ផ្ទះ​ញើស​ឈាម​តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ​ពែក​មី សង់​ជូន​ឪពុក​ម្ដាយ​ជិត​រួចរាល់​

0 3
Cambodia Website Design

ភ្នំពេញៈ សំណង់ផ្ទះដ៏ស្កឹមស្កៃមានទំហំ ១៨ x ១៥ មានសសរ ៣៥ បែបខ្មែរ សង់នៅលើដីស្រែធំល្វឹងល្វើយ ស្ថិតនៅឯខេត្តស្វាយរៀង ដែលតារាកំប្លែងវ័យ ៣៥ ឆ្នាំ លោក ចែម ចាន់តារា ហៅ ពែក មី ដែលគ្រោងចំណាយជាង ៨ ម៉ឺន ដុល្លារ ធ្លាប់បានបង្ហើបប្រាប់កាលពីចុងឆ្នាំ ២០១៥មកឥឡូវនេះដំណើររួចបានប្រហែល ៨០ ភាគរយហើយ! នេះបើតាមរូបភាពបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកនាពេលថ្មីៗដោយរួមមានសារបញ្ជាក់ថា៖ «ផ្ទះដែលខ្ញុំធ្វើឲ្យឪពុកម្តាយខ្ញុំ បាន ៨០ ភាគរយហើយ!»។

ចំពោះភាពកតញ្ញូសងគុណតបស្នងទៅព្រះរស់របស់តារាកំប្លែង និងសម្តែង ដែលមានទេពកោសល្យ ពូកែវោហារស័ព្ទកំប្លុកកំប្លែង ដូចជាចាក់ទឹកមិនលិច មិនចេះរីងស្ងួត និងតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ ត្រូវបានប្រិយមិត្តគាំទ្រគ្រប់ស្រទាប់វណ្ណៈ ទាំងចាស់ក្មេងនៅក្នុងបណ្តាញនៃទំនាក់ទំនងសង្គមហ្វេសប៊ុក បានអបអរសាទរ និងកោតសរសើរអំពីទង្វើល្អនេះ យ៉ាងព្រោងព្រាត និងក៏ជាដំណឹងលេចឮគួរឲ្យកោតស្ញប់ស្ញែងនៅសង្គមអ្នកសិល្បៈផងដែរ។

ដូចគណនីឈ្មោះចៅអធិការវត្តមហាលាភ សាទរថា៖ «ពិតជាល្អណាស់ មានកតញ្ញូចំពោះឪពុកម្តាយ ទៅកន្លែងណាតែងតែមានសិរីសួស្តីនិងមានសេចក្តីសុខគ្រប់ពេលវេលា ហើយជាពិសេស គឺឲ្យកាន់តែល្បីក្នុងការលេងកំប្លែង ដោយសារតែភាពដឹងគុណចំពោះលោកឪពុកអ្នកម្តាយនេះ»។

Cambodia Website Design

ឯអ្នកខ្លះលើកឡើងថា៖ «ប្រពៃណាស់! ផ្ទះស្អាតណាស់! ពិតជាកូនមានកតញ្ញូជាមួយនឹងឪម៉ែទៀតផង»។អ្នកខ្លះថា៖ «ការតបស្នងសងគុណទាន់ព្រះនៅរស់ លោកទាំងពីរនឹងជូនពរទៅដល់កូនចៅទាំងភាពញញឹម និងក្តីរំភើបស្ទើរនិយាយមិនចេញទៀតផង»។

ខ្លះទៀតថា៖ «ខ្ញុំនឹងព្យាយាមរកលុយ ហើយសងគុណម៉ាក់ប៉ាឲ្យដូចជាពូដែរ។ អរគុណណាស់ ដែលពូបានធ្វើជាគំរូល្អសម្រាប់ក្មេងៗជំនាន់ក្រោយគឺការធ្វើបុណ្យឲ្យទាន់ខែភ្លឺ»។

កាលមុនតារាកំប្លែងមិនចេះរីងស្ងួតទាំងកាយវិការ និងពាក្យពេចន៍កំប្លុកកំប្លែងនោះ ធ្លាប់បង្ហើបប្រាប់ថា ការសង់ផ្ទះជូនឪពុកម្តាយខ្ញុំ នោះគ្រោងសង់ឲ្យបានចប់ឮនៅខែមេសាឆ្នាំ ២០១៦ គឺជាប្រភេទផ្ទះឈើប្រក់ក្បឿង បែបខ្មែរ ហើយតារាកំប្លែងជាបងប្រុសរបស់តារាកំប្លែងស្ងួត នាយ គ្រឿន និងនាយក្រាន ដែលមហាជនបានស្គាល់ និងធ្លាប់បានផ្ទុះសំណើចរាប់មិនតិចដង ខណៈពេលបានទស្សនាកំប្លែងរូបនេះធ្លាប់បង្ហើបថា ប្រាក់សង់ផ្ទះនោះបានមកពីលោកខំសន្សំ និងបានប្រមែប្រមូលបានពីការងារកម្លាំងញើសឈាមនៃការច្រៀងកាត់សក់ មង្គលការ សម្តែងកុន និងការកំប្លែងយ៉ាងមមាញឹក សឹងតែគ្មានពេលទំនេរដើម្បីយកមកធ្វើផ្ទះនេះផងដែរ។ នាយ ពែក មី កើតនៅភូមិពពែត ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ឪពុកឈ្មោះ ចែម សារិន និងម្តាយឈ្មោះ ស៊ឹម ស៊ីម៉ាន់៕

You might also like More from author

Leave A Reply

Your email address will not be published.