នាយករដ្ឋមន្រ្តីអំពាវនាវ​ឲ្យ​កម្មករ​​បន្ត​គាំទ្រ​រូបលោកជាជាង​​ចលាចលសង្គម

0 1
Cambodia Website Design

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣៧ឆ្នាំមកហើយ នៅថ្ងៃអង្គារនេះបានអំពាវនាវឲ្យកម្មករកម្មការិនីទាំងអស់និងប្រជាពលរដ្ឋទូទៅ បន្តគាំទ្រការដឹកនាំរបស់លោក ដែលលោកថាការគំាទ្រនេះដើម្បីកុំឲ្យមានចលាចលសង្គម។

ក្នុងកម្មវិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន១០០ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ លោក ហ៊ុន សែន បានថ្លែងចំពោះមុខកម្មកររាប់ពាន់នាក់ថាដោយសារមានតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ទើបកម្មករជាង១ម៉ឺននាក់មានការងារធ្វើរហូតមកដល់ពេលនេះ។ លោកចាត់ទុកថានេះជាការខិតខំរបស់រដ្ឋាភិបាលក្នុងការជួយឲ្យប្រជាពលរដ្ឋមានការងារធ្វើ។

ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យកម្មករនិងពលរដ្ឋទាំងអស់បន្តគាំទ្ររូបលោក ដោយលោកថាការគាំទ្រនេះគឺដើម្បីជៀសវាងចលាចលសង្គម។ លោកបានថ្លែងថា៖ “ខ្ញុំសង្ឃឹមថាកម្មករ កម្មការិនីក៏ដូចជាជនរួមជាតិរបស់យើងនឹងបន្តគាំទ្រការអភិវឌ្ឍបែបនេះតទៅទៅជាជាងមានភាពចលាចលកើតឡើង”។ លោកបន្តថា៖ “ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជន ជាអ្នកដឹកនាំសំខាន់មួយរូបនៃគណបក្សប្រជាជន  ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តីនៅពេលនេះនិងជាបេក្ខជននាយករដ្ឋមន្រ្តីនៅពេលក្រោយទៀត ខ្ញុំប្តូរផ្តាច់ការពារនូវសន្តិភាព ការពារស្ថិរភាពនយោបាយនិងជំរុញការអភិវឌ្ឍឲ្យលូតលាស់លើសពីនេះថែមទៀត”

Cambodia Website Design

លោក ហ៊ុន សែន បានផ្តល់ថវិកា២ម៉ឺនរៀលសម្រាប់កម្មករជាង១ម៉ឺននាក់ដែលធ្វើការនៅតំបន់ពិសេសក្នុងខេត្តព្រះសីហនុ។ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅទូទាំងប្រទេសកម្ពុជាមានទៅដល់ជាង៧០ម៉ឺននាក់។ គណបក្សសង្រ្គោះជាតិធ្លាប់ប្រមូលផ្តុំកម្មករមកតវ៉ា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ នៅពេលបក្សប្រឆាំងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ បក្សប្រឆាំងក៏បានប្រកាសគោលនយោបាយមួយកាលពីឆ្នាំ២០១៣ថាប្រសិនបើខ្លួនឈ្នះឆ្នោត កម្មករនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាយ៉ាងតិច១៦០ដុល្លារ ដែលចំនួននេះបក្សកាន់អំណាចសន្យាថានឹងអាចធ្វើទៅរួចនៅឆ្នាំ២០១៨។

ថ្មីៗនេះ មេដឹកនាំសហជីព លោក ជា មុនី ដែលគាំទ្របក្សសង្រ្គោះជាតិបានព្រមានថាកម្មករនឹងប្រមូលផ្តុំតវ៉ា ប្រសិនបើមានការចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។

លោក ហ៊ុន សែន បានថ្លែងបន្តថាស្ថានភាពនយោបាយនៅកម្ពុជាមិនមានវិបត្តិដូចការលើកឡើងរបស់បក្សប្រឆាំងនោះទេ។ លោកបានបញ្ជាក់ថា៖ “សប្បាយអត់ឯកឧត្តមលេខាបក្ស(មន្រ្តីជាន់ខ្ពស់របស់ប្រទេសចិនដែលបានចូលរួមក្នុងកម្មវិធីអបអរសាទរនេះ)។ នេះហើយជាស្ថានភាពរបស់កម្ពុជាបច្ចុប្បន្ន កម្ពុជាបច្ចុប្បន្នគ្មានវិបត្តិអាអ្វីមួយកើតឡើងទេ អ្នកដែលនិយាយពីវិបត្តិ រឿងរបស់គេទេ គេបង្កើតដោយខ្លួនគេ អាហ្នឹងរឿងរបស់គេ ខ្ញុំអត់ទទួលខុសត្រូវទេអាហ្នឹង។ ឯខ្ញុំទទួលខុសត្រូវទៅលើបញ្ហាទាំងឡាយ ដែលវាពាក់ព័ន្ធទៅនឹងការពារសន្តិភាព ការពារស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គម ការពារនូវការរីកចម្រើននិងការអភិវឌ្ឍរបស់ប្រជាជននិងដោះស្រាយការលំបាករបស់ប្រជាជន”។

កាលពីថ្ងៃចន្ទ លោក ហ៊ុន សែន បានថ្លែងបែបបញ្ឈិតបញ្ឆៀងទៅគណបក្សសង្រ្គោះជាតិ ដោយចំអកទៅលោក កឹម សុខានិងបក្សប្រឆាំងថាកុំឲ្យមនុស្សម្នាក់ធ្វើឲ្យខូចគណបក្សនយោបាយមួយ។ លោកមានប្រសាសន៍ថា៖ “អ្នកខ្លះខុសខ្លួនឯង ទៅយកទីកន្លែងដទៃ ជាអង្គការចាត់តាំង ជាក្រុមមនុស្សមួយក្រុម ជាតួអង្គចាត់តាំងមួយ ដើម្បីការពារខ្លួន ហើយអង្គការនោះ ក៏ការពារមនុស្សខូចនោះទៅទៀត ដើម្បីប្រឈមនឹងផ្លូវច្បាប់ ប្រហែលជារឿងនេះគឺត្រូវគិតគូឲ្យបានច្បាស់”

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថាអ្វីដែលគណបក្សបានធ្វើគឺដើម្បីការពារសិទ្ធិអ្នកតំណាងរាស្រ្តនិងការពារកុំឲ្យមានការរំលោភលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្ត។

ក្នុងស្ថានការណ៍នយោបាយបច្ចុប្បន្ន គណបក្សសង្រ្គោះជាតិបានដាក់លិខិតថ្វាយព្រះមហាក្សត្រដើម្បីស្នើព្រះរាជអន្តរាគមន៍ឲ្យជួយរកដំណោះស្រាយនយោបាយនិងកុំឲ្យមានការចាប់ខ្លួនលោក កឹម សុខា។ គណបក្សប្រឆាំងក៏បានព្រមានថានឹងធ្វើមហាបាតុកម្មអហិង្សា បើសិនជាមានការចាប់ខ្លួនលោក កឹម សុខា៕

You might also like More from author

Leave A Reply

Your email address will not be published.