ប្រវត្តិ​ខ្លី​ៗ​របស់ ៨ ក្រុម​ចុង​ក្រោយ​ក្នុង​ដំណើរ​ទៅ Euro

0 5
Cambodia Website Design

ភ្នំពេញ: ក្រោយពីបានចេញផ្សាយពីប្រវត្តិខ្លីៗរបស់ក្រុមចំនួន ១៦ រួចជាស្រេចសម្រាប់យុទ្ធនាការ Euro ឆ្នាំ ២០១៦ ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ សប្តាហ៍នេះ ភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយក្រុម ៨ ក្រុមចុងក្រោយសម្រាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកទ្វីបអឺរ៉ុបបួនឆ្នាំម្តងមួយនេះ។

ក្រុមជម្រើសជាតិរុស្ស៊ី

ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី នឹងធ្វើការបង្ហាញខ្លួនក្នុងយុទ្ធនាការជើងឯកប្រចាំទ្វីបអឺរ៉ុបជាលើកទី ៥ របស់ពួកគេ បើគិតចាប់តាំងពីការបែកបាក់សហភាពសូវៀត កាលពីឆ្នាំ ១៩៩៦។

Cambodia Website Design

លទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់រុស្ស៊ី គឺការឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០០៨។

សម្រាប់យុទ្ធនាការ Euro ឆ្នាំ ២០១៦ ខាងមុខនេះ ពួកគេបានឈ្នះសិទ្ធិទៅប្រកួតតាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ នៃយុទ្ធនាការប្រកួតជម្រុះពូល G ក្រោយពីដណ្តើមបានជ័យជម្នះ ៦ លើក ស្មើ ២ លើក និងចាញ់ ២ លើកពីការប្រកួតទាំង ១០ លើករបស់ពួកគេ។

ក្រុមជម្រើសជាតិរុស្ស៊ី នឹងត្រូវប្រឈមមុខនឹងការប្រជែងដ៏ធំមួយដើម្បីឈានទៅប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ខណៈដែលពួកគេស្ថិតក្នុងពូល B រួមជាមួយនឹងក្រុមជើងខ្លាំងអង់គ្លេស ស្លូវ៉ាគី និងក្រុមបាល់ទាត់ជម្រើសជាតិវេលស៍។

ក្នុងយុទ្ធនាការ Euro ក្រុមជម្រើសជាតិរុស្ស៊ី នឹងធ្វើការប្រកួតបើកឆាកក្នុងពូលរបស់ខ្លួនជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស នៅថ្ងៃទី ១១ ខែមិថុនា នាកីឡដ្ឋាន Stade Velodrome ក្នុងទីក្រុង Marseille។

ក្រុមជម្រើសជាតិស្លូវ៉ាគី

Euro ឆ្នាំ ២០១៦ នឹងក្លាយជាការបង្ហាញខ្លួនជាលើកទី ១ មួយរបស់ក្រុមបាល់ទាត់ជម្រើសជាតិស្លូវ៉ាគី បើគិតចាប់តាំងពីការបែកបាក់របស់រដ្ឋឆេកូស្លូវ៉ាគី កាលពីឆ្នាំ ២០១៦។

ក្នុងការប្រកួតជម្រុះពូល C ក្រុមជម្រើសជាតិស្លូវ៉ាគី បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យកត់សម្គាល់ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងពូល ដោយដេញតាមពីក្រោយក្រុមខ្លាំងអេស្ប៉ាញ ចំនួន ៥ ពិន្ទុ។

ក្នុងការប្រកួតជម្រុះ ១០ លើក ស្លូវ៉ាគី បានកត់ត្រាជ័យជម្នះ ៧ លើក ស្មើ ១ លើក និងចាញ់ ២ លើក ក្នុងនោះរាប់បញ្ចូលទាំងការយកឈ្នះលើក្រុមអេស្ប៉ាញ ក្នុងការប្រកួតលើទឹកដីខ្លួនឯងផងដែរ។

