តុលាការ​សម្រេច​ដោះ​លែង​ប៉េ​អឹ​ម​ស័ក្តិ​បួន​ខេត្តកំពង់ធំ ចេញពី​ពន្ធនាគារ​វិញ​ហើយ

0 0
Cambodia Website Design

db85e2bd-4eae-4a03-addb-7c4f9571cb7f

ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦ ម៉ោង ១៩:៣៤   (17-10-2016 19:34)

Cambodia Website Design

ខេត្តសៀមរាប ៖ ស្ងាត់ៗតុលាការខេត្តសៀមរាប បានសម្រេចដោះលែងជនជាប់ចោទ សេង ប៊ុនតេង អតីតជំនួយការលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពុងធំ ចេញពីពន្ធនាគារវិញហើយ  បន្ទាប់ពីបានឃុំខ្លួនអស់រយៈពេលជិត ២ខែ ពាក់ពន្ធ័នឹងសកម្មភាពបើករថយន្តទំនើបជ្រែពេញដងផ្លូវ ដើម្បីរំដោះរថយន្តដឹកឈើក្រញូងចេញពីវង់ប្រតិបត្តិការបង្ក្រាបរបស់សមត្ថកិច្ចរដ្ឋបាលព្រៃឈើ កាលពីដើមខែសីហា កន្លងទៅ។

ទាក់ទិនទៅនឹងករណីដោះលែងជនជាប់ចោទខាងលើ មន្ត្រីអនុរក្សពន្ធធនាគារខេត្តសៀមរាបមួយរូបដែលថ្លែងមិនឲ្យបញ្ចាញឈ្មោះបានឲ្យដឹងថា ពិរុទ្ធជន សេង ប៊ុនតេង ត្រូវបានដោះលែង តាមអំណាចដីកាសាលាដំបូងខេត្ត តាំងពីថ្ងៃទី០៤ តុលា មកម្លេះ។ ប៉ុន្តែមិនបានបញ្ចាក់ថាជននោះត្រូវបានលើកលែងការចោទប្រកាន់ ឬដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ឬយ៉ាងណានោះទេ។ ជុំវិញករណីនេះដែរគេមិនសុំការពន្យល់ពីលោក ជួន សុបញ្ញា តំណាងអយ្យការ និងលោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរ នៃសំណុំរឿងខាងលើបានទេ ខណៈការប្រឹងប្រែងជួបអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង  បានបរាជ័យដោយទូរសព្ទ័របស់លោកហៅលែងចូលអស់រយៈពេលពីរសប្តាហ៍ជាប់ៗគ្នា។

គួររំលឹកថា ជនជាប់ចោទជាមន្ត្រីកងរាជអាវុធហត្ថពាក់ស័ក្តិបួនឈ្មោះ សេង ប៊ុនតេង ដែលត្រូវបានដោះលែងពីពន្ធនាគារនោះ ត្រូវបានលោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរចេញដីកាឃុំខ្លួនក្នុងពន្ធធនាគាជាបណ្តោះអាសន្ន កាលពីថ្ងៃទី១០ សីហា ២០១៦ កន្លងទៅ ក្រោមបទចោទប្រកាន់ចំនួនពីរផ្សេងគ្នា គឺបទ«រារាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ»ដែលជាបទល្មើសមានចែងនៅក្នុងមាត្រា១០០ នៃច្បាប់ស្តីពីព្រៃឈើ និង«សមគំនិតក្នុងអំពើដឹកជញ្ជូនផលព្រៃឈើ »។

ជនជាប់ចោទរូបនេះត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើសៀមរាបធ្វើការចាប់ខ្លួនកាលពីព្រឹក ថ្ងៃទី០៩ សីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្សារអង្គ្រង ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង ខណៈជនរូបនេះបានស្វះស្វែងបើករថយន្តទំនើបឡិចស៊ីស ៤៧០ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-9861 ជ្រែពេញដងផ្លូវអស់រយៈចម្ងាយជាច្រើនគីឡូម៉ែត្រ រារាំងក្បួនរថយន្តសមត្ថកិច្ច ដើម្បីរំដោះរថយន្តកាមរីចំនួនពីរគ្រឿងផ្សេងទៀត ដែលសង្ស័យផ្ទុកឈើក្រញូង ចេញពីវង់ប្រតិបតិ្តការណ៍ដេញបង្គ្រាបរបស់សមត្ថកិច្ចរដ្ឋបាលព្រៃឈើ។

ទោះជាយ៉ាងនេះក្តីនៅរសៀលថ្ងៃទី ១៧ តុលា នេះ នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោក ទា គឹមសុទ្ធ បានថ្លែងថាករណីដោះលែងជនជាប់ចោទឈ្មោះ សេង ប៊ុនតេង ខាងលើ លោកមិនបានដឹងនៅឡើយទេ ព្រោះសំណុំរឿងហ្នឹងបានផុតពីដៃអង្គភាពលោកបាត់ទៅហើយ គឺអ្វីៗខាងតុលាការជាអ្នកសម្រេចទាំងអស់។ លោកថ្លែងថា ”រឿងដោះលែងយើងអត់បានដឹងទេ ព្រោះអ្វីៗយើងគ្មានសិទ្ធិសម្រចទេ មានតែតំណាងអយ្យការ និងចៅក្រមស៊ើបសួរតែប៉ុណ្ណោះដែលមានសិទ្ធិសម្រេចលើកលែងទោស ឬដាក់ឲ្យនៅក្រៅឃុំ។

