ក្រសួងការបរទេស​ប្រគល់បដិមា​ព្រះ​សិរ​ព្រះព្រហ្ម ជូន​សារមន្ទីរ​ជាតិ​កម្ពុជា

0 0
Cambodia Website Design

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំ​ហុង រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រគល់​ជូន​លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នូវ​ព្រះ​សិរ​ចំនួន​ពីរ ដើម្បី​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣០ មីនា ២០១៦ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​។ ពិធី​នោះ​មាន​វត្តមាន​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រូប ។

តាម​គំនិត​ផ្តួចផ្តើម​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំ​ហុង រូប​ព្រះ​សិរ្ស​នេះ​ត្រូវ​បាន​បញ្ជូន​ពី​និវេសនដ្ឋាន​នៃ​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រួច​បន្ត​ដឹក​ជញ្ជូន​មក​ដល់​សារមន្ទីរ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៦ ដោយ​សុវត្ថិភាព ។

រូប​ព្រះ​សិរ​ទាំង​ពីរ​នេះ​ធ្វើ​ពី​ថ្មភក់ នៅ​សតវត្ស​ទី​១០ ស្ថិត​ក្នុង​រចនាបថ​កោះ​កេរ្តិ៍ ដែល​មាន​កម្ពស់ ប្រហាក់ប្រហែល​គ្នា និង​ទំហំ​ទទឹង​ខុស​គ្នា គឺ​ព្រះ​សិរ្ស​ទី​១ មាន​ទំហំ ៤៧×៧៥×១១២ សង្ទីម៉ែត្រ និង​ព្រះ​សិរ្ស​ទី​២ មាន​ទំហំ ៥២×៤៧×១១០​សង្ទីម៉ែត្រ ។ ព្រះ​សិរ​ទាំង​ពីរ​នេះ​ត្រូវ​ជនខិលខូច​លួច​ចេញពី​ប្រាសាទ​ណាមួយ​នៃ​ក្រុម​ប្រាសាទ​កោះកេរ្តិ៍ ក្នុងអំឡុងពេល​ដែល​កម្ពុជា​កើត​មាន​សង្គ្រាមស៊ីវិល​នា​ទស​វត្ស​ឆ្នាំ​១៩៧០ ។abfef6cd-069a-47aa-8946-e8207d1a99e6

Cambodia Website Design

លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​សម្តែង​នូវ​ការ​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំ​ហុង ដែល​បាន​ខិតខំ​ទាមទារ​យក​មក​វិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ​ទាំង​ពីរ​នេះ និង​បាន​ប្រគល់​ជូន​មក​សារមន្ទីរ​ជាតិ​កម្ពុជា ដែល​ផ្តល់​ឱកាស​សម្រាប់​ការ​ជួបជុំ​គ្នា​វិញ​នៃ​រូប​បដិមា ផ្សេង​ៗ មក​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះ​កេរ្តិ៍​។ លោក​ជំទាវ​បាន​បន្ថែម​ទៀត​ថា «​ការ​ប្រគល់​វត្ថុ​បុរាណ​នេះ គឺ​បង្ហាញ​នូវ​ការ​ស្រឡាញ់ និង​ការ​ចូលរួម​ថែរក្សា​ចំពោះ​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ។ ការ​ប្រគល់​នេះ ក៏​ឆ្លុះ​បញ្ចាំង​ពី​អំពើ​ចោរកម្ម​យ៉ាង​ធ្ងន់​មក​លើ​វត្ថុ​បុរាណ​ខ្មែរ ដែល​បាន​កើតឡើង​នៅ​ប្រទេស​យើង​កាលពី​សម័យ​អតីតកាល ព្រមទាំង​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទាមទារ​ត្រឡប់​មក​វិញ​នូវ​រូប​បដិមា​ដែល​ជា​ផ្នែក​មួយ​នៃ​ដួង​ព្រលឹង​ជាតិ ដែល​ត្រូវ​បាន​យក​ចេញពី​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​» ។

ក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បញ្ជាក់​ថា ក្នុង​ពេល​លោក​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង មាន​មិត្តភក្តិ​បាន​ជម្រាប​ថា ប្រទះ​ឃើញ​ព្រះ​សិរ​ចំនួន​ពីរ​ដាក់​តាំង​លក់​ក្នុង​តម្លៃ​១​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ទីកន្លែង​មួយ​នៃ​ក្រុងប៉ារីស ។ លោក​បាន​ស្រាវជ្រាវ ហើយ​ដឹង​ថា ព្រះ​សិរ្ស​ទាំង​ពីរ​នោះ គឺជា​វត្ថុ​បុរាណ​ខ្មែរ​ពិត ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ប្តឹង​ទៅ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​វត្ថុ​បុរាណ​របស់​បារាំង​។ នគរបាល​បារាំង​ប្រឆាំង​ការ​ជួញដូរ​វត្ថុ​បុរាណ បាន​ស៊ើបអង្កេត​អំពី​ការ​លក់​ព្រះ​សិរ្ស​នោះ ហើយ​បាន​សម្រេច​បញ្ជូន​ឯកសារ និង​វត្ថុ​បុរាណ​ទាំង​ពីរ​នោះ​ទៅ​កាន់​តុលាការ​បារាំង​ដើម្បី​ធ្វើការ​វិនិច្ឆ័យ ។

