កោះត្រឡាច

0 9
Cambodia Website Design

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅកម្ពុជាក្រោម មានឆ្នេរសមុទ្រលាតសន្ធឹងពីខេត្តបារៀ ឬ ខេត្តព្រះសួគ៌ា រហូតដល់ខេត្តពាម ដោយឆ្លងកាត់តាមព្រៃនគរ កោះគង មេ-ស កំពង់ឫស្សី ព្រះត្រពាំង ឃ្លាំង ពលលាវ ទឹកខ្មៅ និងក្រមួន ។ តាមឆ្នេរទាំងនេះ មានកោះ ជាច្រើនដូចជា កោះបាកែវ កោះទុង កោះក្អាត ជាដើម ។ កោះទាំងនេះ ជាប្រភពចំណូលខាងវិស័យទេសចរណ៍ និង ភោគផលដំណាំ និងនេសាទ ។ ក្រៅពីកោះដែលបានរៀបរាប់ ក៏នៅមានកោះធំមួយទៀតគឺ កោះត្រឡាច ដែលជាកោះមួយរបស់ចក្រភពខ្មែរ មុនសតវត្សរ៍ទី ១៧ ។

Cambodia Website Design

ផែនទីកោះត្រឡាច

ផែនទីកោះត្រឡាច

កោះត្រឡាច យួនហៅថា “កូងដាវ” (Côn Đảo) ឬ “ កូងស៊ើង” (Côn Sơn) បារាំងហៅថា ពូលូកុងដ័រ (Poulo Condor) ។ ប្រជុំកោះត្រឡាច មានកោះទាំងអស់ចំនួន ១០ ទាំងតូចទាំងធំ មានផ្ទៃក្រឡាប្រមាណ ៧៦ km² ។ យោងតាមជំរឿន ប្រជាជនឆ្នាំ ២០១០ ដោយរដ្ឋាភិបាលវៀតណាម កោះនេះ មានប្រជាជនសរុបប្រមាណ ៦.០០០ នាក់ ។ ឆ្នាំ ១៩៧៧ រដ្ឋសភានៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញសេចក្ដីសម្រេចមួយដាក់ឈ្មោះ កោះត្រឡាច ជាផ្លូវការ ទៅជាភាសាយួនថា “កូងដាវ” (Côn Đảo) ។ កោះត្រឡាច សព្វថ្ងៃ ជាស្រុករដ្ឋបាលមួយនៃ ខេត្តបារៀ និង ខេត្តអូរកាប់ ខេត្តមួយដែលរដ្ឋាភិបាលវៀតណាមបានដាក់បញ្ចូលគ្នាឲ្យទៅជាខេត្តមួយថា ខេត្តបារៀវុងតាវ (Bà Rịa-Vũng Tàu) ។

យោងតាមសៀវភៅឯកសារប្រវត្តិសាស្ត្រសរសេរដោយ សាស្ត្រាចារ្យ ត្រាំង ឆាត ប៊ុត ឈ្មោះថា “កម្ពុជាក្រោម អំណាចគ្មាន ខ្មែរក្រោម” បានបញ្ជាក់ថា កោះត្រឡាច នៅចម្ងាយ ១០០ គីឡូម៉ែត្រពីឆ្នេរសមុទ្រស្រុកជ្រោយញរ ខេត្តឃ្លាំង ឬ ១៨០ គីឡូម៉ែត្រ ពីខេត្តអូរកាប់ ខេត្តមួយដែលយួនហៅថា ខេត្តវុងតាវ (Vung Tau) បារាំងហៅថា “កាប់ស័ងស្ហាក់” (Cap Saint Jacques ) ។

មុនសម័យបារាំង៖

ដំបូង កោះត្រឡាច ជាកោះមួយរបស់ចក្រភពខ្មែរ ហើយក្រោយមកត្រូវបានកាន់កាន់ដោយវៀតណាមនៅក្នុងសតវត្សទី ១៧ ។ ដោយសារ កោះនេះ មានអំណោយផលជាទីសំចតផ្លូវទឹកភ្ជាប់ពីអាស៊ីទៅអឺរ៉ុប ទើបធ្វើឲ្យពួកបស្ចិមប្រទេសបានស្គាល់ កាន់ តែឆាប់ និងច្បាស់លាស់ ។