សម្រាប់ការប្រកួតក្នុងយុទ្ធនាការ Euro ឆ្នាំ ២០១៦ ខាងមុខ ស្លូវ៉ាគី បានស្ថិតក្នុងពូល B រួមជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស រុស្ស៊ី និងក្រុមជម្រើសជាតិវេលស៍ ហើយពួកគេនឹងធ្វើការប្រកួតបើកឆាករបស់ពួកគេនៅថ្ងៃទី ១១ ខែមិថុនា ជាមួយនឹងក្រុមជម្រើសជាតិវេលស៍ នាកីឡដ្ឋាន Nouveau Stade de Bordeaux ក្នុងទីក្រុង Bordeaux។

ក្រុមជម្រើសជាតិអេស្ប៉ាញ

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នឹងឈានទៅកាន់យុទ្ធនាការនៅប្រទេសបារាំង នាពេលខាងមុខនេះ ក្នុងនាមជាក្រុមម្ចាស់ការពារតំណែងជើងឯក។

ក្រោយពីបានឈ្នះពាន Euro ជាលើកទីមួយកាលពីឆ្នាំ ១៩៦៤ អេស្ប៉ាញ បានបង្កើតភាពអស្ចារ្យ តាមរយៈការឈ្នះពានប្រចាំទ្វីបមួយនេះ ចំនួន ២ លើកជាប់ៗគ្នា កាលពីឆ្នាំ ២០០៨ និងឆ្នាំ ២០១២ ដើម្បីចូលរួមជាមួយនឹងអាល្លឺម៉ង់ ក្នុងនាមជាក្រុមឈ្នះពាន Euro ច្រើនជាងគេ។

នេះគឺជាការបង្ហាញខ្លួនជាលើកទី ១០ របស់ពួកគេ ហើយលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀតគឺការបញ្ចប់ក្នុងនាមជាក្រុមម្ចាស់ផ្ទះជើងឯករងកាលពីឆ្នាំ ១៩៨៤។

អេស្ប៉ាញ គឺជាក្រុមមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពាននៅឆ្នាំនេះយ៉ាងពិតប្រាកដ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ នៃការប្រកួតជម្រុះពូល C បន្ទាប់ពីឈ្នះ ៩ លើក និងចាញ់ ១ លើកពីការប្រកួតទាំង ១០ លើក។

សម្រាប់យុទ្ធនាការខាងមុខនេះ ពួកគេស្ថិតក្នុងពូល D រួមជាមួយនឹងក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ក្រូអាស៊ី និងតួកគី ហើយពួកគេនឹងធ្វើការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេដោយប៉ះជាមួយនឹងក្រុមជម្រើសជាតិឆែក នាថ្ងៃទី ១៣ ខែមិថុនា នៅកីឡដ្ឋាន Municipal ក្នុងទីក្រុង Toulouse។

ក្រុមជម្រើសជាតិស៊ុយអែត

Euro ឆ្នាំ ២០១៦ នឹងក្លាយជាការបង្ហាញខ្លួនជាលើកទី ៦ របស់ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត ក្នុងយុទ្ធនាការប្រចាំទ្វីបមួយនេះ ហើយលទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់ពួកគេគឺការបញ្ចប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ ១៩៩២ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ។

ស៊ុយអែត បានជួបការប្រកួតជម្រុះដ៏ស្វិតស្វាញសម្រាប់ Euro ឆ្នាំ ២០១៦ ដោយពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីអូទ្រីស និងរុស្ស៊ី ក្រោយពីឈ្នះ ៥ លើក ស្មើ ៣ លើក និងចាញ់ ២ លើក ប៉ុន្តែ ពួកគេបានផ្តួលក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងលទ្ធផលទាំងពីរជើង ៤-៣ ក្នុងវគ្គ Playoff។

សម្រាប់ Euro ឆ្នាំ ២០១៦ ក្រុមជម្រើសជាតិស៊ុយអែត ស្ថិតក្នុងពូល E រួមជាមួយនឹងក្រុមខ្លាំងបែលហ្ស៊ិក អ៊ីតាលី និងសាធារណរដ្ឋអៀរឡង់។