ជា​ភ័ព្វ​សំណាងល្អ តុលាការ​បារាំង​ដែល​ទទួល​ក្តី​នេះ គឺ​លោកស្រី Pelligrini ដែល​ជា​អតីតមន្ត្រី​ក្រសួងការបរទេស​បារាំង ហើយ​ជា​សមាជិក​មួយ​រូប​របស់​គណៈប្រតិភូ​បារាំង ពេល​បារាំង​ធ្វើ​ជា​សហ​ប្រធាន​ក្នុង​កិច្ចចរចារ​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​ចំពោះ​បញ្ហា​កម្ពុជា ពី​ឆ្នាំ​១៩៨៧-១៩៩៣ ។ ដោយពេល​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​ជា​សមាជិក​មួយ​រូប​របស់​គណៈប្រតិភូ «​រដ្ឋ​កម្ពុជា​» ក្នុង​ដំណើរការ​ចរចា​នេះ ។ លោក​ក៏​បាន​ស្គាល់​លោកស្រី Pelligrini យ៉ាង​ច្បាស់ ហើយ​ជា​មិត្តភក្តិ​នឹង​គ្នា ។ លោក​ហោ ណាំ​ហុង បាន​ជួប​ស្នើ​សុំ​ឲ្យ​លោកស្រី​ជួយ​ក្នុង​រឿង​ក្តី​នេះ ហើយ​លោកស្រី​ក៏​បាន​កាត់​ឲ្យ​ប្រគល់​វត្ថុ​បុរាណ​ទាំង​ពីរ​នោះ​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​១៩៩៤ ។ លោក​ហោ ណាំ​ហុង បាន​ទទួលយក​បដិមា​ទាំង​ពីរ​នោះ​មក​រក្សា​ទុក​នៅ​និវេសនដ្ឋាន​ឯកអគ្គរាជទូត នៅ​ទី​ក្រុងប៉ារីស រហូត​មក​ដល់​ពេល​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ។

នគរបាល​ប្រឆាំង​ការ​ជួញដូរ​វត្ថុ​បុរាណ​របស់​បារាំង បាន​ស៊ើបអង្កេត​អំពី​ការ​លក់​ព្រះ​សិរ្ស​នេះ​នៅ​ប្រទេស​ថៃ តាម​ឈ្មោះ និង​អាសយដ្ឋាន ដែល​អ្នកទិញ​ជនជាតិ​បារាំង​បាន​ផ្តល់​ឲ្យ​។ ក្រោយ​ការ​ស៊ើបអង្កេត នគរបាល​បារាំង​បាន​រាយការណ៍​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង ថា នគរបាល​ថៃ និង​អ្នកលក់​ជនជាតិ​ថៃ មិន​សហការ​ក្នុង​ការ​ស៊ើបអង្កេត​នេះ​ឡើយ ដោយ​ឆ្លើយ​យ៉ាង​ខ្លី​ថា​ទិញ​បន្ត​ពី​គេ ។

តាម​អ្នកជំនាញ​សារមន្ទីរ​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា «​ក្រោយ​ពី​បាន​សិក្សា និង​ពិនិត្យ​លើ​ព្រះ​សិរ្ស​ទាំង​ពីរ​នេះ បង្ហាញ​ថា​មាន​ប្រភព​មក​ពី​បដិមា​ដើម​តែ​មួយ​អង្គ ពោល​គឺ​ព្រះ​បដិមា​ព្រះព្រហ្ម​ដ៏​ធំ​មួយ ដែល​ប្រហែល​យក​ចេញ​មក​ពី​ប្រាសាទ​ណាមួយ​នៃ​ក្រុម​ប្រាសាទកោះកេរ្តិ៍ ដែល​បាន​កសាង​នៅ​ក្នុង​សតវត្ស​ទី​១០ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ (៩២១-៩៤១ គ​.​ស​) ដែល​បាន​បន្សល់​ទុក​នូវ​ស្នា​ព្រះ​ហស្ត​ផ្នែក​សំណង់​ប្រាសាទ​ដ៏​ស្កឹមស្កៃ និង​បដិមា ធំ​ៗ​ផ្នែក​ព្រហ្មញ្ញសាសនា ។ តាម​រយៈ​ការ​ផ្គុំ​សាកល្បង​នូវ​ព្រះ​សិរ​ទាំង​ពីរ​នេះ ឃើញ​ថា​មាន​ទំហំ​ធំ ក៏​កើត​មាន​សំណួរ​ថា​តើ​មាន​ប្រាសាទ​ណាមួយ​សម្រាប់​តម្កល់​ទេព​នេះ ? ដូច្នេះ​វា​គឺជា​កិច្ចការ​បន្ទាប់​ដែល​ក្រុមការងារ​ជំនាញ​របស់​សារមន្ទីរ​ត្រូវធ្វើ​» ។

ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំ​ហុង ជា​អ្នកមាន​ទឹកចិត្ត​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្ថុ​បុរាណ​ខ្មែរ នៅ​ក្នុង​ពេល​នោះ លោក​ក៏​បាន​តវ៉ា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ហូ​ឡង់ ទាមទារ​បាន​វត្ថុ​បុរាណ​ចំនួន​ពីរ​ផ្សេង​ទៀត ដែល​ជា​ចម្លាក់​ទេពអប្សរ​នៅ​តាម​ជញ្ជាំង​ប្រាសាទ ក្នុង​រចនាបថ​បាយ័ន នា​ចុង​សតវត្ស​ទី​១២​និង​ដើម​ទី​១៣ នៃ​គ​.​ស ដែល​បច្ចុប្បន្ន​ត្រូវ​បាន​រក្សា​ទុក​នៅ​និវេសនដ្ឋាន​របស់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ៕

ប្រភព៖https://kohsantepheapdaily.com.kh/article/142224.html

You might also like More from author

Leave A Reply

Your email address will not be published.