ស្ថានទូត​សង្គ្រោះ​ពលករ​ខ្មែរ ១២ នាក់​ពី​ប្រទេស​ម៉ាឡេស៊ី

7
Cambodia Website Design

10-worker_1ភ្នំពេញ: ពលរដ្ឋកម្ពុជា ១២ នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ីវិញក្រោយពីពួកគេត្រូវជាប់ឃុំនៅពន្ធនាគារក្នុងប្រទេសម៉ាឡេស៊ីដោយសារតែធ្វើការគ្មានលិខិតឆ្លងដែន។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍សុំឲ្យអាជ្ញាធរម៉ាឡេស៊ីដោះលែងពលរដ្ឋខ្មែរចំនួន ១២ នាក់ដែលបានជាប់ឃុំនៅពន្ធនាគារ Semenyih នៃរដ្ឋ Selangor ប្រទេសម៉ាឡេស៊ីកាលពីខែកញ្ញាឆ្នាំ ២០១៦ ដោយសារគ្មានលិខិតឆ្លងដែនហើយបានរៀបចំមាតុភូមិនិវត្តន៍របស់ពួកគេមកកម្ពុជាវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថាពលរដ្ឋខ្មែរចំនួន ៩ នាក់ជាកម្មករផលិតស្រោមដៃដោយស្ថានទូតបានធ្វើការអន្តរាគមន៍ទាមទារឲ្យថៅកែផ្តល់ប្រាក់ខែដែលនៅខ្វះ និងទិញសំបុត្រយន្តហោះចំណែកឯពលរដ្ឋផ្សេងទៀតក្នុងចំណោមនោះខ្វះខាតថវិកាដូច្នេះស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះដល់ពួកគេទាំងពីរនាក់នោះ។

Cambodia Website Design

ពួកគេទាំង ១២ នាក់បានមកដល់ប្រទេសកម្ពុជាវិញអស់ហើយកាលពីថ្ងៃសុក្រទី ២០ ខែតុលា។ ពួកគេមានអាយុចន្លោះពី ២០ ឆ្នាំដល់ ៣១ ឆ្នាំមកពីខេត្តត្បូងឃ្មុំ ក្រចេះ បន្ទាយមានជ័យ ព្រៃវែង កំពង់ចាម កំពង់ធំ និងតាកែវ។

លោក នាង សុវ៉ាត អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តត្បូងឃ្មុំបានឲ្យដឹងថានៅមានករណីក្រុមគ្រួសារចំនួន ៧ នាក់ស្ថិតនៅខេត្តត្បូងឃ្មុំមកសុំអន្តរាគមន៍ពីសមាគមអាដហុកខេត្តត្បូងឃ្មុំ។

លោកថ្លែងថា៖ «ក្រុមគ្រួសារមកប្តឹងតែករណីខ្លះពួកគេទៅតាមរយៈមេខ្យល់»។

យោងតាមរបាយការណ៍របស់ក្រសួងការបរទេសបានឲ្យដឹងថាក្នុងរយៈពេល ៩ ខែពលរដ្ឋកម្ពុជាចំនួន ៥៧៨ នាក់ត្រូវបានជួយអន្តរាគមន៍ និងសង្គ្រោះពីក្រៅប្រទេសចំនួន ១១ ប្រទេសក្នុងនោះមាន ១៥០ នាក់មកពីប្រទេសម៉ាឡេស៊ី៕

ប្រភព៖  ភ្នំពេញប៉ុស្តិ៏

Comments

comments

You might also like More from author