  • ឆ្នាំ ១២៩១ សំពៅ ១៤ គ្រឿង របស់អ្នកជំនួញ និងអ្នកស្រាវជ្រាវជនជាតិអ៊ីតាលី Marco Polo បានធ្វើដំណើរចេញពី ប្រទេសចិនត្រឡប់ទៅស្រុកវិញ ត្រូវបានព្យុះធ្វើលិចសំពៅអស់ ៨ គ្រឿង ហើយនៅសល់ពីនេះ បានរសាត់មកជាប់នៅ លើកោះត្រឡាច ។ [14]
  • នៅក្នុងអំឡុងសតវត្សរ៍ទី ១៥ ដល់ ១៦ មានអ្នកធ្វើដំណើរបស្ចិមប្រទេសជាច្រើនបានមកសំចតនៅកោះត្រឡាច ។
  • ចុងសតវត្សរ៍ទី ១៧ ដើមសតវត្សរ៍ទី ១៨ ក្រុមមូលធនអង់គ្លេស និង បារាំងបានចាប់ផ្ដើម ងាកមកចាប់អារម្មណ៍មក ប្រទេសលោកខាងកើត ។ ក្រុមហ៊ុនអង់គ្លេស និងបារាំងបានមកពិនិត្យ និងស៊ើបអង្កេត កោះត្រឡាច ជាច្រើនសា ដើម្បីស្ទាបស្ទង់គ្រប់ស្ថានការណ៍ ក្នុងគោលបំណងកាន់កាប់កោះនេះ ។
  • ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៧០២ ក្រុមហ៊ុនអង់គ្លេសឥណ្ឌា (English East India Company) មួយបានបង្កើតឡើង ជាអចិន្ត្រៃយ៍នៅលើកោះត្រឡាចនេះ សម្រាប់ជាទីសំចតពាក់កណ្ដាលផ្លូវរបស់នាវាឥណ្ឌា និងចិន ។ ៣ ឆ្នាំ ក្រោយ មក នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ១៧០៥ ក្រុមហ៊ុនរបស់អង់គ្លេសត្រូវបានវាយប្រហារ និងរោងចក្រត្រូវគេបានវាយកម្ទេច ហើយមនុស្សដែលរស់នៅលើកោះនេះសេសសល់ទាំងប៉ុន្មាន ត្រូវបានចាប់នីរទេសដោយជនជាតិយួន [2] ។

ពេលធ្វើសង្គ្រាមជាមួយក្រុមរាជវង្សយួនភាគខាងជើងនៅហ្វេ (Huế) រាជបុត្រស្ដេចយួន ង្វៀង ផុក អាន់ (Nguyễn Phúc Ánh) បានប្រគល់ កោះត្រឡាច ឲ្យបារាំង ដោយចុះសន្ធិសញ្ញា Versailles ឆ្នាំ ១៧៨៧ ដើម្បីប្ដូរយកជំនួយ យោធា ។ ក្រោយមក សន្ធិសញ្ញានេះ ត្រូវបានលុបចោល ពេលបារាំងបរាជ័យក្នុងការផ្ដល់ជំនួយ ។

ឆ្នេរមួយនៅក្នុងកោះត្រឡាច ។

ឆ្នេរមួយនៅក្នុងកោះត្រឡាច ។

សម័យបារាំង៖

  • ខែមេសា ឆ្នាំ ១៨៦១ បារាំងបានចូលកាន់កាប់ខេត្តមួយចំនួននៅតំបន់ព្រៃនគរ ។ ក្នុងអំឡុងពេលនោះ បារាំងបានគិត គូរជាបន្ទាន់ដល់ការដណ្ដើមយកកោះត្រឡាច ព្រោះបារម្ភខ្លាចអង់គ្លេសយកតំបន់ដ៏សំខាន់មួយនេះ ។
  • វេលាម៉ោង ១០ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៨៦១ ឧត្ដមនាវិកបារាំង លោក Bonard បានចេញបញ្ជាឲ្យកប៉ាល់នាំសារ Norzagaray មកកាន់កាប់កោះត្រឡាច ហើយបានលើកទង់បារាំងឡើង ។
  • ក្រោយមក អនុសេនីយ៍ឯកជើងទឹកបារាំង លោក លីស្បែស ស៊ីបាជាង នីកូឡាស ជួអាគីម (Lespès Sebastien Nicolas Joachim) បានប្រកាស “សេចក្ដីប្រកាសអធិបតេយ្យ” របស់បារាំងនៅលើកោះត្រឡាច ។
  • ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៨៦២ ស្ដេចយួនក្រុងហ្វេ បានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងបារាំង ។ មាត្រា ៣ នៃកិច្ចព្រម ព្រៀងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា រាជវង្ស ង្វៀង របស់យួនបានប្រគល់ទាំងស្រុងនូវអធិបតេយ្យកោះត្រឡាចទៅឲ្យ អធិរាជបារាំង ។

