​ទៅ​ដល់​ឆ្នាំ​២០២៥។ បច្ចុប្បន្ន​នេះ ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ មាន​តម្លៃ​ប្រមាណ​ជា ​៩ពាន់​លាន​ដុល្លារ។

ជា​ការពិត​ណាស់ ​ចាប់តាំង​ពី​ឆ្នាំ​១៩៥០​មក​ ឥណ្ឌា​បាន​យក​ខ្លួន​ ទៅ​អែប​នឹង​សហភាព​សូវៀត។ ឥណ្ឌា ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ឡើង​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​កំពុងតែ​ស្វែងរក​ឯករាជ្យភាព ​ក្នុង​វិស័យ​ថាមពល។ ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​ពេល​នេះ ​ឥណ្ឌា​យល់ព្រម​ប្រគល់​ការ​សាងសង់​ស្ថានីយ៍​ថាមពល​នុយក្លេអ៊ែរ​ ចំនួន​ដប់​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស ​ទៅ​ឲ្យ​ក្រុមហ៊ុន​នុយក្លេអ៊ែរ​រុស្ស៊ី ​ឈ្មោះ​ Rosatom។ មិនត្រឹមតែ​ប៉ុណ្ណោះ ​ឥណ្ឌា ​ក៏​កំពុង​តែ​ស្វែងរក​វិធី​ អភិវឌ្ឍន៍​វិស័យ​ការពារ​ជាតិ​ តាម​ផ្លូវ​អាកាស​ តាម​រយៈ​ការ​ទិញ​យក​បច្ចេកវិទ្យា​ទំនើបៗ​ របស់​ប្រទេស​មហា​អំណាច​ ដើម្បី​ការពារ​ខ្លួន ​នៅ​ចន្លោះ​រវាង​មហា​យក្ស​ចិន ​ និង​សត្រូវ​សួពូជ​របស់​ខ្លួន​ម្នាក់​ទៀត ​​គឺ​ប៉ាគីស្ថាន។

ប្រព័ន្ធ​បាញ់​គ្រាប់​មីស៊ីល​ S-400​ របស់​រុស្ស៊ី ​បាន​ទាក់ទាញ​ឥណ្ឌា​ជា​ខ្លាំង ​ ហើយ​បើ​តាម​ព័ត៌មាន​មិន​ផ្លូវការ ​ពី​ប្រភព​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា ​គឺ​ថា​ឥណ្ឌា​បាន​យល់​ព្រម​ទិញ​ពី​រុស្ស៊ី​ទៅ​ហើយ ​ គ្រាន់តែ​នៅ​និយាយ​មិន​ត្រូវ​គ្នា ​លើ​លក្ខខណ្ឌ​មួយ​ចំនួន ​ ដែល​ឥណ្ឌា​ទាមទារ​ ឲ្យ​ផ្ទេរ​ការ​ផលិត ​និង​ផ្ទេរ​ចំណេះដឹង​ ទៅ​ឲ្យ​អ្នក​បច្ចេកទេស​ឥណ្ឌា។ ដូច​ក្នុង​ករណី​ទិញ​យន្តហោះ ​Rafale ​បារាំង​ ឥណ្ឌា​ទាមទារ ​ឲ្យ​មួយ​ចំនួន​ ត្រូវ​យក​ទៅ​ផលិត​នៅ​ក្នុង​ទឹកដី​ឥណ្ឌា​ផ្ទាល់​ ដើម្បី​បាន​បង្កើត​ការងារ​ដល់​បុគ្គលិក​ឥណ្ឌា ​ព្រម​ទាំង​បាន​ផ្ទេរ​ចំណេះដឹង ​ បច្ចេកវិទ្យា​ទំនើប​នេះ​ ទៅ​ឲ្យ​អ្នក​បច្ចេកទេស​ឥណ្ឌា៕

You might also like More from author

Comments are closed.