ស៊ុយអែត នឹងធ្វើការប្រកួតបើកឆាកក្នុងពូលជាមួយនឹងក្រុមអៀរឡង់ នៅថ្ងៃទី ១៣ ខែមិថុនា នៅកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីស។

ក្រុមជម្រើសជាតិស្វ៊ីស

ក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស នឹងធ្វើដំណើរទៅធ្វើការបង្ហាញខ្លួនក្នុងយុទ្ធនាការជើងឯកប្រចាំទ្វីបអឺរ៉ុបជាលើកទី ៤ របស់ខ្លួន ហើយពួកគេមិនមានកំណត់ត្រាគួរឲ្យកត់សម្គាល់ឡើយ ខណៈដែលពួកគេមិនបានធ្លាប់បានឆ្លងផុតវគ្គចែកពូលពីមុនមកឡើយ។

ស្វ៊ីស បានឆ្លងកាត់ការប្រកួតជម្រុះដ៏ស្វិតស្វាញ ហើយពួកគេបានឈ្នះកៅអីទៅបង្ហាញខ្លួនក្នុងជុំផ្តាច់ព្រ័ត្រនេះតាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីអង់គ្លេស ពីពូល E ក្រោយពីឈ្នះ ៧ លើក និងចាញ់ ៣ លើកពីការប្រកួត ១០ លើក។

ក្នុងយុទ្ធនាការ Euro ឆ្នាំ ២០១៦ ក្រុមជម្រើសជាតិស្វ៊ីសត្រូវប្រឈមមុខនឹងការប្រកួតដ៏ស្វិតស្វាញ ខណៈដែលពួកគេស្ថិតក្នុងពូល A រួមជាមួយនឹងក្រុមជម្រើសជាតិបារាំង អាល់បានី និងរូម៉ានី ហើយពួកគេនឹងធ្វើការប្រកួតបើកឆាកក្នុងពូលជាមួយនឹងអាល់បានី នាថ្ងៃទី ១១ ខែមិថុនា នៅកីឡដ្ឋាន Stade Bollaert-Delelis ក្នុងទីក្រុង Lens។

ក្រុមជម្រើសជាតិតួកគី

ក្រុមទាត់ជម្រើសជាតិតួកគី នឹងឈានទៅកាន់ការប្រកួតនាពេលខាងមុខនេះ ដោយសម្លឹងរកការធ្វើឲ្យល្អដូចក្នុងយុទ្ធនាការ Euro ឆ្នាំ ២០០៨ ដែលនៅពេលនោះពួកគេបានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមជម្រើសជាតិតួកគី បានបញ្ចប់យុទ្ធនាការជម្រុះក្នុងពូល A ក្នុងនាមជាក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ដែលមានពិន្ទុខ្ពស់ជាងគេដើម្បីឈ្នះកៅអីជាស្វ័យប្រវត្តិ និងដើម្បីឈ្នះសិទ្ធិធ្វើការបង្ហាញខ្លួនជាលើកទី ៤ របស់ពួកគេ។

ក្នុងចំណោមការប្រកួតជម្រុះ ១០ លើក ពួកគេបានកត់ត្រាជ័យជម្នះ ៥ លើក ស្មើ ៣ លើក និងចាញ់ ២ លើក ហើយសម្រាប់យុទ្ធនាការនាពេលខាងមុខនេះ ពួកគេស្ថិតក្នុងពូល D រួមជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ក្រូអាស៊ី និងសាធារណរដ្ឋឆែក។

ក្រុមជម្រើសជាតិតួកគី នឹងធ្វើការប្រកួតបើកឆាកក្នុងរបស់ពួកគេដោយជួបជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី នៅថ្ងៃទី ១២ ខែមិថុនា នាកីឡដ្ឋាន Parc des Princes ក្នុងទីក្រុងប៉ារីស។