តែចំពោះវត្ថុតាំង (រថយន្តឡិចស៊ីស) នៅខាងយើងគ្រប់គ្រងនៅឡើយទេ”។ ទន្ទឹមនឹងការដោះលែងជនជាប់ចោទជាមន្ត្រីកងរាជអាវុធហត្ថខាងលើ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ អេង ហ៊ី បានអះអាងថា ឈ្មោះ សេង ប៊ុនតេង មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌកងរាជអាវុធហត្ថរួចហើយ ក្រោយពីរកឃើញកំហុសល្មើសទៅនឹងបម្រាម៩ចំណុច របស់នាយឧត្តសេនីយ សៅ សុខា មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេសរួមទាំងច្បាប់រដ្ឋផងដែរ។

លោកបានថ្លែងបែបនេះថា ”ភ្លាមៗក្រោយពីកើតហេតុ ក្រុមប្រឹក្សាពិន័យបានបើកកិច្ចប្រជុំចំពោះកិច្ច ដោយមានឯកឧត្តម នាយឧត្តមសេនីយ សៅ សុខា ជាប្រធាន។ ជាលទ្ធផលឯកឧត្តមមេបញ្ជាការបានបញ្ជាឲ្យកាត់ឈ្មោះបុគ្គលនោះ( សេង ប៊ុនតេង) ចេញពីក្របខណ្ឌកងរាជអាវុធហត្ថរួចហើយដែរ“។ លោកបានបន្តដោយព្រមានសំដៅទៅលើមន្ត្រីកងកម្លាំងរាជអាវុតហត្ថទាំងអស់ថា យើងបានធ្វើការផ្សព្វផ្សាយហើយនូវបម្រាមទាំង៩ចំណុច របស់លោកមេបញ្ជាការ គឺហាមដាច់ខាតមិនឲ្យមានការកាងអំពើល្មើសច្បាប់ទេ។

កាលណាល្មើសច្បាប់ត្រូវតែអនុវត្តន៍ទៅតាមច្បាប់ចឹងយើងមានវិធានការធ្វើវាហើយ បើច្បាប់កំណត់ថាត្រូវជាប់គុកត្រូវតែជាប់គុក។ថ្វីបើយ៉ាងនេះក្តីលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលជាមេកើយរបស់ជនជាប់ចោទ សេង បុនតេង នៅព្រឹកថ្ងៃទី១០ តុលា កន្លងទៅ បានថ្លែងតាមទូរសព្ទ័ថា លោកនៅមិនទាន់ទទួលបានលិខិតជូនដំណឹងអំពីការលុឈ្មោះពីថ្នាក់លើនៅឡើយទេ ហើយក៏អត់ដឹងថាតុលាការគេដោះលែងជននោះចេញពីពន្ធនាគារនោះដែរ។ មាត្រា១០០នៃច្បាប់ស្តីពីព្រៃឈើកម្ពុជាបានចែងថាសកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីនៃកងយោធពលខេមរភូមិន្ទ ឬមន្ត្រីអាជ្ញាធរផ្សេងៗទៀត ដើម្បីធ្វើអន្តរាគមន៍ ផ្តល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អជីវកម្មព្រៃឈើ និងសកម្មភាពគ្រប់យ៉ាង ផ្ទុយពីបញ្ញត្តិនៃច្បាប់នេះ ឬធ្វើការគំរាមគំហែងដល់មន្ត្រីរដ្ឋបាលព្រៃឈើ ឬរាំងស្ទះដល់ការបំពេញភារកិច្ច និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរដ្ឋបាលព្រៃឈើ ត្រូវចាត់ទុកជាបទល្មើសដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចំនួនពីដប់លាន(១០.០០០.០០០)រៀល ទៅមួយរយលាន(១០០.០០០.០០០)រៀល។

គួរបញ្ចាក់ថា ជុំវិញករណីមន្ត្រីយោធាយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្តបទល្មើសឈើគ្រញូង និងឈើព្រៃគ្រប់ប្រភេទនាពេលកន្លងមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាកយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានធ្វើការព្រមានធ្ងន់ៗជាសាធារណៈថា សុំឲ្យមន្ត្រីទាំងអស់ដកខ្លួនចេញជាបន្ទាន់ពាក់ពន្ធ័នឹងបទល្មើព្រៃឈើគ្រប់ប្រភេទ បើពុំដូច្នេះត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ឬអាចដកហូតចេញពីមុខតំណែង ដោយសង្កត់ធ្ងន់ថា«កុំថាឡើយពាក់ត្រឹមផ្កាយ សូម្បីតែលោកខែក៏ត្រូវដកចេញដែរ»៕

ប្រភព៖  កោះសន្តិភាព

You might also like More from author

Leave A Reply

Your email address will not be published.