អ្នក​ប្រដាល់​កម្ពុជា ៤ នាក់​បាន​រង​គ្រោះ ​ក្រោមក​ណ្តាប់​ដៃ​ថៃ

0 0
Cambodia Website Design

ភ្នំពេញៈ កីឡាករ​កម្ពុជា ៤ នាក់​រួម​មាន មាស ច័ន្ទ​មាន, ភុំ សារ៉ាយ, មាស ភិរម្យ និង យុគ យក្សផ្លៃ សុទ្ធ​តែបាន​បរាជ័យ ដោយ​ស្ថាន​ភាព​ខុសៗ​គ្នា សម្រាប់​ការ​ប្រកួត​មិត្ដ​ភាព​អន្ដរជាតិ នៅ​លើ​សង្វៀន SEATV កាល​ពី​ថ្ងៃ​អាទិត្យ ​ខណៈ​ទិដ្ឋភាព​ប្រកួត​ជាក់​ស្តែង ​គឺ​កីឡាករ​កម្ពុជា​មាន​កម្រិតបច្ចេកទេស​ចាញ់​ប្រៀប​អ្នក​ប្រដាល់​ថៃ​ពិត​ប្រាកដ។

ជុំវិញ​ ការ​ប្រកួត​ចាញ់​របស់​កីឡាករ​ម្ចាស់​ផ្ទះ​កម្ពុជា​ទាំង ៤ នាក់​នេះ​ត្រូវ​បាន​ប្រ​ធាន​គណៈកម្មការ​បច្ចេកទេស​រៀប​ចំ​ការ​ប្រកួត​របស់សង្វៀន​មួយ​នេះ បានអះអាង​ថា​៖ «​នេះ​ជា​ការ​ប្រកួត​ ដែល​មាន​តម្លាភាព​ និង​ផ្ដល់​ការ​កាត់​ក្តី​ដោយ​សុក្រឹត​ តាម​សមត្ថភាព​របស់កីឡាករ ​មិន​លម្អៀង​នោះ​ឡើយ»​។​

អ្នក​ប្រដាល់​ដ៏​រឹង​មាំ មាស ​ច័ន្ទ​មាន ​មក​ពីសមាគម​កីឡា​ប្រដាល់​ក្រ​សួង​ការពារជាតិ ដែល​​ជា​ម្ចាស់​ខ្សែក្រវាត់​ K Cement ​បាន​ចាញ់​អ្នក​ប្រដាល់​ថៃ Suon​Tepheap ​ដោយ​ពិន្ទុ​ ប៉ុន្តែ​មុន​នឹង​ មាស​ ច័ន្ទមាន​ ចាញ់​នោះ គេ​​បាន​ធ្វើ​ឲ្យ​​ថៃ​ ម្នាក់​នេះ​មាន​របួស​លើផ្ទៃមុខ ដោយ​ការ​វាយ​​បែក​ឈាម​ចំនួន ៣ កន្លែង​។ទោះ​បី​ជាយ៉ាង​ណា​ នៅទឹកទី ៤ ​និង​ទី ៥ ច័ន្ទ​មាន ​ត្រូវបាន​ Suon​Tepheap ​ប្រើ​ក្បាច់​ជង្គង់​វាយ​សន្ធាប់ឡើង​ចង់​ទក់​សាច់ មុន​ពេល​ប្រកាស​ឲ្យចាញ់​ពិន្ទុ ក្នុង​ការ​ប្រកួត​ដ៏​លំបាក​មួយ​នេះ​។

Cambodia Website Design

ចំណែក​អ្នក​ប្រដាល់​ជើង​ចាស់ ភុំ ​សារ៉ាយ ​ក្លិប​កងពលតូច​លេខ ៣១ ដែល​ជា​អតីត​អ្នក​ប្រដាល់​ជំនាញ​​ខ្លាំង​ខាង​ប្រើក្បាច់​កណ្តាប់​ដៃនោះ​ត្រូវ​បាន​កីឡាករ​របស់​ថៃ Phayak Lek ​ប្រើ​កណ្ដាប់​ដៃ​វាយ​ឲ្យ​សន្លប់​មុន​ស្នូរជួង​បញ្ចប់​ទឹកទី ៣​។ ​