ក្នុងអំឡុងពេល ៩៣ ឆ្នាំ គឺចាប់តាំងពី ឆ្នាំ ១៨៦២ ដល់ ១៩៥៥ បារាំងបានផ្លាស់ប្ដូរអភិបាលជនជាតិបារាំង ដែលមើល ការខុសត្រូវ នៅកោះត្រឡាច ចំនួន ៤០ រូប ។ អភិបាលទាំងនោះរួមមាន៖

1. Felix Roussel (1862-1863)
2. Bizot (1863-1864)
3. Benoist (1864-1866)
4. Boubé (1866-1869)
5. Stiedel (1869-1870)
6. Claudot (1870-1871)
7. Gaudot (1871-1872)
8. Chevillet (1872-1874)
9. Symphor (1874-1875)
10. Morin (1875-1876)
11. Pasquet de la Broue (1876-1877)
12. Disnematin Dorat (1877-1878)
13. Pasquet de la Broue (1878-1882)
14. Bosquet (1882-1884) 15. Caffort (1884-1887)
16. Sellier (1887-1890)
17. René (1890-1892)
18. Jacquet (1892-1896)
19. De Colbert (1896-1898)
20. Morizet (1898-1908)
21. Melaye (1908-1909)
22. Cudenet (1909-1913)
23. De Gailland (1913-1914)
24. Joseph O’Connell (1914-1916)
25. Royer (1916-1917)
26. Andouard (1917-1919) 27. Lambert (1919-1927)
28. Bouvier (1927-1934) 29. Cremanzy (1934-1935)
30. Bouvier (1935-1942)
31. Brouillonet (1942-1943)
32. Tisseyre (1943-1945)
33. Hilaire (1945)
34. Lê Văn Trà (1945)
35. Gimbert (1946)
36. Honecker (1946-1947)
37. Jacques Brulé (1947-1948)
38. Henri Lafosse (1948-1951)
39. H. Jarty (1951-1953)
40. Aloise Blanck (1953-1955)

សម័យសាធារណរដ្ឋវៀតណាម៖

  • ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦ ប្រធានាធិបតី ង៉ោ ដិន យេម (Ngô Đình Diệm) បានចេញបទបញ្ជា លេខ 143-NV ក្នុងការប្រកាសបញ្ជីឈ្មោះរដ្ឋបាលភូមិសាស្ត្រនៅវៀតណាមខាងត្បូង ។ ក្នុងនោះ កោះត្រឡាច ត្រូវបានក្លាយជា “ខេត្តកូងស៊ើង” (tỉnh Côn Sơn) ។
  • ថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៩៧៥ កងទ័ពកុម្មុយនិស្តយួន នៃរណសិរ្សរំដោះវៀតណាមខាងត្បូង បានចូលកាន់កាប់ កោះត្រឡាច បន្ទាប់ពីរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម បានផ្ដួលរំលំដោយពួកកុម្មុយនិស្តយួននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។

អំពីគុកកោះត្រឡាច៖

និយាយអំពី “កោះត្រឡាច” គេមិនអាចភ្លេចរំឭកដល់ “គុកកោះត្រឡាច” ទេ ។ យោងតាម គេហទំព័រសព្វាវចនាធិប្បាយ Wikipedia នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៨៦២ Bonard បានចុះហត្ថលេខាមួយឲ្យបង្កើត “គុកកោះត្រឡាច” ដើម្បីដាក់អ្នក ទោសអ្នកនយោបាយឲ្យដាច់ស្រយាលកុំឲ្យមានការទាក់ទងនឹងបក្សពួករបស់គេបាន ។ ការបង្កើតគុកនេះឡើងបានធ្វើឲ្យកោះ ត្រឡាចមានឈ្មោះល្បីល្បាញរហូតមកដល់សព្វថ្ងៃ ។

