ប្រាក់​ដុល្លារ​ជាប់​ស្នាម​ត្រា ធនាគារ​មួយ​ចំនួន​បដិសេធ តែ​ទូ​មាស​តាម​ខេត្ត​នៅ​ទទួល

0 5
Cambodia Website Design

អ្នកចាយប្រាក់ដុល្លារជាច្រើនកំពុងមានកង្វល់យ៉ាងខ្លាំង បន្ទាប់ពីលេចឮដំណឹងតាមបណ្ដាញសង្គមបន្តបន្ទាប់ថា ក្រដាសប្រាក់ ១០០ដុល្លារ ត្រូវធនាគារមួយចំនួនបដិសេធ ប្រសិនបើមានស្នាមប្រឡាក់ ឬត្រាចំណាំតូចៗ។ ទោះបែបនេះក្ដី នៅទូមាស-ប្ដូរប្រាក់តាមបណ្ដាលខេត្តមួយចំនួន នៅតែទទួលធម្មតានៅឡើយ។
លោក សុខ ខេង អាជីវករលក់មាស និងប្ដូរប្រាក់នៅខេត្តស្វាយរៀង បានប្រាប់ Sabay តាមទូរសព្ទថា៖ “រឿងអត់ទទួលដុល្លារជាប់ត្រា ខ្ញុំឮតែគេនិយាយ ហើយឃើញតាម FB ហ្នឹង… នៅនេះ នៅតែចាយ នៅតែយកធម្មតា កុំឲ្យតាស្នាមប្រឡាក់នោះ វាខ្លាំងពេក… បើមិនទទួលអាជាប់ត្រាតូចៗនេះ ងាប់ហើយ ព្រោះ ៨០ភាគរយ សុទ្ធតែមានត្រា”។

លោក ខេង បានបញ្ជាក់ទៀតថា លោកយកដុល្លារទាំងនោះ មកប្ដូរនៅផ្សារអូឡាំពិក គឺគេនៅតែទទួលជាធម្មតា លើកលែងតែមានស្នាមដាមរញ៉េរញ៉ៃ ឬចាស់ខ្លាំង។ ចំណែកធនាគារឯកជនធំមួយនៅជិតកន្លែងលោករកស៊ី ពិតជាមិនទទួលប្រាក់មានស្នាមប្រឡាក់ ឬត្រាដិតខ្លាំងមែន ព្រោះគេក៏ខ្លាចដូចគ្នា។ ប៉ុន្តែពេលដកប្រាក់ពីទូ ATM របស់ធនាគារនោះ ភាគច្រើនសុទ្ធតែមានជាប់ត្រា។

Cambodia Website Design

ចំណែកអ្នករកស៊ីប្ដូរប្រាក់មួយរូបទៀត ឈ្មោះ ហេង នៅខេត្តព្រៃវែង បានប្រាប់ថា លោកនៅតែទទួលចំពោះក្រដាសប្រាក់ ១០០ដុល្លារ មានជាប់ត្រាតូចៗ ប៉ុន្តែបើស្នាមប្រឡាក់ខ្លាំង ទើបបដិសេធមិនយក ទោះឲ្យកាត់ទឹកក៏ដោយ។ លោកថា ហ៊ានទទួល ព្រោះយកមកប្ដូរនៅអូឡាំពិក គេនៅទទួលដូចគ្នា។ លោកអះអាងថា អាជីវករប្ដូរប្រាក់ភាគច្រើន សុទ្ធតែវាយត្រាអក្សរចំណាំតូចណាមួយនៅលើក្រដាសប្រាក់ ១០០ដុល្លារ និង ៥០ដុល្លារ ដើម្បីចំណាំលុយរបស់ខ្លួនផ្ដល់ទំនុកចិត្តដល់អតិថិជន ជៀសវាងប៉ះចំលុយក្លែងក្លាយ។

អ្នកស្រី លីដា បម្រើការនៅក្រុមហ៊ុនឯកជនមួយ បាននិយាយថា ក្រដាសប្រាក់ ១០០ដុល្លារដែលអ្នកស្រីទើបដកពីទូ ATM ភ្លាម ត្រូវបានធនាគារធំមួយបដិសេធមិនទទួល ដោយសារជាប់ត្រាតូចមួយប៉ុណ្ណោះ។ ក្រោយមក អ្នកស្រីបានយកក្រដាសប្រាក់ដដែលនោះ ទៅបង់ថ្លៃសាលារៀនរបស់កូន គឺគេទទួលយកជាធម្មតា។

ចំពោះហាងប្ដូរប្រាក់ កាំង ឡេង ដែលមានអាសយដ្ឋាន នៅមហាវិថីហ្សាដឺហ្គោល បានបញ្ជាក់ថា៖ “បើត្រាចំណាំតូចៗនៅតែទទួល តែបើប្រឡាក់ ឬចាស់ខ្លាំង អត់ទទួលទេ”។ ចំពោះហាងប្ដូរប្រាក់ផ្សេងទៀត នៅអូឡាំពិក ក៏បានបញ្ជាក់ស្រដៀងគ្នាដែរ ហើយពួកគេទើបទទួលបានដំណឹងពីបណ្ដាញសង្គមដូចគ្នា។

