ស្មា​ត​ហ្វូ​ន​កំពុង​ធ្វើ​ឲ្យ​កិច្ចប្រជុំ​ផ្លូវការ​បាត់បង់​តម្លៃ​មែនឬ​?

5
Cambodia Website Design
ភ្នំពេញ៖ ប្រទេសកម្ពុជាមានក្រុមហ៊ុនទូរសព្ទចល័តនិងមានអ្នកប្រើប្រាស់កាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ចំនួនអ្នកប្រើប្រាស់ទូរសព្ទដៃកើនឡើងគឺជាសញ្ញាល្អប៉ុន្តែបញ្ហាប្រឈមមួយចំនួនកំពុងតែកើតមានឡើង។បញ្ហាទាំងនោះជារួមមាន៖ការប្រើប្រាស់ទូរសព្ទពេលចាក់ថ្នាំ ពេលបើកបរ ពេលប្រជុំ និងពេលបង្រៀនសិស្ស។ល។

ចំនួនអ្នកប្រើប្រាស់ទូរសព្ទដៃនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួលេខចុងក្រោយបានបង្ហាញថាស៊ីមខាតមិនតិចជាង២០លានស៊ីមទេដែលត្រូវបានគេប្រើប្រាស់នៅក្នុងទូទាំងប្រទេសកម្ពុជា។
បណ្តាញទូរសព្ទចល័តនាពេលបច្ចុប្បន្ននេះមានវត្តមានគ្រប់ទិសទីនៅក្នុងប្រទេសក្រីក្រមួយនេះ។អ្នកទីក្រុងនិងអ្នកជនបទអាចទាក់ទងគ្នាបានយ៉ាងងាយទាំងទំនាក់ទំនងសង្គមនិងទំនាក់ទំនងពាណិជ្ជកម្ម។
Cambodia Website Design
ស្មាតហ្វូន(ទូរសព្ទដៃ)បានបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់និងជំរុញប្រសិទ្ធិភាពសេដ្ឋកិច្ចសង្គមយ៉ាងប្រពៃ។ តាមរយៈបណ្តាញទូរសព្ទនេះ អ្នកជំនួញចំណេញពេលវេលាពីការធ្វើដំណើរដោយផ្ទាល់យ៉ាងច្រើនបំផុត។ ប៉ុន្តែព្រមពេលជាមួយគ្នាស្មាតហ្វូនត្រូវបានអ្នកប្រើប្រាស់រិះគន់យ៉ាងចាស់ដៃទៅវិញដោយសារការប្រើប្រាស់ខុសពេលវេលានិងខុសទិសដៅ។
ការរិះគន់បានធ្វើឡើងចំពោះតម្លៃនៃកិច្ចប្រជុំនាពេលបច្ចុប្បន្ន។ អ្នកចូលរួមប្រជុំ គិតតែពីឆែកហ្វេសប៊ុកតាមទូរសព្ទ។ល។ កិច្ចប្រជុំមួយចំនួនធំត្រូវបានគេវាយតម្លៃថាគ្មានប្រយោជន៍ធំដំទេ ពីព្រោះ អ្នកធំគិតតែពីនិយាយ រីឯ អ្នកចូលរួមគិតតែពីចុចស្មាតហ្វូនមើលព័ត៌មានផ្សេង។ បញ្ហានេះ មិនត្រឹមតែធ្វើឲ្យកិច្ចប្រជុំបាត់បង់តម្លៃទេ តែវាបាន និងកំពុងទាញទម្លាក់តម្លៃវាគ្មិន និងភ្ញៀវកិត្តិយសបន្ថែមទៀត។
អ្នករិះគន់បានអត្ថាធិប្បាយថាទង្វើគ្រូពេទ្យមួយចំនួនដែលកំពុងចាក់ថ្នាំហើយឆ្លៀតនិយាយទូរសព្ទជាមួយអ្នកផ្សេងនោះគឺជាការរំខានអារម្មណ៍ដល់អ្នកជំងឺនិងជាអំពើខុសឆ្គងនឹងក្រមសីលធម៌គ្រូពេទ្យដែរ។
គ្រូបង្រៀននិងកូនសិស្សទូរសព្ទក្នុងពេលកំពុងរៀនពិតជាបាត់បង់ការយកចិត្តទុកដាក់ទៅលើមេរៀន។ស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះបានបង្ហាញថានិសិត្សនិងកូនសិស្សមួយចំនួនគិតតែពីចុចទូរសព្ទឆ្លងឆ្លើយសារគ្នាទៅវិញទៅមកក្នុងខណៈពេលដែលគ្រូបង្រៀនកំពុងពន្យល់មេរៀន។
