មាស សុខ​សោភា រំលេច​ឈុត​ប៊ីគីនី​ដើរ​លេង​ជាមួយ​ស្វាមី​

ភ្នំពេញ: ស្បើយពីការងារសិល្បៈ មានពេលចូលសម្រាកនៅផ្ទះមូលគ្រួសារ ក៏ធ្វើឲ្យមហាជនភ្ញាក់ផ្អើលនឹងរូបថតអង្គុយពីរនាក់ប្តីមុខព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះ ចំនឹងវេលាព្យុះព័ត៌មានភាយថា ប្តីអាណិកជនកាណាដាប្រុងរត់ទៅវិញ ព្រោះអន់ចិត្តប្រពន្ធដើរចោលនោះ ក៏ត្រូវបានអ្នកស្និទ្ធនាងបង្ហើបថា «មាស សុខសោភា ក៏នាំស្វាមីទៅដើរកម្សាន្តក្រៅប្រទេសភ្លាមដែរក្នុងឈុតប៊ីគីនី ផ្អើលភ្នែកមហាជនដំបូងរបស់តារារូបនេះ»។

កំពូលតារាចម្រៀងស្រីជ្រកនៅក្រោមដំបូលផលិតកម្មថោន នាង មាស សុខសោភា ដែលទើបនឹងបង្ហាញរូបថតនាង និងស្វាមី បានធ្វើពិធីសូត្រមន្តរំដោះគ្រោះ ក៏រងពាក្យចំអកឡយឡឺយថា នាងជាតារាចម្រៀងព្យាយាមលាក់ប្រវត្តិមានប្តី ខ្លាចធ្លាក់ប្រជាប្រិយភាព។

ដោយសារតែការបិទបាំង គួបផ្សំនឹងវេលាដើរចោលប្តីដេកឱបដៃចាំនៅតែក្នុងខុនដូម្នាក់ឯងយូរពេក ប្តីកើតរោគអន់ចិត្ត បែកគំនិតចង់រត់ទៅវិញ ទើបបើកចំហជីវិតគូ និងធ្វើពិធីសូត្រមន្តរំដោះគ្រោះភ័យដិតដាមនឹងអារម្មណ៍ប្តីជាអាណិកជនកាណាដា។

តែយ៉ាងណាមុននោះ អ្នកគាំទ្រតារាម្នាក់នោះ ម្នាក់បានប្រាប់ភ្នំពេញ ប៉ុស្តី ថា៖ «វាមិនមែនដូចដែលគេនិយាយថា ប្តីគាត់អន់ចិត្ត ចង់រត់ទៅវិញព្រោះ មិនមានពេលនៅជាមួយប្រពន្ធនោះទេ។ពិធីសូត្រមន្តរំដោះគ្រោះនោះ គាត់ធ្វើឡើងដើម្បីលើករាសី និងសុំសុខចម្រើនក្នុងគ្រួសារ ពិសេសគាត់មានពេលទំនេរខែហ្នឹង វស្សាការងារសិល្បៈស្បើយ»។

ជាមួយគ្នានោះក្នុងទំព័រអ៊ីនស្តាក្រាមរបស់នាង មាស សុខសោភា តារាចម្រៀងស្រីល្បីអាជីពសិល្បៈ និងការចូលរួមការងារសង្គម នាងបានសរសេរបង្ហោះសារខ្លី ភ្ជាប់ជាមួយរូបថតនាងស្លៀកប៊ីគីនីដេកសំដិលមាត់អាងទឹកថា នេះគឺជាដំណើរកម្សាន្តរបស់នាងក្នុងរដូវវិស្សមកាល។ មើលឃើញពីរូបថតគេងសំដិលខ្លួនឆ្លុះនឹងទឹកថ្លាឈ្វេងរំលេចពីឈុតប៊ីគីនី បង្ហាញឲ្យឃើញថា មាស សុខសោភា នៅតែមានរូបរាងស្រស់ស្អាត មិនចាញ់កាលពីមុនឡើយ ហើយនាងកម្រស្លៀកឈុតបែបនេះពីមុនមកណាស់។

ទោះជាយ៉ាងណាក៏មានអ្នកបញ្ចេញមតិលើរូបថតនោះ ថា នាងហ៊ានស្លៀកបែបនេះដោយសារតែចេញទៅកម្សាន្តក្រៅនៅប្រទេស ដើម្បីតែផ្គាប់ភ្នែកស្វាមីកុំឲ្យមានគំនិតអាក់អន់ចិត្តទៀត។

នៅក្នុងដំណើរកម្សាន្តជុំស្វាមីក្រៅប្រទេសលើកនេះ អ្នកគាំទ្រនិងស្និទ្ធជាមួយតារាស្រីរូបនេះក៏បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងថា៖ «បងមាស សុខសោភា ចេញទៅដើរកម្សាន្តជាមួយស្វាមីរបស់នាង ដែលទើបនឹងមកពីក្រៅប្រទេស» ៕

លោកអ្នកអាចអានពត៌មានផ្សេងទៀត ពីអ្នកណិពន្ធ