គុកនៅកោះត្រឡាច ។

គុកនៅកោះត្រឡាច ។

“គុកកោះត្រឡាច” ជាមជ្ឈមណ្ឌលព្រហ្មទណ្ឌមួយបារាំងហៅថា “បាញញើ ឌឺ ពូលូកុងដ័រ” (Bagne de Poulo Condor) ។ គុកនេះបារាំងបង្កើតឡើង ដើម្បីឃុំឃាំងអ្នកទោសពិសេសដែលគេចាត់ទុកថាធ្វើឲ្យគ្រោះថ្នាក់ដល់របបអាណានិគមរបស់បារាំង ដូចជា អ្នកនយោបាយ អ្នកទោសប្រហារជីវិត សមាជិកបក្សកុម្មុនិស្ត និងអ្នកជាតិនិយមនៅឥណ្ឌូចិន ដែលប្រឆាំងនឹងរបប អាណានិគមបារាំង ។ នៅក្នុង “គុកកោះត្រឡាច” នេះ មានមន្ទីរមួយដែលរបបអាណានិគមបារាំង, របបរដ្ឋវៀតណាម និង របបសាធារណរដ្ឋវៀតណាម បានបង្កើតឡើងឲ្យឈ្មោះថា “ទ្រុងខ្លា” ដើម្បីធ្វើទារុណកម្មលើសមាជិកដឹកនាំកំពូលនៃពួកកុម្មុយ និស្តនិយម ក្នុងអំឡុងពេលសង្គ្រាមនៅវៀតណាម និងឥណ្ឌូចិន ។ អ្នកទោសនយាបាយខ្មែរជាច្រើនរូប ក៏បានស្លាប់នៅ គុក កោះត្រឡាច នេះដែរ មានដូចជា អាចារ្យ ហែម ចៀវ, លោក ប៉ាច ឈឺន លោក នួន ឌួង ជាដើម ។

យោងតាម សៀវភៅ “ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចវៀតណាម” (Toàn cảnh kinh tế Việt Nam) ដែលសរសេរដោយ លោក ង្វៀង ថាយ ហ្វាង (Quang Thái Nguyễn) បានបញ្ជាក់ថា នៅក្រោមរបបអាណានិគមនិយមបារាំង មានពលរដ្ឋវៀតណាម គ្រប់ស្រទាប់វណ្ណៈ ប្រមាណ ២.០០០០ នាក់ បានស្លាប់នៅក្នុងគុកកោះត្រឡាច ហើយបានយកទៅបញ្ចុះនៅទីបញ្ចុះសពមួយ ឈ្មោះ ហាងយឿង (Nghĩa trang Hàng Dương) ។

រូបធ្វើឡើងដោយរដ្ឋាភិបាលវៀតណាម បង្ហាញពីជីវិតអ្នកទោសនយោបាយនៅត្រឡាច ។

រូបធ្វើឡើងដោយរដ្ឋាភិបាលវៀតណាម បង្ហាញពីជីវិតអ្នកទោសនយោបាយនៅត្រឡាច ។

បើយោងតាមសៀវភៅឯកសារប្រវត្តិសាស្ត្រ “កម្ពុជាក្រោម អំណាចគ្មានខ្មែរក្រោម” វិញ លោកសាស្ត្រាចារ្យ ត្រាំង ឆាត ប៊ុត បញ្ជាក់ថា “ឆ្នាំ ១៩៣៩ នៅកោះនេះ មានអ្នកគុកនយោបាយចំនួន ២.៤០០ នាក់ ហើយនៅពេលសង្គ្រាមលោកលើកទី ២ ចំនួនអ្នកទោស នយោបាយកើនឡើងដល់ ៦០០០ នាក់ និងបន្ទាប់មក នៅឆ្នាំ ១៩៤៦ ដល់ ឆ្នាំ ១៩៥៥ កើនឡើងដល់ ២.៤០០ នាក់” ។

លែងជារបស់កម្ពុជា៖

មន្ត្រីរដ្ឋាភិបាលខ្មែរនៃគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា កោះត្រឡាចលែងជារបស់ប្រទេសកម្ពុជា ទៀតហើយ ។