ការពន្យល់របស់សាស្ត្រាចារ្យនឹងគ្មានប្រយោជន៍ទេប្រសិនបើកូនសិស្សមិនស្តាប់គ្រូផងនោះ។ការនិយាយទូរសព្ទរបស់និស្សិតនៅក្នុងថ្នាក់រៀនមិនត្រឹមតែរំខានការសិក្សាខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែទង្វើនេះរំខានដល់និស្សិតអង្គុយជិតខាងបន្ថែមទៀត។ ក្រៅពីនៅក្នុងថ្នាក់ កូនសិស្សមួយចំនួនរវល់គិតតែពីសាសងគ្នាតាមទូរសព្ទ កាត់បន្ថយស្វ័យសិក្សា កាត់បន្ថយការសម្រាកពេលយប់គ្រប់គ្រាន់។ ទង្វើនេះ គឺជាការបំផ្លាញការសិក្សាដោយសារតែការប្រើប្រាស់ទូរសព្ទខុសទិសដៅ។
 អ្នកបើកបរនិយាយទូរសព្ទគឺជាផ្នែកមួយដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងប្រទេសមួយចំនួនអ្នកបើកបរត្រូវបានគេហាមឃាត់មិនអោយនិយាយទូរសព្ទនៅជាប់នឹងដៃទេពីព្រោះការធ្វើយ៉ាងនេះនាំអោយអ្នកបើកបរបាត់បង់អារម្មណ៍ក្នុងការបើកបរ។នៅក្នុងប្រទេសកម្ពុជា ច្បាប់ចរាចរណ៍ថ្មីបានហាមឃាត់អ្នកបើកបររថយន្តមិនឲ្យនិយាយទូរសព្ទទេ។ ប៉ុន្តែជាក់ស្តែង អ្នកបើកបរនៅតែប្រព្រឹត្តិដដែល។
អ្នកច្បាប់ដែលទទួលទូរសព្ទពេលកំពុងកាត់ក្តីគឺជាកាយវិការខុសឆ្គងដែលអាចនាំអោយប៉ះពាល់ដល់យុត្តិធម៌សង្គម។ ពីព្រោះ ចៅក្រម ឬព្រះរាជអាជ្ញាអាចបាត់បង់ការផ្ចង់អារម្មណ៍ទៅលើសំណុំរឿងក្តីក្តាំ ប្រសិនបើពួកគេនិយាយទូរសព្ទ។
ជំនួបមិត្តភក្តិមិនសូវមានភាពស្និទ្ធស្នាលប៉ុន្មានទេនាពេលបច្ចុប្បនេះ ពីព្រោះ ពេលជួបគ្នាម្តងៗមិត្តភក្តិម្នាក់ៗ ដៃរវល់តែចុចទូរសព្ទរៀងៗខ្លួន។ ឪពុកនិងកូន ម្តាយនិងកូន ប្តី និងប្រពន្ធលែងសូវនិយាយគ្នា ពីព្រោះ ម្នាក់ៗដៃរវល់ចុចទូរសព្ទរៀងខ្លួនៗ។
ក្រៅពីទង្វើខាងលើនេះ គេសង្កេតឃើញថាបុគ្គលិកក្រុមហ៊ុននិងអង្គការមួយចំនួនគិតតែពីទូរសព្ទរឿងផ្សេងដោយមិនសូវយកចិត្តទុកដាក់លើការងាររបស់ខ្លួន។ទង្វើនេះមើលទៅមិនធ្ងន់ធ្ងរទេប៉ុន្តែវាប៉ះពាល់ដល់ផលិតភាពរបស់ក្រុមហ៊ុននិងអង្គការ។
អ្នករិះគន់បានអត្ថាធិប្បាយថាគេមិនអាចបង្កើតច្បាប់ហាមឃាត់មិនអោយអ្នកប្រើប្រាស់ទូរសព្ទក្នុងពេលបំពេញការងារបានទេ។ប៉ុន្តែស្ថាប័ននីមួយៗគួរបង្កើតក្រមសីលធម៌ឬបទបញ្ជាផ្ទៃក្នុងសម្រាប់ស្ថាប័នរបស់ខ្លួន។ការធ្វើយ៉ាងនេះគឺដើម្បីបង្កើនប្រសិទ្ធិភាពការងារ៕

Comments

comments

You might also like More from author