លោកជំទាវ ជា សិរី អគ្គនាយកធនាគារជាតិ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយសារជាប់បេសកកម្មនៅក្រៅប្រទេស។ ប៉ុន្តែមន្ត្រីធនាគារជាតិម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ Sabay ថា រឿងប្រាក់ដុល្លារនេះ ប្រហែលមិនទាក់ទងនឹងធនាគារជាតិឡើយ ព្រោះខាងធនាគារជាតិទទួលខុសត្រូវតែលើចរាចរណ៍ប្រាក់រៀលប៉ុណ្ណោះ។ មន្ត្រីដដែលបានបញ្ជាក់ទៀតថា ប្រសិនបើក្រដាសប្រាក់រៀលវិញកុំបារម្ភ ទោះចាស់ ឬរហែកយ៉ាងណា ក៏ខាងធនាគារជាតិទទួលដែរ។

រឿងរ៉ាវមិនទទួលយកប្រាក់ដុល្លារ ដែលមានស្នាមប្រឡាក់ និងស្នាមត្រា បានកក្រើកពេញបណ្ដាញសង្គមចាប់ពីថ្ងៃទី០៩ ខែមិថុនា បន្ទាប់ពីគណនី FB មួយបង្ហោះ Status ឡើងដូចខាងក្រោម៖

«ថ្ងៃនេះខ្ញុំទទួលព័ត៌មានមួយពីមិត្តភ័ក្ដិធ្វើការនៅធនាគារបានអោយដំណឹងមកខ្ញុំថា ធនាគារកណ្តាលបានតម្រូវអោយធនាគារឯកជនទាំងអស់ឈប់អោយទទួលក្រដាសដុល្លាអាមេរិកដែលមានស្នាមប្រឡាក់ទោះតិចតួចក៏ដោយ ស្នាមចុងប៊ិចនិង ស្នាមកូនត្រាតូចៗដែលយើងធ្លាប់ឃើញមានបោះនៅចុងសន្លឹកនោះក៏ដោយ គឺលែងអោយយកហើយ ទាល់តែក្រដាសស្អាតបានទទួល។ ប៉ុន្មានថ្ងៃមុនខ្ញុំក៏បានឃើញមិត្តក្នុងហ្វេសប៊ុកសរសេរដែរថាយកលុយដុល្លាដែលមានជាប់ស្នាមកូនត្រាយកទៅដូរគេអត់យក ។

ចំណុចដែលខ្ញុំចង់លើកយកមកនិយាយក្នុងពេលនេះ ប្រសិនជាធនាគារកណ្តាល មានបំណងធ្វើដូច្នេះមែន គួរតែផ្ដល់ព័ត៌មានជាសាធារណៈអោយប្រជាជនលោកបានដឹងមុនដើម្បីមានការប្រុងប្រយ័ត្ន ។ សំរាប់អ្នកមានធនធានវាល់លានដុល្លា លុយដុល្លា១០០ ២០០ដុល្លាវាមិនស្មើរគេផឹកស្រាមួយពេលទេ តែចំពោះអ្នកស្រែចំការដែលខំរកស៊ីបែកញើសហូរញើស កម្មករដែលលក់ពលកម្មពេញមួយខែបានលុយ១០០ ២០០ដុល្លា បានលុយដែលគេមិនចាយ ហើយគ្នាមិនដឺងយកមកទុកដល់តែយកទៅចាយគេមិនទទួលតើអោយគាត់គិតយ៉ាងមេច បើថាលុយក្លែងក្លាយទៅវាក្លែងក្លាយ តែលុយពិតគ្រាន់តែស្នាមបន្តិចបន្តួចក៏គេមិនយកដែរ។

ម្យ៉ាងវិញទៀត មនុស្សភាគច្រើនបើកលុយចាយតាម ATM ចុះបើគាត់បើកមកមានកូតត្រាតូចៗ ឬជាប់ស្នាមប៊ិច អោយគាត់យកទៅដូរឯណា ? យកទៅធនាគារវិញគេថាមិនមែនលុយគេ គ្នាមិនចោលលុយហ្នឹង ? បើជ្រុលថាធ្វើចឹង អនុវត្តរៀលតូបនីយកម្មតែម្តងទៅកុំអោយមានចាយលុយដុល្លា ដូចស្រុកជិតខាងអាណឹងលែងមានបញ្ហា។ »

យ៉ាងនេះក្ដី បន្ទាប់ពីមានការ Share ជាច្រើនដង នៅល្ងាចថ្ងៃដដែល គណនី FB នោះក៏លុប Status នេះចេញវិញ ប៉ុន្តែ Page Facebook ធំៗមួយចំនួន បានចម្លងបន្តព្រោងព្រាតទៅហើយ។ រហូតមកដល់ថ្ងៃនេះ មិនមានការបញ្ជាក់ផ្លូវការណាមួយ ចំពោះបញ្ហាខាងលើនេះទេ ហើយអាមេរិកដែលជាម្ចាស់រូបិយប័ណ្ណផ្ទាល់ក៏មិនប្រកាសអ្វីដែរ។

ប្រភព៖ saby news http://news.sabay.com.kh/article/739155

You might also like More from author

Leave A Reply

Your email address will not be published.