ក្រុមជម្រើសជាតិអ៊ុយក្រែន

ក្រោយពីបែកបាក់ចេញពីសហភាពសូវៀតកាលពីឆ្នាំ ១៩៩២ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន បានធ្វើការបង្ហាញខ្លួនត្រឹមតែ ១ លើកគត់ក្នុងយុទ្ធនាការ Euro ហើយការបង្ហាញខ្លួនតែមួយលើកគត់បានកើតឡើងក្នុងនាមជាក្រុមសហម្ចាស់ផ្ទះកាលពីឆ្នាំ ២០១២ ប៉ុន្តែ ពួកគេបានបញ្ចប់ត្រឹមវគ្គចែកពូល។

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន បានឆ្លងកាត់ការប្រកួតជម្រុះដ៏ស្វិតស្វាញ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៃពូល C បន្ទាប់ពីក្រុមជម្រើសជាតិអេស្ប៉ាញ និងស្លូវ៉ាគី ក្រោយពីបានកត់ត្រាជ័យជម្នះ ៦ លើក ស្មើ ១ លើក និងចាញ់ ៣ លើកក្នុងចំណោមការប្រកួតជម្រុះ ១០ លើក។

ប៉ុន្តែ ក្នុងវគ្គ Playoff អ៊ុយក្រែន បានយកឈ្នះស្លូវេនី ក្នុងលទ្ធផលទាំងពីរជើង ៣-១។

សម្រាប់យុទ្ធនាការ Euro ឆ្នាំ ២០១៦ អ៊ុយក្រែន ស្ថិតក្នុងពូល C រួមជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ប៉ូឡូញ និងអៀរឡង់ខាងជើង ហើយពួកគេនឹងធ្វើការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេជាមួយនឹងក្រុមអាល្លឺម៉ង់ នៅថ្ងៃទី ១២ ខែមិថុនា នាកីឡដ្ឋាន Stade Pierre-Mauroy ក្នុងទីក្រុង Lille។

ក្រុមជម្រើសជាតិវេលស៍

យុទ្ធនាការ Euro ឆ្នាំ 2016 គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំជាលើកដំបូងសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ បើគិតចាប់តាំងពី World Cup ឆ្នាំ 1958 ប៉ុន្តែ នេះគឺជាលើកទីមួយហើយដែលពួកគេបានបង្ហាញខ្លួនក្នុងយុទ្ធនាការប្រចាំទ្វីបអឺរ៉ុប។

ក្រុមជម្រើសវេលស៍ បានជួបយុទ្ធនាការប្រកួតជម្រុះដ៏រីករាយ បើទោះបីស្ថិតក្នុងពូល B រួមជាមួយនឹងជើងខ្លាំងបែលហ្ស៊ិក ក៏ដោយ ខណៈដែលពួកគេចាញ់ពិន្ទុក្រុមឈរលេខ ១ មួយនេះ ត្រឹមតែ ២ ពិន្ទុប៉ុណ្ណោះ។

ក្នុងចំណោមការប្រកួតជម្រុះ ១០ លើក ក្រុមជម្រើសជាតិវេលស៍ បានកត់ត្រាជ័យជម្នះ ៦ លើក ស្មើ ៣ លើក និងចាញ់ ១ លើក។

ក្រុមបាល់ទាត់ជម្រើសជាតិវេសល៍ ស្ថិតក្នុងពូល B រួមជាមួយនឹងក្រុមជើងខ្លាំងអង់គ្លេស រុស្ស៊ី និងស្លូវ៉ាគី ហើយពួកគេនឹងធ្វើការប្រកួតបើកឆាកក្នុងពូលនៃយុទ្ធនាការ Euro ឆ្នាំ ២០១៦ ជាមួយនឹងក្រុមជម្រើសជាតិស្លូវ៉ាគី នាថ្ងៃទី ១១ ខែមិថុនា នៅកីឡដ្ឋាន Nouveau Stade de Bordeaux ក្នុងទីក្រុង Bordeaux៕

ប្រភព៖ www.postkhmer.com

You might also like More from author

Leave A Reply

Your email address will not be published.