ខណៈ​មាន​ការ​ស្រាវជ្រាវ​រក​អ្នក​សម្លាប់​ចោរនគរបាល ៣ នាក់​បានគេច​ខ្លួន

4
Cambodia Website Design

 

កណ្ដាលៈ មន្រ្តីនគរបាល ៣ នាក់ដែលម្នាក់ត្រូវបានក្រុមចោរកាក់តាមផ្លូវបម្រុងប្លន់នៅស្រុកស្អាង កាលពីល្ងាចថ្ងៃទី ២១ ខែ តុលានោះ នៅទីបំផុតពួកគាត់បានបាត់ខ្លួនមិនមកធ្វើការ ខណៈដែលសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខជនដៃដល់ដែលបានវាយចោរម្នាក់បណ្ដាលឲ្យស្លាប់និងម្នាក់ទៀតរបួសធ្ងន់។ នេះបើតាមការអះអាងពីមន្រ្តីនគរបាលស្រុក ស្អាង កាលពីម្សិលមិញ។

មន្រ្តីនគរបាលស្រុកស្អាងម្នាក់ក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះបានថ្លែងថា ចំពោះករណីនេះខាងនគរបាល ព្រហ្មទណ្ឌ ខេត្តបានចុះមកទីតាំងកើតហេតុ ៣ ថ្ងៃ (២១,២២,២៣) ប៉ុន្តែនៅថ្ងៃទី ២៤ ខែតុលា លោកមិនឃើញសមត្ថកិច្ចចុះមកទៀតទេ។

Cambodia Website Design

លោកបន្តថា៖ «តាមដែលខ្ញុំដឹងមានសាក្សីប្រហែល ៦ ទៅ ៧ នាក់ត្រូវបានហៅសាកសួរព័ត៌មាន ហើយពួកគាត់បានឆ្លើយប្រាប់សមត្ថកិច្ចពីអត្តសញ្ញាណជនបង្កនោះ។ ចំពោះមន្រ្តីនគរបាលដែលត្រូវក្រុមចោរប៉ងប្លន់ម៉ូតូគាត់នោះ ឥឡូវគេចខ្លួនបាត់ហើយ រួមទាំងមន្រ្តី ២ នាក់ទៀតផង»។

នៅពេលសាកសួរពីករណីមន្រ្តីនគរបាលទាំង ៣ នាក់ថា តើបានរត់គេចខ្លួនឬយ៉ាងណានោះ លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឆ្លើយយ៉ាងខ្លីថា លោកកំពុងជាប់ប្រជុំជាមួយលោកអភិបាលខេត្ត។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត កណ្តាល បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ករណីនេះសមត្ថកិច្ចលោកកំពុងស៊ើបអង្កេតនៅឡើយដោយប្រគល់នាទីនេះជូនលោកស្នងការរងទទួលបន្ទុកយុតិ្តធម៌និងលោកព្រះរាជអាជ្ញាឲ្យស៊ើបអង្កេត ដើម្បីប្រមូលភ័ស្តុតាងសំណុំរឿងទាក់ទងនឹងករណីនេះ។ ចំពោះមន្រ្តីនគរបាលដែលថា ជាជនល្មើសហើយមិនមានវត្តមាននៅអង្គភាពនោះ សំខាន់ត្រូវកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់សិន។

លោកថ្លែងថា៖ «បើបុគ្គលនោះមានកំហុស បុគ្គលនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គ្មាននរណាគេចរួចទេ។ បើទោះជា គាត់មានស្លាបហោះ ក៏គាត់មិនអាចគេចរួចពីដែនដីយើងទេ ហើយបើគាត់គេចខ្លួនមែន មានន័យថា គាត់បានប្រព្រឹត្តបទល្មើសហើយ។ បើគាត់ហ៊ានប្រឈមចំពោះមុខច្បាប់នោះគឺគាត់គ្មានបញ្ហាទេ ដូច្នេះសមត្ថកិច្ចនឹងស្រាវជ្រាវរកបុគ្គលណាដែលប្រព្រឹត្តបទល្មើសបង្កឲ្យមានបញ្ហានេះកើតឡើង។ ចំពោះអ្វីដែលថា បញ្ចប់ការស្រាវជ្រាវយ៉ាងណានោះ មិនអាចកំណត់បានទេ»។