កោះត្រឡាច ។

កោះត្រឡាច ។

យោងតាម VOD ដែលបានចេញផ្សាយកាលពីថ្ងៃ ១២ ខែតុលា ឆ្នាំ ២០១២ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានបញ្ជាក់យ៉ាងច្បាស់ថា កោះទាំងនោះ លែងជារបស់កម្ពុជាទៀតហើយ គឺជាកោះរបស់វៀតណាម ។ លោកថា កោះត្រឡាចនេះ ស្ថិតនៅសមុទ្រចិនខាងត្បូង ហើយវាជាគុកនយោបាយរបស់អាណានិគមបារាំង ។ លោកថា បើតាមប្រវត្តិសាស្ត្រកោះត្រឡាច ពិតជាលែងជាដែនដីរបស់កម្ពុជាទៀតឡើយ ។

លោក វ៉ា គឹម ហុង បញ្ជាក់ថា ៖

កោះត្រឡាច គេហៅថា ពូឡូកុងដឺ ជាគុក ដាក់អាកន្លែងយើងអ្នកតស៊ូ អ្នកស្នេហាជាតិយើងពីដើម បារាំងគេយកទៅដាក់គុកនៅហ្នឹង មិនមែននៅក្នុងឈូងសមុទ្រសៀមទេ វានៅជិតអាកន្លែងនៅជិតដូនកាវឯណោះ នៅក្នុង South China Sea នៅក្នុងឆកសមុទ្រចិនខាងត្បូង វានៅខុសសមុទ្រគ្នាទៅទៀត បើថាឲ្យប៉ះទឹកដីយើងឯណាទៅៗ វាខុសពីរឿង” ។

កម្ពុជាអាចទាមទារមកវិញ៖

ប៉ុន្តែទីប្រឹក្សាព្រះមហាក្សត្រ លោក សឺន ស៊ូបែរ្តិ៍ ដែលជាកូនចៅអ្នកកម្ពុជាក្រោម ពោលគឺជាចៅរបស់ លោក តា ស៊ឺន គុយ មានប្រសាសន៍ថា កោះទាំងនោះមិនទាន់ជាកម្មសិទ្ធិរបស់វៀតណាមនោះទេ ព្រោះព្រះមហាក្សត្រខ្មែរតាំងពីសម័យ ព្រះបាទអង្គ ឌួងមក បានប្តឹងទាមទារយកមកវិញ ។ លោកថា កាលដែលកោះទាំងនេះប្រគល់ទៅឲ្យវៀតណាម វាជារឿងអយុត្តិធម៌ក្នុងប្រវត្តិសាស្ត្រ ដោយសារបារាំងគ្មានសិទ្ធិប្រគល់ទៅឲ្យវៀតណាមនោះទេ ហើយកម្ពុជានៅតែអាចទាមទារយកកោះនេះមកវិញបាន ។

លោក សឺន ស៊ូបែរ្តិ៍ បញ្ជាក់ថា៖

ព្រោះវាជាអយុត្តិធម៌ប្រវត្តិសាស្ត្រ ពីព្រោះបារាំងអត់មានសិទ្ធិអី ប្រគល់ទឹកដីហ្នឹងដែលខ្លួនឯង បានទទួលពីខ្មែរយើង ឲ្យទៅអធិរាជបាវដាយ អាហ្នឹងប្រឆាំងនឹងញត្តិពួកសភាបារាំង តំណាងរាស្ត្របារាំង សុំឲ្យរដ្ឋាភិបាលបារាំងជំនាន់ហ្នឹងចាត់ការសម្របសម្រួលជាមួយខ្មែរសិន មុនសម្រេចស្អីៗមួយ ក្នុងរឿងកូស័ងស៊ិន ហ្នឹង” ។

លោក សឺន ស៊ូបែរ្តិ៍ បន្តថា ទាំងខ្មែរជំនាន់មុន និងជំនាន់នេះ ត្រូវរៀនសូត្រ និងមើលប្រវត្តិសាស្ត្រទឹកដីកម្ពុជាឡើងវិញ ថាទំហំប៉ុណ្ណា ហើយវាធ្លាក់ទៅលើប្រទេសជិតខាងដោយស្របច្បាប់ដែរឬទេ?

ប្រភព៖ សម្លេងខ្មែរកម្ពុជាក្រោម

You might also like More from author

Leave A Reply

Your email address will not be published.