នៅ​ក្នុង​អំឡុង​ប្រកួត ២ ទឹកដំបូង ​ភុំ ​សារ៉ាយ​ ហាក់​ដូច​ជា​គ្មាន​ក្បាច់​អ្វី​ធ្វើ​ទៅ​លើអ្នក​ប្រដាល់​​ថៃនោះ​ទេ ស្រប​ពេល​ដែល Phayak Lek ​​បាន​វាយ​សម្រុក​ដោយ​គ្មាន​​ខ្លាច​ញញើត​នោះ​ ហើយ​ចូល​ដល់​ទឹក​ទី ៣ ​ក្បាច់ទាត់​ និង​បន្ថែម​ដោយកណ្តាប់​ដៃ​របស់​ថៃ​ម្នាក់​នេះ ​នាំ​ឲ្យ ភុំ ​សារ៉ាយ​ សន្លប់​ងើប​លែង​រួច​តែ​ម្ដង​។

ចំណែកកីឡាករ​ជា​ទាហាន មាស ​ភិរម្យ​ របស់​ក្លិប​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​ទឹក ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​សង​សឹក​ជាមួយ​ជើង​ខ្លាំងរបស់​ថៃ ​Phach Bopha ​ជា​ថ្មីម្ដង​ទៀត​​នៅ​លើសង្វៀន SEATV កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ដែរ បានបន្ដ​ចាញ់​ថៃ​ម្នាក់​នេះ​ជា​លើកទី ២ ​ប៉ុន្តែ​ការ​ប្រកួត​សង​សឹក​​លើក​នេះ មាស ភិរម្យ កាន់​តែ​ជួប​ភាព​ជូរចត់ ​ខណៈ​រូប​គេ​​ត្រូវ​បាន Phach Bopha ​វាយ​ឲ្យសន្លប់​ត្រឹម​ទឹក​ទី ២ នោះ​។

មាស ​ភិរម្យ​ ជា​កីឡាករ​ល្អជង្គង់ ​និង​កែង ​ហើយ​អ្នក​ប្រដាល់​រូបនេះ​មាន​កាយ​សម្បទា​​ល្អ​ណាស់​ ប៉ុន្តែ​មាន​ប្រវត្តិ​ប្រកួត​មិន​ដែល​ឈ្នះ​កីឡាករ​បរទេស​ទេ​។ ​

ការ​ប្រ​កួត​ជាក់​ស្តែង​លើក​នេះ​ចំពោះ​ Phach Bopha ​មាន​ចលនា​វ៉ៃ​រហ័ស ​ចេញ​បាន​លឿន​ និង​វ៉ៃ​ចេញ​ចំ​គោលដៅ​បាន​ល្អ​ ហើយ​សមត្ថភាព​ប្រកួត​របស់​ អ្នក​ប្រដាល់ ​ដែល​មាន​ប្រវត្តិ​ប្រកួត ១០៩ ដង ​ឈ្នះ ៨៩​ ​ចាញ់ ១៨ ​និង​ស្មើពិន្ទុ ២ ដង​ម្នាក់​នេះ ​បានធ្វើ​ឲ្យ ​មាស​ ភិរម្យ​ ស៊ូ​បាន​ត្រឹម​ទឹកទី ២ ប៉ុណ្ណោះ។

ស្រដៀង​គ្នា​នោះ​ដែរ កីឡាករ យុគ ​យក្ស​ផ្លែ មក​ពី​​ក្លិបអប់រំកាយ​ខេត្ដ​បាត់ដំបង​ ដែល​ធ្លាប់​ប្រកួត ១៣៩ ដង​ ឈ្នះ ១២២​ ចាញ់ ១២​ ​និង​ស្មើ ៥ ដង​ ហើយ​គេជា​អ្នក​ប្រដាល់​ជំនាន់​ក្រោយ ដែល​​មាន​ចិត្ដ​ធំ ​និងមាន​ផ្លែ​វ៉ៃចេញ​បាន​ល្អ​នោះ ក៏​បាន​ជួប​នូវ​ការ​ខកចិត្ដ​ដូច​គ្នា ដោយ យក្សផ្លៃ បាន​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ ​Kamlay​Youk​ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​ ព្រោះ​ការ​ប្រកួត​លើក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា យក្សផ្លៃ ឆាប់​ធ្លាក់កម្លាំង​ ដែល​ធ្វើ​ឲ្យ​ការ​វាយ​ចេញមិន​សូវ​មានទម្ងន់​៕

ប្រភព៖ www.postkhmer.com

You might also like More from author

Leave A Reply

Your email address will not be published.