សូមបញ្ជាក់ថា ក្នុងរឿងនេះ ជនសង្ស័យដែលពលរដ្ឋព័ទ្ធចាប់បាន មានគ្នា ២ នាក់ ទី១-ឈ្មោះ ចំរើន សីហា អាយុ ២៦ឆ្នាំ (ស្លាប់) និងម្នាក់ទៀតឈ្មោះ ទិត លាភ អាយុ ២២ ឆ្នាំរបួសធ្ងន់។ រីឯមន្រ្តីនគរបាលដែលត្រូវចោរប្លន់ឈ្មោះ ឆៃ ស៊ីណា អាយុ ៣៣ ឆ្នាំបម្រើការនៅអធិការដ្ឋានស្រុក ស្អាង មានឋានៈនាយផ្នែក រស់នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

គួររំឭកដែរថា ហេតុការណ៍ប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង ១៧ និង ៤៥ នាទីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៦ នៅត្រង់ផ្លូវលំបត់ចូលវត្ត ធនមន្ត ចម្ងាយពីថ្នល់ជាតិប្រហែល ១០០ ម៉ែត្រ ក្នុងភូមិ ស្វាយតានី ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ពេលនោះជនរងគ្រោះ ឈ្មោះ ឆៃ ស៊ីណា អាយុ ៣៣ ឆ្នាំជានគរបាលបានជិះម៉ូតូម្នាក់ឯងដោយស្លៀកពាក់ស៊ីវិល។ លុះពេលជិះទៅដល់ចំណុចកើតហេតុខាងលើស្រាប់តែមានមនុស្ស ៤ នាក់ ជិះម៉ូតូ ២ គ្រឿងមកកាក់ពីមុខម៉ូតូគាត់ មុខមួយ ក្រោយមួយ ហើយបានស្រែកគំរាមឲ្យលោក ឆៃ ស៊ីណា ឈប់ ប៉ុន្តែគាត់មិនបានឈប់ទេ។

ពេលនោះ លោក ស៊ីណា ក៏បានទូរស័ព្ទហៅមន្រ្តីនគរបាលស្រុក ស្អាង ឈ្មោះ ភក្តី វិទូ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជាអធិការរងស្រុក ស្អាង និងឈ្មោះ ឃាង សុងថេង ភេទប្រុសអាយុ ៣១ ឆ្នាំ ជានាយផ្នែកនគរបាលស្រុកស្អាងឲ្យមកជួយអន្តរាគមន៍។

ទន្ទឹមនឹងនោះ លោក ស៊ីណា ក៏បានស្រែកឲ្យអ្នកនៅក្បែរនោះឲ្យជួយផងដែរ ហើយភ្លាមនោះអ្នកភូមិក៏បានចេញមកជួយដេញព័ទ្ធចាប់បានចោរដែលជិះពីក្រោយ ២ នាក់ និងបានព្រួតវាយឲ្យរបួសធ្ងន់រួចហើយប្រគល់ឲ្យសមត្ថកិច្ច។ ប៉ុន្តែដោយស្ថានភាពរបស់ជនទាំង ២ នាក់របួសធ្ងន់ សមត្ថកិច្ចក៏បានបញ្ជូនទៅមន្ទីរពេទ្យ តែស្លាប់ម្នាក់ពេលដឹកដល់មន្ទីរពេទ្យ។

ឯគូកនចោរ ២ នាក់ដែលជិះម៉ូតូ ១ គ្រឿងទៀត បានគេចខ្លួនបាត់។ ប៉ុន្តែក្រោយចោរស្លាប់ សមត្ថកិច្ចបានហៅអ្នកភូមិសាកសួរ ដើម្បីស្រាវជ្រាវរកជនដៃដល់ តែមិនដឹងអ្នកទាំងនោះឆ្លើយដាក់ឬមួយយ៉ាងណាទេ ទើបបាននគរបាល ៣ នាក់គេចខ្លួន។

យ៉ាងណាក៏ដោយ កាលពីម្សិលមិញលោក វន វណ្ណៈ មន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកណ្តាលបានប្រាប់ថា សមាគមរបស់លោក នៅមិនទាន់បានទទួលបណ្តឹងណាមួយពីគ្រួសារជនរងគ្រោះចំពោះអំពើហិង្សាវាយសម្លាប់នេះទេ ៕

ប្រភព៖  ភ្នំពេញប៉ុស្តិ៏

Comments

comments

You might also like More from author