វិចិត្រករ​វ័យ​ក្មេង​បង្ហាញ​ស្នាដៃ​និវាស​ដ្ឋាន​ពិសោធន៍

0

ភ្នំពេញៈ នាល្ងាច​ថ្ងៃ​សុក្រទី ១១ ខែមីនា​ នេះ​នឹង​មានការ​បើក​សម្ពោធ​ស្ទូឌីយោ​ដើម្បី​បង្ហាញ​​នូវ​ស្នាដៃ​និវាសដ្ឋាន​ពិសោធន៍​របស់​វិចិត្រករ​ខ្មែរ​វ័យ​ក្មេង ជា បញ្ញារិទ្ធិ នៅ​ឯវិចិត្រ​សាលា​សិល្បៈ ស សបន្ទាប់ពី​លោក​បាន​ស្រាវជ្រាវ​អស់រយៈ​ពេល ៧ សប្តាហ៍មក។

និវាសដ្ឋាន​ពិសោធន៍​គឺជា​វិធី​សិល្បៈ​មួយ​សម្រាប់​សិល្បករ​ ឬ​វិចិត្រករខ្មែរ​ ក៏​ដូចជា​អន្តរជាតិ​ដែលប្រើ​ដើម្បី​សាក​ល្បង​ដកស្រង់​បទពិសោធ​ការងារ​សិល្បៈខ្លួន ខណៈ​ពេលកំពុង​តែរស់​នៅ​ ឬ​ធ្វើ​ការងារ​នៅទីកន្លែង​ណាមួយ​ជា​ការ​ផ្តល់នូវសេរីភាព​ធ្វើអ្វី​តាមបំណង​របស់​សិល្បករ​ ឬ​វិចិត្រករ​។

កម្មវិធី​ពិសោធន៍​នេះ នឹង​មិនស្នើ​ឲ្យ​សិល្បករ​បង្កើត​ជាស្នាដៃ​សម្រាប់​​តាំងពិព័រណ៍​នោះ​ទេគឺ​វា​គ្រាន់តែ​ជំរុញ​ឲ្យសិល្បករ​ប្រើប្រាស់​សម្ភារ និង​គំនិត​ថ្មី​ពង្រីក​ការងារសិល្បៈ​របស់គេ​ឲ្យ​រកឃើញ​បាន​នូវ​ផលទ្ធផល​មួយថ្មីទៀត។

យ៉ាង​ណាមិញ​ និវាសដ្ឋាន​ពិសោធន៍​របស់​ជា បញ្ញារិទ្ធិ នឹង​បើក​ស្ទូឌីយោ​របស់​ខ្លួន​ដើម្បី​បង្ហាញនូវ​ស្នាដៃការងារ​ដែល​បានចំណាយ​ពេល ៧ សប្តាហ៍​ដោយ​ជារៀប​រាប់​ពី​ស្ថានភាព​ទី​ក្រុង​ភ្នំពេញ​កំពុង​តែ​ផ្លាស់​ប្តូរយ៉ាងឆាប់​រហ័ស ជាមួយ​នឹង​សកម្មភាព «អភិវឌ្ឍន៍» ក្រុងពោរ​ពេញដោយបញ្ហា និង​គ្មាន​ដំណោះ​ស្រាយ​សមរម្យ ថែម​ទាំងនិយាយ​អំពី​តួនាទី​នៃ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

និវាសដ្ឋាន​ពិសោធន៍​នេះ ក៏​មាន​ការគាំទ្រ​ពី​មូលនិធិ​ជំរុញ​ការ​ផ្ដួចផ្ដើម​សិល្បៈ Foundation for Arts Initiatives (FfAI) ផងដែរ។

វិចិត្រករ ជា បញ្ញារិទ្ធិ បាន​បង្ហើរសារ​តាមប្លុក​ខ្លួនឲ្យដឹង​ថា៖ «ខ្ញុំ​ធំ និង​ដឹងក្តី​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​ជា​ទីក្រុង​បាននិង​កំពុង​តែ​ផ្លាស់ប្តូរយ៉ាង​​រហ័ស និង​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​អភិវឌ្ឍ​ក្រុង​ដែល​ពោរពេញ​ដោយ​បញ្ហា ​មិនបាន​ដោះស្រាយ​សមរម្យ​ ព្រមទាំង​តួនាទី​នៃ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំពោះ​បញ្ហា​នេះដែរ»។

លោក​បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​បាន​បង្កើត​ស្នាដៃ​ថ្មី​ឈ្មោះ​ថា Collage ដែល​ផ្អែក​លើ​រឿងរ៉ាវ​របស់បុគ្គល​ដែល​ទទួល​រង​ផលប៉ះពាល់​ពីការ​ផ្លាស់ប្តូរ​ទីក្រុង និង​រឿងរ៉ាវ​រួម​របស់​សាធារណជន​ តែ​ក៏​មិនមែន​ចង់ចង្អុលបង្ហាញ​ដល់​ដំណោះ​ស្រាយ​នោះទេ គ្រាន់តែ​ចង់បង្ហាញ​ឲ្យ​ពិនិត្យ​លើ​បញ្ហា​ដែល​មនុស្ស​ និងភាគី​ជាច្រើនចូល​រួម​ពាក់ព័ន្ធ»។

វិចិត្រករ​រូបនេះ កើត​នៅ​ឯទីក្រុង​ភ្នំពេញ​ក្នុងឆ្នាំ ១៩៩៣ ជា​និស្សិត​បាន​បញ្ចប់​ការ​សិក្សា​ផ្នែកសិល្បៈ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្ត​សិល្បៈ​នា​ឆ្នាំ ២០១៥។​

វិចិត្រករ​រូបនេះ​បាន​បង្កើត​ស្នាដៃ​ជា​ច្រើន​រួចមក​ហើយ​ដូចជា​កម្រង​ស្នាដៃ ពិព័រណ៍​ជា​ក្រុម​ឈ្មោះថា «ទេពកោសល្យ និង​ស្នាដៃ»​ បង្ហាញ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទិចិត្រ​សិល្បៈ​នៅ​ក្នុង​ឆ្នាំ ២០១៥ ស្នាដៃ​ពិព័រណ៍ «ជីវភាព​ប្រចាំថ្ងៃ»​ នៅឯហាង​ ARTillery ឆ្នាំ ២០១៥ ស្នាដៃ​ពិព័រណ៍ Body As Site នៅឯ​វិទ្យាស្ថាន​បារាំង​ក្នុងឱកាស​មហោ​ស្រព​ទីក្រុង​យើង​ឆ្នាំ​ ២០១៤ និង​ស្នាដៃ​ Continuity នៅ​ឯវិចិត្រសាល​សណ្ឋាគារ អាំងទែរ​កុងទីណង់​តាល់​ ក្រុង​ភ្នំពេញ ឆ្នាំ ២០១៣៕

ប្រភព៖ PostKmer

You might also like More from author

Leave A Reply

Your email address will not be published.